លោក ហ៊ុន សែន គំរាមរៀបចំការបោះឆ្នោតខ្លួនឯងបើអន្តរជាតិភ្ជាប់បញ្ហាបក្សប្រឆាំង
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាងថាកម្ពុជានឹងប្រើថវិកាជាតិសម្រាប់ដំណើរការរៀបចំការបោះឆ្នោតដោយមិនពឹងលុយជំនួយ បើសហគន៍អន្តរជាតិនៅតែបន្តដាក់សម្ពាធទាក់ទងស្ថានភាពនយោយនៅកម្ពុជា។
កន្លងទៅសហភាពអឺរ៉ុបជាម្ចាស់ជំនួយធំមួយដល់កម្ពុជាដែរនោះ ធ្លាប់បានជំរុញឲ្យគណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិវិលទៅរកតុចរចាស្វែងរកដំណោះស្រាយនយោបាយដែលសហគមន៍អន្តរជាតិដាក់ការព្រួយបារម្ភថា បើអ្នកនយោយខ្មែរនៅតែបន្តខ្វែងគំនិតគ្នា អាចនឹងប៉ះពាល់ដល់ដំណើរការរៀបចំការបោះឆ្នោតឆ្នាំ២០១៧និង២០១៨។
ប៉ុន្តែគិតត្រឹមថ្ងៃទី២៩ខែមិថុនានេះ គណបក្សទាំងពីរមិនទាន់បានកំនត់ពេលវេលាជាក់លាក់វិលទៅរកតុចរចានៅឡើយទេ ដោយមេដឹកនាំបក្សកាន់អំណាចលោកនាយករដ្ឋមន្ត្រីអះអាងថាការចាប់ឃុំខ្លួនមន្ត្រីសង្គមស៊ីវិល មន្ត្រី គ.ជ.ប មន្ត្រីបក្សប្រឆាំង រួមទាំងការព្យាយាមចាប់ខ្លួនប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ផង លោកថាជានីតិវិធីរបស់តុលាការ វប្បធម៌សន្ទនាមិនអាចដំណើរការរំលោភស្ថាប័នតុលាការនេះបាន។
ក្នុងពិធីរំលឹកខួប៦៥ឆ្នាំនៃការបង្កើតស្ថាប័នគយនិងរដ្ឋាករដែលធ្វើឡើងក្នុងរាជធានីភ្នំពេញនាថ្ងៃទី២៩ខែមិថុនានេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងបែបចំអកថាបើម្ចាស់ជំនួយនៅតែបារម្ភចំពោះលោក កឹម សុខា ដែលកំពុងបន្តនៅក្នុងស្នាក់ការនោះ លោកថារដ្ឋាភិបាលនឹងបញ្ចេញថវិកាជាតិរៀបចំដោយដំណើការចុះឈ្មោះបោះឆ្នោត ដោយមិនពឹងលើជំនួយនោះទេ។
លោកថា៖ «បើអស់លោកមិនចុះ ខ្ញុំចុះដើម្បីធានាដល់ការបោះឆ្នោត កម្ពុជាហានស៊ីហានសង ហើយសុំប្រទេសដែលចង់ផ្តល់ជំនួយការចុះឈ្មោះ[បោះឆ្នោត]កុំគំរាមថា រឿងនេះមិនអាចចុះឈ្មោះបាន វាមិនដែលម៉ែអាណាបង្កើតរឿងខ្លួនឯងទៅរកស្រីញីទៅរកស្អីឯណាបង្កើតរឿងខ្លួនឯង អាខ្លះសូកសាក្សីស្អីៗ រឿងមនុស្សប៉ុន្មាននាក់ទៅរារាំងការចុះឈ្មោះបោះឆ្នោតដែលប្រជាជនមានសិទ្ធិចុះឈ្មោះបោះឆ្នោតប្រមាណ៩ឬ១០លាននាក់នោះទេ។ សូមកុំយកអារឿងហ្នឹងធ្វើហេតុផល មិនជួយទេហី និយាយឲ្យច្បាស់ជាមួយគ្នាអញ្ចឹងម៉ង មិនជួយទេហី។ ហើយបោះទៀត នៅតែបោះហ្នឹង យើបញ្ជេញថវិកាបោះហើយកុំប្រើជំនួយដើម្បីធ្វើការគាបសង្កត់កម្ពុជា»។
អំឡុងជាប់គាំងនយោបាយក្រោយការបោះឆ្នោតឆ្នាំ២០១៣ លោកនាយករដ្ឋមន្ត្រីបានស្វែងរកជំនួយពីសហគមន៍អន្តរជាតិ ពិសេសសហភាពអឺរ៉ុបនិងប្រទេសជប៉ុនឲ្យជួយកម្ពុជាលើយន្តការរៀបចំការបោះឆ្នោត ក្រោយពីកម្ពុជាមានបញ្ហាជាបន្តបន្តាប់ក្រោយការបោះឆ្នោតម្តងៗ។
សហភាពអ៊ឺរ៉ុបបានប្រកាសថានឹងផ្តល់ជំនួយប្រមាណជាង១០លានដុល្លារលើដំណើរការកែទម្រង់ គ.ជ.ប។
កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៦ សហភាពអឺរុបបានចេញសេចក្តីថ្លែងការណ៍អំពាវនាវឲ្យអាជ្ញាធរកម្ពុជាទម្លាក់ចោលការចោទប្រកាន់នានាប្រឆាំងមេបក្សប្រឆាំង សមាជិករដ្ឋសភា និងព្រឹទ្ធសភារបស់គណបក្សនេះ។
សហភាពអ៊ឺរុបក៏អំពាវនាវឲ្យរដ្ឋាភិបាលដោះលែងអ្នកការពារសិទ្ធិមនុស្សនៅសមាគមអាដហុកបួនរូប អគ្គលេខាធិការរង គ.ជ.ប ដែលកំពុងជាប់ឃុំ និងបានជំរុញឲ្យពិនិត្យមើលការផ្តល់ជំនួយនេះឡើងវិញ អាស្រ័យលើការបើកទូលាយនៃលំហូរសេរីភាពនិងការគោរពសិទ្ធិមនុស្សនៅកម្ពុជា។
មិនតែប៉ុណ្ណោះសហភាពអឺរ៉ុបនិងបណ្តាប្រទេសមួយចំនួនទៀតរួមទាំងប្រទេសជប៉ុនផង បានសន្យាផ្តល់ជំនួយជាឧបករណ៍បច្ចេកទេសនិងអ្នកជំនាញដល់កម្ពុជាសម្រាប់ដំណើរការបោះឆ្នោត។