ព្រឹទ្ធសភា​ជប៉ុន​សន្យា​ជួយ​ធ្វើ​ការ​កែ​ទម្រង់​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា


ព្រឹទ្ធសភា​ជប៉ុន​សន្យា​ជួយ​ធ្វើ​ការ​កែ​ទម្រង់​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា

អនុប្រធាន​ព្រឹទ្ធសភា​ជប៉ុន លោក អាស្សូម៉ា កូស៊ីអ៊ីស៊ី (Azuma Koshiishi) ជួប​ពិភាក្សា​ជាមួយ​ប្រធាន និង​អនុប្រធាន​
គណបក្ស​សង្គ្រោះ​ជាតិ នា​មន្ទីរ​រដ្ឋសភា នៅ​រសៀល​ថ្ងៃ​ទី ២២ ខែ​សីហា ឆ្នាំ​២០១៤។ RFA/Tin Zakariya
ដោយ ទីន ហ្សាការីយ៉ា 2014-08-22 RFA

ព្រឹទ្ធសភា​ជប៉ុន សន្យា​ថា​នឹង​ជួយ​ធ្វើ​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា នៅ​ក្នុង​នីតិកាល​ទី​៦​ខាង​មុខ ដើម្បី​ឲ្យ​ការ​បោះ​ឆ្នោត​ប្រកប​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ដែល​អាច​ទទួល​យក​គ្រប់​ភាគី។

ការ​សន្យា​របស់​មន្ត្រី​ជាន់​ខ្ពស់​ព្រឹទ្ធសភា​ជប៉ុន នេះ នៅ​ស្រប​ពេល​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ កំពុង​ធ្វើ​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ការ​រៀបចំ​ការ​បង្កើត​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ថ្មី និង​សេចក្ដី​ព្រាង​វិសោធនកម្ម​ច្បាប់​បោះ​ឆ្នោត។

អនុប្រធាន​ព្រឹទ្ធសភា​ជប៉ុន ចង់​ឲ្យ​កម្ពុជា មាន​ការ​បោះ​ឆ្នោត​តាម​ប្រព័ន្ធ​អេឡិចត្រូនិក (Electronic System) និង​រៀបចំ​បញ្ជី​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ឡើង​វិញ សម្រាប់​ការ​បោះ​ឆ្នោត​នីតិកាល​ទី​៦​ខាង​មុខ។

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​នៅ​ក្រោយ​ពេល​ជំនួប​ជាង ១​ម៉ោង ជាមួយ​គណៈប្រតិភូ​ជប៉ុន ដឹក​នាំ​ដោយ​អនុប្រធាន​ព្រឹទ្ធសភា លោក អាហ្ស៊ូម៉ា កួស៊ិអ៊ីស៊ិ (Azuma Koshiishi) នា​វិមាន​រដ្ឋសភា នៅ​រសៀល​ថ្ងៃ​ទី​២២ សីហា ថា ព្រឹទ្ធសភា​ជប៉ុន នឹង​ជួយ​កម្ពុជា គ្រប់​មធ្យោបាយ​ក្នុង​ការ​កែ​ទម្រង់​ការ​បោះ​ឆ្នោត​ខាង​មុខ ទោះ​តាម​វិធី​ណា​ក៏ដោយ ឲ្យ​តែ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ឯកភាព​គ្នា​ចង់​បាន​ដូច​ជា​ការ​រៀបចំ​បោះ​ឆ្នោត​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ការ​បោះ​ឆ្នោត​ដោយ​ប្រើ​អត្តសញ្ញាណប័ណ្ណ ឬ​ប័ណ្ណ​បោះ​ឆ្នោត។ល។ ភាគី​ជប៉ុន រង់ចាំ​ជួយ​គ្រប់​នីតិវិធី​ទាំងអស់ រួម​ទាំង​ថវិកា​រៀបចំ​ការ​បោះ​ឆ្នោត​ផង៖ «ជប៉ុន នឹង​ជួយ​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត​តាម​សំណើ​របស់​សម្ដេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ផង តាម​សំណើ​របស់​យើង​ផង គឺ​ភាគី​ខ្មែរ​ឯកភាព​ស្នើសុំ​ជំនួយ​ពី​ភាគី​ជប៉ុន ហើយ​យើង​សូម​ថ្លែង​អំណរគុណ​ទៅ​ដល់​រដ្ឋាភិបាល​ជប៉ុន ប្រជាពលរដ្ឋ​ជប៉ុន ដែល​ជួយ​លើ​កម្រិត​អភិវឌ្ឍ​ប្រទេស​កម្ពុជា និង​ជួយ​អភិវឌ្ឍ​លទ្ធិប្រជាធិបតេយ្យ​ឲ្យ​រឹងមាំ»។

