បទបង្ហាញដោយសង្ខេប
ជាបថម ខ្ញុំព្រះករុណាសូមក្រាបថ្វាយបង្គំព្រះសង្ឃគ្រប់ព្រះអង្គ
សូមគោរពឯកឧត្តមយឹម សុវណ្ណ និងបងប្អូនជនរួមជាតិទាំងអស់ជាគោរពរាប់អាន
ថ្ងៃនេះខ្ញុំបាទសេង សុភ័ណ មានកិត្តិយសដែលបានធ្វើបទបង្ហាញដោយសង្ខេបអំពីកិច្ចខិតខំព្យាយាមរបស់គណកម្មការដើម្បីសិទ្ធិបោះឆ្នោតរបស់ពលរដ្ឋខ្មែរនៅក្រៅប្រទេសនិងព្រឹត្តិការណ៏ថ្មីៗដែលកំពុងកើតឡើងនៅកម្ពុជា។
ខ្ញុំព្រះករុណាខ្ញុំបាទសូមអរគុណឯកឧត្តមយឹម សុវណ្ណដោយផ្ទាល់ ដែលលោកបានចុះហត្ថលេខាក្នុងចំណោមតំណាងរាស្រ្តទាំង៣៣រូបដែលផ្តួចផ្តើមឡើងដោយឯកឧត្តមសុន ឆៃ ក្នុងការដាក់សំណើរពង្រាងច្បាប់ទៅរដ្ឋសភាដើម្បីធ្វើវិសោធនកម្មច្បាប់អោយពលរដ្ឋខ្មែរនៅក្រៅប្រទេសបានមានសិទ្ធិចុះឈ្មោះបោះឆ្នោតនិងបានបោះឆ្នោតដោយងាយស្រួល។ គណកម្មការអចិន្ត្រៃយ៏បានអនុមត្តិសម្រេចហើយ សព្វថ្ងៃកំពុងឋិតក្នុងដៃរបស់គណកម្មការនិតិកម្ម។ បើយោងទៅតាមបទបញ្ជាផ្ទៃក្នុងរបស់រដ្ឋសភា គណកម្មការនីតិកម្មមិនអាចប្រើពេលវេលាយូរពេកទេ ដើម្បីបញ្ជូនទៅសភាពេញអង្គធ្វើការបោះឆ្នោតសម្រេច។ តាមមាត្រា៤០នៃនីតិវិធីបោះឆ្នោតក្នុងការធ្វើវិសោធនកម្មច្បាប់ម្តងៗ ទាមទារអោយមានការបោះឆ្នោតជាសំងាត់ ដើម្បីរក្សាការពារសុចរិតភាពរបស់តំណាងរាស្ត្រម្នាក់ៗ។
សំរាប់ការចាប់ខ្លួនឯកឧត្តមកឹម សុខា ជាតំណាងរាស្ត្រនិងជាប្រធានគណបក្សសង្គ្រោះជាតិ គឺមានលក្ខណៈស្រដៀងគ្នានឹងការគំរាមកំហែងដល់លោកសម-រង្ស៊ី អោយលោកនិរទេសខ្លួនឯងអោយនៅក្រៅប្រទេសក៏ដូចជាលាឈប់ពីប្រធានគណបក្សសង្គ្រោះជាតិ។ គោលបំណងនៃការចាប់នេះគឺជាគំរាមកំហែលដល់ប្រព័ន្ធបោះឆ្នោតនៅកម្ពុជាក្នុងការធានាអោយមានសេរីនិងយុត្តិធម៍។ សូមបញ្ជាក់ថាបើការបោះឆ្នោតធ្វើឡើងគ្រាន់តែបង្គ្រប់កិច្ចអោយជនផ្តាច់ការជាអ្នកឈ្នះទេ នោះមិនអាចហៅថាប្រជាធិបតេយ្យទេ។ ឆ្លើយតបនឹងបញ្ហានេះដឺស៊ីរ៉ក់បានធ្វើលិខិតទៅឯកឧត្តមស៊ិក-ប៊ុនហុក ប្រធានគណកម្មការជាតិរៀបចំការបោះឆ្នោត ដើម្បីចង់ដឹងថាគ.ជ.បគួរផ្អាកការបោះឆ្នោតឬគួរបន្តកិច្ចការរបស់ខ្លួនក្នុងកាលៈទេសៈបច្ចុប្បន្ននេះ ដោយសួរទៅរដ្ឋាភិបាលអំពីសមត្ថភាពក្នុងការរក្សានូវលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សនៅកម្ពុជា? គណកម្មការយើងខ្ញុំមិនទាន់ទទួលបានចំឡើយទេមកទល់ពេលនេះ។
