លោក សម រង្ស៊ី ចោទ CPP ថា​គ្មាន​ចេតនា​ចរចា​ពិត​ប្រាកដ


លោក សម រង្ស៊ី ចោទ CPP ថា​គ្មាន​ចេតនា​ចរចា​ពិត​ប្រាកដ

Op-Ed: Post Khmer
WEDNESDAY, 12 MARCH 2014
មាស សុខជា

20140312_05a

លោក​ សម រង្ស៊ី ប្រធាន​គណ​បក្ស​សង្គ្រោះ​ជាតិ​ ក្នុង​សន្និសីទ​កា​សែត​មួយ​កន្លង​មក​។ រូបថត ផា លីណា

ភ្នំពេញៈ មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង​បាន​ប្រាប់​ទៅ​សហគមន៍​អន្តរជាតិ តាម​រយៈ​លិខិត​មួយ​កាល​ពី​ម្សិលមិញ​ថា ការ​ចរចា​រវាង​គណបក្ស​ប្រជាជន និង​គណបក្ស​សង្គ្រោះ​ជាតិ លើ​ប្រធានបទ កែ​ទម្រង់​ការ​បោះឆ្នោត ត្រូវ​ផ្អាក ដោយ​សារ​តែ​គណបក្ស​ប្រជាជន​មិន​ព្រម​ជជែក​ពី​ការ​រៀបចំ គ.ជ.ប. ឡើង​វិញ​ដែល​នេះ «ជា​យុទ្ធវិធី​របស់​គណបក្ស​ប្រជាជន​ដើម្បី​ក្រាញ​អំណាច»។

លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​សរសេរ​លិខិត​មួយ​ទៅ​សហគមន៍​អន្តរជាតិ​កាល​ពី​ម្សិលមិញ ដើម្បី​ប្រាប់​អំពី​បញ្ហា​ជម្លោះ​នយោបាយ​ដែល​កំពុង​បន្ត​មាន​បន្ទាប់​ពី​ការ​បោះឆ្នោត​នៅ កម្ពុជា។

នៅ​ក្នុង​លិខិត​លោក សម រង្ស៊ី បាន​ចោទ​ប្រកាន់​ថា យុទ្ធវិធី​របស់​គណបក្ស​ប្រជាជន ក្នុង​ការ​ចរចា គឺ​គ្រាន់​តែ​ជា​ការ​ពន្យារ​ពេល ដើម្បី​ក្រាញ​អំណាច​ដែល​នឹង​ធ្វើ​ឲ្យ​អនាគត​ប្រទេស​កម្ពុជា​មាន​ភាព​អាប់អួរ។

លោក សរសេរ​ថា៖ «ការ​ចរចា​រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ស្តីពី​កំណែ​ទម្រង់​កំពុង​ជាប់​គាំង​ដោយ​សារ​គណបក្ស​ប្រជាជន​មិន​ព្រម​ចរចា​ការ​ផ្លាស់​ប្តូរ​សមាសភាព​នៃ​ស្ថាប័ន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ដែល​សំខាន់​ចំពោះ​ការ​រៀបចំ​ការ​បោះឆ្នោត​នា​ពេល​ខាង​មុខ ហើយ​ដែល​បច្ចុប្បន្ន​ស្ថាប័ន​នេះ ស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​គណបក្ស​កាន់​អំណាច»។

លោក សម រង្ស៊ី បាន​លើក​ឡើង​ជា​ថ្មី​ទៀត​ថា ដើម្បី​ដោះស្រាយ​ភាព​ជាប់​គាំង​នយោបាយ​បច្ចុប្បន្ន និង​ការពារ​មិន​ឲ្យ​មាន​អស្ថិរភាព​នយោបាយ​និង​ដើម្បី​ពិភាក្សា​បញ្ហា​ភាព​ស្រប​ច្បាប់​នៃ​រដ្ឋាភិបាល កម្ពុជា គណបក្ស​សង្គ្រោះ​ជាតិ​ទាមទារ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ឯករាជ្យ​ទៅ​លើ​ការ​បោះឆ្នោត​ឆ្នាំ​មុន​ឬ​រៀបចំ​ឲ្យ​មាន​ការ​បោះឆ្នោត​ជា​ថ្មី​មុន​អាណត្តិ​ខណៈ​ដែល​ការ​ទាមទារ​ទាំង​ពីរ​នេះ​ត្រូវ​បាន​ច្រាន​ចោល​ដោយ​គណបក្ស​ប្រជាជន។

លោក សម រង្ស៊ី មិន​អាច​ទាក់​ទង​សុំ​អត្ថាធិប្បាយ​បន្ថែម​បាន​ទេ កាល​ពី​ម្សិលមិញ។

ប៉ុន្តែ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យ៉ែម បុញ្ញឫទ្ធិ បាន​បញ្ជាក់​ថា ក្រុម​ការងារ​គណបក្ស​សង្គ្រោះ​ជាតិ កំពុង​ជជែក​ជាមួយ​ក្រុម​ការងារ​គណបក្ស​ប្រជាជន​ស្តី​ពី​ការ​ផ្លាស់​ប្តូរ​សមាសភាព​របស់ គ.ជ.ប មុន​កិច្ច​ប្រជុំ​នៅ​សប្តាហ៍​ក្រោយ ហើយ​បាន​ព្រមាន​ថា ប្រសិន​បើ​គណបក្ស​ប្រជាជន​មិន​ឯកភាព​ចំពោះ​ការ​ទាមទារ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ការ​ចរចា​នៅ​សប្តាហ៍​ក្រោយ​នឹង​លុប​ចោល។

