បក្សប្រជាជនឆ្លើយតបបក្សសង្គ្រោះជាតិរឿងរបៀបវារៈកែទម្រង់ការបោះឆ្នោត
Op-Ed: RFA Khmer Services
បក្សប្រជាជនឆ្លើយតបបក្សសង្គ្រោះជាតិរឿងរបៀបវារៈកែទម្រង់ការបោះឆ្នោត
2014-03-14
គណៈកម្មការចម្រុះគណបក្សប្រជាជនកម្ពុជា ឯកភាពយកប្រធានបទកែទម្រង់ស្ថាប័នរៀបចំការបោះឆ្នោត បញ្ចូលក្នុងក្របខ័ណ្ឌកំណែទម្រង់ការបោះឆ្នោត។
ក្នុងលិខិតរបស់ លោក ប៊ិន ឈិន ប្រធានគណៈកម្មការចម្រុះខាងគណបក្សប្រជាជនកម្ពុជា ដែលចុះថ្ងៃទី១៣ ខែមីនា បានបញ្ជាក់ថា ក្របខ័ណ្ឌកែទម្រង់ការបោះឆ្នោត គឺជាសំណុំនៃបញ្ហាដែលគណៈកម្មការចម្រុះបានរៀបចំប្រធានបទមួយចំនួនរួចហើយ រួមមាន ការរៀបចំចុះឈ្មោះបោះឆ្នោត និងបញ្ជីឈ្មោះអ្នកបោះឆ្នោត ដើម្បីធានា និងការពារសិទ្ធិរបស់ប្រជាពលរដ្ឋគ្រប់រូប ការរៀបចំបង្កើតច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់គណបក្សនយោបាយ។
ការឆ្លើយតបរបស់គណបក្សប្រជាជនកម្ពុជា នៅពេលនេះ គឺបន្ទាប់ពី លោក សុន ឆ័យ ប្រធានគណៈកម្មការតំណាងគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី១៣ មីនា បានដាក់លិខិតមួយដោយស្នើឲ្យគណបក្សប្រជាជនកម្ពុជា បញ្ជាក់ពីរបៀបវារៈឲ្យបានច្បាស់លាស់ មុននឹងឈានដល់ការជួបចរចាគ្នាបន្តទៀត ដែលគ្រោងធ្វើនៅថ្ងៃទី១៧ មីនា ព្រមទាំងបានបញ្ជាក់ថា ប្រធានបទទាក់ទងនឹងការកែទម្រង់ការបោះឆ្នោតឲ្យទៅជាស្ថាប័នរដ្ឋធម្មនុញ្ញដែលឯករាជ្យ និងមានការជ្រើសតាំងដោយរដ្ឋសភាតាំងសំឡេង២ភាគ៣ នៃសមាជិកសភាទាំងមូល គឺជារបៀបវារៈចាំបាច់ជាអាទិភាពសម្រាប់ការងារកែទម្រង់ការបោះឆ្នោតដែលមិនអាចរំលងបាន។
នៅមិនទាន់មានប្រតិកម្មតបថាយ៉ាងណានៅឡើយពីតំណាងគណបក្សសង្គ្រោះជាតិ ចំពោះចម្លើយរបស់គណបក្សប្រជាជនកម្ពុជា នេះ។
ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី កាលពីដើមសប្ដាហ៍នេះបានប្រកាសថា នឹងផ្អាកការចរចាជាមួយគណបក្សប្រជាជនកម្ពុជា ប្រសិនបើគណបក្សកាន់អំណាចមិនឆ្លើយតបនឹងសំណើរបស់ខ្លួន ដែលចង់អោយការចរចាផ្ដោតតែទៅលើការកែទម្រង់ស្ថាប័នរៀបចំការបោះឆ្នោតអោយទៅជាស្ថាប័នធម្មនុញ្ញទេនោះ៕