គណបក្សទាំងពីរមិនចុះសម្រុងគ្នាបញ្ហាកំណែទម្រង់បោះឆ្នោត
Op-Ed: VOA Khmer Services
គណបក្សទាំងពីរមិនចុះសម្រុងគ្នាបញ្ហាកំណែទម្រង់បោះឆ្នោត
អត្ថបទព័ត៌មានទាក់ទង
- លោកសម រង្ស៊ីថ្លែងថា បើការចរចាគ្មានលទ្ធផល លោកនឹងធ្វើមហាបាតុកម្ម
- បក្សប្រឆាំងប្រកាសផ្អាកការចរចាកម្រិតក្រុមការងារ
- ការចរចាជាប់គាំងជាថ្មីនាំឱ្យបក្សប្រឆាំងផ្អាករហូតដល់មានជំនួបកំពូល
- អ្នកវិភាគ៖ លោកហ៊ុនសែននឹងបន្តរហូតដល់ចប់អណត្តិទីប្រាំទោះបីមានសម្ពាធ
- អ្នកនយោបាយពិចារណាប្តូរកាលបរិច្ឆេទការបោះឆ្នោតខុសពីរដូវវស្សា
វ៉ាស៊ីនតោន — ក្រុមមន្ត្រីគណបក្សគ្រប់គ្រងប្រទេសនិងគណបក្សជំទាស់បានយល់ព្រមជាគោលការណ៍លើបញ្ហា១៤ចំណុច ក្នុងកិច្ចចរចាកន្លងមកដើម្បីបញ្ចៀសការជាប់គាំងនយោបាយ។ តែមកទល់ពេលនេះសូម្បីតែចំណុចដំបូងមួយ គឺការកែទម្រង់ស្ថាប័នបោះឆ្នោតគ.ជ.ប. ក៏ក្រុមចរចានៃគណបក្សទាំងពីរ មិនអាចយល់ព្រមគ្នាបានឡើយ នៅពេលភាគីម្ខាងចង់សើរើស្ថាប័ននេះ ហើយម្ខាងទៀតចង់រក្សានៅដដែល។
ក្រុមអ្នកសង្កេតការណ៍ ដូចជាលោកបណ្ឌិតពុទ្ធា ហង្ស នាយកអង្គការនិចហ៊្វិចដែលឃ្លាំមើលការបោះឆ្នោត បានអះអាងថា បញ្ហានេះជាចំណុចរស៊ើបសម្រាប់គណបក្សទាំងពីរដែលធ្លាប់ឈ្នះនិងចាញ់ដោយសារប្រព័ន្ធនេះ ដូច្នេះការទាមទារឲ្យកែទម្រង់នេះជារឿងដែលរស៊ើបក្នុងការឈានដល់កិច្ចព្រមព្រៀង។
«ការកែទម្រង់ហ្នឹងគណបក្សប្រជាជនកម្ពុជាចង់រក្សាស្ថាប័នគ.ជ.ប.ជាស្ថាប័នរដ្ឋបាលដដែល ហើយចំណែកគណបក្សសង្គ្រោះជាតិចង់ឲ្យគណៈកម្មការរៀបចំការបោះឆ្នោតគឺជាស្ថាប័នធម្មនុញ្ញ។ អញ្ចឹងចំណុចនេះជាចំណុចផ្ទុយគ្នា មិនអាចយល់ស្របគ្នាបានទេ»។
គណបក្សជំទាស់ចង់បានការអនុម័តយល់ព្រមដោយសំឡេង២ភាគ៣នៃសមាជិកសភាទាំងអស់ក្នុងការសម្រេចអំពីសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ តែគណបក្សប្រជាជនកម្ពុជាអះអាងថា បញ្ហានេះជាការសម្រេចរបស់ថ្នាក់ដឹកនាំកំពូល ដែលគណបក្សជំទាស់ស្នើសុំឲ្យមានជំនួបនេះ។ តែលោកពុទ្ធា ហង្សបានអះអាងថា សង្គមស៊ីវិលចង់ឃើញ គណបក្សទាំងពីរបន្តរកវិធីដោះ ស្រាយបញ្ហានេះបន្តទៀត។
«អនុសាសន៍របស់ខ្ញុំ ទោះបីជាគ.ជ.ប.ជាស្ថាប័នរដ្ឋបាល ឬស្ថាប័នធម្មនុញ្ញក៏ដោយ ធ្វើម៉េចឲ្យគ.ជ.ប.ហ្នឹងអព្យាក្រិត្យទៅជាជំហានវិជ្ជមានមួយយ៉ាងសំខាន់សម្រាប់ការរៀបចំការបោះឆ្នោតនៅកម្ពុជា»។
