បញ្ហា​សញ្ជាតិ​បាន​ធ្វើ​ឲ្យ​កិច្ច​ចរចា​រៀបចំ​ស្ថាប័ន​បោះឆ្នោត​អូស​បន្លាយ​បន្ត​ទៀត


ជំនួប​ចរចា​ថ្នាក់​កំពូល​រវាង​មេ​ដឹក​នាំ​គណបក្ស​ប្រជាជន​និង​មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​កន្លង​មក។ហេង ជីវ័ន

បញ្ហា​សញ្ជាតិ​បាន​ធ្វើ​ឲ្យ​កិច្ច​ចរចា​រៀបចំ​ស្ថាប័ន​បោះឆ្នោត​អូស​បន្លាយ​បន្ត​ទៀត

Tue, 28 October 2014

ភ្នំពេញៈ បញ្ហា​សញ្ជាតិ​គឺជា​ឧបសគ្គ​សម្រាប់​ក្រុម​ការងារ​របស់​គណបក្ស​កាន់​អំណាច​និង​គណបក្ស​ប្រឆាំង ដែល​មិន​អាច​ឈាន​ដល់​ការ​សម្រេច​បញ្ចប់​ការ​ជជែក​ពិភាក្សា​គ្នា​អំពី​ច្បាប់​ស្តី​ពី​ស្ថាប័ន​បោះ​ឆ្នោត​កាល​ពី​ម្សិល​មិញ ហើយ​ក្រុម​ការងារ​បាន​ទុក​ចំណុច​នេះ​ឲ្យ​ថ្នាក់​ដឹក​នាំ​កំពូល​សម្រេច។

បន្ទាប់​ពី​ការ​ជជែក​គ្នា​ប្រមាណ​ជា ២ ម៉ោង ក្នុង​រដ្ឋសភា​កាល​ពី​ម្សិល​មិញ ក្រុម​ការងារ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ជា​គណបក្ស​កាន់​អំណាច​ដឹក​នាំ​ដោយ​ឧប​នាយក​រដ្ឋ​មន្រ្តី ប៊ិន ឈិន និង​ក្រុម​ការងារ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​គណបក្ស​ប្រឆាំង​ដឹក​នាំ​ដោយ​លោក គួយ ប៊ុនរឿន ស្ទើរ​តែ​បាន​បញ្ចប់​ការ​ពិភាក្សា​របស់​ខ្លួន​អំពី​ច្បាប់​ស្តីពី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ប៉ុន្តែ នៅ​មាន​បញ្ហា​តែ​មួយ​ចំណុច​គត់ ដែល​បាន​ធ្វើ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះ​ជាតិ​មិន​អាច​ឈាន​ដល់​ការ​បញ្ចប់​ការ​ពិភាក្សា​គ្នា​ពី​បញ្ហា​នេះ។

លោក ប៊ិន ឈិន បាន​ប្រាប់​ក្រុម​អ្នក​កាសែត​ថា៖ «ចំពោះ​បញ្ហា​លក្ខណ​សម្បត្តិ​នៃ​បេក្ខជន គ.ជ.ប យើង​ស្ទើរ​តែ​ព្រម​ព្រៀង​គ្នា។ មាន​ចំណុច​តែ​មួយ​ប៉ុណ្ណោះ​ដែល​នៅ​សេស​សល់​គឺ​បញ្ហា «សញ្ជាតិ»។

ប៉ុន្តែ លោក គួយ ប៊ុនរឿន បាន​ថ្លែង​ដែរ​ថា ក្រៅ​ពី​បញ្ហា «សញ្ជាតិ» ដែល​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​ប្រជាជន​កម្ពុជា មិន​អាច​ឈាន​ដល់​ការ​ឯកភាព​គ្នា ក៏​នៅ​មាន​បញ្ហា «បទ​ពិសោធ​ការងារ​បោះ​ឆ្នោត» ផង​ដែរ ដែល​ធ្វើ​ឲ្យ​គណបក្ស​ទាំង​ពីរ​នៅ​មិន​អាច​ឈាន​ដល់​សេចក្តី​សម្រេច​បញ្ចប់​បាន។ លោក​បន្ត​ថា រដ្ឋធម្មនុញ្ញ មិន​បាន​ហាម​ប្រាម​បញ្ហា​សញ្ជាតិ​ទេ ហើយ​ក៏​មិន​បាន​ចែង​ថា បេក្ខជន​ត្រូវ​មាន​បទ​ពិសោធ​ការងារ​បោះ​ឆ្នោត​ឬ​អត់​នោះ​ដែរ​ទេ។

