បញ្ហាសញ្ជាតិបានធ្វើឲ្យកិច្ចចរចារៀបចំស្ថាប័នបោះឆ្នោតអូសបន្លាយបន្តទៀត
បញ្ហាសញ្ជាតិបានធ្វើឲ្យកិច្ចចរចារៀបចំស្ថាប័នបោះឆ្នោតអូសបន្លាយបន្តទៀត
ភ្នំពេញៈ បញ្ហាសញ្ជាតិគឺជាឧបសគ្គសម្រាប់ក្រុមការងាររបស់គណបក្សកាន់អំណាចនិងគណបក្សប្រឆាំង ដែលមិនអាចឈានដល់ការសម្រេចបញ្ចប់ការជជែកពិភាក្សាគ្នាអំពីច្បាប់ស្តីពីស្ថាប័នបោះឆ្នោតកាលពីម្សិលមិញ ហើយក្រុមការងារបានទុកចំណុចនេះឲ្យថ្នាក់ដឹកនាំកំពូលសម្រេច។
បន្ទាប់ពីការជជែកគ្នាប្រមាណជា ២ ម៉ោង ក្នុងរដ្ឋសភាកាលពីម្សិលមិញ ក្រុមការងាររបស់គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាចដឹកនាំដោយឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន និងក្រុមការងាររបស់គណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងដឹកនាំដោយលោក គួយ ប៊ុនរឿន ស្ទើរតែបានបញ្ចប់ការពិភាក្សារបស់ខ្លួនអំពីច្បាប់ស្តីពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ប៉ុន្តែ នៅមានបញ្ហាតែមួយចំណុចគត់ ដែលបានធ្វើឲ្យគណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិមិនអាចឈានដល់ការបញ្ចប់ការពិភាក្សាគ្នាពីបញ្ហានេះ។
លោក ប៊ិន ឈិន បានប្រាប់ក្រុមអ្នកកាសែតថា៖ «ចំពោះបញ្ហាលក្ខណសម្បត្តិនៃបេក្ខជន គ.ជ.ប យើងស្ទើរតែព្រមព្រៀងគ្នា។ មានចំណុចតែមួយប៉ុណ្ណោះដែលនៅសេសសល់គឺបញ្ហា «សញ្ជាតិ»។
ប៉ុន្តែ លោក គួយ ប៊ុនរឿន បានថ្លែងដែរថា ក្រៅពីបញ្ហា «សញ្ជាតិ» ដែលគណបក្សប្រជាជនកម្ពុជា និងគណបក្សប្រជាជនកម្ពុជា មិនអាចឈានដល់ការឯកភាពគ្នា ក៏នៅមានបញ្ហា «បទពិសោធការងារបោះឆ្នោត» ផងដែរ ដែលធ្វើឲ្យគណបក្សទាំងពីរនៅមិនអាចឈានដល់សេចក្តីសម្រេចបញ្ចប់បាន។ លោកបន្តថា រដ្ឋធម្មនុញ្ញ មិនបានហាមប្រាមបញ្ហាសញ្ជាតិទេ ហើយក៏មិនបានចែងថា បេក្ខជនត្រូវមានបទពិសោធការងារបោះឆ្នោតឬអត់នោះដែរទេ។
លោក គួយ ប៊ុនរឿន បានបន្តថា៖ «យើងបានជជែកគ្នាយ៉ាងច្រើន ប៉ុន្តែ យើងបានឯកភាពគ្នាថា ក្រុមការងាររបស់យើងមិនអាចដោះស្រាយបាន ដូច្នេះ យើងទុកឲ្យថ្នាក់ដឹកនាំជាអ្នកសម្រេច»។ លោកបានបន្តថា មូលដ្ឋាននៃការធ្វើច្បាប់ស្តីពី គ.ជ.ប គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ផ្អែកលើមូលដ្ឋានបី ទី១- កិច្ចព្រមព្រៀងថ្ងៃ ទី២២ កក្កដា ទី២- ផ្អែកលើរដ្ឋធម្មនុញ្ញ និង ទី៣- ផ្អែកលើច្បាប់ស្តីពីការបោះឆ្នោតដែលនៅមានសុពលភាពនៅឡើយ។
ទាក់ទិននឹងបញ្ហានៃបទពិសោធការងារបោះឆ្នោតរបស់បេក្ខជន លោក គួយ ប៊ុនរឿន បានអះអាងថា គណបក្សប្រជាជនកម្ពុជា ចង់បានបេក្ខជនមានបទពិសោធការងារបោះឆ្នោត ប៉ុន្តែ គណបក្សសង្គ្រោះជាតិបានប្រាប់ទៅវិញថា វាមិនចាំបាច់មានបទពិសោធទេ សម្រាប់បេក្ខជនអគ្គលេខាធិការ និងអគ្គលេខាធិការរង គ.ជ.ប ពីព្រោះបេក្ខជនទាំងនេះ គឺគ្រាន់តែជាអ្នកអនុវត្តទៅតាមការចង្អុលបង្ហាញរបស់ គ.ជ.ប ឬបញ្ជាប៉ុណ្ណោះ។
គណបក្សទាំងពីរក៏បានបញ្ជាក់ដែរថា ការពិភាក្សាគ្នាពីបញ្ហានេះ អាចនឹងបញ្ចប់នៅថ្ងៃចន្ទសប្តាហ៍ក្រោយ។
លោក គល់ បញ្ញា នាយកប្រតិបត្តិនៃអង្គការឃ្លាំមើលការបោះឆ្នោត ហៅ ខុម ហ្វ្រែល បានថ្លែងថា បញ្ហាសញ្ជាតិនិងបទពិសោធ គឺមិនសំខាន់ទេសម្រាប់បេក្ខជន គ.ជ.ប ពីព្រោះកិច្ចការបោះឆ្នោត គឺជាកិច្ចការបច្ចេកទេស។
លោកនាយក ខុម ហ្វ្រែល លើកឡើងថា៖ «កិច្ចការបច្ចេកទេសមិនមែនជាកិច្ចការរស៊ើបនោះទេ។ ដូចនេះ គណបក្សទាំងពីរមិនត្រូវជជែកគ្នាអំពីបញ្ហានេះឡើយ ហើយបើធ្វើដូច្នេះ វាប៉ះពាល់ខ្មែរដែលមានសញ្ជាតិពីរ ដែលចង់មកជួយកិច្ចការរបស់ខ្មែរ»៕