សម្រាប់​លោក​ Donald Trump ការ​បោះឆ្នោត​ខែ​វិច្ឆិកា​ខាង​មុខ​តែង​​នៅ​ក្នុង​ចិត្ត​របស់​លោក


03 មេសា 2020


រូបឯកសារ៖ លោកប្រធានាធិបតី ដូណាល់ ត្រាំ ថ្លែងទៅកាន់អ្នកសារព័ត៌មាន មុនឡើងយន្តហោះប្រធានាធិបតីអាមេរិក Air Foce One នៅទីក្រុង Norfolk រដ្ឋ Virginia កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០។
រូបឯកសារ៖ លោកប្រធានាធិបតី ដូណាល់ ត្រាំ ថ្លែងទៅកាន់អ្នកសារព័ត៌មាន មុនឡើងយន្តហោះប្រធានាធិបតីអាមេរិក Air Foce One នៅទីក្រុង Norfolk រដ្ឋ Virginia កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០។

លោក​ប្រធានាធិបតី​ ដូណាល់​ ត្រាំ (Donald Trump) បាន​ថ្លែង​អួតអាង​ក្នុង​អំឡុង​បទសម្ភាសន៍​ជិត​១​ម៉ោង​ កាល​ពី​ថ្ងៃ​ទី​២៣ ខែ​មីនា ក្នុង​កម្មវិធី «Fox & Friends» របស់​ទូរទស្សន៍​ផ្សាយ​ព័ត៌មាន Fox News យ៉ាង​ដូច្នេះ​ថា៖ «ខ្ញុំ​ស្រមៃ​មិន​ឃើញ​ទេ​ថា​អាច​មាន​ប្រធានាធិបតី​ផ្សេង​ទៀត​ដែល​ធ្វើ​ការងារបាន​ច្រើន​ជាង​ខ្ញុំ»។​

លោក​ ត្រាំ ដែល​មក​ពី​គណបក្ស​សាធារណរដ្ឋបាន​វាយប្រហារ​ពាក្យ​សម្តី​ចំពោះលោក​អតីត​អនុប្រធានាធិបតី​ Joe Biden ដែល​ទំនង​នឹង​ក្លាយ​ទៅជាបេក្ខជន​ប្រធានាធិបតី​មក​ពី​គណប្ស​ប្រជាធិបតេយ្យ​និងជាគូបដិបក្ខ​របស់​លោក ដោយ​លោក​ ត្រាំ​ ថ្លែង​ថា៖ «បើ​លោក Joe ដែល​មឺសៗជា​ប្រធានាធិបតី​វិញ នោះ​លោក​នឹង​មិន​ដឹង​ថា​មាន​អ្វី​កំពុង​កើត​ឡើង​ទេ» អំពី​រឿង​មេរោគ​កូរ៉ូណាវីរុស។

រូបភាព​នានាដែល​គេ​តែង​ភ្ជាប់​ទៅ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​សហរដ្ឋ​អាមេរិក ដូច​ជា​ការ​ជួបប្រជុំ​ធំៗ​របស់​បេក្ខជនដោយ​មាន​អ្នក​គាំទ្រ​ហ៊ោ​កញ្ជ្រៀវ​និង​គ្រវី​ទង់​នោះ នៅ​ពេល​នេះ​បាន​បាត់​ពី សតិអារម្មណ៍សាធារណជន ដោយ​ប្រធានាធិបតី​ ត្រាំ​ បាន​ពន្យារ​ពេល​នៃ​បទបញ្ជា​ណែនាំ​នូវ​ការ​រក្សា​គម្លាត​ពី​គ្នា និង​ពីសង្គម​រហូត​ដល់​ចុង​ខែ​មេសា និង​បាន​អំពាវនាវ​ឬ​ហាម​ការ​ជួប​ជុំ​គ្នា​ជា​ក្រុម។ ទាំង​លោក​ Trump និង​លោក Biden បាន​បោះបង់​ចោល​ការ​ជួប​ប្រជុំ​បែប​នេះ ដោយ​ជំនួស​វិញ​នូវ​ការ​វាយប្រហារ​គ្នា​តាម​បណ្តាញ​ផ្សាយ​ព័ត៌មាន។​

លោក Joe Biden បានបង្ហាញ​មុខ​នៅ​តាម​កម្មវិធី​វេទិកាសំណេះសំណាល និង​កម្មវិធី​ជជែក​ពិភាក្សា ដែល​ផ្សាយទូទាំង​ប្រទេស​ ដោយ​ភាគ​ច្រើន​លោក​ថត​ចេញ​ពី​បន្ទប់​មួយ​ នៅ​គេហដ្ឋាន​របស់​លោក​នៅ រដ្ឋ Delaware ​ភាគ​ខាង​កើត​សហរដ្ឋ​អាមេរិក។

