មេដឹកនាំបក្សប្រឆាំងកម្ពុជាគាំទ្រច្បាប់សញ្ជាតិតែមួយ
Op-Ed: ABC Radio Khmer Services
មេដឹកនាំបក្សប្រឆាំងកម្ពុជាគាំទ្រច្បាប់សញ្ជាតិតែមួយ
នៅក្នុងខណៈពេលដែលបញ្ហាអាទិភាពធំៗបន្ទាន់ជាច្រើនមិនទាន់បានដោះ ស្រាយចេញរវាងគណបក្សសង្រ្គោះជាតិ និងគណបក្សប្រជាជនកម្ពុជា អស់ពេលប្រមាណ៨ខែក្រោយពីការបោះឆ្នោតជាតិខែកក្កដាឆ្នាំ២០១៣ កន្លងទៅនោះ, ថ្មីៗនេះបញ្ហាមួយទៀតបានផុសឡើងជុំវិញការលើកឡើងរបស់លោក ជាម យៀប តំណាងរាស្រ្ដគណបក្សប្រជាជនកម្ពុជា និងជាមន្រ្ដីតំណាងគណបក្សប្រជាជននៅក្នុងក្រុមចរចាបច្ចេកទេសជា មួយនឹងគណបក្សសង្រ្គោះជាតិ។ ពីរអាទិត្យមុននេះលោក ជាម យៀប បានលើកឡើងអំពីការចង់កែប្រែច្បាប់សញ្ជាតិកម្ពុជាដើម្បីកុំឲ្យ បេក្ខជនជាប់ឆ្នោតដែលមានសញ្ជាតិពីរឡើងកាន់អំណាចបាន។
ឆ្លើយតបទៅនឹងការចង់ឲ្យមានការកែប្រែច្បាប់សញ្ជាតិកម្ពុជានោះ លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងធ្វើទស្សនកិច្ចនៅក្នុងប្រទេសអូស្រ្ដាលីបានមានប្រសាសន៍ឆ្លើយបំភ្លឺជុំវិញរឿងនេះថា លោកមិនខ្លាចនឹងបោះបង់ចោលសញ្ជាតិបរទេសនោះទេ ហើយនឹងគាំទ្រការធ្វើវិសោធនកម្មច្បាប់នោះ។
(សំឡេងលោក សម រង្ស៊ី)
បញ្ហានេះក្នុងក្រសែភ្នែកអ្នកវិភាគនយោបាយមិនបានជួយដល់ស្ថានភាពចរចារវាងគណបក្សធំៗទាំងពីរដែលកំពុងប្រព្រឹត្ដទៅនោះឡើយ។ លោកបណ្ឌិត សុខ ទូច អ្នកវិភាគស្ថានភាពនយោបាយនៅកម្ពុជាបានមានប្រសាសន៍ប្រាប់វិទ្យុអូស្រ្ដាលីឲ្យដឹងថា គណបក្សនយោបាយមិនគួរលើកយករឿងបែបនេះមកនិយាយពេលនេះទេ។
(សំឡេងលោក សុខ ទូច)
មតិសាធារណៈជាច្រើននៅក្នុងប្រព័ន្ធផ្សព្វផ្សាយបានលើកឡើងថា ការធ្វើវិសោធនកម្មច្បាប់សញ្ជាតិនេះដែលមានមុខសញ្ញាកេងចំណេញនយោបាយនៅក្នុងស្ថានភាពបច្ចុប្បន្ន អាចជាកត្ដាធ្វើឲ្យគណបក្សប្រជាជនជាន់កែងជើងខ្លួនឯង ពីព្រោះថានៅក្នុងជួរមន្រ្ដីជាន់ខ្ពស់ជាច្រើននាក់ទៀតរបស់គណបក្សប្រជាជនកម្ពុជាមានអ្នកដែលបានវិលមកពីបរទេសជាច្រើននាក់ដែរដែលកាន់សញ្ជាតិពីរមកបម្រើការនៅប្រទេសកំណើតរបស់ខ្លួនបច្ចុប្បន្ន។ ហើយមតិខ្លះទៀតបានលើកឡើងថា បើសិនកែប្រែច្បាប់សញ្ជាតិនេះមែន គួរតែបោះសំណាញ់ឲ្យបានទូលាយធំជាងនេះ កុំផ្ដោតតែទៅលើអ្នកនយោបាយ តែត្រូវផ្ដោតទៅលើមន្រ្ដីស្ថាប័នជាច្រើនទៀតដែរ។
