សង្គ្រោះជាតិរង់ចាំជួបថ្នាក់ដឹកនាំកំពូលបក្សប្រជាជន
Op-Ed: The Phnom Penh Post Khmer Language
- WEDNESDAY, 26 MARCH 2014
- មាស សុខជា
ភ្នំពេញៈ ថ្នាក់ដឹកនាំគណបក្សប្រឆាំងកំពុងរង់ចាំចម្លើយពីថ្នាក់ដឹកនាំគណបក្សកាន់អំណាច ក្នុងការជួបចរចារវាងថ្នាក់ដឹកនាំកំពូលដើម្បីធ្វើការពិភាក្សាទៅលើការកែទម្រង់ប្រព័ន្ធបោះឆ្នោតដែលការចរចាថ្នាក់ក្រុមបច្ចេកទេសមិនអាចដោះស្រាយបាន ដោយធ្វើការព្រមានថា ប្រសិនបើកិច្ចប្រជុំថ្នាក់កំពូល មិនទទួលបានជោគជ័យទេនោះបាតុកម្មជាថ្មីនឹងត្រូវធ្វើឡើងដោយចៀសមិនរួច។
លោក សម រង្ស៊ី ប្រធាន និងលោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិបានថ្លែងកាលពីម្សិលមិញថា បន្ទាប់ពីកិច្ចប្រជុំក្រុមការងារបច្ចេកទេសរបស់គណបក្សទាំងពីរត្រូវបានផ្អាក គណបក្សសង្គ្រោះជាតិកំពុងរង់ចាំការឆ្លើយតបពីថ្នាក់ដឹកនាំគណបក្សប្រជាជនចំពោះកិច្ចប្រជុំថ្នាក់កំពូល។
លោក កឹម សុខា បញ្ជាក់ថា៖ «ប្រសិនបើគណបក្សប្រជាជនយល់ថា កំណែទម្រង់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ពិតជាមានសារៈសំខាន់ ចង់បាន គ.ជ.ប ឯករាជ្យពិតប្រាកដចង់ដោះស្រាយបញ្ហាសូមកុំពន្យារពេល គណបក្សប្រជាជនត្រូវឆ្លើយតបចំពោះអ្វីដែលគណបក្សសង្គ្រោះជាតិបានលើកឡើង ដើម្បីឲ្យមានកិច្ចប្រជុំថ្នាក់កំពូល។ ដូច្នេះយើងកំពុងរង់ចាំ»។
លោក កឹម សុខា បានរិះគន់ថា កិច្ចប្រជុំរវាងក្រុមបច្ចេកទេសគណបក្សប្រជាជន និងគណបក្សសង្គ្រោះជាតិគឺគ្មានប្រយោជន៍ទេ ព្រោះថា ក្រុមការងារគណបក្សប្រជាជន មិនអាចសម្រេចអ្វីដែលគណបក្សសង្គ្រោះជាតិបានលើកឡើងទេ ដូច្នេះ គណបក្សប្រជាជន តែងតែពន្យារពេលធ្វើឲ្យខាតបង់ពេលវេលា។
លោកបន្ថែមថា៖ «ជាធម្មតា ពេលយើងទាមទារតាមការចរចាមិនអាចទៅរួច យើងធ្វើបាតុកម្ម»។
នៅពេលវិលត្រឡប់មកពីបំពេញទស្សនកិច្ចនៅបរទេសកាលពីម្សិលមិញលោក សម រង្ស៊ី ក៏បានប្រាប់អ្នកយកព័ត៌មាន នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ផងដែរថា គណបក្សសង្គ្រោះជាតិកំពុងស្វែងរកលទ្ធភាពនៃកិច្ចចរចាថ្នាក់កំពូលជាមួយនឹងថ្នាក់ដឹកនាំគណបក្សប្រជាជន បន្ទាប់ពីកិច្ចប្រជុំរបស់ក្រុមការងារបច្ចេកទេសទាំងពីរត្រូវបានផ្អាក។ លោកបន្ថែមថា ការចរចានៅថ្នាក់កំពូល រវាងគណបក្សប្រជាជន និងគណបក្សសង្គ្រោះជាតិ ត្រូវតែផ្អែកលើឆន្ទៈរបស់ប្រជាជន។
