|
អនុប្រធានព្រឹទ្ធសភាជប៉ុន លោក អាស្សូម៉ា កូស៊ីអ៊ីស៊ី (Azuma Koshiishi) ជួបពិភាក្សាជាមួយប្រធាន និងអនុប្រធាន
គណបក្សសង្គ្រោះជាតិ នាមន្ទីររដ្ឋសភា នៅរសៀលថ្ងៃទី ២២ ខែសីហា ឆ្នាំ២០១៤។ RFA/Tin Zakariya
|
ដោយ ទីន ហ្សាការីយ៉ា 2014-08-22 RFA
ព្រឹទ្ធសភាជប៉ុន សន្យាថានឹងជួយធ្វើកំណែទម្រង់ការបោះឆ្នោតនៅកម្ពុជា នៅក្នុងនីតិកាលទី៦ខាងមុខ ដើម្បីឲ្យការបោះឆ្នោតប្រកបដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ដែលអាចទទួលយកគ្រប់ភាគី។
ការសន្យារបស់មន្ត្រីជាន់ខ្ពស់ព្រឹទ្ធសភាជប៉ុន នេះ នៅស្របពេលគណបក្សជាប់ឆ្នោតទាំងពីរ កំពុងធ្វើសេចក្ដីព្រាងច្បាប់ស្ដីពីការរៀបចំការបង្កើតគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតថ្មី និងសេចក្ដីព្រាងវិសោធនកម្មច្បាប់បោះឆ្នោត។
អនុប្រធានព្រឹទ្ធសភាជប៉ុន ចង់ឲ្យកម្ពុជា មានការបោះឆ្នោតតាមប្រព័ន្ធអេឡិចត្រូនិក (Electronic System) និងរៀបចំបញ្ជីចុះឈ្មោះបោះឆ្នោតឡើងវិញ សម្រាប់ការបោះឆ្នោតនីតិកាលទី៦ខាងមុខ។
ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ថ្លែងប្រាប់អ្នកសារព័ត៌មាននៅក្រោយពេលជំនួបជាង ១ម៉ោង ជាមួយគណៈប្រតិភូជប៉ុន ដឹកនាំដោយអនុប្រធានព្រឹទ្ធសភា លោក អាហ្ស៊ូម៉ា កួស៊ិអ៊ីស៊ិ (Azuma Koshiishi) នាវិមានរដ្ឋសភា នៅរសៀលថ្ងៃទី២២ សីហា ថា ព្រឹទ្ធសភាជប៉ុន នឹងជួយកម្ពុជា គ្រប់មធ្យោបាយក្នុងការកែទម្រង់ការបោះឆ្នោតខាងមុខ ទោះតាមវិធីណាក៏ដោយ ឲ្យតែគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ឯកភាពគ្នាចង់បានដូចជាការរៀបចំបោះឆ្នោតតាមប្រព័ន្ធអេឡិចត្រូនិក ការបោះឆ្នោតដោយប្រើអត្តសញ្ញាណប័ណ្ណ ឬប័ណ្ណបោះឆ្នោត។ល។ ភាគីជប៉ុន រង់ចាំជួយគ្រប់នីតិវិធីទាំងអស់ រួមទាំងថវិការៀបចំការបោះឆ្នោតផង៖ «ជប៉ុន នឹងជួយកំណែទម្រង់ការបោះឆ្នោតតាមសំណើរបស់សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ផង តាមសំណើរបស់យើងផង គឺភាគីខ្មែរឯកភាពស្នើសុំជំនួយពីភាគីជប៉ុន ហើយយើងសូមថ្លែងអំណរគុណទៅដល់រដ្ឋាភិបាលជប៉ុន ប្រជាពលរដ្ឋជប៉ុន ដែលជួយលើកម្រិតអភិវឌ្ឍប្រទេសកម្ពុជា និងជួយអភិវឌ្ឍលទ្ធិប្រជាធិបតេយ្យឲ្យរឹងមាំ»។
ការសន្យាជួយលើបច្ចេកទេសរៀបចំការបោះឆ្នោតរបស់មន្ត្រីជាន់ខ្ពស់ព្រឹទ្ធសភាជប៉ុន នេះ នៅក្រោយពេលអ្នកជំនាញបច្ចេកទេសខាងបោះឆ្នោតជប៉ុន បានមកជួបតំណាងគណបក្សជាប់ឆ្នោតទាំងពីរ គឺតំណាងគណបក្សសង្គ្រោះជាតិ និងតំណាងគណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី២០ ឧសភា កន្លងទៅ ដើម្បីស្រាវជ្រាវលើការខ្វះខាតលើការបោះឆ្នោត និងការកែទម្រង់លើការបោះឆ្នោតនៅខណៈស្ថានភាពនយោបាយជាប់គាំងនៅឡើយនោះ។
