សង្គម​ស៊ីវិល​ជំរុញ​ឲ្យ​បក្ស​ទាំង​ពីរ​បន្ត​ចរចា​គ្នា​ដើម្បី​ប្រយោជន៍​ជាតិ

សង្គម​ស៊ីវិល​ជំរុញ​ឲ្យ​បក្ស​ទាំង​ពីរ​បន្ត​ចរចា​គ្នា​ដើម្បី​ប្រយោជន៍​ជាតិ

ដោយ ដែន អយុធ្យា
2014-03-12

ស្ដាប់ ឬ ទាញ​យក​សំឡេងស្តាប់សំឡេង ថតសំឡេង

គល់ បញ្ញា ៦១០

នាយក​ប្រតិបត្តិ​អង្គការ​ខុមហ្វ្រែល (Comfrel) លោក គល់ បញ្ញា (ឆ្វេង) ថ្លែង​ក្នុង​សន្និសីទ​កាសែត​នៅ​ព្រឹក​ថ្ងៃ​ទី​១២ មីនា ឆ្នាំ​២០១៤។

RFA/Den Ayuthyea

សម្ព័ន្ធ​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត អ៊ីរ៉ា (ERA) ជំរុញ​ឲ្យ​មេ​ដឹក​នាំ​បក្ស​នយោបាយ​ឈ្នះ​អាសនៈ​សភា​នីតិកាល​ទី​៥ ទាំង​២ ពន្លឿន​សកម្មភាព​ជួប​ចរចា​កែ​ទម្រង់​បោះ​ឆ្នោត​ឲ្យ​បាន​ញឹកញាប់ និង​បញ្ចប់​វិវាទ​នយោបាយ​នៅ​កម្ពុជា ឲ្យ​បាន​ឆាប់។ ការ​ផ្តល់​អនុសាសន៍​នេះ កើត​ឡើង​បន្ទាប់​ពី​ជំនួប​ចរចា​រវាង​ក្រុម​ការងារ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​ថ្ងៃ​ទី​១០ ខែ​មីនា មិន​មាន​លទ្ធផល​វិជ្ជមាន។

សម្ព័ន្ធ​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត អ៊ីរ៉ា ដែល​មាន​អង្គការ​មិន​មែន​រដ្ឋាភិបាល​ជាង ២០​ស្ថាប័ន​ជា​សមាជិក បាន​ធ្វើ​សន្និសីទ​កាសែត​នៅ​ព្រឹក​ថ្ងៃ​ទី​១២ ខែ​មីនា នា​ការិយាល័យ​អង្គការ​ខុមហ្វ្រែល (Comfrel) រាជធានី​ភ្នំពេញ ដើម្បី​ស្នើ​ឲ្យ​គណបក្ស​នយោបាយ​ទាំង​២ កំណត់​ពេល​វេលា​ជួប​ចរចា​ឲ្យ​បាន​ញឹកញាប់។

លោក គល់ បញ្ញា ជា​ប្រធាន​គណៈកម្មាធិការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ខុមហ្វ្រែល ជា​សមាជិក​ម្នាក់​របស់​អ៊ីរ៉ា បាន​ផ្តល់​អនុសាសន៍​ថា ក្រុម​ការងារ​គណបក្ស​ទាំង​ពីរ​ត្រូវ​តែ​រៀប​ចំ​ផែន​ការ​សកម្មភាព​ការ​ធ្វើ​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត​នេះ ដោយ​កំណត់​ពេល​វេលា​ឲ្យ​បាន​ច្បាស់​លាស់ និង​ត្រូវ​បង្កើត​អនុ​គណៈកម្មការ​បច្ចេកទេស​ផ្សេងៗ​គ្នា ដើម្បី​ជជែក​លម្អិត​ទៅ​លើ​ប្រធាន​នីមួយៗ មាន​ដូច​ជា ការ​បង្កើត​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​ឯករាជ្យ ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត និង​ធ្វើ​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត យន្តការ​ដោះស្រាយ​វិវាទ​នៃ​ការ​បោះ​ឆ្នោត និង​ការ​រៀប​ចំ​បង្កើត​ច្បាប់​ស្ដីពី​ហិរញ្ញវត្ថុ​នយោបាយ ជាដើម។

ជាង​នេះ លោក គល់ បញ្ញា បញ្ជាក់​ថា គណៈកម្មការ​ចម្រុះ​នេះ​ក៏​ត្រូវ​តែ​ជួប​ប្រជុំ​ឲ្យ​បាន​ញឹកញាប់ ដើម្បី​បង្ហាញ​ពី​ការ​ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ជាតិ​ពិត​ប្រាកដ៖ «ការ​ជជែក​គ្នា​នេះ មើល​ទៅ​មាន​ការ​យឺតយ៉ាវ ហើយ​មាន​ពេល​ខ្លះ​មិន​មាន​លទ្ធផល​អី​គួរ​ឲ្យ​ចាប់​អារម្មណ៍​ទេ ហើយ​ដំណើរ​ការ​នេះ មិន​មាន​ការ​ជជែក​គ្នា​ឲ្យ​មាន​ការ​ស៊ី​ជម្រៅ​ទេ។ អ៊ីចឹង យើង​ធ្វើ​សន្និសីទ​កាសែត​ថ្ងៃ​នេះ ដើម្បី​ផ្តល់​ជា​ការ​ចាប់​អារម្មណ៍​របស់​យើង​ចំពោះ​ដំណើរ​ការ​គណៈកម្មការ​ចម្រុះ នៃ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ទាក់ទិន​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត។ ហើយ​យើង​ផ្តល់​ជា​អនុសាសន៍​ខ្លះ ដើម្បី​ឲ្យ​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត​ហ្នឹង ប្រព្រឹត្ត​បាន​ជោគជ័យ»