រូបឯកសារ៖ លោក Joe Biden អតីតអនុប្រធានាធិបតីអាមេរិក ថ្លែងនៅក្នុងយុទ្ធនាការស្វែងរកសំឡេងឆ្នោត នៅទីក្រុង Detroit រដ្ឋ Michigan កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០។
រូបឯកសារ៖ លោក Joe Biden អតីតអនុប្រធានាធិបតីអាមេរិក ថ្លែងនៅក្នុងយុទ្ធនាការស្វែងរកសំឡេងឆ្នោត នៅទីក្រុង Detroit រដ្ឋ Michigan កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០។

លោក Biden ហាក់​ដូច​ជា​មាន​ការ​នាំ​មុខ​ខាង​ចំនួន​ប្រតិភូ​យ៉ាង​ច្រើន​ដាច់​គូប្រជែង​ គឺ លោក Bernie Sanders សមាជិក​ព្រឹទ្ធសភា​រដ្ឋ​ Vermont ដែល​ធ្វើ​ឲ្យ​លោក Sanders ពិបាក​តាម​ទាន់​នៅ​មុន​សន្និបាត​តែងតាំង​បេក្ខជនប្រធានាធិបតីរបស់​គណបក្ស​ប្រជាធិបតេយ្យ ​នៅ​ក្នុង​ខែ​កក្កដា​ខាង​មុខ​ (ដែល​ត្រូវ​លើក​ពេល​ទៅ​ធ្វើ​នៅ​ពាក់កណ្តាល​ខែ​សីហា​វិញ ​ដោយសារ​ការ​ឆ្លងរាលដាល​នៃ​ជំងឺ​កូវីដ១៩) ថ្វី​បើ​លោក​ Sanders មិន​បាន​បង្ហាញ​ពី​ចេតនា​ណា​មួយ​ក្នុង​ការ​ដក​ខ្លួន​ពី​ការប្រកួត​ជាមួយ​លោក Biden ទេ។

លោក​ត្រាំ​កាល​ពី​ថ្ងៃ​អាទិត្យ ​ទី​២៩ ខែ​មីនា បាន​សម្រេច​ពន្យារ​ពេល​នៃ​បទ​បញ្ជាណែនាំ​អំពី​ការ​រក្សា​គម្លាត​សង្គម​រហូត​ដល់​ចុង​ខែ​មេសា ក្រោយ​ពី​លោក​បាន​ថ្លែង​កាល​ពីមួយ​សប្តាហ៍​មុន​នោះ​ថា លោក​ប្រាថ្នា​ឲ្យ​ប្រទេស​ជាតិ​បើក​សកម្មភាព​ឡើង​វិញត្រឹម​ថ្ងៃ​ទី​១២ ខែ​មេសា ដែល​ជា​បុណ្យ​ Easter ថ្ងៃ​អាទិត្យ​របស់​គ្រិស្តសាសនា។


លោក Biden ថ្លែង​ក្នុង​កម្មវិធី Meet the Press របស់​ទូរទស្សន៍ NBC ថា៖ «និយាយ​ទៅ មេរោគ​កូរ៉ូណាវីរុស​មិន​មែន​ជា​កំហុស​របស់​លោក​ប្រធានាធិបតី​ទេ។ ប៉ុន្តែ​ការ​ឆ្លើយ​តប​យឺតយ៉ាវ ការ​ខកខាន​ក្នុង​ការ​ចាប់​ផ្តើម​ឆ្លើយ​តប​ភ្លាមៗ អសមត្ថភាព​ក្នុង​ការ​ធ្វើ​កិច្ចការ​ទាំង​ឡាយ​ដែល​ចាំ​ចាប់​ត្រូវ​ធ្វើឲ្យ​បាន​លឿន រឿង​ទាំង​អស់​នេះ​មិន​អាច​បន្ត​ទៀតបាន​ឡើយ»។

លោក Biden បន្ត​ថា៖ «លោក​ ត្រាំ​ គួរ​ចាប់​ផ្តើម​ស្តាប់​តាម​អ្នក​វិទ្យាសាស្ត្រ​សិន​ មុន​នឹង​លោក​និយាយ​អ្វី​មួយ។ លោកគួរ​ស្តាប់​តាម​អ្នក​ជំនាញ​ខាង​សុខភាព​សិន»។

លោក ​ត្រាំ​ ថ្លែង​មិន​យូរ​ប៉ុន្មាន​ក្រោយ​ពីនោះ​ថា​លោក​បានធ្វើ​ដូច្នេះ​ គឺ​ស្តាប់​អ្នក​ជំនាញ​មុន​នឹង​លោក​សម្រេច​ពន្យារបទ​បញ្ជា​ណែនាំ ដែល​ដំបូងឡើយ​ត្រូវ​ផុត​កំណត់​ កាល​ពី​ថ្ងៃ​ទី​២៣ ខែ​មីនា។

