ទស្សនៈ​ជុំវិញ​ដំណើរការ​ចរចា​នៃ​គណបក្ស​ឈ្នះ​ឆ្នោត​ទាំង​ពីរ


Op-Ed: RFA Khmer Services

ទស្សនៈ​ជុំវិញ​ដំណើរការ​ចរចា​នៃ​គណបក្ស​ឈ្នះ​ឆ្នោត​ទាំង​ពីរ

ដោយ ម៉ៅ សុធានី
2014-03-25

ស្ដាប់ ឬ ទាញ​យក​សំឡេងស្តាប់សំឡេង ថតសំឡេង

បក្ស​ប្រជាជន សង្គ្រោះ​ជាតិ ចរចា ៦១០

តំណាង​គណបក្ស​ប្រជាជន​កម្ពុជា លោក ប៊ិន ឈិន (ឆ្វេង) និង​តំណាង​គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ (ស្ដាំ) ធ្វើ​សន្និសីទ​កាសែត​ក្រោយ​ជំនួប​នា​វិមាន​ព្រឹទ្ធ​សភា កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៧ មីនា ឆ្នាំ​២០១៤។

RFA/Van Vichar

ក្នុង​ជំនួប​ចរចា​លើក​ទី​៤ កាល​ពី​ថ្ងៃ​ច័ន្ទ ទី​២៤ មីនា ក្រុម​ការងារ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ នៅ​តែ​មិន​អាច​ដោះស្រាយ​បញ្ហា​បាន​ទេ ដោយសារ​ខ្វែង​គំនិត​គ្នា​លើ​ប្រធានបទ​កែទម្រង់​សមាសភាព​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប.)។

តើ​គណបក្ស​ទាំង​ពីរ​អាច​មាន​មធ្យោបាយ​ដោះស្រាយ​ភាព​ទាល់ច្រក​នយោបាយ​នេះ​បាន​ដែរ​ឬ​ទេ?

អ្នក​វិភាគ​នយោបាយ​និង​មន្ត្រី​សង្គម​ស៊ីវិល​បាន​អះអាង​ថា បញ្ហា​កែ​ទម្រង់​ការ​បោះ​ឆ្នោត និង​ផ្លាស់ប្ដូរ​សមាសភាព​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត គឺ​ជា​បញ្ហា​ដ៏​សំខាន់​បំផុត​ក្នុង​ប្រធានបទ​នៃ​ជំនួប​ចរចា​រវាង​ក្រុម​ការងារ​របស់​គណបក្ស​ឈ្នះ​ឆ្នោត​ទាំង​ពីរ។ បញ្ហា​នេះ​ហើយ​ជា​ឧបសគ្គ​ក្នុង​ដំណើរការ​ស្វែង​រក​ដំណោះស្រាយ​ទម្លាយ​ភាព​ទាល់ច្រក​នយោបាយ និង​ឈាន​ទៅ​រក​កិច្ចព្រមព្រៀង​គ្នា​រវាង​មេដឹកនាំ​នៃ​គណបក្ស​ទាំង​ពីរ។

លោក​បណ្ឌិត ឡៅ ម៉ុងហៃ អ្នក​វិភាគ​សង្គម​ឯករាជ្យ​មាន​ប្រសាសន៍​បញ្ជាក់​ថា ប្រសិន​បើ​មាន​ការ​កែទម្រង់​នីតិវិធី​នៃ​ការ​រៀបចំ​ការ​បោះ​ឆ្នោត និង​ផ្លាស់ប្ដូរ​សមាសភាព គ.ជ.ប. គណបក្ស​កាន់​អំណាច​ដែល​ដឹកនាំ​ប្រទេស​ជិត ៣០​ឆ្នាំ​មក​ហើយ​នេះ ពិត​ជា​មាន​ការ​ព្រួយ​បារម្ភ​ខ្លាច​បាត់បង់​ផលប្រយោជន៍​ដ៏​ធំធេង​របស់​ក្រុម​ខ្លួន៖ «មិន​ងាយ​បាន​ដោះស្រាយ​ចេញ​ទេ ពីព្រោះ​ផល​ប្រយោជន៍ ជា​ពិសេស​របស់​គណបក្ស​កាន់​អំណាច​ខ្លាំង​ណាស់ គឺ​វា​ក្រាស់​ខ្លាំង​ពេក​ទៅ គឺ​កាល​ណា​កែ​ទម្រង់​ប្រព័ន្ធ​បោះ​ឆ្នោត នឹង​បាត់បង់​ការ​ត្រួតត្រា ដល់​បាត់បង់​ការ​ត្រួតត្រា សន្លឹក​ឆ្នោត​ជាក់ស្ដែង​អាច​កាន់​តែ​ចុះ​អ៊ីចឹង​ទៅ ប្រហែលជា​អាច​បាត់​បង់​អំណាច បាត់​បង់​អំណាច​អាច​បាត់បង់​ការ​ការពារ​ទ្រព្យ​សម្បត្តិ​របស់​ខ្លួន​ដែរ…»។