• ស្របតាមលក្ខណ្ឌបច្ចុប្បន្ននិងហេតុការណ៏រដ្ឋប្រហារនៅឆ្នាំ២០០៧ លោកហ៊ុន-សែន ប្រើអំណាចក្រៅរដ្ឋធម្មនុញ្ញដើម្បីគំរាមកំហែងនិងកាត់បន្ថយកំឡាំងដៃគូរប្រកួតរបស់គាត់ ហើយធ្វើខ្លួនឯងអោយមានភាពប្រាកដនិយមថាខ្លួននឹងឈ្នះនៅរាល់ការបោះឆ្នោតតែប៉ុណ្ណោះ។
• គណបក្សសង្គ្រោះត្រូវមានភាពប្រាកដនិយមនៅក្នុងខ្លួនជានិច្ច ស្របតាមតំណាងរាស្ត្រទាំង៥៥កៅអីដែលខ្លួនមានបច្ចុប្បន្នអាចបន្តការងាររបស់ខ្លួនយ៉ាងណាដើម្បីធានាថាជនមានអំណាចមិនអាចប្រើអំណាចក្រៅរដ្ឋធម្មនុញ្ញរបស់ខ្លួនបាន។ បញ្ហានេះ ខ្ញុំបានសរសេរនិងធ្វើបទវិភាគច្រើនណាស់តាមរយៈ www.sophanseng.info ចាប់តាំងពីការចូលសភានៅឆ្នាំ២០១៤មកម្លេះ។
• ក្នុងចំណោមអ្នកនយោបាយខ្មែរគ្រប់គណបក្សនយោបាយទាំងអស់ ជាពិសេសបក្សដឹកនាំរដ្ឋាភិបាល គឺមានតែប្រហែលមិនដល់១០ភាគរយផងដែលរមែងប្រើអំណាចក្រៅរដ្ឋធម្មនុញ្ញដើម្បីសំរេចបំណងនិងមហិច្ឆិតារបស់ខ្លួន សុទិដ្ឋិនិយមគឺថាតើចំនួនជាង៩០ភាគរយទៀតគួរធ្វើកិច្ចការអ្វីខ្លះដើម្បីអោយអ្នកទាំងអស់គ្នាមានសុខដុមរមនាក្រោមឆ័ត្ររដ្ឋធម្មនុញ្ញតែមួយទាំងអស់គ្នា?
• ជាការត្រេកអរដែលគណបក្សសង្គ្រោះជាតិមានគោលជំហរនឹងមិនលៈបង់ការតស៊ូរបស់ខ្លួន បន្តការងារទៅមុខទៀតឈានទៅរកការបោះឆ្នោតដើម្បីការផ្លាស់ប្តូរនៅឆ្នាំ២០១៨។ រដ្ឋមន្ត្រីក្រសួងយុត្តិធម៏ រដ្ឋមន្ត្រីក្រសួងពត៍មាន ឬក៏ប្រធាននាយកដ្ឋានពន្ធដាររឿងកាសែតខាំបូឌៀដែលលី ឬក៏អ្នកដែលរមែងប្រើពាក្យថាបដិវត្តព៍ណដោយខ្វះទំនួលខុសត្រូវជាដើម គួរត្រូវហៅមកសាកសួរនៅរដ្ឋសភាស្របតាមរដ្ឋធម្មនុញ្ញដើម្បីបញ្ជាក់ពីគោលជំហរនិងការបំពេញតួនាទីរបស់ខ្លួនអោយបានត្រឹមត្រូវតាមច្បាប់។ល។និង។ល។
• ថ្ងៃ២៣ ខែតុលា ខាងមុខ យើងខ្ញុំនឹងជ្រើសយកទីនេះម្តងទៀតដើម្បីរំលឹកខួប១៧ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។ យើងខ្ញុំសូមអំពាវនាវដល់បងប្អូនទាំងអស់ចូលរួមអោយបានច្រើនកុះករដើម្បីចូលរួមជាមួយបងប្អូនខ្មែរយើងជុំវិញពិភពលោក រំលឹកនិងជំរុញអោយមានការបដិបត្តិតាមកិច្ចព្រមព្រៀងដែលមានជាធរមាននេះអោយមានផ្លែផ្កាជាវិជ្ជមានសំរាប់នាវាកម្ពុជា។
ទីក្រុងវ៉ែនកូវើរ ថ្ងៃអាទិត្យ ទី១៧ ខែកញ្ញា ឆ្នាំ២០១៧
សូមអរព្រះគុណនិងសូមអរគុណ
សេង សុភ័ណ
ប្រធានគណកម្មការដើម្បីសិទ្ធិបោះឆ្នោតរបស់ពលរដ្ឋខ្មែរនៅក្រៅប្រទេស