សម្រាប់លោក Donald Trump ការបោះឆ្នោតខែវិច្ឆិកាខាងមុខតែងនៅក្នុងចិត្តរបស់លោក
03 មេសា 2020
លោកប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) បានថ្លែងអួតអាងក្នុងអំឡុងបទសម្ភាសន៍ជិត១ម៉ោង កាលពីថ្ងៃទី២៣ ខែមីនា ក្នុងកម្មវិធី «Fox & Friends» របស់ទូរទស្សន៍ផ្សាយព័ត៌មាន Fox News យ៉ាងដូច្នេះថា៖ «ខ្ញុំស្រមៃមិនឃើញទេថាអាចមានប្រធានាធិបតីផ្សេងទៀតដែលធ្វើការងារបានច្រើនជាងខ្ញុំ»។
លោក ត្រាំ ដែលមកពីគណបក្សសាធារណរដ្ឋបានវាយប្រហារពាក្យសម្តីចំពោះលោកអតីតអនុប្រធានាធិបតី Joe Biden ដែលទំនងនឹងក្លាយទៅជាបេក្ខជនប្រធានាធិបតីមកពីគណប្សប្រជាធិបតេយ្យនិងជាគូបដិបក្ខរបស់លោក ដោយលោក ត្រាំ ថ្លែងថា៖ «បើលោក Joe ដែលមឺសៗជាប្រធានាធិបតីវិញ នោះលោកនឹងមិនដឹងថាមានអ្វីកំពុងកើតឡើងទេ» អំពីរឿងមេរោគកូរ៉ូណាវីរុស។
រូបភាពនានាដែលគេតែងភ្ជាប់ទៅយុទ្ធនាការឃោសនាបោះឆ្នោតសហរដ្ឋអាមេរិក ដូចជាការជួបប្រជុំធំៗរបស់បេក្ខជនដោយមានអ្នកគាំទ្រហ៊ោកញ្ជ្រៀវនិងគ្រវីទង់នោះ នៅពេលនេះបានបាត់ពី សតិអារម្មណ៍សាធារណជន ដោយប្រធានាធិបតី ត្រាំ បានពន្យារពេលនៃបទបញ្ជាណែនាំនូវការរក្សាគម្លាតពីគ្នា និងពីសង្គមរហូតដល់ចុងខែមេសា និងបានអំពាវនាវឬហាមការជួបជុំគ្នាជាក្រុម។ ទាំងលោក Trump និងលោក Biden បានបោះបង់ចោលការជួបប្រជុំបែបនេះ ដោយជំនួសវិញនូវការវាយប្រហារគ្នាតាមបណ្តាញផ្សាយព័ត៌មាន។
លោក Joe Biden បានបង្ហាញមុខនៅតាមកម្មវិធីវេទិកាសំណេះសំណាល និងកម្មវិធីជជែកពិភាក្សា ដែលផ្សាយទូទាំងប្រទេស ដោយភាគច្រើនលោកថតចេញពីបន្ទប់មួយ នៅគេហដ្ឋានរបស់លោកនៅ រដ្ឋ Delaware ភាគខាងកើតសហរដ្ឋអាមេរិក។
លោក Biden ហាក់ដូចជាមានការនាំមុខខាងចំនួនប្រតិភូយ៉ាងច្រើនដាច់គូប្រជែង គឺ លោក Bernie Sanders សមាជិកព្រឹទ្ធសភារដ្ឋ Vermont ដែលធ្វើឲ្យលោក Sanders ពិបាកតាមទាន់នៅមុនសន្និបាតតែងតាំងបេក្ខជនប្រធានាធិបតីរបស់គណបក្សប្រជាធិបតេយ្យ នៅក្នុងខែកក្កដាខាងមុខ (ដែលត្រូវលើកពេលទៅធ្វើនៅពាក់កណ្តាលខែសីហាវិញ ដោយសារការឆ្លងរាលដាលនៃជំងឺកូវីដ១៩) ថ្វីបើលោក Sanders មិនបានបង្ហាញពីចេតនាណាមួយក្នុងការដកខ្លួនពីការប្រកួតជាមួយលោក Biden ទេ។
