សង្គម​ស៊ីវិល​ថ្កោលទោស​ការ​បញ្ចូល​មន្ត្រី​តុលាការ​និង​កង​ប្រដាប់​អាវុធ​ចូល​ក្នុង​បក្ស​នយោបាយ

សង្គម​ស៊ីវិល​ថ្កោលទោស​ការ​បញ្ចូល​មន្ត្រី​តុលាការ​និង​កង​ប្រដាប់​អាវុធ​ចូល​ក្នុង​បក្ស​នយោបាយ

ដោយ ទីន ហ្សាការីយ៉ា
2015-02-26

គល់ បញ្ញា ៦២០

លោក គល់ បញ្ញា ប្រធាន​អង្គការ​ខុមហ្វ្រែល (Comfrel) ថ្លែង​ទៅ​កាន់​អ្នក​កាសែត នៅ​សណ្ឋាគារ​អ៊ីមភើរៀល រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី ២០ មករា ២០១៥។

RFA/Morm Moniroth

ក្រុម​សម្ព័ន្ធ​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត​អឺរ៉ា (ERA) និង​ក្រុម​អង្គការ​សង្គម​ស៊ីវិល ចេញ​សេចក្ដី​ថ្លែងការណ៍​នៅ​ថ្ងៃ​ទី​២៦ កុម្ភៈ ថ្កោលទោស​គណបក្ស​នយោបាយ​ដែល​សំដៅ​លើ​គណបក្ស​កាន់​អំណាច ដែល​បាន​បញ្ចូល​មន្ត្រី​តុលាការ និង​មន្ត្រី​កង​រាជ​អាវុធហត្ថ ទៅ​ក្នុង​ជួរ​ថ្នាក់​ដឹក​នាំ​គណបក្ស​របស់​ខ្លួន និង​ចូលរួម​សកម្មភាព​ប្រឆាំង​បក្ស​ផ្សេង។

ការ​បញ្ចូល​នេះ គឺ​រំលោភ​រដ្ឋធម្មនុញ្ញ នីតិរដ្ឋ គោលការណ៍​ប្រជាធិបតេយ្យ ពិសេស​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌។

ការ​ចេញ​សេចក្ដី​ថ្លែងការណ៍​ថ្កោលទោស​នេះ នៅ​បន្ទាប់​ពី​គណបក្ស​ប្រជាជន​កម្ពុជា បាន​ធ្វើ​សមាជ​វិសាមញ្ញ​របស់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​១ ខែ​កុម្ភៈ ឆ្នាំ​២០១៥ ធ្វើ​កំណែ​ទម្រង់​គណបក្ស​ដែល​បាន​ដាក់​បញ្ចូល​ក្រុម​យុវជន ក្នុង​នោះ​មាន​ទាំង​កូន​ថ្នាក់​ដឹក​នាំ​ជាន់​ខ្ពស់ ដូចជា​កូន​របស់ លោក ហ៊ុន សែន អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា កូន​របស់​លោក ស ខេង កូន​របស់​លោក សុខ អាន និង​កូន​របស់​លោក សាយ ឈុំ ជាដើម ទៅ​ក្នុង​គណៈកម្មាធិការ​កណ្ដាល​គណបក្ស​ប្រជាជន​កម្ពុជា។

ក្រៅ​ពី​នេះ​ទៀត គណបក្ស​ប្រជាជន​កម្ពុជា បាន​បញ្ចូល​មន្ត្រី​ជាន់​ខ្ពស់​កង​រាជ​អាវុធហត្ថ ដូចជា លោក រ័ត្ន ស៊្រាង ជា​មេបញ្ជាការ​កង​រាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ និង​ស្នងការ ស្នងការ​រង​រាជធានី​ភ្នំពេញ និង​មន្ត្រី​តុលាការ​ទៀត​ផង។ នៅ​ក្នុង​ការ​ផ្លាស់ប្ដូរ និង​ធ្វើ​កំណែ​ទម្រង់​បញ្ចូល​មន្ត្រី​តុលាការ មន្ត្រី​នគរបាល យោធា និង​កង​រាជ​អាវុធហត្ថ​នេះ​មាន​ប្រមាណ ៨០​រូប ដែល​ពួក​គេ​ទាំង​នោះ​មាន​សិទ្ធិ​សម្រេច​គោល​នយោបាយ​សំខាន់ៗ​ក្នុង​ប្រទេស និង​ក្រៅ​ប្រទេស​របស់​គណបក្ស ការ​ចាត់​តាំង​ការងារ​មន្ត្រី ការងារ​គ្រប់គ្រង​ហិរញ្ញវត្ថុ ថវិកា​របស់​គណបក្ស។ នេះ​មាន​ន័យ​ថា មន្ត្រី​តុលាការ យោធា នគរបាល​ក្លាយ​ជា​អ្នក​នយោបាយ ឬ​មន្ត្រី​នយោបាយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា។

