ខ្មែរក្រៅប្រទេសសកម្មពេលអ្នកក្នុងស្រុករងការគាបសង្កត់
Op-Ed: VOA Khmer
បាតុកម្មថ្មីៗនេះ បានកើតមានឡើងនៅទីក្រុងហ្ស៊ឺណែវប្រទេសស្វ៊ីស និងនៅទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី ក្នុងខណៈពេលដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុងចូលរួមកិច្ចប្រជុំកំពូលរវាងមេដឹកនាំអាស៊ាននិងអូស្ត្រាលី។
បាតុកម្មស្រដៀងគ្នានេះបានកើតមានឡើងកាលពីចុងសប្តាហ៍មុននៅទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី ក្នុងខណៈពេលដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុងចូលរួមកិច្ចប្រជុំកំពូលរវាងមេដឹកនាំអាស៊ាននិងអូស្ត្រាលី។ ពួកគេបានប្រឆាំងនឹងវត្តមានរបស់លោកនៅទីនោះ។
បាតុករបានស្រែកព្រមៗគ្នាថា៖ «….Hun Sen, Go home! Hun Sen, Go home!» ដែលមានន័យថា«ហ៊ុន សែនត្រឡប់ទៅប្រទេសលោកឯងវិញទៅ!»
ទាំងនេះជាសកម្មភាពមួយចំនួនដែលសហគមន៍ខ្មែរនៅក្រៅប្រទេសបានធ្វើក្នុងពេលដែលវិបត្តិនយោបាយបានផ្ទុះជាថ្មីឡើងវិញបន្ទាប់ពីរដ្ឋាភិបាលកម្ពុជាបានធ្វើទុកបុក្ខម្នេញគណបក្សប្រឆាំង បណ្តាញសារព័ត៌មានឯករាជ្យនិងអង្គការសង្គមស៊ីវិល។
លោក ថៃ មករា តំណាងសហគមន៍ខ្មែរនៅអឺរ៉ុបបានបញ្ជាក់ប្រាប់ VOA ថា៖
«បងប្អូនកូនខ្មែរទាំងអស់គ្នាដែលបានចេញមកក្រៅប្រទេសនេះមិនបានភ្លេចពីទឹកដីដែលខ្លួនបានកើតនោះទេគឺទោះបីជាយើងមកដល់ទីនេះមានការហូបចុកត្រឹមត្រូវ មានផ្ទះសម្បែងស្នាក់នៅ មានការងារធ្វើឡានជិះអីរៀងៗខ្លួន ប៉ុន្តែយើងនៅតែនឹកស្រណោះទៅដល់ប្រទេសរបស់យើងជានិច្ច ហើយជាពិសេសក្នុងសម័យនេះដែលជាសម័យយើងអាចមានទំនាក់ទំនងគ្នាទូរស័ព្ទទៅថ្មើម៉ានក៏បាន ទំនាក់ទំនងតាមបែបហ្វេសប៊ុកក៏បានគឺកាន់តែធ្វើឱ្យយើងមានភាពក្តុកក្តួលថែមទៀត នឹកអាល័យស្រុក នឹកប្រជាជនខ្លួនឯងថែមទៀតផងនៅពេលដែលឃើញគេធ្វើបាប»។
តុលាការកំពូលបានរំលាយគណបក្សសង្គ្រោះជាតិដែលជាគណបក្សប្រឆាំងដ៏ធំកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំមុនហើយបានហាមឃាត់មន្ត្រីជាន់ខ្ពស់គណបក្សចំនួន១១៨នាក់មិនឱ្យធ្វើនយោបាយរយៈពេល៥ឆ្នាំ។ រដ្ឋាភិបាលកម្ពុជាបានប្រើប្រាស់ច្បាប់ពន្ធដារជាលេស ដើម្បីគាបសង្កត់សារព័ត៌មានឯករាជ្យមួយចំនួនឱ្យបិទទ្វារ ក្នុងនោះមានកាសែតជាភាសាអង់គ្លេស The Cambodia Daily និងវិទ្យុអាស៊ីសេរី។
សហគមន៍ខ្មែរនៅអាមេរិកនិងកាណាដា ទីដែលមានពលរដ្ឋខ្មែររស់នៅច្រើនជាងគេនៅក្រៅប្រទេស បានធ្វើសកម្មភាពជាច្រើនដើម្បីឱ្យមានការគាំទ្រពីរដ្ឋបាលក្រុងវ៉ាស៊ីនតោននិងក្រុងអូតាវ៉ា។ សកម្មជនបានធ្វើបាតុកម្ម រៀបចំជាវេទិកាមហាជន និងជួបជាមួយនឹងអ្នកតំណាងរាស្រ្តដើម្បីស្នើសុំឱ្យមានការដាក់សម្ពាធលើរដ្ឋាភិបាលកម្ពុជាឱ្យកែប្រែស្ថានការណ៍មកដូចដើមវិញ។
