កិច្ចសម្ភាសន៍លោកហ៊ុនម៉ាណែតនិងភាពជាអ្នកដឹកនាំរបស់លោក


Hun Manaetកន្លងមកច្រើនឆ្នាំហើយ ដែលលោកហ៊ុន ម៉ាណែត អត់បានអាប់ដេតចំណេះដឹងទាក់ទងទៅនឹងសិទ្ធិបោះឆ្នោតរបស់ពលរដ្ឋនៅក្រៅប្រទេសសោះ។ ពីមុន គាត់និយាយថានៅអាស៊ីអាគ្នេយ៏ អត់មានប្រទេសណាអោយពលរដ្ឋរបស់គេរស់នៅក្រៅស្រុកបានមានសិទ្ធិបោះឆ្នោត ហើយសហរដ្ឋអាមេរិកអត់មានការបោះឆ្នោតតាមបណ្តាញអនឡាយទេ។

សូមបញ្ជាក់ជាថ្មីម្តងទៀតថា៖
– នៅបណ្តាប្រទេសអាស៊ាន គឺមានប្រទេសហ៊ី្វលីពីន ប្រទេសថៃ ប្រទេសឥណ្ឌូនេស៊ី និងប្រទេសភូមា ដែលបានអនុញ្ញាតអោយពលរដ្ឋគេនៅក្រៅប្រទេសបានមានសិទ្ធិបោះឆ្នោត។
– នៅសហរដ្ឋអាមេរិក ការបោះឆ្នោតថ្នាក់ជាតិម្តងៗ អត់មានអនុញ្ញាតអោយបោះឆ្នោតតាមបណ្តាញអនឡាញទេ។ ប្រជាពលរដ្ឋអាមេរិកដែលនៅក្រៅប្រទេសទាំងអស់គឺបោះឆ្នោតតាមស្ថានទូត ស្ថានកុងស៊ុលអាមេរិក ឬតាមសំបុត្រផ្ញើតាមប្រៃសណីយ៍។
– ការអនុញ្ញាតអោយពលរដ្ឋនៅក្រៅប្រទេសអាចមានសិទ្ធិបោះឆ្នោត មិនស្ថិតនៅលើប្រព័ន្ធបោះឆ្នោតសមាមាត្រឬឯកតនាមនោះទេ ព្រោះអ្នកចុះឈ្មោះបោះឆ្នោតទាំងអស់មានអត្តសញ្ញាណបណ្ណបញ្ជាក់ទីលំនៅកំណើតរបស់ពួកគេ ហើយកម្ពុជាពិបាកនឹងរៀបចំប្រព័ន្ធឯកតនាមពីព្រោះយើងយកខេត្តនិងរាជធានីជាមណ្ឌលបោះឆ្នោត។ ដូច្នេះមណ្ឌលនេះនៅមានសភាពធំធេងណាស់ធ្វើបានតែសំរាប់ប្រព័ន្ធសមាមាត្រឬប្រព័ន្ធគណបក្ស នៅពេលដែលប្រព័ន្ធឯកតនាមទាមទារអោយមណ្ឌលបោះឆ្នោតមួយត្រូវមានតំណាងរាស្ត្រតែម្នាក់គត់ប៉ុណ្ណោះ។
– ចំណែកបញ្ហាបច្ចេកទេសក៏មិនមានអ្វីស្មុគស្មាញនោះទេ ប្រទេសដទៃធ្វើបាន កម្ពុជាក៏អាចធ្វើបានដែរ។ បញ្ហាគឺវាស្ថិតនៅលើឆន្ទៈនយោបាយទេ។

ជាការសង្កេត គណបក្សប្រជាជនបានកំពុងព្យាយាមពង្រីកសមាជិកប៉ុន្តែហាក់បីដូចជាគ្មានឆន្ទៈនយោបាយអោយសមាជិកទាំងអស់នោះបានមានសិទ្ធិបោះឆ្នោតទេ។ សំណួរនៅសួរថាបើអញ្ចឹងខំចំណាយថវិការនិងកំឡាំងកាយចិត្តមកពង្រីកសមាជិកធ្វើអ្វី?

ជាការរិះគន់ផងដែរសំរាប់លោកគួច គន់ធារា ជាអ្នកសម្ភាសន៍ដែលមិនបានសិក្សាអំពីពង្រាងច្បាប់បោះឆ្នោតមាត្រា៥០ពិសេសដែលបានស្នើរឡើងដោយតំណាងរាស្ត្រទាំង៣៣រូបទៅរដ្ឋសភា។ ពេលនេះគណកម្មការអចិន្រ្តៃយ៍នៅសភាបានអនុមត្តិហើយប៉ុន្តែកំពុងស្ថិតក្រោមដៃរបស់គណកម្មការនីតិកម្ម ដើម្បីដាក់ជូនរដ្ឋសភាក្នុងពេលប្រជុំពេញអង្គណាមួយដើម្បីធ្វើវិសោធនកម្មច្បាប់ដែលអនុញ្ញាតអោយពលរដ្ឋខ្មែរនៅក្រៅប្រទេសអាចមានសិទ្ធិបោះឆ្នោត។

ដោយសរុប យើងនៅតែមិនយល់នូវតួនាទីពិតប្រាកដរបស់លោកហ៊ុន ម៉ាណែត ពីព្រោះចំឡើយរបស់លោកបានលាតសន្ធឹងទៅលើដែនសមត្ថកិច្ចរបស់ក្រសួងនិងស្ថាប័នផ្សេងៗជាច្រើនក្នុងការបំពេញការងាររបស់ខ្លួន។