តែឥឡូវនេះ នៅក្រោយពេលគណបក្សទាំងពីរបានបញ្ចប់វិបត្តិនយោបាយហើយនោះ ភាគីជប៉ុន នឹងជួយលើការកែទម្រង់ការបោះឆ្នោត និងឃ្លាំមើលស្ថានការណ៍នយោបាយរវាងគណបក្សទាំងពីរ ពិសេសទៅលើបញ្ហាអំពើពុករលួយយ៉ាងយកចិត្តទុកដាក់។ នេះបើតាមការអះអាងរបស់ លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ។
លោក កឹម សុខា បន្ថែមថា ក្រៅពីជប៉ុន ចង់ជួយធ្វើកំណែទម្រង់ការរៀបចំការបោះឆ្នោតនោះ គណៈប្រតិភូជប៉ុន ក៏លើកពីការកែទម្រង់ប្រព័ន្ធយុត្តិធម៌ និងការលុបបំបាត់អំពើពុករលួយ ដើម្បីឲ្យអ្នកវិនិយោគជប៉ុន ចូលមកវិនិយោគនៅកម្ពុជា កាន់តែច្រើន ដើម្បីឲ្យយុវជនមានការងារធ្វើ។
លោក កឹម សុខា អះអាងថា នៅក្រោយពេលសភាធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ យ៉ាងយូរនៅសប្ដាហ៍ក្រោយនេះ ដោយយោងលើកិច្ចព្រមព្រៀងរបស់គណបក្សទាំងពីរកាលពីថ្ងៃទី២២ កក្កដា។ បន្ទាប់មក សភានឹងអនុម័តសេចក្ដីព្រាងច្បាប់ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងសេចក្ដីព្រាងស្ដីពីការវិសោធនកម្មច្បាប់បោះឆ្នោត៖ «យើងគិតថា យើងធ្វើរយៈតែ១ខែចុះ យ៉ាងយូរ៦អាទិត្យចុះ នឹងចប់ហើយ បើសិនយើងធ្វើលឿនពេក ញាប់ពេក អាចមានបញ្ហាថ្លោះធ្លោយ ចឹងហើយពេលវេលាប៉ុណ្ណឹងហើយខ្ញុំគិតថា សមល្មម បើក្រោយពីហ្នឹង យើងឯកភាពហើយគេដឹងថា យើងចង់បានហើយ គេរៀបចំតម្រូវចិត្តយើងហើយ ព្រោះអីគេត្រៀមហើយស្រេចហើយ»។
លោក កឹម សុខា ឲ្យដឹងថា ជប៉ុន នឹងធ្វើការផ្លាស់ប្ដូរការធ្វើទស្សនកិច្ចរវាងសមាជិកសភាកម្ពុជា និងសភាជប៉ុន ដើម្បីផ្លាស់ប្ដូរបទពិសោធន៍ ទស្សនៈគ្នាទៅវិញទៅមកនៅពេលខាងមុខ។
ក្រុមមន្ត្រីឃ្លាំមើលការបោះឆ្នោតលើកឡើងថា នេះជាជំហានល្អមួយដែលគណៈប្រតិភូព្រឹទ្ធសភាជប៉ុន សន្យាជួយលើការកែទម្រង់ការបោះឆ្នោតនេះ ហើយថា ជប៉ុន ត្រូវតែឲ្យគណបក្សជាប់ឆ្នោតទាំងពីរឯកភាពគ្នាលើការកែទម្រង់ការបោះឆ្នោត និងធ្វើឲ្យច្បាស់លាស់ ដើម្បីជៀសវាងនូវភាពអយុត្តិធម៌នៃការបោះឆ្នោត នឹងមិនធ្វើឲ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះប្រទេសជប៉ុន។
ទន្ទឹមនឹងនេះ គណបក្សសង្គ្រោះជាតិ ស្នើទៅភាគីជប៉ុន ចំនួន ៣ចំណុច គឺទី១ ស្នើឲ្យរដ្ឋាភិបាលជប៉ុន ឃ្លាំមើលកិច្ចព្រមព្រៀងនយោបាយរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ។ ទី២ សុំជប៉ុន ជួយផ្ដល់ជំនួយបច្ចេកទេសលើការកែទម្រង់ការបោះឆ្នោត និងទី៣ ស្នើឲ្យជួយថវិកា ដើម្បីអភិវឌ្ឍប្រទេសបន្តទៀត៕