ភ្នំពេញ — រដ្ឋាភិបាលកំណត់យកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩ ជាកាលបរិច្ឆេទនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក និងខណ្ឌ ខណៈមន្រ្តីបក្សប្រឆាំងអះអាងថា ការបោះឆ្នោតនោះ ជាការបោះឆ្នោត «លេងសើច និងក្លែងក្លាយ» ក្រោយកម្ពុជាក្លាយជាប្រទេសដែលដឹកនាំដោយបក្សតែមួយនោះ។សេចក្តីសម្រេចចេញដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨ បានបញ្ជាក់ឲ្យដឹងក្នុងន័យដើមថា៖«ត្រូវបានកំណត់យកថ្ងៃអាទិត្យ ទី២៦ ខែឧសភា ឆ្នាំ២០១៩ ជាកាលបរិច្ឆេទនៃការបោះឆ្នោតលើកទី៣ ដើម្បីជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក និងក្រុមប្រឹក្សាខណ្ឌ»។
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ប្រាប់ VOA នារសៀលថ្ងៃសុក្រនេះថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក និងខណ្ឌ នឹងធ្វើឡើងជាអសកល ពោលមិនមានការចូលរួមដោយផ្ទាល់ពីប្រជាពលរដ្ឋនោះទេ គឺមានតែការបោះឆ្នោតពីសំណាក់សមាជិកក្រុមប្រឹក្សានៅទូទាំងប្រទេសតែប៉ុណ្ណោះ។
លោកបានបញ្ជាក់ពីផលប្រយោជន៍នៃការបោះឆ្នោតនេះយ៉ាងដូច្នេះថា៖ «ដូចដែលបានអនុវត្តកន្លងមក ក្រុមប្រឹក្សាគឺជាក្រុមចាស់ទុំនៃការងារដឹកនាំរបស់រចនាសម្ព័ន្ធខេត្ត ហើយការអនុវត្តផ្ទាល់គឺមានឋានានុក្រមរបស់អភិបាលរាជធានី ឬក៏ខេត្ត។ ក្រុមប្រឹក្សានេះគឺជាក្រុមដែលផ្តល់យោបល់ ក្រុមដែលពិនិត្យទៅលើទិដ្ឋភាពរួម ដើម្បីផ្តល់ឲ្យមានការរីកចម្រើនសម្រាប់ខេត្តនីមួយៗ»។
នៅក្នុងការបោះឆ្នោតថ្នាក់ជាតិកាលពីខែកក្កដា ឆ្នាំ២០១៨ គណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានឈ្នះអាសនៈទាំង១២៥ ខណៈទទួលបានសំឡេងគាំទ្រជាង៤,៨លានសំឡេងគឺស្មើនឹងប្រមាណ៧៦ភាគរយ។
ការឈ្នះឆ្នោតយ៉ាងភ្លូកទឹកភ្លូកដីរបស់គណបក្សកាន់អំណាច ដែលដឹកនាំប្រទេសរាប់សិបឆ្នាំមកហើយនោះ បានកើតឡើងបន្ទាប់ពីគណបក្សសង្គ្រោះជាតិដែលមានអ្នកគាំទ្រជាង៤០ភាគរយនៅទូទាំងប្រទេសកាលពីការបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០១៧ ត្រូវបានតុលាការរំលាយចោល។
ក្នុងការបោះឆ្នោតឃុំសង្កាត់ កាលពីឆ្នាំ២០១៧ គណបក្សសង្គ្រោះជាតិទទួលបានសំឡេងគាំទ្ររហូតដល់ជិត៤៤ភាគរយ និងបានគ្រប់គ្រងក្រុមប្រឹក្សាឃុំ-សង្កាត់ជាង៥០០០ នៅទូទាំងប្រទេស។ យ៉ាងណាក្តី ក្រោយការរំលាយគណបក្សប្រឆាំង គណបក្សប្រជាជនកម្ពុជាបានប្រមូលយកអាសនៈរបស់បក្សប្រឆាំងស្ទើតែទាំងអស់ និងបានក្លាយជាគណបក្សដែលដឹកនាំប្រទេសដោយឯកបក្ស។
ទាំងគណបក្សប្រឆាំងដែលត្រូវបានរំលាយ និងស្ថាប័នអន្តរជាតិធំៗមួយចំនួន បានរិះគន់ការបោះឆ្នោតនោះ ថាធ្វើឡើងដោយមិនស្របតាមច្បាប់។
អ្នកស្រី មូរ សុខហួរ មន្រ្តីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ដែលជាគណបក្សត្រូវបានតុលាការកំពូលកម្ពុជារំលាយចោលទៅតាមការស្នើរបស់រដ្ឋាភិបាល ប្រាប់ VOA ថា ការបោះឆ្នោតដែលមិនមានការចូលរួមពីគណបក្សប្រឆាំង និងមិនមានការប្រកួតប្រជែងដោយស្មើភាពគ្នានោះ គឺជាការបោះឆ្នោតក្លែងក្លាយ និងលេងសើច ហើយមិនឆ្លុះបញ្ចាំងពីឆន្ទៈរបស់ម្ចាស់ឆ្នោតនោះឡើយ។
អ្នកស្រីបញ្ជាក់ថា៖ «ការបើឆ្នោតលេងសើច និងជាការបោះឆ្នោតក្លែងក្លាយ ដែលលទ្ធផលនេះមិនមែនជាលទ្ធផលសម្រាប់កសាងប្រទេសជាតិ។ ជាលទ្ធផលសម្រាប់ជួយកាន់ដាវដល់គណបក្សប្រជាជន មន្រ្តីពីគណបក្សប្រជាជន ឯកបក្សដោយខ្លួនឯង ហើយអ្នកដែលខាតគឺប្រទេសជាតិយើង»។
ក្រោយការរំលាយគណបក្សសង្គ្រោះជាតិ ក្រុមអ្នកសង្កេតការណ៍បោះឆ្នោតធំៗចំនួនពីរដែលមិនរណបនឹងរដ្ឋាភិបាល គឺអង្គការឃ្លាំមើលការបោះឆ្នោតខុមហ្វ្រែល (Comfrel) និងនិចហ្វិច (Nicfec) ប្រកាសមិនចូលរួមសង្កេតការណ៍បោះឆ្នោត ដោយពួកគេលើកឡើងថា ការបោះឆ្នោតនោះធ្វើឡើងដោយមិនត្រឹមត្រូវ និងមិនមានតម្លាភាព។
លោក កន សាវាង្ស មន្ត្រីអង្កេតការបោះឆ្នោតរបស់អង្គការឃ្លាំមើលការបោះឆ្នោត (Comfrel) មានប្រសាសន៍ថា ក្រោយការប្រមូលយកអាសនៈក្រុមប្រឹក្សាឃុំសង្កាត់របស់គណបក្សសង្គ្រោះជាតិទាំងជាង៥០០០ ព្រមទាំងលទ្ធផលនៃការបោះឆ្នោតជាបន្តបន្ទាប់កន្លងមក ដោយមិនមានវត្តមានគណបក្សប្រឆាំង លោកថា លទ្ធផលនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានីខាងមុខនេះ នឹងត្រូវធ្លាក់លើគណបក្សប្រជាជនកម្ពុជាតែមួយដដែល។
លោកបន្ថែមថា តាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ គណបក្សតែមួយដឹកនាំប្រទេស នឹងមិនអាចធ្វើឲ្យមានការជជែកស្វែងរកដំណោះស្រាយប្រកបដោយប្រសិទ្ធភាព និងគណនេយ្យភាពនោះទេ។