បក្សជាប់ឆ្នោតទាំងពីរខ្វែងគំនិតគ្នាលើប្រធានបទកែទម្រង់សមាសភាព គ.ជ.ប
បក្សជាប់ឆ្នោតទាំងពីរខ្វែងគំនិតគ្នាលើប្រធានបទកែទម្រង់សមាសភាព គ.ជ.ប
2014-03-24
ការជួបចរចារវាងតំណាងគណបក្សជាប់ឆ្នោតទាំងពីរ នៅព្រឹកថ្ងៃទី២៤ ខែមីនា មិនបានទទួលលទ្ធផលជាផ្លែផ្កាទេ ហើយក៏មិនមានចេញសេចក្តីថ្លែងការណ៍រួមដែរ។ ប្រធានក្រុមចរចានៃគណបក្សទាំងពីរ បញ្ជាក់ប្រាប់អ្នកកាសែតថា បក្សទាំងពីរខ្វែងគំនិតគ្នានៅលើប្រធានបទកែទម្រង់សមាសភាពគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។
បន្ទាប់ពីបរាជ័យក្នុងកិច្ចចរចា ហើយមិនអាចចេញសេចក្តីថ្លែងការណ៍រួមបាន ក្រុមការងារទាំងពីរបក្សស្នើឲ្យពិធីការ រៀបចំសន្និសីទកាសែតពីរកន្លែង។ កន្លែងមួយសម្រាប់គណបក្សប្រជាជនកម្ពុជា នៅក្រោមដំបូលអគារ វី.អាយ.ភី (VIP) ក្នុងបរិវេណព្រឹទ្ធសភា។ ហើយកន្លែងមួយទៀត នៅខាងក្រោមដើមឈើខាងមុខអគារនោះ ទីតាំងសន្និសីទកាសែតរបស់មន្ត្រីបក្សប្រឆាំង។ ប៉ុន្តែ ដោយសារអ្នកកាសែតរអ៊ូរទាំ និងពិបាករកខ្សែឧបករណ៍បំពងសំឡេងសម្រាប់បក្សប្រឆាំងផងនោះ អ្នកនយោបាយទាំងសងខាង ក៏ប្ដូរមកធ្វើសន្និសីទកាសែតនៅក្នុងអគារតែមួយវិញ។
សន្និសីទកាសែតកន្លែងតែមួយមែន តែភាគីទាំងពីរមិនឈរទន្ទឹមៗគ្នាដូចជំនួបទាំងបីលើកកន្លងទៅឡើយ។ មន្ត្រីបក្សប្រឆាំងដឹកនាំដោយ លោក សុន ឆ័យ ចេញមុខមកនិយាយប្រាប់អ្នកកាសែតមុន ដោយមានតំណាងរាស្ត្របក្សកាន់អំណាច លោក ឈាង វុន ឈរឱបដៃធ្វើមុខមាំចាំស្តាប់។
ប្រធានក្រុមចរចារបស់គណបក្សសង្គ្រោះជាតិ លោក សុន ឆ័យ មានប្រសាសន៍ថា គណបក្សសង្គ្រោះជាតិ ប្រកាន់ជំហរចង់ឲ្យមានការកែទម្រង់ស្ថាប័នរៀបចំការបោះឆ្នោតជាមុនសិន មុននឹងឈានចូលទៅបើកសិក្ខាសាលាពិភាក្សាលើបញ្ហាដែលបានព្រមព្រៀង។ លោកបន្តថា ពលរដ្ឋកម្ពុជា ភាគច្រើនមិនទុកចិត្តលើស្ថាប័នរៀបចំការបោះឆ្នោតទេ ហេតុនេះរឿងដំបូងបំផុតដែលត្រូវដោះស្រាយ គឺការកែទម្រង់ស្ថាប័ន គ.ជ.ប ឲ្យក្លាយជាស្ថាប័នធម្មនុញ្ញ។
លោកបានបន្ទោសគណបក្សប្រជាជនកម្ពុជា ថាព្យាយាមពន្យារពេលនៃការស្វែងរកដំណោះស្រាយ ទាក់ទងនឹងកំណែទម្រង់ការបោះឆ្នោត៖ «ការកែទម្រង់ការបោះឆ្នោតនេះ ជាបញ្ហាធំ ជាបញ្ហាមូលដ្ឋាន។ ដូច្នេះបើមិនទាន់ដោះស្រាយចេញ យើងជំរុញឲ្យមានការដោះស្រាយរវាងថ្នាក់ដឹកនាំកំពូល។ យើងនឹងបន្តចរចាទៀត មិនមែនបានន័យថា ឈប់ទេ តែយើងនៅរង់ចាំ»។
ទន្ទឹមនឹងនេះ គណបក្សសង្គ្រោះជាតិ ក៏បានចេញសេចក្តីថ្លែងការណ៍មួយប្រកាសផ្អាកកិច្ចប្រជុំគណៈកម្មការចម្រុះរវាងបក្សទាំងពីរ និងស្នើឲ្យកែទម្រង់ស្ថាប័នរៀបចំការបោះឆ្នោត ព្រមទាំងកំណត់កាលបរិច្ឆេទបោះឆ្នោតឡើងវិញ។ គណបក្សសង្គ្រោះជាតិ ស្នើឲ្យគណបក្សប្រជាជនកម្ពុជា បើកការចរចារវាងថ្នាក់ដឹកនាំកំពូលជាថ្មីទៀត ដើម្បីទម្លាយភាពទាល់ច្រក។