លោកត្រាំកាលពីថ្ងៃអាទិត្យ ទី២៩ ខែមីនា បានសម្រេចពន្យារពេលនៃបទបញ្ជាណែនាំអំពីការរក្សាគម្លាតសង្គមរហូតដល់ចុងខែមេសា ក្រោយពីលោកបានថ្លែងកាលពីមួយសប្តាហ៍មុននោះថា លោកប្រាថ្នាឲ្យប្រទេសជាតិបើកសកម្មភាពឡើងវិញត្រឹមថ្ងៃទី១២ ខែមេសា ដែលជាបុណ្យ Easter ថ្ងៃអាទិត្យរបស់គ្រិស្តសាសនា។
លោក Biden ថ្លែងក្នុងកម្មវិធី Meet the Press របស់ទូរទស្សន៍ NBC ថា៖ «និយាយទៅ មេរោគកូរ៉ូណាវីរុសមិនមែនជាកំហុសរបស់លោកប្រធានាធិបតីទេ។ ប៉ុន្តែការឆ្លើយតបយឺតយ៉ាវ ការខកខានក្នុងការចាប់ផ្តើមឆ្លើយតបភ្លាមៗ អសមត្ថភាពក្នុងការធ្វើកិច្ចការទាំងឡាយដែលចាំចាប់ត្រូវធ្វើឲ្យបានលឿន រឿងទាំងអស់នេះមិនអាចបន្តទៀតបានឡើយ»។
លោក Biden បន្តថា៖ «លោក ត្រាំ គួរចាប់ផ្តើមស្តាប់តាមអ្នកវិទ្យាសាស្ត្រសិន មុននឹងលោកនិយាយអ្វីមួយ។ លោកគួរស្តាប់តាមអ្នកជំនាញខាងសុខភាពសិន»។
លោក ត្រាំ ថ្លែងមិនយូរប៉ុន្មានក្រោយពីនោះថាលោកបានធ្វើដូច្នេះ គឺស្តាប់អ្នកជំនាញមុននឹងលោកសម្រេចពន្យារបទបញ្ជាណែនាំ ដែលដំបូងឡើយត្រូវផុតកំណត់ កាលពីថ្ងៃទី២៣ ខែមីនា។
លោក ត្រាំ បានទទួលការគាំទ្រជាទូទៅចំពោះរបៀបដែលលោកបានឆ្លើយតបនឹងវិបត្តិនៃការរីករាលដាលនៃមេរោគកូរ៉ូណាវីរុស ក្រោយពីដំបូងឡើយលោក ត្រាំ បានរារែកទទួលស្គាល់ជាសាធារណៈថាមេរោគនេះជាបញ្ហារបស់សហរដ្ឋអាមេរិក ហើយពលរដ្ឋអាមេរិកាំងបានបង្ហាញពីការគាំទ្រថ្មីចំពោះលោកប្រធានាធិបតី ត្រាំ។
លោក ត្រាំ បានប្រកាសនៅក្នុងបទសម្ភាសន៍តាមទូរទស្សន៍ Fox ថា «តួលេខស្ទង់មតិពីប្រជាប្រិយភាពរបស់ខ្ញុំគឺខ្ពស់ជាងពេលណាៗទាំងអស់» ទោះបីតួលេខដែលលោកបានប្រកាសនេះស្ថិតនៅក្រោម ៥០% ក៏ដោយ។
នៅក្នុងការប្រមូលផ្តុំតួលេខលទ្ធផលចុងក្រោយនៃការស្ទង់មតិ គេហទំព័រ Realclearpolitics.com និយាយថា អ្នកបោះឆ្នោតអាមេរិកាំង ៤៧.៣% ពេញចិត្តនឹងលទ្ធផលការងាររបស់លោក ត្រាំ ដោយមានចំនួនអ្នកបោះឆ្នោតមិនពេញចិត្តចំនួនប្រមាណ ៤៩.៣%។
ស្រដៀងគ្នានេះដែរ ការស្ទង់មតិបង្ហាញថាលោក Biden បាននាំមុខលោកត្រាំបន្តិចបន្តួចនៅ៧ខែមុនការបោះឆ្នោតខែវិច្ឆិកា ដោយគេមិនអាចទស្សន៍ទាយពីលទ្ធផលនៃការបោះឆ្នោតនេះបានទេ នៅពេលនេះដោយសារប្រកៀកប្រកិតគ្នាពេក។ ការស្ទង់មតិចំនួន៣កាលពីខែមីនាបានបង្ហាញថា លោក Biden នាំមុខលោកត្រាំ ២ពិន្ទុ ៣ពិន្ទុ និង៩ពិន្ទុ។