លោក យ៉ែម បុញ្ញឫទ្ធិ បាន​ថ្លែង​បន្ត​ថា៖ «ប្រសិន​បើ​គណបក្ស​ប្រជាជន នៅ​តែ​មិន​ទទួល​យក​ការ​ទាមទារ​របស់​យើង យើង​មិន​ដឹង​ថា តើ​យើង​ទៅ​ជជែក​ធ្វើ​អ្វី​ទេ ប៉ុន្តែ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​តែ​ត្រៀម​ជជែក​នៅ​ពេល​គណបក្ស​ប្រជាជន ព្រម​ធ្វើ​កំណែ​ទម្រង់​ពិត​ប្រាកដ»។

លោក ប៊ិន ឈិន ឧប​នាយក​រដ្ឋ​មន្ត្រី ដែល​ជា​ប្រធាន​ក្រុម​ចរចា​គណបក្ស​ប្រជាជន​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ទេ​កាល​ពី​ម្សិលមិញ។

គណបក្ស​ប្រជាជន​កម្ពុជា​ក៏​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ​ផង​ដែរ កាល​ពី​ម្សិលមិញ ដោយ​បញ្ជាក់​ថា ខ្លួន​បាន​យល់​ព្រម​ដាក់​ប្រធានបទ​នៃ «កំណែ​ទម្រង់​ស្ថាប័ន​បោះឆ្នោត» ទៅ​ក្នុង​ក្របខ័ណ្ឌ​នៃ​កំណែ​ទម្រង់​ការ​បោះឆ្នោត ប៉ុន្តែ​ខ្លួន​មិន​យល់​ព្រម​ធ្វើ​ឲ្យ​ស្ថាប័ន​បោះឆ្នោត​ក្លាយ​ជា​ស្ថាប័ន​ធម្មនុញ្ញ និង​អនុម័ត​សមាសភាព​នៃ​ស្ថាប័ន​នេះ​ដោយ​សំឡេង​ពីរ​ភាគ​បី​នៃ​តំណាង​រាស្រ្ត​ទាំង​មូល​ទេ។

សេចក្តី​ថ្លែង​ការណ៍​បន្ត​ថា៖ «គណបក្ស​ប្រជាជន​មាន​ការ​សោក​ស្តាយ​ដែល​គណបក្ស​សង្គ្រោះ​ជាតិ នៅ​តែ​យក​បញ្ហា​នេះ​ធ្វើ​ជា​លក្ខខណ្ឌ​ដែល​បណ្តាល​ឲ្យ​មាន​ភាព​ជាប់​គាំង​សម្រាប់​ដំណើរការ​នៃ​កំណែ​ទម្រង់​ការ​បោះឆ្នោត​នា​ពេល​ខាង​មុខ»។ សេចក្តី​ថ្លែង​ការណ៍​បន្ថែម​ថា គណបក្ស​ប្រជាជន​កម្ពុជា នៅ​តែ​រក្សា​គោល​ជំហរ​របស់​ខ្លួន​ឲ្យ​មាន​ការ​ចរចា​បន្ត​ទៀត​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​ទៅ​តាម​ស្មារតី​នៃ​កិច្ច​ប្រជុំ​ថ្ងៃ ទី១០ ខែ មីនា ឆ្នាំ ២០១៤។

អ្នក​វិភាគ​នយោបាយ​ឯករាជ្យ លោក កែម ឡី និង​នាយក​ប្រតិបត្តិ​នៃ​អង្គការ​ឃ្លាំ​មើល​ការ​បោះឆ្នោត NICFEC លោក ហង្ស ពុទ្ធា បាន​ហៅ​ការ​ចរចា​រវាង​គណបក្ស​ប្រជាជន​និង​គណបក្ស​សង្គ្រោះ​ជាតិ​ថា​ជា «ការ​ចរចា​គ្មាន​គោលការណ៍​ច្បាស់​លាស់»។

លោក កែម ឡី បាន​និយាយ​ថា៖ «ការ​ចរចា​បែប​នេះ វា​អាស្រ័យ​ទៅ​លើ​អារម្មណ៍​អាស្រ័យ​ទៅ​លើ​តម្រូវ​ការ​របស់​ភាគី​នីមួយៗ។ ពួក​គេ​មិន​បាន​បង្កើត​គោល​ការណ៍​នៅ​ក្នុង​ការ​ចរចា ខ្ញុំ​គិត​ថា វា​មិន​ទទួល​បាន​ជោគជ័យ​ទេ»។

លោក​បន្ថែម​ថា ភាគី​ទាំង​ពីរ​មិន​មាន​ឆន្ទៈ​ពិត​ប្រាកដ ក្នុង​ការ​ចរចា ហើយ​លោក​ថា ការ​ចរចា​នេះ​អាច​ជោគជ័យ​បាន​លុះ​ត្រា​តែ​មាន​ភាគី​ទី​បី ធ្វើ​ជា​អ្នក​សម្រុះ​សម្រួល។

លោក ហង្ស ពុទ្ធា ថ្លែង​ថា៖ «ការ​ចរចា​សម្រេច​អ្វី​មួយ​ត្រូវ​តែ​បង្កើត​អនុ​គណៈកម្មការ​បន្ត​ធ្វើ​ការងារ​នោះ។ គណបក្ស​ទាំង​ពីរ​មិន​មាន​ជម្រើស​ណា​ផ្សេង​ក្រៅ​ពី​ការ​ចូល​តុ​ចរចា​ទេ»។

យ៉ាង​ណា​ក៏​ដោយ​គណបក្ស​ប្រជាជន និង​គណបក្ស​សង្គ្រោះ​ជាតិ បាន​កំណត់​ពេល​រួច​ហើយ​ថា នឹង​ជួប​ចរចា​ជា​ថ្មី​ទៀត​នៅ​ថ្ងៃ​ចន្ទ​សប្តាហ៍​ក្រោយ៕ PS