សេចក្តីថ្លែងការណ៍ប្រារព្ធថ្ងៃទិវាសិទ្ធិមនុស្សអន្តរជាតិ១០ធ្នូ


សេចក្តីថ្លែងការណ៍

ប្រារព្ធថ្ងៃទិវាសិទ្ធិមនុស្សអន្តរជាតិ១០ធ្នូ

សូមគោរពបងប្អូនជនរួមជាតិទាំងអស់ជាទីស្នេហា!

Public Statement on the International Human Rights Day 10 Dec 2017          ថ្ងៃនេះជាទិវាសិទ្ធិមនុស្សអន្តរជាតិ១០ឆ្នូ នាងខ្ញុំតាងនាមគណកម្មាធិការដើម្បីសិទ្ធិបោះឆ្នោត របស់ពលរដ្ឋខ្មែរនៅក្រៅប្រទេសឬដឺស៊ីរ៉ក់ មានកិត្តិយសនិងសូមកោតសរសើរដល់ការលៈបង់និង ការស្រឡាញ់ ជាតិមាតុភូមិរបស់បងប្អូនទាំងអស់ដែលមានវត្តមាននៅថ្ងៃនេះ។

យើងទាំងអស់គ្នាមានជំនឿជាធ្លុងមួយថា ដរាបណាប្រទេសកម្ពុជាគ្មានលទ្ធិប្រជាធិបតេយ្យ គ្មាននីតិរដ្ឋ គ្មានការគោរពសិទ្ធិមនុស្ស ដូចដែលយើងឃើញការវិវត្តន៍ចុងក្រោយក្រោមការដឹកនាំរបស់ លោកហ៊ុន-សែន ដរាបនោះកម្ពុជាគ្មានទេសន្តិភាពពិតប្រាកដ គ្មានទេការអភិវឌ្ឍន៍ពិតប្រាកដ គ្មានទេ អធិបតេយ្យជាតិពិតប្រាកដ គ្មានទេយុត្តិធម៌ និងគ្មានទេសាមគ្គីជាតិជាធ្លុងមួយពិតប្រាកដ។

យើងត្រូវការការបោះឆ្នោតមួយដែលមានន័យពិតប្រាកដ ដែលយើងអាចទទួលយកបានទាំង អស់គ្នា។ ការរំលាយគណបក្សសង្គ្រោះជាតិ ការយកកៅអីសភានិងសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ របស់គណបក្សសង្គ្រោះជាតិទៅចែកអោយបក្សផ្សេង គឺស្មើនឹងការជាន់ឈ្លីប្រជាពលរដ្ឋអ្នកបោះឆ្នោត ជិតកន្លះប្រទេស ជាការរំលោភលើរដ្ឋធម្មនុញ្ញកម្ពុជា និងជាការរំលោភលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុង ប៉ារីស២៣ តុលា ឆ្នាំ១៩៩១។ ការបោះឆ្នោតព្រឹទ្ធិសភាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨និងការបោះឆ្នោត ជាតិថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខត្រូវតែមានគណបក្សសង្គ្រោះជាតិចូលរួមទើបសហគម ជាតិនិងអន្តរជាតិទទួលស្គាល់ថាស្របច្បាប់និងយកជាការបាន។

យើងខ្ញុំដែលជាប្រជាពលរដ្ឋខ្មែររស់នៅនាយសមុទ្រទាំងអស់ដែលមានចំនួនដល់ទៅ៣លាននាក់នៅតែទាមទារសិទ្ធិបោះឆ្នោតដូចមានចែងក្នុងរដ្ឋធម្មនុញ្ញនិងសេចក្តីថ្លែងការណ៍ជាសាកលស្តីអំពី សិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ អោយខាងតែបាន។

ជយោ លទ្ធិប្រជាធិបតេយ្យនិងនីតិរដ្ឋនៅកម្ពុជា!

ជយោ ស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសអមតៈ!

ជយោ កំឡាំងសាមគ្គីរបស់ប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេស-ក្នុងប្រទេសទាំងអស់!

ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៧

Public Statement on the International Human Rights Day of 10 Dec 2017