គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​បន្ទោស​គ្នា​ទៅ​វិញ​ទៅ​មក​​រឿង​បរាជ័យ​ក្នុង​ការ​ចរចារ


Op-Ed: VOA Khmer Services

គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​បន្ទោស​គ្នា​ទៅ​វិញ​ទៅ​មក​​រឿង​បរាជ័យ​ក្នុង​ការ​ចរចារ

លោក​សម រង្ស៊ី​​បាន​អំពាវនាវ​ឲ្យ​អ្នក​គាំទ្រ​របស់​លោក​ត្រៀម​ខ្លួន​ធ្វើ​​បាតុកម្ម​ធំ​មួយ​នៅ​ថ្ងៃ​ខាង​មុខ។​

លោក​សម រង្ស៊ី​​បាន​អំពាវនាវ​ឲ្យ​អ្នក​គាំទ្រ​របស់​លោក​ត្រៀម​ខ្លួន​ធ្វើ​​បាតុកម្ម​ធំ​មួយ​នៅ​ថ្ងៃ​ខាង​មុខ។​

កែប្រែ​​​ទំហំ​​​អក្សរ
គង់ សុឋានរិទ្ធ

13 មិនា 2014

ភ្នំពេញ — លោក​សម​ រង្ស៊ី ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បានគំរាមផ្តាច់​ការ​ចរចាជាមួយ​គណបក្ស​ប្រជាជនកម្ពុជា​នៅ​ថ្ងៃ​ពុធ​នេះ ​ស្រប​ពេល​ដែល​ក្រុម​អង្គការ​សង្គម​ស៊ីវិល​សម្តែងការ​សោក​ស្តាយ​ចំពោះ​ការ​ខក​ខាន​របស់​គណបក្ស​ទាំង​ពីរ​ក្នុ​ង​ការ​ឈាន​ដល់​កិច្ច​ព្រម​ព្រៀងលើ​ស្ថាប័នរៀប​ចំ​ការ​បោះឆ្នោត។​

ថ្លែង​ទៅ​កាន់អ្នក​គាំទ្រ​គណបក្ស​ជំទាស់​នៅ​ក្នុង​ស្រុក​អូរាំង​ឪ ​ខេត្ត​ត្បូង​ឃ្មុំ ​ដែល​ជា​ខេត្តទើប​នឹង​បង្កើត​ថ្មី ​ លោក​សម ​រង្ស៊ី ​អធិប្បាយថា​ ការ​ជជែក​គ្នាបន្ត​ទៀត​ប្រព្រឹត្ត​ទៅ​បាន​លុះ​ណា​តែមាន​ការ​ដោះ​ស្រាយ​ចំណោទនៃគណៈ​កម្មាធិការជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​(គ.ជ.ប.)។​

«ទី​១​យើង​ឈប់​ចរចា ពីព្រោះ​ពួក​នេះ​គ្រាន់​តែ​ពន្យារ​ពេល​ដើម្បី​បោក​បញ្ឆោត​បរទេស។ បើ​គេ​មិន​ព្រម​ដូរ​គ.ជ.ប.​មាន​ន័យ​ថា​ គេ​ចង់​លួច​បន្លំ​សន្លឹក​ឆ្នោត​ទៀត​ហើយ។ ដូច្នេះ​មិន​ចាំ​បាច់​និយាយ​គ្នា​ទៀត​ទេ។​ បើ​កាល​ណា​ផ្លាស់​គ.ជ.ប. ​សិន​សឹម​យើង​និយាយ​គ្នា​ទៀត»។​

កាលពី​ថ្ងៃ​ច័ន្ទគណ​បក្ស​ប្រជាជន​កម្ពុជា​ និង​គណ​បក្ស​សង្គ្រោះ​ជាតិ​បាន​បើក​កិច្ច​ប្រជុំ​កម្រិត​ក្រុម​បច្ចេក​ទេស​បន្ត​ដើម្បី​ជជែក​អំពី​យន្តការ​កែ​ទម្រង់​ការ​បោះ​ឆ្នោត។​

ក៏​ប៉ុន្តែ​កិច្ច​ចរចារយៈ​ពេល​ជាង​បី​ម៉ោង​នោះ​មិន​បាន​ឈាន​ដល់​ការ​ព្រម​ព្រៀងគ្នា​ណាមួយ​នោះ​ទេ។​ មូល​ហេតុ​ដោយសារ​តែ​គណបក្ស​ជំទាស់​ស្នើ​ដាក់ឲ្យ​គណៈកម្មាធិការ​ជាតិ​រៀប​ចំការ​បោះឆ្នោត​ឲ្យ​ទៅ​ជា​ស្ថាប័ន​ធម្មនុញ្ញ​និង​ចំណុច​មួយ​ទៀត​គឺការ​តែង​តាំងសមាជិក​គ.ជ.ប.​ត្រូវ​ធ្វើ​ឡើង​ដោយ​ការ​បោះឆ្នោតសំឡេង២ភាគ​៣​នៃ​សមាជិកសភា​ទាំង​មូល។ ​ប៉ុន្តែ​គណបក្ស​កាន់​អំណាច​មិន​យល់​ស្រប។​

លោក​សម រង្ស៊ីបាន​អំពាវនាវ​ឲ្យ​អ្នក​គាំទ្រ​របស់​លោក​ត្រៀម​ខ្លួន​ធ្វើបាតុកម្ម​ធំ​មួយ​នៅ​ថ្ងៃ​ខាង​មុខ។​