លោក​ ត្រាំ​ បាន​ទទួល​ការ​គាំទ្រ​ជា​ទូទៅ​ចំពោះ​របៀប​ដែល​លោក​បាន​ឆ្លើយ​តប​នឹង​វិបត្តិ​នៃ​ការ​រីករាល​ដាល​នៃ​មេរោគ​កូរ៉ូណាវីរុស ក្រោយ​ពី​ដំបូង​ឡើយ​លោក​ ត្រាំ​ បាន​រារែក​ទទួល​ស្គាល់​ជា​សាធារណៈ​ថា​មេរោគ​នេះ​ជា​បញ្ហា​របស់​សហរដ្ឋ​អាមេរិក ហើយ​ពលរដ្ឋ​អាមេរិកាំងបាន​បង្ហាញ​ពី​ការ​គាំទ្រ​ថ្មី​ចំពោះ​លោក​ប្រធានាធិបតី​ ត្រាំ។

លោក​ ត្រាំ​ បាន​ប្រកាស​នៅ​ក្នុង​បទ​សម្ភាសន៍​តាម​ទូរទស្សន៍​ Fox ថា «តួលេខ​ស្ទង់​មតិ​ពី​ប្រជាប្រិយភាព​របស់​ខ្ញុំ​គឺ​ខ្ពស់​ជាង​ពេល​ណាៗ​ទាំង​អស់» ទោះ​បី​តួលេខ​ដែល​លោក​បាន​ប្រកាស​នេះ​ស្ថិត​នៅ​ក្រោម ​៥០%​ ក៏​ដោយ។

នៅ​ក្នុង​ការ​ប្រមូល​ផ្តុំ​តួលេខលទ្ធ​ផល​ចុង​ក្រោយ​នៃ​ការ​ស្ទង់​មតិ គេហទំព័រ Realclearpolitics.com និយាយ​ថា អ្នក​បោះឆ្នោតអាមេរិកាំង​ ៤៧.៣%​ ពេញ​ចិត្ត​នឹងលទ្ធផល​ការងារ​របស់​លោក​ ត្រាំ ដោយ​មាន​ចំនួន​អ្នក​បោះឆ្នោតមិន​ពេញ​ចិត្ត​ចំនួន​ប្រមាណ ​៤៩.៣%។

រូបឯកសារ៖ អ្នកគាំទ្រលោក ដូណាល់ ត្រាំ ម្នាក់ពាក់ស្រោមជើងដែលមានឈ្មោះលោក ត្រាំ នៅទីក្រុង Indian Wells រដ្ឋកាលីហ្វ័រញ៉ា កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៩។
រូបឯកសារ៖ អ្នកគាំទ្រលោក ដូណាល់ ត្រាំ ម្នាក់ពាក់ស្រោមជើងដែលមានឈ្មោះលោក ត្រាំ នៅទីក្រុង Indian Wells រដ្ឋកាលីហ្វ័រញ៉ា កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៩។

ស្រដៀងគ្នា​នេះ​ដែរ ការ​ស្ទង់​មតិ​បង្ហាញ​ថា​លោក Biden បាន​នាំ​មុខ​លោក​ត្រាំ​បន្តិច​បន្តួច​នៅ​៧​ខែ​មុន​ការ​បោះឆ្នោត​ខែ​វិច្ឆិកា ដោយគេ​មិន​អាច​ទស្សន៍ទាយ​ពីលទ្ធផលនៃ​ការ​បោះឆ្នោត​នេះ​បាន​ទេ នៅ​ពេល​នេះ​ដោយ​សារ​ប្រកៀកប្រកិតគ្នា​ពេក។ ការ​ស្ទង់​មតិ​ចំនួន​៣​កាល​ពី​ខែ​មីនាបាន​បង្ហាញ​ថា ​លោក Biden នាំ​មុខ​លោក​ត្រាំ​ ២​ពិន្ទុ ៣​ពិន្ទុ និង​៩​ពិន្ទុ។

នៅ​ក្នុង​ការការ​បោះឆ្នោតប្រធានាធិបតី​ឆ្នាំ​ ២០១៦ លោក​ ត្រាំ​ ទទួល​បាន​ចំនួន​សន្លឹក​ឆ្នោត​សរុប​តិច​ជាង​លោកស្រី Hillary Clinton ពី​គណបក្ស​ប្រជាធិបតេយ្យ​ចំនួន ​២% ប៉ុន្តែ​លោក​បាន​ឈ្នះ​តំណែង​ប្រធានាធិបតី​ត្រង់​ចំណុច​សំខាន់​នៃ​ប្រព័ន្ធ​បោះឆ្នោត​សហរដ្ឋ​អាមេរិក គឺ​លទ្ធផល​នៃ​ការ​បោះឆ្នោត​ត្រូវ​បាន​សម្រេច​ដោយចំនួនអង្គបោះឆ្នោត ដែល​បាន​ពី​លទ្ធផល​នៃ​ការ​ឈ្នះ​នៅ​ក្នុង​រដ្ឋ​និមួយៗ​ទាំង​ ៥០​របស់​សហរដ្ឋ​អាមេរិក។