លោក សេង សុភ័ណ ប្រធានគណៈកម្មាធិការដើម្បីសិទ្ធិបោះឆ្នោតរបស់ពលរដ្ឋខ្មែរនៅក្រៅប្រទេស (The CEROC) ដែលមានមូលដ្ឋាននៅទីក្រុងវែនគូវើ ប្រទេសកាណាដា ធ្លាប់តែបានបំផុសពលរដ្ឋឱ្យចូលរួមសកម្មភាពនយោបាយនិងទាមទារសិទ្ធិបោះឆ្នោត ប៉ុន្តែការរំលាយគណបក្សសង្គ្រោះជាតិបានធ្វើឱ្យទិសដៅនៃការតស៊ូមតិមកជាការទាមទារឱ្យមានការគោរពលទ្ធិប្រជាធិបតេយ្យនិងរដ្ឋធម្មនុញ្ញប្រទេសកម្ពុជា។ ក្នុងបណ្តាសកម្មភាពមានការធ្វើញត្តិតាមបណ្តាញអ៊ីនធឺណិតទាមទារឱ្យប្រទេសម្ចាស់ហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសសើរើពិនិត្យមើលការអនុវត្តនេះឡើងវិញជាដើម។
លោក សេង សុភ័ណ បានបញ្ជាក់ថា៖
«អីចឹងទេ យុទ្ធសាស្រ្តរបស់យើងគឺយើងបត់បែនទៅរកការទាមទារឱ្យមានការសើរើឡើងវិញនូវកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឱ្យមានការបោះឆ្នោតមួយដោយសេរីនិងយុត្តិធម៌ត្រឹមត្រូវ មិនមែនសេរីយុត្តិធម៌តាមបែបប្រទេសរុស្ស៊ីតាមបែបប្រទេសចិនទេ។ យើងអត់ចង់បានទេព្រោះមិនមែនជាការបោះឆ្នោតមួយតាមលទ្ធិប្រជាធិបតេយ្យ ជាការបោះឆ្នោតបែបបក្សតែមួយឬការបោះឆ្នោតដោយបក្សកុម្មុយនិស្ត»។
លោក ម៉ែន វណ្ណៈ សកម្មជនសហគមន៍ខ្មែរនៅទីក្រុងឡូវ៉ែលរដ្ឋម៉ាស្សាឈូសិតតែងតែដឹកនាំការធ្វើបាតុកម្មជាច្រើនក្នុងពេលកន្លងមក។
លោកបញ្ជាក់ថា៖
«អ្វីដែលយើងបានធ្វើនិងបន្តធ្វើគឺយើងធ្វើដដែលៗគឺសុំយ៉ាងណាដល់ប្រទេសដែលធ្លាប់ផ្តល់ជំនួយទៅប្រទេសកម្ពុជាសុំឱ្យគេត្រួតពិនិត្យមើលឡើងវិញថារដ្ឋាភិបាលបានធ្វើអ្វីខ្លះ។ ធ្វើទុក្ខបុកម្នេញអ្នកប្រជាធិបតេយ្យយ៉ាងណា លើអង្គការសង្គមស៊ីវិលនិងគណបក្សប្រឆាំង។ នេះគឺជាការងារដែលយើងធ្វើជាប្រចាំតាំងពីដើមមក»។
នៅចុងខែមីនានេះតំណាងសហគមន៍ខ្មែរនៅទូទាំងពិភពលោកនឹងមកជួបជុំគ្នានៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលីដើម្បីចូលរួមក្នុងសន្និសីទរយៈពេលបីថ្ងៃ ដើម្បីពិភាក្សាស្វែងរកវិធីដោះស្រាយបញ្ហាប្រឈមដែលប្រទេសកម្ពុជាកំពុងជួបប្រទះខាងផ្នែកសេដ្ឋកិច្ចនិងសង្គមកិច្ចដែលក្នុងនោះមានវិស័យសុខាភិបាល អប់រំសិក្សាធិការ អភិវឌ្ឍន៍ជនបទ ចំណាកស្រុក និងជនអន្តោប្រវេសន៍ជាដើម។
លោក ហុង លីម អ្នកតំណាងរាស្រ្តអូស្រ្តាលីដើមកំណើតខ្មែរនិងជាអ្នករៀបចំ«សន្និសីទពិភពលោកសម្រាប់ការអភិវឌ្ឍនាពេលអនាគតរបស់កម្ពុជា» យល់ថា ជាការប្រមូលផ្តុំបញ្ញាស្មារតីខ្មែរដើម្បី កែប្រែលម្អបញ្ហាប្រឈមទាំងនេះដែលលោកចាត់ទុកថាជា«បញ្ហាដ៏តក់ក្រហល់ជាបញ្ហាប្រឈមមុខយ៉ាងខ្លាំង»របស់កម្ពុជា។
លោកបន្ថែមថា៖
«ដូច្នេះយើងជាម្ចាស់ស្រុក យើងជាខ្មែរត្រូវតែហ៊ានចាត់ប្រឈមមុខយកបញ្ហានេះយកមកគិតហើយគិតហ្នឹងគិតដោះស្រាយទោះអ្នកណាមិនដោះស្រាយក៏ដោយក៏បញ្ហាហ្នឹងវានៅ តែជាបញ្ហាដែលយើងនៅតែដោះស្រាយ»។
អង្គភាពស៊ើបការណ៍សេដ្ឋកិច្ចបានវាយតម្លៃថា លទ្ធិប្រជាធិបតេយ្យក្នុងប្រទេសកម្ពុជាបានជាប់ចំណាត់ថ្នាក់១២៤ក្នុងចំណោម១៦៧ប្រទេសដោយធ្លាក់ចុះពី«រដ្ឋាភិបាលកូនកាត់»មួយមកជារបប«ដឹកនាំផ្តាច់ការ»ដោយសារបានរំលាយគណបក្សសង្គ្រោះជាតិដែលជាដៃគូប្រកួតដ៏ធំមួយរបស់គណបក្សកាន់អំណាច។
អ្នកនយោបាយគណបក្សប្រឆាំងមួយចំនួនបានរត់ភៀសខ្លួនមកនៅក្រៅប្រទេសដើម្បីគេចចេញពីការធ្វើទុក្ខបុកម្នេញនិងបន្តសកម្មភាពនយោបាយក្នុងខណៈពេលដែលសហការីរបស់ពួកគេមួយចំនួនបន្តស្នាក់នៅក្នុងប្រទេសប៉ុន្តែមិនបានធ្វើសកម្មភាពនយោបាយធំដុំអ្វីទេ។