 

ការ​សន្យា​ជួយ​លើ​បច្ចេកទេស​រៀបចំ​ការ​បោះ​ឆ្នោត​របស់​មន្ត្រី​ជាន់​ខ្ពស់​ព្រឹទ្ធសភា​ជប៉ុន នេះ នៅ​ក្រោយ​ពេល​អ្នក​ជំនាញ​បច្ចេកទេស​ខាង​បោះ​ឆ្នោត​ជប៉ុន បាន​មក​ជួប​តំណាង​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ គឺ​តំណាង​គណបក្ស​សង្គ្រោះ​ជាតិ និង​តំណាង​គណបក្ស​ប្រជាជន​កម្ពុជា កាល​ពី​ថ្ងៃ​ទី​២០ ឧសភា កន្លង​ទៅ ដើម្បី​ស្រាវជ្រាវ​លើ​ការ​ខ្វះខាត​លើ​ការ​បោះ​ឆ្នោត និង​ការ​កែ​ទម្រង់​លើ​ការ​បោះ​ឆ្នោត​នៅ​ខណៈ​ស្ថានភាព​នយោបាយ​ជាប់​គាំង​នៅ​ឡើយ​នោះ។

តែ​ឥឡូវ​នេះ នៅ​ក្រោយ​ពេល​គណបក្ស​ទាំង​ពីរ​បាន​បញ្ចប់​វិបត្តិ​នយោបាយ​ហើយ​នោះ ភាគី​ជប៉ុន នឹង​ជួយ​លើ​ការ​កែ​ទម្រង់​ការ​បោះ​ឆ្នោត និង​ឃ្លាំ​មើល​ស្ថានការណ៍​នយោបាយ​រវាង​គណបក្ស​ទាំង​ពីរ ពិសេស​ទៅ​លើ​បញ្ហា​អំពើ​ពុក​រលួយ​យ៉ាង​យក​ចិត្ត​ទុក​ដាក់។ នេះ​បើ​តាម​ការ​អះអាង​របស់ លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ។

លោក កឹម សុខា បន្ថែម​ថា ក្រៅ​ពី​ជប៉ុន ចង់​ជួយ​ធ្វើ​កំណែ​ទម្រង់​ការ​រៀបចំ​ការ​បោះ​ឆ្នោត​នោះ គណៈប្រតិភូ​ជប៉ុន ក៏​លើក​ពី​ការ​កែ​ទម្រង់​ប្រព័ន្ធ​យុត្តិធម៌ និង​ការ​លុប​បំបាត់​អំពើ​ពុក​រលួយ ដើម្បី​ឲ្យ​អ្នក​វិនិយោគ​ជប៉ុន ចូល​មក​វិនិយោគ​នៅ​កម្ពុជា កាន់​តែ​ច្រើន ដើម្បី​ឲ្យ​យុវជន​មាន​ការងារ​ធ្វើ។

