ការ​រើស​​អគ្គលេខាធិការ​ថី្ម​គ​.​ជ​.​ប​​នឹងធ្វើ​​ព្រម​ពេល​គ្នា​​នឹង​​ការ​ចុះឈ្មោះ​​បោះឆ្នោត​​សាកល្បង​​


ការ​រើស​​អគ្គលេខាធិការ​ថី្ម​គ​.​ជ​.​ប​​នឹងធ្វើ​​ព្រម​ពេល​គ្នា​​នឹង​​ការ​ចុះឈ្មោះ​​បោះឆ្នោត​​សាកល្បង​​
អត្ថបទ 15-09-2015 5:27 PM  |  ដោយ VAYOFM TEAMS
Source: Veayo FM

​ក្រោយ​ស្ងប់ស្ងាត់​មួយរយៈ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​(​គ​.​ជ​.​ប​) នៅតែ​មិន​ទាន់​ផ្លាស់ប្តូរ​អគ្គលេខាធិកា​រគ​.​ជ​.​ប​ចាស់ នៅក្នុង​ស្ថាប័ន​គ​.​ជ​.​ប​ថ្មី​នេះ​នៅឡើយ​ទេ​។ លោក​ទេព នីថា ដែល​បច្ចុប្បន្ន​កំពុង​បន្ត​តួនាទី​ជា​អគ្គលេខាធិកា​រគ​.​ជ​.​បដ​ដែល នឹង​ត្រូវ​បោះឆ្នោត​ជ្រើសរើស​រក​អ្នក​ជំនួស​ថ្មី ប៉ុន្តែ​ដោយសា​រតែគ​.​ជ​.​ប​កំពុងតែ​មមារ​ញឹក​លើ​កិច្ចការ​មួយចំនួន ទើប​មិនទាន់​មាន​ការរៀបចំ​ផ្លាស់ប្តូរ​តំណែង​នេះ​។ នេះ​បើ​តាម​ការអះអាង​របស់​មន្ត្រី​គ​.​ជ​.​ប​។​

លោក​ហង្ស ពុទ្ធា អ្នកនាំពាក្យ​គ​.​ជ​.​ប​បាន​ថ្លែង​ប្រាប់​ដល់​វិទ្យុ​វាយោ​នៅ​ថ្ងៃទី​១៥​កញ្ញា​នេះ​ថា គ​.​ជ​.​ប​បានធ្វើ​សេចក្តីព្រាង​អនុក្រឹត្យ​រួច​ហើយ​អំពី​អគ្គលេខាធិការដ្ឋាន ដែល​ជា​ការរៀបចំ​រចនា​សម្ព័ន្ធ និង​បុគ្គលិក​​របស់​គ​.​ជ​.​ប​ទាំងអស់​។ លោក​បាន​បន្តថា ការរៀបចំ​នេះ គ​.​ជ​.​ប​ក៏​បាន​គិតគូរ​អំពី​ការផ្លាស់ប្តូរ​អគ្គលេខាធិការ​ថ្មី ឲ្យ​ដំណើរការ​ទន្ទឹមគ្នា ជាមួយ​ការរៀបចំ​ចុះ​ឈ្មោះ​បោះឆ្នោត​សាកល្បង​នៅ​ទូទាំង​ប្រទេស​នា​ពេលខាងមុខ​។​
​សម្លេង​៖

​ស្របពេល​ដែល​គ​.​ជ​.​ប​កំពុង​កែសម្រួល​រចនាសម្ព័ន្ធ​ថ្មី លោក​ហង្ស ពុទ្ធា បានឱ្យ​ដឹង​ដែរ​ថា អនុក្រឹត្យ​ដែល​ធ្វើ​ឡើង​នោះ ក៏​បាន​បន្ថែម​នាយកដ្ឋាន​ចំនួន​៣​ទៀត ទៅលើ​នាយកដ្ឋាន​ដែល​មាន​ស្រាប់​ចំនួន​៥ ដែល​គ្រប់គ្រង​ដោយ​អគ្គលេខាធិការដ្ឋាន​ចាស់​។  អ្នកនាំពាក្យ​រូប​នេះ​បាន​បន្តថា នាយកដ្ឋាន​ទាំង​៣​នោះ​រួមមាន នាយក​រដ្ឋា​ន​គ្រប់គ្រង​ទិន្នន័យ និង​បញ្ជី​ឈ្មោះ​បោះឆ្នោត​, នាយកដ្ឋាន​សវនកម្ម និង​នាយកដ្ឋាន​ព័ត៌មាន និង​ទំនាក់ទំនង​សាធារណៈ​។​
​សម្លេង​៖

​ជា​ការកត់សម្គាល់ នាយកដ្ឋាន​ទាំង​៥​របស់​អគ្គលេខាធិការដ្ឋានគ​.​ជ​.​ប​នោះ​មានដូចជា •​នាយកដ្ឋាន​រដ្ឋបាល​, នាយកដ្ឋាន​ហិរញ្ញវត្ថុ​, នា​យកដ្ឋា​ន​ប្រតិបត្តិការ​, នាយកដ្ឋាន​បណ្តុះបណ្តាល និង​ព័ត៌មាន​សាធារណៈ និង​នាយកដ្ឋាន​សេវាកម្ម​ច្បាប់ និង​វិវាទកម្ម​។​

​ពាក់ព័ន្ធ​នឹង​ការរៀបចំ​ការចុះឈ្មោះ​បោះឆ្នោត​សាកល្បង​តាម​ប្រព័ន្ធ​កុំព្យូទ័រ​ថ្មី ដែល​នឹង​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ទី​០១ ដល់​ថ្ងៃ​ទី​១៥ ខែវិច្ឆកា ឆ្នាំ​២០១៥​ខាងមុខ លោក​ហង្ស ពុទ្ធា ក៏​បាន​បញ្ជាក់​ឱ្យដឹង​ដែរ​ថា រហូតមក​ទល់​នឹង​ពេលនេះ គ​.​ជ​.​ប​ត្រៀមខ្លួន​បាន​៥០​ភាគរយ​ហើយ​។ នេះ​ជា​ការកែទម្រង់​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​ចុះឈ្មោះ​បោះឆ្នោត​នៅ​កម្ពុជា បន្ទាប់ពី​មាន​ការជួយ​ជ្រុម​ជ្រែង​ពី​សហគមន​អន្តរជាតិ​ចំនួន​ពីរ គឺ​ជប៉ុន និង​សហភាព​អឺរ៉ុប​៕ ដោយ​:​អឿន ភា​រ៉ា​