សេចក្ដី​ថ្លែងការណ៍​របស់​ក្រុម​សម្ព័ន្ធ​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត​អឺរ៉ា និង​ក្រុម​អង្គការ​សង្គម​ស៊ីវិល​លើក​ឡើង​ថា ការ​បញ្ចូល​មន្ត្រី​តុលាការ និង​កម្លាំង​ប្រដាប់​អាវុធ​នេះ គឺ​រំលោភ​រដ្ឋធម្មនុញ្ញ​មាត្រា​១២៨ ដែល​ចែង​ថា តុលាការ​ជា​អំណាច​ឯករាជ្យ និង​ស្មារតី​រដ្ឋធម្មនុញ្ញ អំពី​ការ​ពង្រឹង និង​ការ​ការពារ​ឯកភាព​ជាតិ គោលការណ៍​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស ចែង​ក្នុង​មាត្រា​៥១​ថ្មី និង​ច្បាប់​ដទៃ​ជាច្រើន​ទៀត។

ទន្ទឹម​នឹង​នេះ ក្រុម​ការងារ​វិសោធនកម្ម​ច្បាប់​បោះ​ឆ្នោត ដែល​កំពុង​ពិភាក្សា​ច្បាប់​បោះ​ឆ្នោត​នេះ ក៏​កំពុង​មាន​ភាព​ចម្រូងចម្រាស​នៅ​ត្រង់​ចំណុច​នេះ​ដែរ គឺ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ដាក់​បញ្ចូល​មន្ត្រី​តុលាការ អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់​ថ្នាក់ កង​យោធពល​ខេមរភូមិន្ទ នគរបាល​ជាតិ និង​មន្ត្រី​តុលាការ អាច​ចូលរួម​ក្នុង​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត បន្ទាប់​ពី​បញ្ចប់​ម៉ោង​ធ្វើ​ការ ឬ​ឋិត​នៅ​ក្រៅ​ម៉ោង​ធ្វើ​ការ ឬ​មិន​ឋិត​ក្នុង​ពេល​បំពេញ​ការងារ​ក្នុង​សមត្ថភាព​ផ្លូវ​ការ។

ប្រធាន​ក្រុម​ការងារ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ពន្យល់​ថា មូលហេតុ​ដែល​គណបក្ស​ប្រជាជន​កម្ពុជា ចង់​ឲ្យ​មន្ត្រី​តុលាការ យោធា និង​នគរបាល​ជាតិ ចូលរួម​ឃោសនា​គាំទ្រ​គណបក្ស​នយោបាយ​នៅ​ពេល​ឃោសនា​បោះ​ឆ្នោត​នោះ គឺ​យោង​តាម​កតិកាសញ្ញា​អន្តរជាតិ​ស្ដីពី​សិទ្ធិ​ពលរដ្ឋ និង​នយោបាយ និង​ស្រប​តាម​រដ្ឋធម្មនុញ្ញ​កម្ពុជា។

តែ​ខាង​គណបក្ស​សង្គ្រោះ​ជាតិ មិន​ឯកភាព​ចំណុច​នេះ​ទេ ព្រោះ​ផ្ទុយ​ពី​មាត្រា​១៥ នៃ​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ។ ក៏ប៉ុន្តែ​ការ​ខ្វែង​គំនិត​នេះ ក្រុម​ការងារ​គណបក្ស​ទាំង​ពីរ បាន​បញ្ជូន​ឲ្យ​ថ្នាក់​ដឹក​នាំ​ជា​អ្នក​សម្រេច។

នៅ​ត្រង់​ចំណុច​នេះ ក្រុម​សម្ព័ន្ធ​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត​អឺរ៉ា និង​ក្រុម​អង្គការ​សង្គម​ស៊ីវិល បាន​ផ្ដល់​អនុសាសន៍​ថា ទោះ​ជា​នៅ​ក្នុង​ម៉ោង​បំពេញ​ការងារ ឬ​ក្រៅ​ម៉ោង​បំពេញ​ការងារ​ក្ដី មន្ត្រី​កង​រាជ​អាវុធហត្ថ នគរបាល​ជាតិ និង​មន្ត្រី​តុលាការ មិន​ត្រូវ​ធ្វើ​សកម្មភាព​គាំទ្រ ឬ​ប្រឆាំង​គណបក្ស​ណា​មួយ​ឡើយ ព្រោះ​ថា កង​យោធពល​ខេមរភូមិន្ទ នគរបាល មាន​តួនាទី​សំខាន់​រក្សា​សន្តិសុខ​ក្នុង​ការ​ដំណើរ​ការ​បោះ​ឆ្នោត ហើយ​មន្ត្រី​តុលាការ ក៏​នឹង​ចូលរួម​ផ្ទាល់​ក្នុង​ការងារ​បណ្ដឹង​ទាក់ទង​ការ​បោះ​ឆ្នោត៕