ប្រជាជន​ខ្មែរ​នៅ​ក្រៅ​ប្រទេស​បាន​​ដាក់​ញត្តិ​​ទាមទារ​​សិទ្ធិ​បោះឆ្នោត


Op-Ed: ABC Khmer Services

ប្រជាជន​ខ្មែរ​នៅ​ក្រៅ​ប្រទេស​បាន​​ដាក់​ញត្តិ​​ទាមទារ​​សិទ្ធិ​បោះឆ្នោត

ដាក់បញ្ចូលថ្ងៃ 18 March 2014, 17:22 AEST

ញត្តិទាមទារ​​មួយ​ដែល​បច្ចុប្បន្ន​​មានអ្ន​ក​​ចុះ​ហត្ថលេខា​​គាំទ្រ​ប្រមាណ​ជា​ ៥០០ ហត្ថលេខា​ក្នុង​នោះ​ភាគ​ច្រើន​ជា​ខ្មែរ​ដែល​រស់​នៅ​សហរដ្ឋ​អាម៉េរិក ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​គណៈកម្មការ​ដើម្បី​សិទ្ធិ​បោះឆ្នោត​របស់​ខ្មែរ​នៅ​ក្រៅ​ប្រទេស​ (CEROC) ក្នុង​គោលបំណង​ស្នើ​សុំ​ឲ្យ​ប្រជាជន​ខ្មែរ​ដែល​រស់​នៅ​ក្រៅ​ប្រទេស​មាន​សិទ្ធិ​ចូលរួម​បោះឆ្នោតជ្រើស​តាំង​តំណាង​រាស្រ្ត​ក្នុង​ប្រទេស​ដើម​កំណើត​របស់​ខ្លួន​បាន។

Cambodia elections

ប្រជាជន​ខ្មែរ​នៅ​ក្រៅ​ប្រទេស​បាន​​ដាក់​ញត្តិ​​ទាមទារ​​សិទ្ធិ​បោះឆ្នោត (Credit: AFP)
សំឡេង៖ ប្រជាជន​ខ្មែរ​នៅ​ក្រៅ​ប្រទេស​បាន​​ដាក់​ញត្តិ​​ទាមទារ​​សិទ្ធិ​បោះឆ្នោត
(Credit: ABC)

លោក​ សេង​ សុភ័ណ​ ប្រធាន​ និង​ជា​អ្នក​ផ្តួច​ផ្តើម​បង្កើត​គណៈកម្មការ​ដើម្បី​សិទ្ធិ​បោះឆ្នោត​របស់​ខ្មែរ​នៅ​ក្រៅប្រទេស​មាន​ប្រសាសន៍​ថា​បើទោះជា​លោក​រស់​នៅ​ប្រទេស​ក្រៅ​​ក្តី តែ​ចិត្ត​គំនិត​ និង​អារម្មណ៍​របស់​លោក​នៅ​តែ​គិត​ដល់​​ប្រទេស​កំណើត​របស់​ខ្លួន ហើយ​លោក និង​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​រស់​នៅ​ក្រៅប្រទេស​​មាន​បំណង​ចង់បោះឆ្នោត​ដើម្បី​ជ្រើស​តាំង​តំណាង​របស់​ខ្លួន។

(សំឡេង​លោក សេង សុភ័ណ)

លោក​ សេង សុភ័ណ​បាន​បញ្ជាក់​ថា ប្រជាពលរដ្ឋ​ខ្មែរទាំង​ពីរ​ភេទ​​មាន​សិទ្ធិ​បោះឆ្នោត​ដោយ​ស្រប​តាម​ច្បាប់​រដ្ឋធម្មនុញ្ញ​ឆ្នាំ ១៩៩៣និង​ច្បាប់​បោះឆ្នោត​ឆ្នាំ ១៩៩៧ វិសោធនកម្មឆ្នាំ ២០០៧។ លោក​ក៏បាន​លើក​ឧទាហរណ៍​ពី​ប្រទេស​មួយ​ចំនួន​ដែល​បាន​ផ្តល់​សិទ្ធិ​ឲ្យ​ប្រជាពលរដ្ឋ​របស់​គេ​ដែល​រស់​នៅ​ក្រៅ​ប្រទេស​អាច​បោះឆ្នោត​បាន​ដែរ។

(សំឡេង​លោក សេង សុភ័ណ)

ទាក់​ទិន​នឹង​ករណី​នេះ លោក ហង្ស​ ពុទ្ធា ​នាយកប្រតិបត្តិ​គណៈកម្មការ​អព្យាក្រឹត និង​យុត្តិធម៌​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី និង​ត្រឹមត្រូវ​នៅ​កម្ពុជា​ មាន​ប្រសាសន៍​ថា​ ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​ពីរ​ភេទ​មាន​សិទ្ធិបោះឆ្នោត​បាន ​​ដោយ​លោក​បញ្ជាក់​ថា ស្ថាប័ន​រៀបការ​បោះឆ្នោត​គួរតែ​បង្ក​ឲ្យ​មាន​លក្ខណៈ​ងាយ​ស្រួល​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​រស់​នៅ​ក្រៅប្រទេស​ដើម្បី​​ឲ្យ​អាច​បោះឆ្នោត​បាន​។​

(សំឡេងលោក ហង្ស​ ពុទ្ធា)

គួរ​បញ្ជាក់​ថា​ ​គណៈកម្មការ​ដើម្បី​សិទ្ធិ​បោះឆ្នោត​របស់​ខ្មែរ​នៅ​ក្រៅប្រទេស​បាន​បង្កើត​ឡើង​នៅ​ថ្ងៃទី​ ៩ ខែ​មីនា​ ឆ្នាំ២០១៤ ​នេះ​ដើម្បី​ប្រមូល​ហត្ថលេខា​អ្នក​គាំទ្រ​ទាមទារ​សិទ្ធិ​បោះឆ្នោត​ជ្រើស​តាំង​តំណាង​របស់​ខ្លួននៅ​ក្នុង​ប្រទេស​ដើមកំណើត៕