នៅក្នុងការការបោះឆ្នោតប្រធានាធិបតីឆ្នាំ ២០១៦ លោក ត្រាំ ទទួលបានចំនួនសន្លឹកឆ្នោតសរុបតិចជាងលោកស្រី Hillary Clinton ពីគណបក្សប្រជាធិបតេយ្យចំនួន ២% ប៉ុន្តែលោកបានឈ្នះតំណែងប្រធានាធិបតីត្រង់ចំណុចសំខាន់នៃប្រព័ន្ធបោះឆ្នោតសហរដ្ឋអាមេរិក គឺលទ្ធផលនៃការបោះឆ្នោតត្រូវបានសម្រេចដោយចំនួនអង្គបោះឆ្នោត ដែលបានពីលទ្ធផលនៃការឈ្នះនៅក្នុងរដ្ឋនិមួយៗទាំង ៥០របស់សហរដ្ឋអាមេរិក។
នៅក្នុងបទសម្ភាសន៍ទូរទស្សន៍ Fox លោក ត្រាំ ថា លោកគិតថា អភិបាលរដ្ឋញូវយ៉ក លោក Andrew Cuomo ជាគូបដិបក្ខខាងគណបក្សប្រជាធិបតេយ្យខ្លាំងជាងលោក Biden។ លោក Cuomo ត្រូវបានគេសរសើរយ៉ាងច្រើនអំពីរបៀបដែលលោកឆ្លើយតបនឹងវិបត្តិជំងឺកូវីដ១៩ នៅក្នុងរដ្ឋញូវយ៉ករបស់លោក ដែលជារដ្ឋរងគ្រោះខ្លាំងបំផុតពីការរាតត្បាតមេរោគនេះ និងរបៀបដែលលោក Cuomo ធ្វើសន្និសីទសារព័ត៌មានរាល់ថ្ងៃ។
លោកត្រាំថ្លែងថា៖ «មូលហេតុមួយដែលធ្វើឲ្យលោក Andrew Cuomo ទទួលបានជោគជ័យក្នុងកិច្ចការជាមួយរដ្ឋាភិបាលសហព័ន្ធ ខ្ញុំគិតថាដោយសារលោកទំនងជាបេក្ខជនប្រធានាធិបតីខ្លាំងជាង»លោក Biden។
ខណៈដែលលោកត្រាំវាយប្រហារលោក Biden លោក ត្រាំ ក៏បានវាយប្រហារសត្រូវនយោបាយពីគណបក្សប្រជាធិបតេយ្យមួយរូបទៀតដែរ គឺលោកស្រី Nancy Pelosi ប្រធានរដ្ឋសភាជាតិ។ លោកស្រី Pelosi បានអះអាងថា សកម្មភាពលោកត្រាំបានបណ្តាលឲ្យមានការស្លាប់ពលរដ្ឋនៅសហរដ្ឋអាមេរិក ដោយសារលោកប្រធានាធិបតីខកខានមិនបានយល់ពីសភាពធ្ងន់ធ្ងរនៃការគំរាមកំហែងរបស់វីរុសកូរ៉ូណា នៅសប្តាហ៍ដំបូងៗនៃឆ្នាំ ២០២០ និងកិច្ចប្រឹងប្រែងយឺតយ៉ាវក្នុងការបញ្ជូនសម្ភារៈសុខាភិបាលទៅទូទាំងប្រទេស នៅមុនការប្រញាប់ប្រញាល់ចាត់វិធានការ នៅខែមីនា។
លោកស្រី Pelosi ថ្លែងប្រាប់ទូរទស្សន៍ CNN ថា៖ «ការមិនទទួលស្គាល់ការពិតរបស់លោកត្រាំនៅពេលដំបូងបាននាំឲ្យមានការបាត់បង់ជីវិត» ហើយថា «ខណៈដែលលោកត្រាំកំពុងរារែកឥតបានការ មានមនុស្សបានស្លាប់»។
លោកត្រាំបានប្រតិកម្មតបវិញថា«តាមយោបល់ខ្ញុំ លោកស្រី Pelosi ប្រៀបដូចកូនឆ្កែដែលមានជំងឺអញ្ចឹង។ ស្ត្រីម្នាក់នេះដូចមានបញ្ហាអ្វីមិនដឹងទេ»។
ប្រែសម្រួលដោយ សឹង សុផាត