បក្សជាប់ឆ្នោតទាំង២ព្រមព្រៀងគ្នាលើប្រធានបទ១៤ចំណុច
បក្សជាប់ឆ្នោតទាំង២ព្រមព្រៀងគ្នាលើប្រធានបទ១៤ចំណុច
Op-Ed: RFI Khmer Services
ដោយ វណ្ណ វិចារ
តំណាងគណបក្សប្រជាជនកម្ពុជា លោក ប៊ិន ឈិន (ឆ្វេង) និងតំណាងគណបក្សសង្គ្រោះជាតិ លោក សុន ឆ័យ (ស្ដាំ) ធ្វើសន្និសីទកាសែតក្រោយជំនួបនាវិមានព្រឹទ្ធសភា កាលពីព្រឹកថ្ងៃទី១៧ មីនា ឆ្នាំ២០១៤។
គណៈកម្មការចម្រុះមកពីគណបក្ស២ ដែលមានអាសនៈក្នុងរដ្ឋសភា ឯកភាពគ្នាលើប្រធានបទចំនួន ១៤ ជុំវិញកំណែទម្រង់ការបោះឆ្នោត។ បក្សទាំងពីរនឹងពិភាក្សាពីបែបបទនៃការរៀបចំសិក្ខាសាលា វេទិកាសាធារណៈនៅសប្ដាហ៍ខាងមុខ។ ហើយសិក្ខាសាលា និងវេទិកាសាធារណៈនេះ មានបំណងប្រមូលមតិយោបល់ពីគ្រប់មជ្ឈដ្ឋាន ដើម្បីពិភាក្សាលំអិតលើប្រធានបទដែលបានព្រមព្រៀងគ្នានៅព្រឹកថ្ងៃទី១៧ ខែមីនា។
ប្រធានបទចំនួន ១៤ ដែលគណៈកម្មការចម្រុះកែទម្រង់ការបោះឆ្នោតព្រមព្រៀងគ្នានោះ រួមមាន៖ ការរៀបចំចុះឈ្មោះបោះឆ្នោត និងបញ្ជីឈ្មោះអ្នកបោះឆ្នោត រៀបចំបង្កើតច្បាប់ស្ដីពីហិរញ្ញវត្ថុគណបក្សនយោបាយ កំណែទម្រង់ស្ថាប័នបោះឆ្នោត អព្យាក្រឹតភាព សុចរិតភាពរបស់សង្គមស៊ីវិល ប្រព័ន្ធផ្សព្វផ្សាយនិងមធ្យោបាយផ្សព្វផ្សាយរបស់គណបក្សនយោបាយ យន្តការនៃការដោះស្រាយវិវាទ ការសង្កេតការណ៍បោះឆ្នោត អព្យាក្រឹតភាពនៃមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ កាលបរិច្ឆេទនៃការបោះឆ្នោត បទបញ្ជានិងនីតិវិធីនៃការបោះឆ្នោត កែសម្រួលនិងពង្រឹងទោសបទបញ្ញត្តិនៅក្នុងការបោះឆ្នោត ការឃោសនាបោះឆ្នោត ការបោះឆ្នោតមេភូមិ និងចំណុចចុងក្រោយគឺការស្ទង់មតិ។
តំណាងគណៈកម្មការចម្រុះមកពីគណបក្សប្រជាជនកម្ពុជា លោក ប៊ិន ឈិន មានប្រសាសន៍ថា កិច្ចប្រជុំទាំងបីលើកកន្លងទៅ មិនបាននិយាយលម្អិតពីចំណុចនីមួយៗក្នុងប្រធានបទដែលបានព្រមព្រៀងគ្នាទាំង ១៤ នោះទេ។ លោកបន្តថា ខ្លឹមសារលម្អិតលើចំណុចទាំងអស់ នឹងត្រូវគណៈកម្មការកែទម្រង់ការបោះឆ្នោតនៃបក្សទាំងពីរយកមកពិភាក្សា និងចងក្រងជាគោលនយោបាយក្របខ័ណ្ឌច្បាប់ បន្ទាប់ពីធ្វើសិក្ខាសាលាប្រមូលមតិយោបល់ពីភាគីពាក់ព័ន្ធរួចរាល់នោះ។ លោកបញ្ជាក់ថា នៅដំណាក់កាលចុងក្រោយ គឺថ្នាក់ដឹកនាំកំពូលនៃគណបក្សទាំងពីរឯណោះវិញទេ ដែលជាអ្នកសម្រេចលើការកែទម្រង់ទាំងអស់នេះ។
«សំឡេង»
ចំណែកឯតំណាងគណៈកម្មការចម្រុះរបស់គណបក្សសង្គ្រោះជាតិ លោក សុន ឆ័យ មានប្រសាសន៍ថា ឆ្លងតាមកិច្ចចរចាគ្នាកន្លងទៅនេះ គណបក្សប្រជាជនកម្ពុជា បានព្រមព្រៀងតាមសំណើរបស់គណបក្សសង្គ្រោះជាតិ ដើម្បីធ្វើយ៉ាងណាឲ្យពលរដ្ឋមានជំនឿចិត្តលើប្រព័ន្ធបោះឆ្នោតនៅថ្ងៃមុខ។ លោកបន្តថា ថ្វីត្បិតតែក្រុមការងារកំណែទម្រង់ការបោះឆ្នោតព្រមព្រៀងគ្នាក្តី ប៉ុន្តែគណបក្សសង្គ្រោះជាតិនៅតែប្រកាន់ជំហរស្វែងរកយុត្តិធម៌ជូនម្ចាស់ឆ្នោតដដែល។
«សំឡេង»
ក្រុមការងារចម្រុះកំណែទម្រង់ការបោះឆ្នោតនៃគណបក្សទាំងពីរ នឹងបើកពិភាក្សាគ្នាបន្តទៀតនៅថ្ងៃច័ន្ទ ទី២៤ ខែមីនា ដើមសប្ដាហ៍ក្រោយ។ ដោយជជែកលម្អិតពីនីតិវិធីក្នុងការរៀបចំសិក្ខាសាលាថ្នាក់ជាតិ និងវេទិកាសាធារណៈនៅតាមមូលដ្ឋាន។ អ្នកនយោបាយនៃបក្សទាំងពីររំពឹងថា នឹងកំណត់ពីពេលវេលា ទីកន្លែង អ្នកចូលរួមក្នុងសិក្ខាសាលាជាដើម៕