តំណាង​ក្រុម​ចរចា​នៃ​គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ មាន​ប្រសាសន៍​ក្នុង​សន្និសីទ​កាសែត​ក្រោយ​ជំនួប​ជាមួយ​ក្រុម​ការងារ​គណបក្ស​ប្រជាជន​កម្ពុជា កាល​ពី​ថ្ងៃ​ទី​២៤ មីនា ថា គណបក្ស​សង្គ្រោះ​ជាតិ នៅ​តែ​ប្រកាន់​ជំហរ​ចង់​ឲ្យ​មាន​ការ​កែទម្រង់​ស្ថាប័ន​រៀបចំ​ការ​បោះ​ឆ្នោត​ជា​មុន​សិន មុន​នឹង​ឈាន​ដល់​កិច្ច​ពិភាក្សា​លើ​បញ្ហា​ផ្សេងៗ ១៤​ចំណុច ដែល​បាន​ព្រមព្រៀង​គ្នា​កាល​ពី​ជំនួប​ថ្ងៃ​១៧ ខែ​មីនា កន្លង​មក​នេះ៖ «ការ​កែ​ទម្រង់​ការ​បោះ​ឆ្នោត​នេះ​ជា​បញ្ហា​ធំ ជា​បញ្ហា​មូលដ្ឋាន ដូច្នេះ​បើ​មិន​ទាន់​ដោះស្រាយ​ចេញ យើង​ជំរុញ​ឲ្យ​មាន​ការ​ដោះស្រាយ​រវាង​ថ្នាក់ដឹកនាំ​កំពូល យើង​នឹង​បន្ត​ចរចា​ការងារ​ទៀត មិន​មែន​បាន​ន័យ​ថា ឈប់​ទេ តែ​យើង​នៅ​រង់ចាំ…»។

ចំណែក​លោក ប៊ិន ឈិន ប្រធាន​ក្រុម​ការងារ​គណបក្ស​ប្រជាជន​កម្ពុជា ថ្លែង​ថា ជំនួប​ចរចា​លើក​នេះ​មិន​ទទួល​បាន​លទ្ធផល ដោយសារ​តែ​ក្រុម​ការងារ​របស់​គណបក្ស​ប្រឆាំង ទាមទារ​ហួស​ដែន​សមត្ថកិច្ច​របស់​ក្រុម​លោក៖ «កុំ​ថា​គណបក្ស​ប្រជាជន​ខ្លាច? ម៉េច​ក៏​ខ្លាច? មិន​ព្រម​រៀបចំ គ.ជ.ប. ឡើង​វិញ មិន​មែន​ខ្លាច​ទេ អោយ​រៀប​ទាំង​អស់ ប៉ុន្តែ​រៀប​ឲ្យ​ដើរ​បាន មិន​មែន​ចង​តែ​គណបក្ស​ប្រជាជន​ទេ តែ​ចង​ជាតិ​កម្ពុជា ទាំង​មូល​ផង​ដែរ…»

ពាក់ព័ន្ធ​នឹង​បរាជ័យ​នៃ​ជំនួប​ចរចា​ជា​ច្រើន​លើក​រវាង​គណបក្ស​ឈ្នះ​ឆ្នោត​ទាំង​ពីរ​នេះ លោក​សាស្ត្រាចារ្យ​បណ្ឌិត សុខ ទូច សកលវិទ្យាធិការ​នៃ​សាកលវិទ្យាល័យ​ខេមរៈ និង​ជា​អ្នក​ជំនាញ​វិទ្យាសាស្ត្រ​នយោបាយ បាន​អះអាង​ថា បើ​ចង់​ទម្លាយ​ភាព​ទាល់ច្រក​នយោបាយ​ចេញ​រួច គណបក្ស​ឈ្នះ​ឆ្នោត​ទាំង​ពីរ​ត្រូវ​មាន​ឆន្ទៈ​ពិត​ប្រាកដ​ក្នុង​ការ​ដោះស្រាយ​ចំណុច​សំខាន់ៗ​ជា​មុន​សិន ដូចជា​បញ្ហា គ.ជ.ប. ជាដើម ដែល​ត្រូវ​ដោះស្រាយ​ជា​បន្ទាន់។

