គ្មាន​ការ​បោះ​ឆ្នោត​ដោយ​សេរី​ទេ ប្រសិន​បើ​មិន​មាន​សេរីភាព

Op-Ed: Post Khmer

ស្ត្រី​ម្នាក់​ត្រូវ​បាន​កម្លាំង​សន្តិសុខ​ហាម​ឃាត់​នៅ​ក្នុង​ការ​តវ៉ា​មួយ​នៅ​ភ្នំពេញ​កាល​ពី​ឆ្នាំ​មុន។

ស្ត្រី​ម្នាក់​ត្រូវ​បាន​កម្លាំង​សន្តិសុខ​ហាម​ឃាត់​នៅ​ក្នុង​ការ​តវ៉ា​មួយ​នៅ​ភ្នំពេញ​កាល​ពី​ឆ្នាំ​មុន។ ម៉ៃ វីរៈ

គ្មាន​ការ​បោះ​ឆ្នោត​ដោយ​សេរី​ទេ ប្រសិន​បើ​មិន​មាន​សេរីភាព

Fri, 13 March 2015

គេ​ទទួល​ស្គាល់​ជា​សកល​ថា សេរីភាព​នៃ​ការ​បញ្ចេញ​មតិ គឺជា​សេរីភាព​មូលដ្ឋាន ដែល​រាល់​ប្រទេស​ប្រកាន់​យក​របប​ប្រជា​ធិបតេយ្យ​សេរី​ពហុបក្ស ត្រូវ​តែ​លើក​កម្ពស់។ ស្រប​តាម​គោល​ការណ៍​នេះ រដ្ឋ​ធម្មនុញ្ញ​កម្ពុជា បាន​ចែង​ជា​ឱឡារិក​អំពី​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​នៅ​ក្នុង​មាត្រា ៤១។ ទោះ​យ៉ាង​ណា​ក្តី សារ​សំខាន់​នៃ​សេរីភាព​មូលដ្ឋាន​ជា​ញឹកញាប់​មិន​ត្រូវ​បាន​យល់​ច្បាស់​ទេ។

ដោយ​សារ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ គឺជា​គោល​គំនិត​ដែល​មាន​ប្រភព​មកពី​លោក​ខាង​លិច ខ្ញុំ​នឹង​ប្រើ​ប្រាស់​ទ្រឹស្តី​ស្តីពី​សេរីភាព​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ជា​ទូទៅ​នេះ​នៅ​ក្នុង​ប្រពៃណី​អាមេរិក​នៃ​ច្បាប់​រដ្ឋ​ធម្មនុញ្ញ។ ប្រពៃណី​ច្បាប់​ទំនើប​នេះ​ផ្តល់​នូវ​ហេតុផល​បួន​ដែល​សេរីភាព​នេះ​ត្រូវ​តែ​មាន​និង​ត្រូវ​តែ​អនុវត្ត។

ទីមួយៈ​​ សេរីភាព​នេះ​នឹង​បង្កើត​ឲ្យ​មាន​អារម្មណ៍​អភិបាល​កិច្ច​ដោយ​ខ្លួន​ឯង​សម្រាប់​ប្រជាជន។ ការ​និយាយ​ដោយ​សេរី​គឺ​សំខាន់​ណាស់​នៅ​ក្នុង​លទ្ធិ​ប្រជា​ធិបតេយ្យ​ពិត​ប្រាកដ ពីព្រោះ​អ្នក​បោះ​ឆ្នោត អាច​មាន​ឥទ្ធិពល​បំផុត​ទៅ​លើ​ការ​ជ្រើស​រើស​គោល​នយោបាយ​របស់​រដ្ឋាភិបាល តាម​រយៈ​សេរីភាព​នៃ​ការ​និយាយ​ស្តី និង​អាច​វាយតម្លៃ​សមត្ថភាព​បេក្ខជន​បាន​យ៉ាង​ល្អ តាម​រយៈ​ការ​ពិភាក្សា​គ្មាន​កំហិត អំពី​គំនិត​និង​អំពើ​របស់​បេក្ខជន​នោះ។ ម្យ៉ាង​ទៀត នៅ​ក្នុង​របប​ប្រជា​ធិបតេយ្យ​សេរី ប្រជាជន​ត្រូវ​តែ​មាន​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ។ នេះ​គួរ​តែ​ដូច​គ្នា​ដែរ នៅ​ក្នុង​រដ្ឋ​ធម្មនុញ្ញ​កម្ពុជា ដែល​ចែង​ជា​ឱឡារិក​ថា អំណាច​ទាំង​អស់​គឺ​បាន​មក​ពី​ប្រជាជន (មាត្រា ៥១)។ ប្រជា​ធិបតេយ្យ​តំណាង​រាស្ត្រ មិន​មែន​មាន​ន័យ​ថា ប្រជាជន​ឈប់​និយាយ​នោះ​ទេ។ សមត្ថភាព​រិះគន់​រដ្ឋាភិបាល​គឺជា​ស្នូល​នៃ​លទ្ធិ​ប្រជា​ធិបតេយ្យ​សេរី។

