លោក ហង្ស ពុទ្ធា ថា ពលរដ្ឋចំណាកស្រុកអាចបោះឆ្នោតនៅកន្លែងរស់នៅថ្មីបាន
អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លោក ហង្ស ពុទ្ធា បានបញ្ជាក់ថា នៅអាណត្តិក្រោយនេះ ប្រជាពលរដ្ឋដែលចំណាកស្រុកនៅក្នុងប្រទេសអាចបោះឆ្នោត នៅគ្រប់ទីកន្លែងស្នាក់នៅថ្មីរបស់ពួកគេបាន ដោយមិនចាំបាច់ចំណាយពេលទៅទីកន្លែងកំណើតដូចមុនឡើយ។
ក្រោយការជួបពិភាក្សាពីកិច្ចការបោះឆ្នោតរវាង គ.ជ.ប និងឯកអគ្គរាជទូតសហភាពអឺរ៉ុប នៅព្រឹកនេះលោក ហង្ស ពុទ្ធា បានបន្ថែមថា ពលរដ្ឋដែលមិនចង់ចំណាយពេលវេលា និងចំណាយថវិការធ្វើដំណើទៅបោះឆ្នោតនៅកន្លែងចាស់នោះ ពួកគេអាចសុំការបញ្ជាក់ទីលំនៅថ្មីពីមេភូមិ ឬសង្កាត់ ដោយយកលិខិតនោះភ្ជាប់ជាមួយអត្តសញ្ញាណប័ណ្ណ ហើយពួកគេអាចបោះឆ្នោតនៅទីស្នាក់នៅថ្មីនេះបាន។
អ្នកនាំពាក្យរូបនេះបញ្ជាក់ដូច្នេះថា៖«ប្រជាពលរដ្ឋដែលអញ្ជើញមកពីខេត្តមករស់នៅភ្នំពេញ នៅពេលដែលពួកគេមានទីសំណាក់ហើយ ពួកគេមានបំណងចង់បោះឆ្នោតលោកអាចធ្វើការចុះឈ្មោះនៅក្នុងឃុំសង្កាត់នោះបាន។ ដូច្នេះពួកគាត់គ្រាន់តែស្នើសុំទៅអាជ្ញាធរ ដើម្បីឲ្យបញ្ជាក់លិខិតទីសំណាក់ដែលគាត់ស្នាក់នៅនេះ បូកជាមួយអត្តសញ្ញាណសញ្ជាតិខ្មែរ គាត់អាចចុះឈ្មោះបោះឆ្នោតបានហើយ»។
តែយ៉ាងណាលោក ហង្ស ពុទ្ធា បញ្ជាក់ថា ប្រជាពលរដ្ឋដែលចំណាកស្រុកទៅរស់នៅ និងធ្វើការនៅក្រៅប្រទេសនោះ ក្នុងច្បាប់ គ.ជ.ប មិនអនុញ្ញាតិនិងជួយសម្រួលឲ្យពួកគេអាចបោះឆ្នោតបានដូចពលរដ្ឋចំណាកស្រុកនៅក្នុងប្រទេសឡើយ។ អ្នកនាំពាក្យរូបនេះ ក៏អំពាវឲ្យពលរដ្ឋចំណាកស្រុកក្រៅប្រទេសទាំងអស់ ដែលចង់ចូលរួមការបោះឆ្នោតអាណត្តិក្រោយនេះ គប្បីធ្វើដំណើរមកចុះឈ្មោះបោះឆ្នោតនៅពេលខាងមុខនេះ ដោយ គ.ជ.ប អាចជួយពន្យាពេលបីខែសម្រាប់ពួកគេ។
សម្រាប់លោក ហង្ស ពុទ្ធា ដំណើរការបោះឆ្នោតនៅពេលខាងមុខនេះនឹងអាចប្រព្រឹត្តទៅយ៉ាងល្អប្រសើរ និងគ្មានឧបសគ្គអ្វីឡើយ ដោយសារមានការជួយជ្រោមជ្រែងពីសហភាពអឺរ៉ុប និងជប៉ុនកន្លងមកនេះ។ បើតាមលោក ហង្ស ពុទ្ធា សហភាពអឺរ៉ុបបានផ្ដល់ជំនួយថវិកា ប្រមាណជា៦,៧ លានដុល្លារហើយ សម្រាប់ការរៀបចំការបោះឆ្នោតនេះ៕
Source: ThmeyThmey