គ.ជ.ប ប្រកាស​តែង​តាំង​មន្ត្រី​បច្ចេកទេស​៧​រូប​សម្រាប់​កិច្ចការ​បោះ​ឆ្នោត

គ.ជ.ប ប្រកាស​តែង​តាំង​មន្ត្រី​បច្ចេកទេស​៧​រូប​សម្រាប់​កិច្ចការ​បោះ​ឆ្នោត

ដោយ ម៉ម មុនីរតន៍
2015-08-04

គ.ជ.ប

ទីស្ដីការ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប)

RFA

អង្គការ​មិន​មែន​រដ្ឋាភិបាល​ដែល​ឃ្លាំ​មើល​កិច្ចការ​បោះ​ឆ្នោត ហាក់​ពុំ​មាន​ជំនឿ​សោះ​ថា មន្ត្រី​ដែល​ត្រូវ​បាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) ផ្ដល់​សេចក្ដី​ទុក​ចិត្ត​ឲ្យ​ទទួល​បន្ទុក​ផ្នែក​បច្ចេកទេស​សម្រាប់​កិច្ចការ​បោះ​ឆ្នោត នឹង​មិន​ងាយ​ថា​អាច​ទទួល​បាន​លទ្ធផល​ជា​វិជ្ជមាន​ណាស់។

ការ​បញ្ជាក់​ជំហរ​បែប​នេះ​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល គឺ​ស្រប​ពេល​ដែល គ.ជ.ប ចេញ​សេចក្ដី​សម្រេច​តែងតាំង​មន្ត្រី ៧​រូប​របស់​ខ្លួន ឲ្យ​ធ្វើ​កិច្ចការ​ផ្នែក​បច្ចេកទេស​លើ​ជំនាញ​ប្រើប្រាស់​ទិន្នន័យ ធ្វើ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ និង​ការ​បញ្ជាក់​ទីលំនៅ​ក្នុង​ឃុំ-សង្កាត់​របស់​អ្នក​ចុះ​ឈ្មោះ​បោះ​ឆ្នោត។

ការ​រិះគន់​របស់​មន្ត្រី​ជាន់​ខ្ពស់​នៃ​អង្គការ​សង្គម​ស៊ីវិល ទៅ​លើ​ស្ថាប័ន គ.ជ.ប នេះ គឺ​នៅ​ចំ​ពេល​ដែល​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត សម្រេច​ផ្តល់​សុពលភាព​ដល់​មន្ត្រី​ជំនាញ ៧​រូប ដែល​នឹង​ចូល​ធ្វើ​ការ​លើ​ជំនាញ​របស់​ខ្លួន ក្នុង​ពេល​ដំណើរ​ការ​ចុះ​ឈ្មោះ​សាកល្បង ដែល​នឹង​ចូល​មក​ដល់​ជា​លើក​ដំបូង​ក្នុង​ខែ​កញ្ញា ខាង​មុខ​នេះ។

នៅ​ថ្ងៃ​ទី​៤ សីហា គ.ជ.ប បាន​ចេញ​សេចក្ដី​សម្រេច​ដោយ​បង្កើត​ក្រុម​ការងារ​បច្ចេកទេស​លើ​កិច្ចការ​បោះ​ឆ្នោត​ចំនួន ៧​រូប។ នៅ​ក្នុង​សេចក្ដី​សម្រេច​ដែល​មាន ៤​ប្រការ លោក ស៊ិក ប៊ុនហុក ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត បាន​លើក​ឡើង​ថា អគ្គលេខាធិការ ប្រធាន​នាយកដ្ឋាន និង​សាមី​ខ្លួន​ដូច​មាន​ចែង​ក្នុង​ប្រការ​២ និង​អង្គភាព​ពាក់ព័ន្ធ ត្រូវ​អនុវត្ត​តាម​សេចក្ដី​សម្រេច​នេះ​ឲ្យ​មាន​ប្រសិទ្ធភាព។ ពាក់ព័ន្ធ​ដំណើរ​ការ​បោះ​ឆ្នោត​នេះ សហគមន៍​អឺរ៉ុប បាន​ផ្ដល់​ពន្លឺ​ហើយ​ថា នឹង​ជួយ​លុយ​ប្រមាណ ១០​លាន​អឺរ៉ូ ស្មើ​ប្រមាណ ១១​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក សម្រាប់​ដំណើរ​ការ​ទាំង​មុន និង​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត។ ដោយឡែក​រដ្ឋាភិបាល​ជប៉ុន វិញ នៅ​មិន​ទាន់​បញ្ចេញ​តួលេខ​នៃ​ថវិកា​ដែល​នឹង​ត្រូវ​ផ្ដល់​នៅ​ឡើយ​ទេ ក៏ប៉ុន្តែ​ទន្ទឹម​នឹង​នេះ ជប៉ុន សន្យា​ផ្ដល់​សម្ភារៈ​បច្ចេកទេស ដូចជា​ម៉ាស៊ីន​កុំព្យូទ័រ និង​ការ​បណ្ដុះបណ្ដាល​ជំនាញ​កិច្ចការ​បោះ​ឆ្នោត​ដល់​មន្ត្រី គ.ជ.ប។

បន្ថែម​លើ​លិខិត​តែងតាំង​នេះ លោក ហង្ស ពុទ្ធា មន្ត្រី​នាំ​ពាក្យ គ.ជ.ប អះអាង​ថា បុគ្គលិក​ក្របខ័ណ្ឌ​នៃ គ.ជ.ប ដែល​ទើប​ចេញ​សេចក្ដី​សម្រេច​រួច​នេះ នឹង​ចូល​ធ្វើ​ការ​លើ​ជំនាញ​របស់​ខ្លួន​ដំណាល​គ្នា​នឹង​យុទ្ធនាការ​ចុះ​ឈ្មោះ​សាកល្បង ក្នុង​ខែ​កញ្ញា ខាង​មុខ​នេះ​ហើយ។ លោក​បន្ត​ថា «ក្នុង​នាម​ជា​អ្នក​បោះ​ឆ្នោត គ.ជ.ប បាន​ត្រៀម​លក្ខណៈ​ជា​មុន​ក្នុង​ការ​ចុះ​ឈ្មោះ​សាកល្បង នឹង​រៀបចំ​នៅ​ក្នុង​ពេល​ពាក់​កណ្ដាល​ខែ​៩ ហើយ​បន្ទាប់​ពី​ប្រមូល​លទ្ធផល និង​បទពិសោធន៍​មក ការ​ចុះ​ឈ្មោះ​ទូទាំង​ប្រទេស​ពី​ថ្ងៃ​ទី​១ ខែ​មីនា នៅ​ឆ្នាំ​២០១៦ ត​ទៅ»

Read more…