«សូមឲ្យ​បង​ប្អូន​ទាំង​អស់​គ្នា​ត្រៀម​ខ្លួន​ធ្វើ​មហា​បាតុកម្ម​ជា​ប្រវត្តិសាស្ដ្រ​ឲ្យ​បាន​ពីរ​លាន​នាក់»។​

ទាក់​ទង​នឹង​ការ​ចរចារវាង​គណបក្ស​ទាំង​ពីរ​នេះ​ដែរ​ សម័្ពន្ធ​កំណែ​ទម្រង់​ការ​បោះឆ្នោត​ដែល​ជា​បណ្តុំ​អង្គការ​ក្រៅ​រដ្ឋា​ភិបាល​ចំនួន២០ បាន​សម្តែងការ​សោក​ស្តាយចំពោះ​ការ​ខក​ខាន​របស់​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ និង​គណ​បក្ស​សង្គ្រោះ​ជាតិ​ ដែល​មិន​បាន​ឈាន​ដល់​កិច្ច​ព្រម​ព្រៀង​ក្រោយ​ពី​ការ​ចរចានោះ។​

ក្រុម​អង្គការ​ដដែល​នេះបាន​ជំរុញ​ឲ្យ​គណ​បក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​ពន្លឿន​ការ​ចរចាបន្ត​ទៀត​ ប្រយោជន៍​គឺ​ដើម្បី​ដោះ​ស្រាយ​វិបត្តិ​នយោបាយ​ឲ្យ​បាន​ឆាប់​រហ័ស។
លោក ​ឈាង វុន ​តំណាងរាស្ដ្រ​ និង​ជា​សមាជិក​មួយរូប​នៃ​ក្រុម​ចរចា​ខាង​គណបក្ស​ប្រជាជន​កម្ពុជា ​បាន​ឆ្លើយ​តប​ទៅ​នឹង​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ថា​ ក្រុម​អង្គការ​ទាំង​នោះ​មិន​បាន​យល់​អំពី​លក្ខខណ្ឌ​ដើម​នៃ​ការ​ចរចា។

លក្ខខណ្ឌ​ដើម​ដែល​គណបក្ស​ជាប់ឆ្នោត​ទាំង​ពីរ​បាន​ព្រម​ព្រៀងគ្នា​នោះ​គឺ​ធ្វើ​ការ​កែ​ទម្រង់​អង្គ​រៀប​ចំការ​បោះឆ្នោត​គ.ជ.ប.។ ​ប៉ុន្តែ​មិន​មែន​ការ​ធ្វើ​ឲ្យ​គ.ជ.ប.​ទៅ​ជា​ស្ថាប័ន​ធម្មនុញ្ញ​ ឬ​ត្រូវ​អនុ​ម័ត​ដោយ​សមាជិក​សភា​ចំនួន​២​ភាគ​បី​នោះ​ទេ។​ នោះ​បើ​យោង​តាម​លោក​ឈាង វុន។​

មួយ​វិញ​ទៀត​ លោក​ឈាង វុន​ផ្តោត​ការ​សង្ស័យ​ទៅ​លើ​សេចក្តី​អត្ថាធិប្បាយ​របស់មេដឹកនាំ​គណបក្ស​ជំទាស់​គឺ​លោក​សម រង្ស៊ី។ លោក​ឈាង វុននិយាយ​ថា ​នោះ​អាច​ជា​ចេតនា​នៃ​ការ​អូស​បន្លាយ​ពេល​វេលា​ចរចា។

«ដាក់​អានេះ​ជា​គោល​ការណ៍​២​ភាគ​៣ ​ឬ​ក្នុង​រដ្ឋ​ធម្មនុញ្ញ​ វាអត់ត្រឹមត្រូវ។ហើយ​វា​ជា​លក្ខខណ្ឌ​មួយ​ដែល​ខុស​នឹង​គោល​ការណ៍​ដែល​យើង​បាន​ជជែក​គ្នា។​ ខ្ញុំ​កំពុង​សួរ​ ថា​តើ​ពួក​ហ្នឹងចង់​អូស​បន្លាយ​ ឬ​យ៉ាង​ម៉េច?​ ប៉ុន្តែ​បើ​ចង់​អូស​បន្លាយ​ក៏​អត់​អីដែរ​ បើក​សភា ​រដ្ឋា​ភិបាល​យើង​មាន​ហើយ​ ​ហើយ​យើង​ធ្វើ​ការ​ទំនាក់​ទំនង​គ្នា​រាល់​ថ្ងៃ»។​

កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​ លោក​សម រង្ស៊ី​បានប្រកាស​ប្រាប់​សហគមន៍​អ្នក​ការ​ទូតក្នុង​ទី​ក្រុង​ភ្នំពេញ​ថា​ ការ​ចរចាដើម្បី​ធ្វើ​ការ​កែ​ទម្រង់​ការ​បោះឆ្នោត​នៅ​ទ្រឹង​មិន​ទៅ​មុខ។​

ទោះជា​យ៉ាងណា​ គណបក្ស​ប្រជាជន​កម្ពុជា ​និង​គណបក្ស​សង្គ្រោះ​ជាតិ​បាន​កំណត់​រួច​ជា​ស្រេច​ទៅ​ហើយ​ថា​ នឹង​បើក​ការ​ចរចាកម្រិត​ក្រុម​បច្ចេកទេស​ចម្រុះ​បន្ត​ទៀត​នៅ​ថ្ងៃ​ច័ន្ទ​សប្តាហ៍​ក្រោយ៕