Voting rights for Cambodian migrant workers and overseas Cambodians


គណបក្សសង្គ្រោះជាតិលើកទឹកចិត្តពលករខ្មែរដែលធ្វើការនៅប្រទេសថៃ ឱ្យមកចុះឈ្មោះបោះឆ្នោតនៅតាមខេត្តមួយចំនួន នៅតាមបណ្តោយព្រំដែនខ្មែរ-ថៃ បើពួកគេមិនមានលទ្ធភាពធ្វើដំណើរទៅចុះឈ្មោះនៅស្រុកកំណើត ដែលនៅឆ្ងាយនោះទេ។ លោកស្រី មូរ សុខហួរ អ្នកតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ បានប្រាប់កម្មវិធី Hello VOA នៅថ្ងៃព្រហស្បតិ៍នេះថា ចំណាត់ការនេះ គឺដើម្បីការពារសិទ្ធិបោះឆ្នោតរបស់ពលករនៅក្រៅប្រទេស បន្ទាប់ពីគណបក្សនេះបានតស៊ូដោយមិនជោគជ័យក្នុងការទាមទារជាមួយនឹងគណបក្សកាន់អំណាច ឱ្យបង្កើតការិយាល័យចុះឈ្មោះ និងបោះឆ្នោតនៅក្រៅប្រទេស។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនឹងធ្វើការចុះបញ្ជីឈ្មោះអ្នកបោះឆ្នោតពីថ្ងៃទី១ ខែកញ្ញាដល់ថ្ងៃទី២៩ ខែវិច្ឆិកា។ នេះគឺជាការចុះឈ្មោះធ្វើបញ្ជីបោះឆ្នោតថ្មីតាមការព្រមព្រៀងរវាងគណបក្សនយោបាយទាំងពីរ ដែលបានចរចាគ្នាសម្រេចក្រោយពីជាប់គាំងនយោបាយជិតមួយឆ្នាំ បន្ទាប់ពីការបោះឆ្នោតជាតិឆ្នាំ២០១៣។ (ម៉ែន គឹមសេង, Hello VOA, វ៉ាស៊ីនតោន, ២៨ កក្កដា ២០១៦)

HelloVOA