លោក គួយ ប៊ុនរឿន បាន​បន្ត​ថា៖ «យើង​បាន​ជជែក​គ្នា​យ៉ាង​ច្រើន ប៉ុន្តែ យើង​បាន​ឯកភាព​គ្នា​ថា ក្រុម​ការងារ​របស់​យើង​មិន​អាច​ដោះ​ស្រាយ​បាន ដូច្នេះ យើង​ទុក​ឲ្យ​ថ្នាក់​ដឹក​នាំ​ជា​អ្នក​សម្រេច»។ លោក​បាន​បន្ត​ថា មូលដ្ឋាន​នៃ​ការ​ធ្វើ​ច្បាប់​ស្តីពី គ.ជ.ប គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ផ្អែក​លើ​មូលដ្ឋាន​បី ទី១- កិច្ច​ព្រម​ព្រៀង​ថ្ងៃ ទី២២ កក្កដា ទី២- ផ្អែក​លើ​រដ្ឋ​ធម្មនុញ្ញ និង ទី៣- ផ្អែក​លើ​ច្បាប់​ស្តីពី​ការ​បោះ​ឆ្នោត​ដែល​នៅ​មាន​សុពលភាព​នៅ​ឡើយ។

ទាក់ទិន​នឹង​បញ្ហា​នៃ​បទ​ពិសោធ​ការងារ​បោះ​ឆ្នោត​របស់​បេក្ខជន លោក គួយ ប៊ុនរឿន បាន​អះអាង​ថា គណបក្ស​ប្រជាជន​កម្ពុជា ចង់​បាន​បេក្ខជន​មាន​បទ​ពិសោធ​ការងារ​បោះឆ្នោត ប៉ុន្តែ គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រាប់​ទៅ​វិញ​ថា វា​មិន​ចាំ​បាច់​មាន​បទ​ពិសោធ​ទេ សម្រាប់​បេក្ខជន​អគ្គ​លេខាធិការ និង​អគ្គ​លេខាធិការ​រង គ.ជ.ប ពីព្រោះ​បេក្ខជន​ទាំង​នេះ គឺ​គ្រាន់​តែ​ជា​អ្នក​អនុវត្ត​ទៅ​តាម​ការ​ចង្អុល​បង្ហាញ​របស់ គ.ជ.ប ឬ​បញ្ជា​ប៉ុណ្ណោះ។

គណបក្ស​ទាំង​ពីរ​ក៏​បាន​បញ្ជាក់​ដែរ​ថា ការ​ពិភាក្សា​គ្នា​ពី​បញ្ហា​នេះ អាច​នឹង​បញ្ចប់​នៅ​ថ្ងៃ​ចន្ទ​សប្តាហ៍​ក្រោយ។

លោក គល់ បញ្ញា នាយក​ប្រតិបត្តិ​នៃ​អង្គការ​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត ហៅ ខុម ហ្វ្រែល បាន​ថ្លែង​ថា បញ្ហា​សញ្ជាតិ​និង​បទ​ពិសោធ គឺ​មិន​សំខាន់​ទេ​សម្រាប់​បេក្ខជន គ.ជ.ប ពីព្រោះ​កិច្ចការ​បោះ​ឆ្នោត គឺជា​កិច្ចការ​បច្ចេក​ទេស។

លោក​នាយក ខុម ហ្វ្រែល លើក​ឡើង​ថា៖ «កិច្ចការ​បច្ចេក​ទេស​មិន​មែន​ជា​កិច្ចការ​រស៊ើប​នោះ​ទេ។ ដូច​នេះ គណបក្ស​ទាំង​ពីរ​មិន​ត្រូវ​ជជែក​គ្នា​អំពី​បញ្ហា​នេះ​ឡើយ ហើយ​បើ​ធ្វើ​ដូច្នេះ វា​ប៉ះ​ពាល់​ខ្មែរ​ដែល​មាន​សញ្ជាតិ​ពីរ ដែល​ចង់​មក​ជួយ​កិច្ចការ​របស់​ខ្មែរ»៕