ទីពីរៈ ការ​និយាយ​ដោយ​សេរី​គឺជា​មុខងារ​នៃ​យន្តការ​ស្វែង​រក​ការ​ពិត ហើយ​ការ​ពិត ពិត​ប្រាកដ​នឹង​អាច​រក​ឃើញ​ដោយ​ងាយ​ស្រួល។ នេះ​គឺ​ដោយ​សារ​តែ​ការ​ពិភាក្សា​ដោយ​ចំហ​ដែល​ជា​ញឹក​ញាប់​ឈាន​ទៅ​ដល់​ការ​ស្វែង​រក​អ្វី​ត្រូវ អ្វី​ខុស។ វា​ស្ទើរ​តែ​ពិបាក​រក​ជម្រើស​អ្វី​ប្រសើរ​ជាង​នេះ។ គ្មាន​ពលរដ្ឋ​ណា​ដែល​នឹង​និយាយ​ថា រដ្ឋាភិបាល​គឺជា​ស្ថាប័ន​តែ​មួយ​គត់​ដែល​អាច​កំណត់​អ្វី​ត្រូវ​ឬ​ខុស​នោះ​ទេ។ ដូច​ដែល​យើង​ដឹង​ហើយ​ថា រដ្ឋ​ធម្មនុញ្ញ​កម្ពុជា ចែង​អំពី​គោល​គំនិត នៃ​ការ​ស្វែង​រក​ការ​ពិត​ពី​ប្រជាជន ជា​ឧទាហរណ៍​តាម​រយៈ​សមាជ​ជាតិ (មាត្រា ១៤៧) ដែល​នៅ​ក្នុង​អំឡុង​សមាជ​នោះ ប្រជាជន​នឹង​អាច​និយាយ​ដោយ​ផ្ទាល់ អំពី​ថា តើ​គោល​នយោបាយ​របស់​រដ្ឋាភិបាល​ប្រព្រឹត្ត​ទៅ​ដោយ​ល្អ​ឬ​មិន​ល្អ?

 

ទីបីៈ សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​គឺ​ធ្វើ​ឲ្យ​មាន​ភាព​រីករាយ​ក្នុង​នាម​ជា​មនុស្ស។ វា​មាន​តែ​តាម​រយៈ​ការ​និយាយ​ដោយ​សេរី​ទេ​ដែល​មនុស្ស​ម្នាក់​អាច​នឹង​ឃើញ​អំពី​ភាព​ជា​មនុស្ស​របស់​ខ្លួន។ ការ​បញ្ចេញ​គំនិត​មតិ​គឺជា​របៀប​ដែល​មនុស្ស​ម្នាក់​នឹង​កំណត់​អំពី​ខ្លួន​ឯង។ អង្គការ​សង្គម​ស៊ីវិល​តំណាង​ឲ្យ​សំឡេង​ប្រជាជន និង​បាន​ដើរ​តួ​យ៉ាង​សំខាន់​នៅ​ក្នុង​ដំណើរ​ការ​ប្រជា​ធិបតេយ្យ រួម​ទាំង​កម្មវិធី​អប់រំ​អ្នក​បោះ​ឆ្នោត ការ​រៀបចំ​ការ​ពិភាក្សា និង​វេទិកា​សម្រាប់​គណបក្ស​នយោបាយ​ទាំង​អស់​ដើម្បី​កែលម្អ​ឲ្យ​មាន​ការ​ប្រកួត​ប្រជែង​ស្មើ​ភាព​គ្នា ការ​ធ្វើ​ការ​សិក្សា​វាស់​ស្ទង់​អំពី​ការ​បោះ​ឆ្នោត ការ​តាម​ដាន​ការ​បោះ​ឆ្នោត និង​ការ​បញ្ចេញ​មតិ​យោបល់​ឯករាជ្យ​តាម​រយៈ​ការ​ធ្វើ​សេចក្តី​ថ្លែង​ការណ៍​និង​ការ​ផ្តល់​អត្ថាធិប្បាយ​ផ្សេងៗ​ជាដើម។

ទោះ​ជា​យ៉ាង​ណា​ក្តី សេចក្តី​ព្រាង​ច្បាប់​បច្ចុប្បន្ន ស្តីពី​វិសោធន​កម្ម​ច្បាប់​ស្តីពី​ការ​បោះ​ឆ្នោត សមាជិក​សភា (មាត្រា ៨៤) មាន​ចេតនា​ដាក់​កំហិត​សេរីភាព​និង​សិទ្ធិ​របស់​អង្គការ​សង្គម​ស៊ីវិល ក្នុង​ការ​អនុវត្ត​សកម្មភាព​ខាង​លើ និង​រារាំង​អង្គការ​សង្គម​ស៊ីវិល​មិន​ឲ្យ​ធ្វើការ​អប់រំ​ពលរដ្ឋ ដែល​អាច​ជួយ​ពលរដ្ឋ​ធ្វើ​ការ​សម្រេច​ចិត្ត​ឲ្យ​បាន​ត្រឹម​ត្រូវ។ ប្រសិន​បើ​មិន​មាន​ការងារ​របស់​សង្គម​ស៊ីវិល​អ្នក​បោះ​ឆ្នោត​នឹង​ធ្វើ​ការ​សម្រេច​ចិត្ត​ទៅ​តាម​ការ​រៀបចំ​របស់​គណបក្ស​នយោបាយ។