សម្រាប់លោក ផៃ ស៊ីផាន វិញដែលជាអ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្រ្ដីបានប្រាប់ឲ្យដឹងថា ឆន្ទៈនយោបាយនេះអាចនឹងនាំទៅរកការកែប្រែច្បាប់សញ្ជាតិរបស់កម្ពុជាទៅថ្ងៃអនាគត។
(សំឡេងលោក ផៃ ស៊ីផាន)
សូមជម្រាបថា បញ្ហាចង់កែប្រែច្បាប់ថ្មីនេះ មិនមែនទើបកើតមាននៅពេលនេះទេ។ កាលពីឆ្នាំ១៩៩៦ នៅមុនពេលមានព្រឹត្ដិការណ៍ធ្វើរដ្ឋប្រហារ ពេលដែលកម្ពុជាមានសហនាយករដ្ឋមន្រ្ដីពីររូប គឺលោក ហ៊ុន សែន និងសម្ដេចក្រុមព្រះនោះ គណបក្សប្រជាជនកម្ពុជាក៏ធ្លាប់បានគំរាមហាមប្រាមមិនឲ្យពលរដ្ឋខ្មែរមានសញ្ជាតិពីរកាន់តួនាទីនៅក្នុងជួររដ្ឋាភិបាលដែរ។ តែក្រោយមកនៅពេលដែលគណបក្សប្រជាជនកម្ពុជាមានសំឡេងភាគច្រើននៅក្នុងសភា មិនបានឃើញមានការលើកឡើងអំពីការធ្វើវិសោធនកម្មច្បាប់សញ្ជាតិកំណត់ឲ្យអ្នកនយោបាយមានសញ្ជាតិតែ១ទេ។ ទើបតែនៅក្នុងស្ថានភាពទាល់ច្រកនយោបាយទើបឃើញមានការលើកយករឿងនេះមកជជែក។
ប្រសិនបើមានច្បាប់កំណត់សញ្ជាតិតែ១នេះមែន ប្រទេសកម្ពុជានឹងដើរតាមលំនាំប្រទេសភូមា ដោយសារថា ច្បាប់រដ្ឋធម្មនុញ្ញភូមាមិនអនុញ្ញាតឲ្យពលរដ្ឋខ្លួន ឬប្ដី ឬប្រពន្ធ ឬកូនមានសញ្ជាតិបរទេសទេ ដែលបណ្ដាអ្នកវិភាគយល់ឃើញថា ធ្វើឡើងដើម្បីទប់ស្កាត់កុំឲ្យលោកស្រី អាំងសាន ស៊ូជី មេដឹកនាំបក្សប្រឆាំងភូមាដែលកំពុងមានប្រជាប្រិយភាពមិនអាចឡើងកាន់តំណែងជាប្រធានាធិបតីបានដោយសារលោកស្រីមានកូនកាន់សញ្ជាតិអង់គ្លេស។
ប៉ុន្ដែមានការរំពឹងទុកថា ប្រទេសនេះអាចនឹងធ្វើកំណែទម្រង់ច្បាប់ធម្មនុញ្ញរបស់ខ្លួនមុនពេលបោះឆ្នោតជាតិឆ្នាំ២០១៥ក្រោយនេះ ដើម្បីបើកផ្លូវឲ្យលោកស្រី អាំងសាន ស៊ូជី អាចក្លាយជាបេក្ខជនប្រធានាធិបតីបាន៕