គណបក្សជាប់ឆ្នោតទាំងពីរបន្ទោសគ្នាទៅវិញទៅមករឿងបរាជ័យក្នុងការចរចារ
Op-Ed: VOA Khmer Services
គណបក្សជាប់ឆ្នោតទាំងពីរបន្ទោសគ្នាទៅវិញទៅមករឿងបរាជ័យក្នុងការចរចារ
លោកសម រង្ស៊ីបានអំពាវនាវឲ្យអ្នកគាំទ្ររបស់លោកត្រៀមខ្លួនធ្វើបាតុកម្មធំមួយនៅថ្ងៃខាងមុខ។
13 មិនា 2014
ភ្នំពេញ — លោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានគំរាមផ្តាច់ការចរចាជាមួយគណបក្សប្រជាជនកម្ពុជានៅថ្ងៃពុធនេះ ស្របពេលដែលក្រុមអង្គការសង្គមស៊ីវិលសម្តែងការសោកស្តាយចំពោះការខកខានរបស់គណបក្សទាំងពីរក្នុងការឈានដល់កិច្ចព្រមព្រៀងលើស្ថាប័នរៀបចំការបោះឆ្នោត។
ថ្លែងទៅកាន់អ្នកគាំទ្រគណបក្សជំទាស់នៅក្នុងស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ ដែលជាខេត្តទើបនឹងបង្កើតថ្មី លោកសម រង្ស៊ី អធិប្បាយថា ការជជែកគ្នាបន្តទៀតប្រព្រឹត្តទៅបានលុះណាតែមានការដោះស្រាយចំណោទនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប.)។
«ទី១យើងឈប់ចរចា ពីព្រោះពួកនេះគ្រាន់តែពន្យារពេលដើម្បីបោកបញ្ឆោតបរទេស។ បើគេមិនព្រមដូរគ.ជ.ប.មានន័យថា គេចង់លួចបន្លំសន្លឹកឆ្នោតទៀតហើយ។ ដូច្នេះមិនចាំបាច់និយាយគ្នាទៀតទេ។ បើកាលណាផ្លាស់គ.ជ.ប. សិនសឹមយើងនិយាយគ្នាទៀត»។
កាលពីថ្ងៃច័ន្ទគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិបានបើកកិច្ចប្រជុំកម្រិតក្រុមបច្ចេកទេសបន្តដើម្បីជជែកអំពីយន្តការកែទម្រង់ការបោះឆ្នោត។
ក៏ប៉ុន្តែកិច្ចចរចារយៈពេលជាងបីម៉ោងនោះមិនបានឈានដល់ការព្រមព្រៀងគ្នាណាមួយនោះទេ។ មូលហេតុដោយសារតែគណបក្សជំទាស់ស្នើដាក់ឲ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតឲ្យទៅជាស្ថាប័នធម្មនុញ្ញនិងចំណុចមួយទៀតគឺការតែងតាំងសមាជិកគ.ជ.ប.ត្រូវធ្វើឡើងដោយការបោះឆ្នោតសំឡេង២ភាគ៣នៃសមាជិកសភាទាំងមូល។ ប៉ុន្តែគណបក្សកាន់អំណាចមិនយល់ស្រប។
លោកសម រង្ស៊ីបានអំពាវនាវឲ្យអ្នកគាំទ្ររបស់លោកត្រៀមខ្លួនធ្វើបាតុកម្មធំមួយនៅថ្ងៃខាងមុខ។
«សូមឲ្យបងប្អូនទាំងអស់គ្នាត្រៀមខ្លួនធ្វើមហាបាតុកម្មជាប្រវត្តិសាស្ដ្រឲ្យបានពីរលាននាក់»។
ទាក់ទងនឹងការចរចារវាងគណបក្សទាំងពីរនេះដែរ សម័្ពន្ធកំណែទម្រង់ការបោះឆ្នោតដែលជាបណ្តុំអង្គការក្រៅរដ្ឋាភិបាលចំនួន២០ បានសម្តែងការសោកស្តាយចំពោះការខកខានរបស់គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ដែលមិនបានឈានដល់កិច្ចព្រមព្រៀងក្រោយពីការចរចានោះ។
ក្រុមអង្គការដដែលនេះបានជំរុញឲ្យគណបក្សជាប់ឆ្នោតទាំងពីរពន្លឿនការចរចាបន្តទៀត ប្រយោជន៍គឺដើម្បីដោះស្រាយវិបត្តិនយោបាយឲ្យបានឆាប់រហ័ស។
លោក ឈាង វុន តំណាងរាស្ដ្រ និងជាសមាជិកមួយរូបនៃក្រុមចរចាខាងគណបក្សប្រជាជនកម្ពុជា បានឆ្លើយតបទៅនឹងក្រុមអង្គការសង្គមស៊ីវិលថា ក្រុមអង្គការទាំងនោះមិនបានយល់អំពីលក្ខខណ្ឌដើមនៃការចរចា។