លោក​បន្ថែម​ថា ទៅ​ថ្ងៃ​អនាគត បើ​សិន​ជា​ក្រុម​ការងារ​គណបក្ស​នយោបាយ​ទាំង​ពីរ​ត្រូវ​ការ​ជំនួយ​ពី​សង្គម​ស៊ីវិល​ឲ្យ​ចូល​រួម​ផ្តល់​ជា​អនុសាសន៍ ក្នុង​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា ឲ្យ​មាន​ឯករាជ្យ​នា​ថ្ងៃ​អនាគត អ៊ីរ៉ា រង់ចាំ​ស្វាគមន៍​ជានិច្ច។

កាល​ពី​ថ្ងៃ​ទី​១០ ខែ​មីនា ក្រុម​ការងារ​ជួប​ចរចា​រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ មិន​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​ដូច​ជំនួប​ចរចា​លើក​មុន​ទេ។ ប៉ុន្តែ គណបក្ស​ទាំង​សង​ខាង​នឹង​បន្ត​ជួប​ចរចា​ជា​ថ្មី​ទៀត នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​១៧ ខែ​មីនា។

លោក ប៊ិន ឈិន ប្រធាន​ក្រុម​ការងារ​ជួប​ចរចា​របស់​គណបក្ស​ប្រជាជន​កម្ពុជា ថ្លែង​ថា កិច្ច​ពិភាក្សា​កាល​ពី​ថ្ងៃ​ទី​១០ ខែ​មីនា ក្រុម​ការងារ​បក្ស​ទាំង​ពីរ​បាន​ខ្វែង​គំនិត​គ្នា​ទៅ​លើ​បញ្ហា​ប្រើ​ពាក្យ​បច្ចេកទេស​ខ្លះ ប៉ុន្តែ​ក្រុម​ការងារ​បក្ស​ទាំង​ពីរ​មាន​ឧត្តមគតិ​រួម​គ្នា។ លោក​បន្ត​ថា គណបក្ស​ទាំង​ពីរ​បាន​ព្រមព្រៀង​គ្នា​ខ្លះៗ​លើ​ចំណុច​ទាក់ទង​ការ​កែ​ទម្រង់​ការ​បោះ​ឆ្នោត ហើយ​ចំណុច​សល់ នឹង​លើក​យក​ទៅ​ពិភាក្សា​គ្នា​នៅ​ថ្ងៃ​ច័ន្ទ សប្ដាហ៍​ក្រោយ។

ទោះ​យ៉ាង​ណា លោក សុន ឆ័យ ប្រធាន​ក្រុម​ការងារ​ជួប​ចរចា​របស់​គណបក្ស​សង្គ្រោះ​ជាតិ ថ្លែង​ថា ការ​ជួប​ចរចា​មិន​បាន​លទ្ធផល​វិជ្ជមាន កាល​ពី​ថ្ងៃ​ទី​១០ ខែ​មីនា ដោយសារ​តែ​ក្រុម​ការងារ​បក្ស​ប្រជាជន​កម្ពុជា គ្មាន​ចេតនា​កែ​ទម្រង់​ការ​បោះ​ឆ្នោត​ទេ ដោយ​លើក​យក​ប្រធាន​បទ​ផ្សេង​មក​ជជែក៖ «ដូច្នេះ​ហើយ​ចង់​បាន​ឲ្យ​ជជែក​អំពី​ករណី​គណៈកម្មការ​បោះ​ឆ្នោត​នេះ​ឲ្យ​ដាច់​ស្រេច។ ប៉ុន្តែ បែរ​ជា​គណបក្ស​ប្រជាជន លោក​លើក​ពី​ការ​បង្កើត​ច្បាប់​ស្ដីពី​អង្គការ​សង្គម​ស៊ីវិល​ណា​ព្រងើយ​ទៅ​វិញ​អ៊ីចឹង​ទៅ! វា​អត់​មាន​អី​ពាក់ព័ន្ធ​នឹង​ការ​បោះ​ឆ្នោត​សោះ។ ហើយ​គាត់​ឲ្យ​ជជែក​ម្តង​មួយ តើ​ប្រើ​ពេល​ប៉ុន្មាន​ខែ និង​ប៉ុន្មាន​ឆ្នាំ​បាន​ចង់»

បញ្ហា​នេះ​ដែរ សម្រាប់​អ្នក​វិភាគ​ឯករាជ្យ​មួយ​ចំនួន​បាន​ចោទ​ថា ក្រុម​ការងារ​គណបក្ស​ប្រជាជន​កម្ពុជា មិន​មាន​ចេតនា​ពិត​ប្រាកដ ដើម្បី​កែ​ទម្រង់​ការ​បោះ​ឆ្នោត ឬ​ឲ្យ​មាន​ការ​រៀប​ចំ​បោះ​ឆ្នោត​មុន​អាណត្តិ​ទេ ប៉ុន្តែ​មាន​ចេតនា​អូស​បន្លាយ​ស្ថានការណ៍​នយោបាយ​ជាប់​គាំង​នេះ។

ទោះ​យ៉ាង​ណា ក្រុម​ការងារ​គណបក្ស​ប្រជាជន​កម្ពុជា និង​បក្ស​សង្គ្រោះ​ជាតិ បាន​កំណត់​យក​ថ្ងៃ​ច័ន្ទ ទី​១៧ ខែ​មីនា ខាង​មុខ ដើម្បី​ជួប​ចរចា​ជា​ថ្មី​លើ​ការ​កែ​ទម្រង់​ការ​បោះ​ឆ្នោត និង​បញ្ហា​ផ្សេងៗ​មួយ​ចំនួន​ទៀត៕