ទោះជាបែបណាក្តី ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា លោក ប៊ិន ឈិន មានប្រសាសន៍ថា គណបក្សប្រជាជនកម្ពុជា នៅតែបើកចំហទ្វារឲ្យមានកិច្ចចរចាជាថ្មី ទោះបីក្នុងក្របខ័ណ្ឌណាក៏ដោយ។ លោកបន្តថា កិច្ចសន្ទនានៅថ្ងៃនេះមិនទទួលបានលទ្ធផល ដោយសារតែក្រុមការងាររបស់គណបក្សប្រឆាំង ទាមទារហួសដែនសមត្ថកិច្ចរបស់ក្រុមលោក។ ប៉ុន្តែ បើសិនជាមានការសម្របសម្រួលនយោបាយរវាងមេដឹកនាំកំពូលៗនោះ បញ្ហាអ្វីក៏ដោះស្រាយបានដែរ។ លោកបញ្ជាក់ថា ការទាមទាររបស់បក្សប្រឆាំងជារឿងមួយ ប៉ុន្តែសូមចាំថា រដ្ឋាភិបាលកំពុងដំណើរការដោយរលូនមិនមានឧបសគ្គនោះទេ៖ «កុំថាគណបក្សប្រជាជន ម៉េចក៏ខ្លាច មិនមែនខ្លាចទេ អោយរៀបទាំងអស់ ប៉ុន្តែរៀបឲ្យដើរបាន មិនមែនចងតែគណបក្សប្រជាជន ទេ តែចងជាតិកម្ពុជា ទាំងមូល»។
គណៈកម្មការកែទម្រង់ការបោះឆ្នោតនៃគណបក្សទាំងពីរ បើកការចរចាចំនួន ៤លើករួចមកហើយ ក្នុងនោះការចរចាលើកទី៣ ក៏មិនទទួលបានលទ្ធផលដែរ។ តែការចរចាលើកទី៣ កន្លងទៅ បក្សទាំងពីរព្រមព្រៀងគ្នាលើប្រធានបទចំនួន១៤ ហើយគ្រោងពិភាក្សាលម្អិតក្នុងសិក្ខាសាលាថ្នាក់ជាតិ ដើម្បីប្រមូលមតិយោបល់លើការកែទម្រង់។
នាយកប្រតិបត្តិគណៈកម្មាធិការអព្យាក្រឹត និងយុត្តិធម៌ដើម្បីបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជា ឬអង្គការ និកហ្វិច (Nicfec) លោក ហង្ស ពុទ្ធា មានប្រសាសន៍ថា ការស្នើឡើងរបស់បក្សប្រឆាំង ដើម្បីសុំឲ្យ គ.ជ.ប ជាស្ថាប័នធម្មនុញ្ញនោះ ជាប្រការគួរឲ្យចាប់អារម្មណ៍ និងគួរពិចារណា។ លោកបន្តថា ប្រវត្តិការបោះឆ្នោតនៅកម្ពុជា គឺគ្រប់ភាគីតែងតែចាញ់ឆ្នោតដោយមិនអស់ចិត្ត ហើយបក្សនយោបាយនីមួយៗមិនទុកចិត្តលើស្ថាប័នរៀបចំការបោះឆ្នោតទេ។ លោកបញ្ជាក់ថា គណបក្សជាប់ឆ្នោតទាំងពីរត្រូវរួមគ្នាកែទម្រង់ស្ថាប័នរៀបចំការបោះឆ្នោតនេះ ដើម្បីកសាងទំនុកចិត្តពីសំណាក់ពលរដ្ឋ៖ «ពលរដ្ឋកម្ពុជា ចង់បាននោះ គឺ គ.ជ.ប ឯករាជ្យ និងអព្យាក្រឹត្យ បើសិនជា គ.ជ.ប ឯករាជ្យនោះ ជាគោលការណ៍ប្រជាធិបតេយ្យ»។
មន្ត្រីគណបក្សកាន់អំណាចបញ្ជាក់ថា បើសិនជាដាក់ឲ្យស្ថាប័នរៀបចំការបោះឆ្នោតក្លាយជាស្ថាប័នធម្មនុញ្ញ ដែលទាមទារឲ្យមានការគាំទ្រសមាជិកសភាក្នុងសំឡេង២ភាគ៣នោះ ស្ថាប័ន គ.ជ.ប នឹងនៅជាប់គាំង ហើយមិនអាចដំណើរការទៅមុខរួច ដោយសារតែគណបក្សបានសំឡេងឆ្នោតតិច អាចធ្វើពហិការមិនទទួលស្គាល់ស្ថាប័នបោះឆ្នោតដដែល។ ប៉ុន្តែ មន្ត្រីបក្សប្រឆាំងប្រាប់ថា ការកែទម្រង់បែបនេះ គឺធ្វើដើម្បីប្រយោជន៍ជាតិ។ ការមិនត្រូវរ៉ូវគ្នារវាងបក្សទាំងពីរ ស្របពេលដែល លោក សម រង្ស៉ី កំពុងដើរប្រមូលការគាំទ្រពីសហគមន៍អន្តរជាតិ និងព្រមានពីការធ្វើបាតុកម្មបន្តទៀត តែរដ្ឋាភិបាលនៅតែបន្តអនុវត្តបម្រាមជួបជុំដដែល៕