លោក​សាស្ត្រាចារ្យ​បណ្ឌិត សុខ ទូច៖ «កាល​ណា​គេ​យក​បញ្ហា​ជាប់​គាំង​មក​ដោះស្រាយ​ក្រៅ​ប្រព័ន្ធ​ច្បាប់​អ៊ីចឹង គេ​មិន​ដែល​យក​បញ្ហា​មក​គំនរ​គរ​ដឹក​ទេ គ្រាន់​តែ​ឃើញ ១៤​ចំណុច គឺ​អ្នក​នយោបាយ​កំពុង​អូស​បន្លាយ​ពេល​វេលា​យូរ​ហើយ។ បើ​គេ​ចង់​ដោះស្រាយ​បញ្ហា​ជាប់​គាំង គេ​មើល​តើ​អី​ដែល​ជាប់​គាំង? ព្រោះ​នេះ​កើត​ចេញ​ពី​ឆន្ទៈ​នយោបាយ អ៊ីចឹង​គេ​មិន​អាច​ធ្វើ​វិសោធនកម្ម​ច្បាប់​ទាំង​ឡាយ​នៅ​ក្រៅ​សភា​បាន​ទេ។ ច្បាប់​ដែល​សំខាន់​គឺ គ.ជ.ប. ដូច​នេះ​យើង​លើក​របៀបវារៈ​តែ គ.ជ.ប. មក​ជជែក​សិន ហើយ​ច្បាប់​ផ្សេងៗ​ទៀត ចាំ​ជជែក​ក្រោយ។ ទិដ្ឋភាព​ទាំង​អស់ ១៤​ចំណុច​នេះ អូស​បន្លាយ​មិន​តិច​ក្រោម​មួយ​ឆ្នាំ​ទេ…»

លោក​បណ្ឌិត សុខ ទូច បន្ត​ថា មេដឹកនាំ​បក្ស​ទាំង​ពីរ និង​ក្រុម​ការងារ​ចរចា​នៃ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​ដើរ​ឲ្យ​ទន្ទឹម​គ្នា​ក្នុង​ការ​ស្វែង​រក​ដំណោះស្រាយ​ទាំង​នេះ។

លោក​បញ្ជាក់​ថា ទោះ​បី​ចំណុច​ខ្លះ​បាន​ព្រមព្រៀង​គ្នា​ក៏ដោយ​ចុះ តែ​បើ​មេដឹកនាំ​បក្ស​មិន​ព្រម ក៏​មិន​អាច​ធ្វើ​អ្វី​ចេញ​រួច​បាន​ឡើយ ដោយសារ​តែ​តំណាង​ក្រុម​ការងារ​ចរចា​ពុំ​មាន​អំណាច​សម្រេច​លើ​កិច្ចការ​ណា​មួយ៖ «ឧទាហរណ៍​ថា ឥឡូវ​នេះ​ត្រូវ ៣ ឬ ៤​ចំណុច បើ​ជួប​អ្នក​នយោបាយ​គេ​អត់​ព្រម អ៊ីចឹង​ការ​ជជែក​គ្នា​អត់​ប្រយោជន៍​ទេ។ បើ​ព្រម​គ្នា​ហើយ​លើ​ចំណុច ក ខ គ បើ​អ្នក​នយោបាយ​ទាំង​ពីរ​យល់​ព្រម​ហើយ ទើប​អ្នក​បច្ចេកទេស​យក​ទៅ​ពិភាក្សា​​អំពី​យន្តការ នីតិវិធី មិន​មែន​ជជែក​ពី​នីតិវិធី ហើយ​ឲ្យ​អ្នក​នយោបាយ​សម្រេច​អត់​ត្រូវ​ទេ។ ធ្វើ​អ៊ីចឹង​ទើប​បាន​ជោគជ័យ ដូចជា​យើង​មាន​កិច្ច​ព្រមព្រៀង​ក្រុង​ប៉ារីស រួច​ហើយ​បាន​អ៊ុនតាក់ ចូល​មក​ដោះស្រាយ​ផ្ទាល់។ រឿង​ហ្នឹង​គឺ​ដូច​គ្នា​អ៊ីចឹង…»

នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី​និង​យុត្តិធម៌​នៅ​កម្ពុជា ហៅ​កាត់​ថា ខុមហ្វ្រែល (Comfrel) លោក គល់ បញ្ញា បាន​សម្ដែង​ការ​សោកស្ដាយ​ចំពោះ​បរាជ័យ​នៃ​ជំនួប​ចរចា​របស់​ក្រុម​ការងារ​នៃ​គណបក្ស​ឈ្នះ​ឆ្នោត​ទាំង​ពីរ កាល​ពី​ថ្ងៃ​ទី​២៤ មីនា។ លោក​បន្ត​ថា ទោះ​បី​ជា ១៤​ចំណុច​ដែល​បាន​ព្រមព្រៀង​គ្នា​ពី​មុន​ក៏ដោយ ក៏​នៅ​ពុំ​ទាន់​មាន​វិធី​ដោះស្រាយ​ជា​គោលការណ៍​លើ​កំណែ​ទម្រង់​នីមួយៗ​ឲ្យ​បាន​ច្បាស់លាស់​នោះ​ទេ។

លោក គល់ បញ្ញា៖ «គណៈកម្មការ​ចម្រុះ​ហាក់​ចង់​ទុក​ឲ្យ​ថ្នាក់​កំពូល​ជា​អ្នក​សម្រេច បាន​ជា​គណៈកម្មការ​ត្រូវ​ទៅ​ជជែក​យក​គោលការណ៍​ធំៗ ឬ​ផែនទី​បង្ហាញ​ផ្លូវ តើ​ចំណុច​ទាំង ១៤​នោះ​ត្រូវ​យក​កំណែទម្រង់​អ្វី​ដែល​បក្ស​ទាំង​ពីរ​អាច​ព្រមព្រៀង​គ្នា​បាន។ គួរ​តែ​មាន​ការ​ជជែក​គ្នា កុំ​អស់​សង្ឃឹម ពីព្រោះ​ក្នុង​ចំណុច​ទាំង ១៤ មាន​ចំណុច​ខ្លះ​ត្រូវ​ការ​ថ្នាក់​លើ​ផ្ដល់​យោបល់​មតិ ហើយ​ចំណុច​ខ្លះ​ទៀត ជា​រឿង​បច្ចេកទេស​សុទ្ធសាធ អាច​ទៅ​មើល​អនុសាសន៍​នានា របស់​សហភាព​អឺរ៉ុប របស់​អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ខាង​សិទ្ធិ​មនុស្ស ឬ​របស់​អង្គការ​សង្គម​ស៊ីវិល ដែល​បាន​ឲ្យ​អនុសាសន៍​រួច​ហើយ»

ក្រោយ​ពី​ជំនួប​ពិភាក្សា​កាល​ពី​ថ្ងៃ​ច័ន្ទ ទី​២៤ មីនា គណបក្ស​សង្គ្រោះ​ជាតិ បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ​ប្រកាស​ផ្អាក​ការ​ប្រជុំ​មួយ​រយៈ​របស់​គណៈកម្មការ​ចម្រុះ​រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ដោយ​ស្នើ​ឲ្យ​មាន​ជំនួប​កំពូល​រវាង​គណបក្ស​ទាំង​ពីរ ធ្វើ​សេចក្តី​សម្រេច​ជា​គោលការណ៍​ឲ្យ​មាន​ការ​ឯកភាព​គ្នា​ជា​មុន​សិន អំពី​ការ​កែ​ទម្រង់​ស្ថាប័ន​រៀបចំ​ការ​បោះ​ឆ្នោត និង​កាលបរិច្ឆេទ​នៃ​ការ​បោះ​ឆ្នោត​ឡើង​វិញ។

ជា​ការ​ឆ្លើយ​តប​ភ្លាមៗ​គណបក្ស​ប្រជាជន​កម្ពុជា ក៏​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​បញ្ជាក់​ជា​សាធារណៈ​ដល់​មតិ​ជាតិ និង​អន្តរជាតិ​ដែរ​ថា ការ​ប្រកាស​សុំ​ផ្អាក​នេះ គឺ​ជា​គំនិត​អត្តនោម័ត​របស់​គណបក្ស​សង្គ្រោះ​ជាតិ។ គណបក្ស​ប្រជាជន​កម្ពុជា មិន​មាន​គំនិត​ផ្អាក​ការ​ពិភាក្សា​នោះ​ទេ ហើយ​គោរព​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​សេចក្ដី​ប្រកាស​រួម ចុះ​ថ្ងៃ​ទី​១៨ ខែ​កុម្ភៈ ឆ្នាំ​២០១៤ ដែល​ក្របខ័ណ្ឌ​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត​ត្រូវ​ដាក់​ជូន​សិក្ខាសាលា​ថ្នាក់​ជាតិ​ផ្ដល់​មតិ​ជា​មុន​សិន ទើប​គណៈកម្មការ​ចម្រុះ​នៃ​គណបក្ស​ទាំង​ពីរ​យក​មក​ពិគ្រោះ​ពិភាក្សា​ដើម្បី​សម្រេច៕