«យើងកំពុងពិនិត្យមើលគ្រប់លទ្ធភាពទាំងអស់ [ដើម្បីមានកិច្ចប្រជុំថ្នាក់កំពូល] ឲ្យតែគោរពតាមឆន្ទៈរបស់ប្រជាជនទាមទារឲ្យមានការផ្លាស់ប្តូរ»។
លោក ប៊ិន ឈិន ឧបនាយករដ្ឋមន្រ្តីដែលជាប្រធានក្រុមការងារបច្ចេកទេសរបស់គណបក្សប្រជាជន មិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ កាលពីម្សិលមិញ។ ចំណែកលោក ឈាង វុន អ្នកនាំពាក្យរដ្ឋសភា និងជាសមាជិកក្រុមការងារគណបក្សប្រជាជនបានបដិសេធមិនធ្វើការអត្ថាធិប្បាយឡើយ។
ប៉ុន្តែ យោងតាមសេចក្តីថ្លែងការណ៍ដែលចេញកាលពីម្សិលមិញ គណបក្សប្រជាជន បានគូសបញ្ជាក់ថា ការផ្អាកការចរចារវាងគណបក្សប្រជាជន និងគណបក្សសង្គ្រោះជាតិគឺជាទស្សនៈផ្ទាល់ខ្លួនរបស់គណបក្សសង្គ្រោះជាតិ ហើយគណបក្សប្រជាជនគ្មានបំណងផ្អាកកិច្ចពិភាក្សានោះទេ ហើយនៅតែគោរពតាមកិច្ចព្រមព្រៀងចុះថ្ងៃ ទី១៤ ខែកុម្ភៈ ឆ្នាំ២០១៤ ដែលជាក្របខ័ណ្ឌនៃការធ្វើកំណែទម្រង់ការបោះឆ្នោត ហើយនឹងដាក់ពិភាក្សាក្នុងសិក្ខាសាលាជាតិនាពេលខាងមុខ។
សេចក្តីថ្លែងការណ៍នោះបន្ថែមថា៖ «ទោះបីកិច្ចប្រជុំមិនទាន់ឯកភាពទាំងស្រុងក៏ដោយ តែមានការរីកចម្រើននិងទទួលបានការអបអរសាទរ ពីសាធារណមតិជាតិ និងអន្តរជាតិ ហើយសភាពការណ៍សង្គមជាទូទៅកំពុងមានការវិវឌ្ឍល្អ។ ប៉ុន្តែ គណបក្សសង្គ្រោះជាតិ បែរជាចាប់បង្ខំឲ្យគណបក្សប្រជាជន ត្រូវតែឆ្លើយឲ្យបានច្បាស់លាស់ជាមុនចំពោះប្រធានបទតែមួយគត់ គឺកំណែទម្រង់ស្ថាប័នរៀបចំការបោះឆ្នោត ដោយដាក់ជាស្ថាប័នរដ្ឋធម្មនុញ្ញហើយអនុម័តដោយសំឡេង ២/៣ នៃសមាជិករដ្ឋសភាទាំងមូលព្រមទាំងបំផ្លើសអំពីកាលបរិច្ឆេទបោះឆ្នោតឡើងវិញ ដែលប្រការនេះ គណបក្សប្រជាជនមិនអាចទទួលយកការចាប់បង្ខំបែបនេះបានឡើយ»។
ទោះយ៉ាងណា លោក សុខ ទូច និង លោក កែម ឡី ដែលជាអ្នកវិភាគនយោបាយបានគាំទ្រការផ្អាកការចរចារវាងក្រុមការងារគណបក្សទាំងពីរ ដោយថ្លែងថា កិច្ចប្រជុំថ្នាក់ក្រុមបច្ចេកទេសនេះ មិនអាចសម្រេចអ្វីបាននោះទេ។
លោក កែម ឡី បានថ្លែងថា៖ «វាហាក់ដូចជាបញ្ហាស្មុគស្មាញ ព្រោះគណបក្សទាំងពីរ បានធ្វើការចរចាផ្អែកលើផលប្រយោជន៍របស់បក្ស ទី១។ ទី២ យើងបានមើលឃើញថា [គណបក្សប្រជាជន] នៅចចេស»។
លោកបន្ថែមថា គណបក្សសង្គ្រោះជាតិ ពិបាកសម្រេចលើបញ្ហានយោបាយ ព្រោះគណបក្សនេះ ទទួលឥទិ្ធពលពីប្រជាជន និងម្ចាស់ជំនួយ៕ TK