លិខិតថ្លែងអំណរគុណចំពោះឯកឧត្តមសុន ឆ័យ

ឯកឧត្តមសុន ឆ័យ

អភិបាលនៃក្រុមតំណាងរាស្រ្ត គណបក្សសង្គ្រោះជាតិ

យោងទៅលើ៖ លិខិតឆ្លើយតបរបស់ឯកឧត្តមចុះថ្ងៃទី២២ កក្កដា ២០១៧

គណៈកម្មាធិការដើម្បីសិទ្ធិបោះឆ្នោតរបស់ពលរដ្ឋខ្មែរនៅក្រៅប្រទេសហៅកាត់ថាស៊ីរ៉ក់ បាន ទទួលរួចហើយនូវសារឆ្លើយតបរបស់ឯកឧត្តមទៅនឹងលិខិតសំណូមពររបស់យើងខ្ញុំចុះថ្ងៃទី៤ កក្កដា ២០១៧។ យើងខ្ញុំសូមសំដែងនូវសេចក្តីត្រេកអរនិងអំណរគុណនូវការយកចិត្តទុកដាក់នូវសំលេង ការឈឺឆ្អាល និងសំណូមពររបស់ប្រជាពលរដ្ឋដូច្នេះ។

យើងខ្ញុំគាំទ្រនូវប្រសាសន៍របស់ឯកឧត្តមស្នើអោយគ.ជ.ប.ពិនិត្យមើលលទ្ធភាពដាក់ស្នើ កញ្ចប់ថវិកាដល់រដ្ឋាភិបាលដើម្បីបានជាមធ្យោបាយរៀបចំចុះឈ្មោះបោះឆ្នោតនិងការបោះឆ្នោតសំរាប់ ពលរដ្ឋខ្មែរទាំងក្នុងប្រទេសនិងក្រៅប្រទេសទាំងអស់។ ទន្ទឹមនឹងនេះ យើងខ្ញុំនៅតែឆ្វេងយល់ដែរថា គ.ជ.ប.មានដែនសមត្ថកិច្ចពេញលេញក្នុងការរៀបចំការបោះឆ្នោតមួយដែលយើងអាចទទួលយកបាន ទាំងអស់គ្នាដោយមិនគួរមានប្រជាពលរដ្ឋក្រុមណាមួយត្រូវបានគេដកហូតសិទ្ធិបោះឆ្នោតឡើយ ជា ពិសេសគ.ជ.ប.ត្រូវស្នើទៅរដ្ឋសភាក្នុងការធ្វើវិសោធនកម្មច្បាប់ណាដែលខ្លួនគិតថាជួយអោយការបំពេញតួនាទីរបស់គ.ជ.ប.ប្រកបដោយសេរីយុត្តិធម៌និងគ្មានការរើសអើសប្រជាពលរដ្ឋអ្នកបោះឆ្នោតរបស់ខ្លួន។

យើងខ្ញុំសូមសំដែងនូវកតញ្ញូតាធម៌ចំពោះឯកឧត្តមក្នុងនាមជាអភិបាលនៃក្រុមតំណាងរាស្ត្រ គណបក្សសង្គ្រោះជាតិក្នុងការផ្តួចផ្តើមអោយមានការធ្វើវិសោធនកម្មច្បាប់ដែលអាចធានាថាពលរដ្ឋខ្មែរទោះនៅក្នុងប្រទេសក្តីនៅក្រៅប្រទេសក្តី ត្រូវមានសិទ្ធិចូលរួមបោះឆ្នោតនៅកម្ពុជា។ យើងខ្ញុំទទូចអង្វរ គណបក្សនយោបាយដែលមានតំណាងរាស្រ្តនៅក្នុងរដ្ឋសភាទាំងអស់ ត្រូវសហការគ្នាតាក់តែងច្បាប់ ដែលមានប្រយោជន៍រួមសំរាប់ជាតិនិងធានានិរន្តរភាពនៃលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសមួយនេះ។

ដូច្នេះយើងខ្ញុំសង្ឃឹមមុតមាំថាគ្រប់គណបក្សនយោបាយទាំងអស់នឹងដាក់វារៈនេះជាអាទិភាពក្នុងរដ្ឋសភាជាតិ។ សូមឯកឧត្តមទទួលបាននូវពុទ្ធពរទាំងឡាយ៤ប្រការកុំបីឃ្លៀងឃ្លាតឡើយ។

ធ្វើនៅប្រទេសកាណាដា ថ្ងៃទី២៥ កក្កដា ២០១៧

សេង សុភ័ណ

ប្រធានគណៈកម្មាធិការដើម្បីសិទ្ធិបោះឆ្នោតរបស់ពលរដ្ឋខ្មែរនៅក្រៅប្រទេស

អានអត្ថបទទាំងស្រុងជាភីឌីអេស

response letter to HE Son Chhay_20170726_175342 response letter to HE Son Chhay_20170726_175426