លោកគល់ បញ្ញា ជានាយកអង្គការខុមហ្រ្វែលដែលឃ្លាំមើលការបោះឆ្នោតដែរ បានអះអាងថា គណបក្សទាំងពីរបានយល់ស្របគ្នាថា ត្រូវកែលម្អលើចំណុចជាច្រើន តែបញ្ហាថា ត្រូវធ្វើយ៉ាងម៉េចនោះនៅមិនទាន់មានការយល់គ្នានៅឡើយ រួមទាំងការកែទម្រង់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហៅកាត់ថា គ.ជ.ប.ផង។
«ក៏ប៉ុន្តែចំណុចលម្អិតនៅក្នុងរឿងហ្នឹងប្រហែលជាគាត់មានការមិនទាន់យល់ មានគំនិតខុសគ្នាអំពីរបៀបកំណែទម្រង់ហ្នឹង។ ប្រហែលជាខាងគណបក្សប្រជាជនកម្ពុជាគាត់មើលឃើញកំណែទម្រង់ខ្លះ ដូចជាគ.ជ.ប.អី គាត់ថា គ្រាន់តែមានការបែងចែកសមាសភាពគ.ជ.ប.ហ្នឹងចេញពីគណបក្សទាំងពីរហ្នឹងទៅ។ គាត់គិតអញ្ចឹង តែគាត់មិនបានគិតអំពីថាតើត្រូវឲ្យមានកំណែទម្រង់ឲ្យស៊ីជម្រៅរបៀបម៉េច ហើយគណបក្សសង្គ្រោះជាតិគាត់ចង់ឲ្យមានកំណែទម្រង់មួយដែលខាងគណបក្សសង្គ្រោះជាតិហ្នឹងអាចមានលទ្ធភាពចូលរួមក្នុងការត្រួតពិនិត្យ ក្នុងការជ្រើសរើសសមាជិកគ.ជ.ប.ហ្នឹង»។
លោកបានបន្ថែមថា គណបក្សទាំងពីរមានសម្ពាធដូចគ្នាក្នុងការចរចាដោយសារថា ប្រជាពលរដ្ឋចង់បានការផ្លាស់ប្តូរនយោបាយមួយឲ្យបានត្រឹមត្រូវ ដែលអាចផ្តល់ផលប្រយោជន៍ដល់ពួកគេជាម្ចាស់ឆ្នោត។ លោកគល់ បញ្ញាបានអះអាងថា ចំណែកគណបក្សទាំងពីរវិញ ពួកគេក៏មានការប្រយ័ត្នប្រយែងដូចគ្នាក្នុងការធ្វើយ៉ាងណាមិនឲ្យប៉ះពាល់ដល់អំណាចនិងប្រជាប្រិយភាពរបស់ពួកគេដែរ។
«ត្រង់ហ្នឹងដែលអាចធ្វើឲ្យជាសម្ពាធលើគណបក្សនយោបាយជាពិសេសគណបក្សសង្គ្រោះជាតិហ្នឹងឯងឲ្យមានការប្រុងប្រយ័ត្នក្នុងការចរចាដែលអាចចាកឆ្ងាយចេញពីការចង់បានរបស់ប្រជាពលរដ្ឋ។ ហើយខាងគណបក្សប្រជាជនកម្ពុជាក៏មានការប្រុងប្រយ័ត្នដែរ ថាតើការរកដំណោះស្រាយនយោបាយហ្នឹងវាអាចមើលទៅប៉ះពាល់ដល់អំណាចខ្លួនអញ្ចឹងទេ។ គាត់មានការប្រុងប្រយ័ត្នត្រង់ហ្នឹង។ គាត់មិនទាន់មានឥរិយាបទផ្លាស់ប្តូរទៅក្នុងស្ថានការណ៍ថ្មីទេ។ រឿងហ្នឹងដែលធ្វើឲ្យការចរចាហ្នឹងវាអត់ទៅមុខ។ ខ្ញុំគិតថា ទំនងជាត្រូវការពេលវេលាទៀត»។
ទាំងលោកគល់ បញ្ញា និង លោកពុទ្ធា ហង្សបានអះអាងថា នៅមានបញ្ហាជាច្រើនទៀត ដែលគណបក្សទាំងពីរត្រូវប្រឈមមុខនឹងគ្នា។ ក្នុងចំណោមបញ្ហា១៤ចំណុច ដែលអាចមានការជំទាស់ទៅវិញទៅមក ពេលជជែកដល់បញ្ហាលម្អិតនោះ គឺរួមមានបញ្ហា ថាតើត្រូវរៀបចំចុះឈ្មោះអ្នកបោះឆ្នោតឬធ្វើបញ្ជីឈ្មោះអ្នកបោះឆ្នោតយ៉ាងម៉េចឲ្យត្រឹមត្រូវ ការបោះឆ្នោតមុនអាណត្តិត្រូវធ្វើនៅពេលណា មន្ត្រីរាជការស៊ីវិលត្រូវស្ថិតនៅឯករាជ្យនិងអព្យាក្រឹតយ៉ាងណា ការដោះស្រាយបញ្ហាវិវាទបោះឆ្នោតនោះត្រូវមានស្ថាប័នយ៉ាងណា ច្បាប់ហិរញ្ញវត្ថុគណបក្សនយោបាយត្រូវរៀបចំយ៉ាងដូចម្តេច?