ជាង​នេះ​ផង​ដែរ ច្បាប់​នេះ​អនុញ្ញាត​ឲ្យ​កង​កម្លាំង​ប្រដាប់​អាវុធ និង​មន្ត្រី​តុលាការ ធ្វើ​សកម្មភាព​នយោបាយ និង​យុទ្ធនា​ការ​បោះ​ឆ្នោត​ក្រៅ​ម៉ោង​ការងារ ឬ​នៅ​ពេល​ពួក​គេ​មិន​កំពុង​បំពេញ​កាតព្វកិច្ច។ នៅ​ក្នុង​ប្រទេស​ប្រជា​ធិបតេយ្យ​ជាច្រើន មន្ត្រី​ទាំងនេះ​ត្រូវ​បាន​តម្រូវ​ឲ្យ​អព្យាក្រឹត និង​ហាម​ឃាត់​មិន​ឲ្យ​ធ្វើ​សកម្មភាព​នយោបាយ​និង​យុទ្ធនា​ការ​បោះឆ្នោត​ទេ​ដោយ​សារ​ពួកគេ​មាន​ឥទ្ធិពល ឬ​ផ្តល់​ឲ្យ​នូវ​កាតព្វកិច្ច​ពាក់ព័ន្ធ​នឹង​ការ​បោះ​ឆ្នោត​នៅ​ដំណាក់​កាល​ផ្សេងៗ​នៃ​ដំណើរការ​បោះ​ឆ្នោត។ វា​គួរ​កត់​សម្គាល់​ផង​ដែរ​ថា ខណៈ​ច្បាប់​នេះ​ដាក់​កំហិត​អង្គការ​សង្គម​ស៊ីវិល វា​មិន​បាន​ដាក់​កំហិត​វិស័យ​ឯកជន​ពី​ការ​ចូល​រួម​ក្នុង​សកម្មភាព​នយោបាយ​ទេ។

ទីបួន នៅ​ពេល​រដ្ឋាភិបាល​មិន​អនុញ្ញាត​ឲ្យ​មាន​សេរីភាព​នៃ​ការ​និយាយ​ស្តី រដ្ឋាភិបាល​ប្រាកដ​ជា​មិន​អត់ឱន​ចំពោះ​ការ​រិះគន់​ទេ។ នៅ​ក្នុង​ព្រះពុទ្ធ​សាសនា​វិញ ការ​អត់​ឱន​គឺជា​តម្លៃ​មូលដ្ឋាន នៅ​ក្នុង​សង្គម​សេរី។ រដ្ឋ​ធម្មនុញ្ញ​កម្ពុជា​ប្រកាស​យ៉ាង​ច្បាស់​ថា ព្រះពុទ្ធ​សាសនា​គឺជា​សាសនា​របស់​រដ្ឋ (មាត្រា ៤៣) ហេតុ​ដូច្នេះ​ហើយ ការ​អត់ឱន គឺជា​តម្លៃ​ស្នូល​នៅ​ក្នុង​សង្គម​កម្ពុជា ហើយ​សេរីភាព​នៃ​ការ​និយាយ​ស្តី គួរ​ចេញ​ពី​តម្លៃ​នេះ។ នៅ​ពេល​យើង​ធ្វើ​ការ​ប្រៀប​ធៀប​អំពី​ហេតុផល​ទាំង​បួន​ខាង​លើ​ជាមួយ​នឹង​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​វិសោធន​កម្ម​ច្បាប់​ស្តីពី​ការ​បោះ​ឆ្នោត​ជ្រើស​រើស​សមាជិក​សភា​យើង​នឹង​ដឹង​អំពី​ចេតនា​នៃ​ការ​ដក​សិទ្ធិ​សង្គម​ស៊ីវិល​ពី​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​ហើយ​វា​មិន​ត្រឹម​តែ​បំពាន​ទៅ​លើ​ស្មារតី​រដ្ឋ​ធម្មនុញ្ញ​ទេ ប៉ុន្តែ​ថែម​ទាំង​ធ្វើ​មិន​ឲ្យ​មាន​ឱកាស​នៃ​ការ​បោះ​ឆ្នោត​ដោយ​សេរី​ថែម​ទៀត៕

ព្រាប កុល នាយក​ប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​កម្ពុជា