លោក កឹម សុខា អះអាង​ថា នៅ​ក្រោយ​ពេល​សភា​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ យ៉ាង​យូរ​នៅ​សប្ដាហ៍​ក្រោយ​នេះ ដោយ​យោង​លើ​កិច្ច​ព្រមព្រៀង​របស់​គណបក្ស​ទាំង​ពីរ​កាល​ពី​ថ្ងៃ​ទី​២២ កក្កដា។ បន្ទាប់​មក សភា​នឹង​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ការ​រៀបចំ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត និង​សេចក្ដី​ព្រាង​ស្ដីពី​ការ​វិសោធនកម្ម​ច្បាប់​បោះ​ឆ្នោត៖ «យើង​គិត​ថា យើង​ធ្វើ​រយៈ​តែ​១​ខែ​ចុះ យ៉ាង​យូរ​៦​អាទិត្យ​ចុះ នឹង​ចប់​ហើយ បើ​សិន​យើង​ធ្វើ​លឿន​ពេក ញាប់​ពេក អាច​មាន​បញ្ហា​ថ្លោះធ្លោយ ចឹង​ហើយ​ពេល​វេលា​ប៉ុណ្ណឹង​ហើយ​ខ្ញុំ​គិត​ថា សមល្មម បើ​ក្រោយ​ពី​ហ្នឹង យើង​ឯកភាព​ហើយ​គេ​ដឹង​ថា យើង​ចង់​បាន​ហើយ គេ​រៀបចំ​តម្រូវ​ចិត្ត​យើង​ហើយ ព្រោះ​អី​គេ​ត្រៀម​ហើយ​ស្រេច​ហើយ»។

លោក កឹម សុខា ឲ្យ​ដឹង​ថា ជប៉ុន នឹង​ធ្វើ​ការ​ផ្លាស់​ប្ដូរ​ការ​ធ្វើ​ទស្សនកិច្ច​រវាង​សមាជិក​សភា​កម្ពុជា និង​សភា​ជប៉ុន ដើម្បី​ផ្លាស់​ប្ដូរ​បទពិសោធន៍ ទស្សនៈ​គ្នា​ទៅ​វិញ​ទៅ​មក​នៅ​ពេល​ខាង​មុខ។

ក្រុម​មន្ត្រី​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត​លើក​ឡើង​ថា នេះ​ជា​ជំហាន​ល្អ​មួយ​ដែល​គណៈប្រតិភូ​ព្រឹទ្ធសភា​ជប៉ុន សន្យា​ជួយ​លើ​ការ​កែ​ទម្រង់​ការ​បោះ​ឆ្នោត​នេះ ហើយ​ថា ជប៉ុន ត្រូវ​តែ​ឲ្យ​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​ឯកភាព​គ្នា​លើ​ការ​កែ​ទម្រង់​ការ​បោះ​ឆ្នោត និង​ធ្វើ​ឲ្យ​ច្បាស់​លាស់ ដើម្បី​ជៀសវាង​នូវ​ភាព​អយុត្តិធម៌​នៃ​ការ​បោះ​ឆ្នោត នឹង​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កេរ្តិ៍​ឈ្មោះ​ប្រទេស​ជប៉ុន។

ទន្ទឹម​នឹង​នេះ គណបក្ស​សង្គ្រោះ​ជាតិ ស្នើ​ទៅ​ភាគី​ជប៉ុន ចំនួន ៣​ចំណុច គឺ​ទី​១ ស្នើ​ឲ្យ​រដ្ឋាភិបាល​ជប៉ុន ឃ្លាំ​មើល​កិច្ច​ព្រមព្រៀង​នយោបាយ​រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ។ ទី​២ សុំ​ជប៉ុន ជួយ​ផ្ដល់​ជំនួយ​បច្ចេកទេស​លើ​ការ​កែ​ទម្រង់​ការ​បោះ​ឆ្នោត និង​ទី​៣ ស្នើ​ឲ្យ​ជួយ​ថវិកា ដើម្បី​អភិវឌ្ឍ​ប្រទេស​បន្ត​ទៀត៕