តែសេចក្តីថ្លែងការណ៍របស់គណបក្សប្រជាជនកម្ពុជាកាលពីថ្ងៃច័ន្ទបានបញ្ជាក់ពីការមិនពេញចិត្តនឹងគណបក្សសង្គ្រោះជាតិចំពោះការលើកយកបញ្ហាកំណែទម្រង់ស្ថាប័នបោះឆ្នោត ហើយចាប់បង្ខំឲ្យគណបក្សប្រជាជនកម្ពុជាបញ្ជាក់ឲ្យបានច្បាស់លាស់។ សេចក្តីថ្លែងការណ៍ដដែលបានលើកឡើងថា សំណើរបស់គណបក្សសង្គ្រោះជាតិរឿងកែទម្រង់គ.ជ.ប.ដោយដាក់ជាស្ថាប័នធម្មនុញ្ញនិងអនុម័តដោយសំឡេង២ភាគ៣នៃសមាជិកសភាទាំងមូល ឬការកំណត់កាលបរិច្ឆេទថ្ងៃបោះឆ្នោតឡើងវិញនោះ មិនអាចទទួលយកបានទេ។
សេចក្តីថ្លែងការណ៍របស់គណបក្សប្រជាជនកម្ពុជា និងមន្ត្រីគណបក្សនេះបានបញ្ជាក់ថា បញ្ហាទាំង១៤ចំណុចដែលបានព្រមព្រៀងគ្នាកាលពីថ្ងៃទី៣ ទី១០ និងទី១៧ ខែមីនាឆ្នាំ២០១៤ត្រូវលើកយកទៅដាក់ជូនសិក្ខាសាលាថ្នាក់ជាតិ។
ទោះជាយ៉ាងណាក៏ដោយអ្នកឃ្លាំមើលទាំងពីរបានអះអាងថា សំណើឲ្យមានជំនួបប្រជុំកំពូលរវាងមេដឹកនាំគណបក្សទាំងពីរទំនងជាអាចដោះស្រាយបញ្ហាបានខ្លះដែរ ប្រសិនបើកើតមាន។
គណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិដែលជាគណបក្សឈ្នះក្នុងការបោះឆ្នោតដូចគ្នាកំពុងចរចាគ្នាដើម្បីដោះស្រាយការជាប់គាំងនយោបាយក្រោយការបោះឆ្នោតជាតិកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ ក្រោយពេលគណបក្សសង្គ្រោះជាតិរបស់លោកសម រង្ស៉ី និងលោកកឹម សុខាបានធ្វើពហិកាមិនចូលរួមប្រជុំសភាដំបូងដើម្បីបង្គ្រប់ភាពស្របច្បាប់ឲ្យគណបក្សប្រជាជនកម្ពុជាក្នុងការរៀបចំសភា និងរដ្ឋាភិបាលថ្មីស្របច្បាប់នោះ។ គណបក្សសង្គ្រោះជាតិចោទប្រកាន់ថា មានការគៃបន្លំសន្លឹកឆ្នោត ហើយធ្វើឲ្យមានការកែប្រែសំឡេងឆ្នោត ដែលតម្រូវឲ្យមានការស៊ើបអង្កេតឯករាជ្យឬការបោះឆ្នោតឡើងវិញ ឬបោះឆ្នោតមុនអាណត្តិ៕