នៅ​ក្នុង​បទ​សម្ភាសន៍​ទូរទស្សន៍​ Fox លោក​ ត្រាំ​ ថា លោក​គិត​ថា អភិបាល​រដ្ឋ​ញូវយ៉ក លោក Andrew Cuomo ជា​គូបដិបក្ខ​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ខ្លាំង​ជាង​លោក Biden។ លោក Cuomo ត្រូវ​បានគេ​សរសើរ​យ៉ាង​ច្រើន​អំពី​របៀប​ដែល​លោក​ឆ្លើយ​តប​នឹង​វិបត្តិ​ជំងឺ​កូវីដ១៩​ នៅ​ក្នុង​រដ្ឋ​ញូវយ៉ក​របស់​លោក​ ដែល​ជា​រដ្ឋ​រង​គ្រោះ​ខ្លាំងបំផុត​ពី​ការ​រាត​ត្បាត​មេរោគ​នេះ និង​របៀប​ដែល​លោក Cuomo​ ធ្វើ​សន្និសីទ​សារព័ត៌មាន​រាល់​ថ្ងៃ។

លោក​ត្រាំ​ថ្លែង​ថា៖ «មូលហេតុ​មួយ​ដែល​ធ្វើ​ឲ្យ​លោក Andrew Cuomo​ ទទួល​បាន​ជោគជ័យ​ក្នុង​កិច្ចការ​ជាមួយ​រដ្ឋាភិបាល​សហព័ន្ធ ខ្ញុំ​គិត​ថា​ដោយ​សារ​លោក​ទំនង​ជា​បេក្ខជនប្រធានាធិបតី​ខ្លាំង​ជាង»លោក Biden។​

ខណៈ​ដែល​លោក​ត្រាំ​វាយប្រហារ​លោក Biden លោក​ ត្រាំ​ ក៏​បាន​វាយប្រហារ​សត្រូវ​នយោបាយ​ពី​គណបក្ស​ប្រជាធិបតេយ្យ​មួយ​រូប​ទៀត​ដែរ គឺ​លោកស្រី Nancy Pelosi ប្រធាន​រដ្ឋសភា​ជាតិ។ លោកស្រី Pelosi បាន​អះអាង​ថា សកម្មភាព​លោកត្រាំបាន​បណ្តាល​ឲ្យ​មាន​ការ​ស្លាប់​ពលរដ្ឋ​នៅ​សហរដ្ឋ​អាមេរិក ដោយ​សារ​លោក​ប្រធានាធិបតី​ខកខាន​មិន​បាន​យល់​ពី​សភាព​ធ្ងន់ធ្ងរ​នៃ​ការ​គំរាមកំហែង​របស់​វីរុស​កូរ៉ូណា នៅ​សប្តាហ៍​ដំបូងៗ​នៃ​ឆ្នាំ​ ២០២០ និងកិច្ច​ប្រឹងប្រែង​យឺតយ៉ាវ​ក្នុង​ការ​បញ្ជូន​សម្ភារៈ​សុខាភិបាលទៅ​ទូទាំង​ប្រទេស នៅ​មុន​ការ​ប្រញាប់ប្រញាល់​ចាត់​វិធានការ​ នៅ​ខែ​មីនា។​

លោកស្រី Pelosi ថ្លែង​ប្រាប់​ទូរទស្សន៍ CNN ថា៖ ​«ការ​មិន​ទទួល​ស្គាល់​ការ​ពិតរបស់​លោក​ត្រាំ​នៅ​ពេល​ដំបូង​បាន​នាំ​ឲ្យ​មាន​ការ​បាត់​បង់​ជីវិត» ហើយ​ថា «ខណៈ​ដែល​លោក​ត្រាំ​កំពុងរារែក​ឥតបាន​ការ មាន​មនុស្ស​បាន​ស្លាប់»។

លោក​ត្រាំ​បាន​ប្រតិកម្ម​តបវិញ​ថា«តាម​យោបល់​ខ្ញុំ លោកស្រី Pelosi ប្រៀប​ដូច​កូន​ឆ្កែ​ដែល​មាន​ជំងឺ​អញ្ចឹង។ ស្ត្រី​ម្នាក់​នេះ​ដូច​មាន​បញ្ហា​អ្វី​មិន​ដឹង​ទេ»។

ប្រែ​សម្រួល​ដោយ សឹង សុផាត