បក្សសង្គ្រោះជាតិទាមទារឲ្យបក្សប្រជាជនបង្ហាញជំហរក្នុងការចរចា
បក្សសង្គ្រោះជាតិទាមទារឲ្យបក្សប្រជាជនបង្ហាញជំហរក្នុងការចរចា
2014-03-13
មន្ត្រីបក្សប្រជាជនកម្ពុជា និងបក្សសង្គ្រោះជាតិ ធ្វើសន្និសីទកាសែតក្រោយកិច្ចប្រជុំនាវិមានព្រឹទ្ធសភា កាលពីព្រឹកថ្ងៃទី១០ មីនា ឆ្នាំ២០១៤។
គម្រោងជំនួបចរចាជាថ្មីទៀតរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ នៅមិនទាន់មានភាពច្បាស់លាស់នៅឡើយទេ។ នៅថ្ងៃទី១៣ មីនា គណបក្សសង្គ្រោះជាតិ បានដាក់សំណើមួយចំនួនទៅគណបក្សប្រជាជនកម្ពុជា គឺនៅមុនជំនួបដែលគ្រោងធ្វើនៅថ្ងៃទី១៧ មីនា ខាងមុខនេះ។
តំណាងគណបក្សសង្គ្រោះជាតិ បានស្នើឲ្យគណបក្សប្រជាជនកម្ពុជា បញ្ជាក់ពីរបៀបវារៈឲ្យ បានច្បាស់លាស់មុននឹងឈានដល់ការជួបចរចាគ្នាបន្តទៀត ដែលគ្រោងធ្វើនៅថ្ងៃទី១៧ មីនា។
ប្រធានគណៈកម្មការចម្រុះនិងជាតំណាងគណបក្សសង្គ្រោះជាតិ លោក សុន ឆ័យ មានប្រសាសន៍ថា គណបក្សសង្គ្រោះជាតិ ចង់ឃើញរបៀបវារៈសម្រាប់កិច្ចប្រជុំបន្តនៅថ្ងៃទី១៧ មីនា។ លោកថា ការស្នើនេះដោយសារតែការពិភាក្សាកាលពីថ្ងៃទី១០ មីនា មិនទាន់សម្រេចលើប្រធានបទនៃការកែទម្រង់ស្ថាប័នបោះឆ្នោត។
«សំឡេង»
នៅក្នុងលិខិតរបស់គណបក្សសង្គ្រោះជាតិ ថ្ងៃទី១៣ មីនា មានខ្លឹមសារថា ប្រធានបទទាក់ទងនឹងការកែទម្រង់ការបោះឆ្នោតឲ្យទៅជាស្ថាប័នរដ្ឋធម្មនុញ្ញដែលឯករាជ្យ និងមានការជ្រើសតាំងដោយរដ្ឋសភាតាំងសំឡេង ២ ភាគ ៣ នៃសមាជិកសភាទាំងមូល គឺជារបៀបវារៈចាំបាច់ជាអាទិភាពសម្រាប់ការងារកែទម្រង់ការបោះឆ្នោតដែលមិនអាចរំលងបាន។
ការដាក់លិខិតទៅគណបក្សប្រជាជនកម្ពុជានេះ នៅបន្ទាប់ពីប្រធានគណបក្សសង្គ្រោះជាតិបានប្រកាសថា ការចរចារវាងគណបក្សប្រជាជនកម្ពុជា កន្លងមក គ្រាន់តែជាការពន្យារពេលតែប៉ុណ្ណោះ ពីព្រោះគណបក្សប្រជាជនកម្ពុជា មិនមានជំហរច្បាស់លាស់ក្នុងការកែទម្រង់ គ.ជ.ប។
ថ្លែងនៅក្នុងកិច្ចពិភាក្សារបស់វិទ្យុអាស៊ីសេរី កាលពីយប់ថ្ងៃទី១២ មីនា លោក ព្រុំ សុខា ប្រធានក្រុមដឹកនាំការចរចាតំណាងគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ថា របៀបវារៈដែលគណបក្សសង្គ្រោះជាតិលើកនៅក្នុងកិច្ចប្រជុំកាលពីថ្ងៃទី១០ មីនា សុំឲ្យ គ.ជ.ប ជាស្ថាប័នធម្មនុញ្ញ និងបោះឆ្នោតជ្រើសតាំងសមាសភាព គ.ជ.ប ដោយសំឡេង ២ ភាគ ៣ នោះ មិនអាចធ្វើទៅបានទេ ពីព្រោះច្បាប់នេះលោក សម រង្ស៊ី ជាអ្នកផ្ដួចផ្ដើមគំនិតឲ្យមានការបោះឆ្នោតភាគច្រើនដាច់ខាត ឬ ៥០ បូក ១។
«សំឡេង»
សម្ព័ន្ធកំណែទម្រង់ការបោះឆ្នោត ហៅថា អ៊ីរ៉ា (ERA) ដែលមានអង្គការមិនមែនរដ្ឋាភិបាលជាង ២០ស្ថាប័នជាសមាជិក បានស្នើឲ្យគណបក្សនយោបាយទាំង២ កំណត់ពេលវេលាជួបចរចាឲ្យបានញឹកញាប់។ ទន្ទឹមនឹងគ្នានោះ ការស្នើក៏មានបំណងឲ្យបញ្ចប់វិវាទនយោបាយនៅកម្ពុជា ឲ្យបានឆាប់។ ការផ្តល់អនុសាសន៍នេះ កើតឡើងបន្ទាប់ពីជំនួបចរចារវាងក្រុមការងារគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី១០ ខែមីនា មិនមានលទ្ធផលវិជ្ជមាន៕