រីករាយទិវាសិទ្ធិនារី៨មីនា២០២៤
បញ្ហារបស់ស្ត្រីខ្មែរមួយចំនួននិងវិធានការដោះស្រាយ
មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជា បានអះអាងថា ស្រ្តីខ្មែរបច្ចុប្បន្នទទួលបានសិទ្ធិសេរីភាពពេញលេញ និងយល់ច្បាស់អំពីសារសំខាន់ក្នុងការចូលរួមអភិវឌ្ឍសង្គមជាតិជាមួយដៃគូបុរស។ដោយ ម៉ៅ សុធានី
2012.03.08
១២-មករា-២០១២៖ អ្នកភូមិបុរីកីឡាដែលជាប់ឃុំនៅក្នុងមជ្ឈមណ្ឌលសង្គមកិច្ចរាជធានីភ្នំពេញ នាខណ្ឌដង្កោ។RFA/Uon Chhinh030712np00:00/08:07
អ្នកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន និងជារដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា បានខិតខំយកចិត្តទុកដាក់ និងពង្រឹងតួនាទីស្ត្រីដឹកនាំឲ្យមានចំនួនកាន់តែច្រើន ទាំងនៅកម្រិតថ្នាក់ជាតិ និងមូលដ្ឋាន។
អ្នកស្រី ម៉ែន សំអន៖ «បញ្ហាពីរឿងសិទ្ធិនោះ យើងមានក្នុងច្បាប់តាក់តែងហើយ ហើយទទួលបានសិទ្ធិពេញលេញដែរ ក្នុងការធ្វើការងារការរៀនសូត្រ ការទទួលសេដ្ឋកិច្ចពីគ្រួសារ មានសិទ្ធិគ្រប់គ្រាន់ និយាយរួមគឺយើងមានសិទ្ធិជាយូរឆ្នាំមកហើយ មិនមែនតែឆ្នាំនេះទេ ដោយសាររាជរដ្ឋាភិបាលយើងបានផ្ដល់ឱកាស ដូចនេះគាត់បានឆក់ឱកាសនេះឲ្យគាត់មានសមត្ថភាពដើម្បីគេបានទទួលស្គាល់…»។
ក៏ប៉ុន្តែទាំងមន្ត្រីសង្គមស៊ីវិលជាតិ និងគណបក្សប្រឆាំងមួយចំនួនបានអះអាងថា ទោះបីជារដ្ឋធម្មនុញ្ញបានចែងច្បាស់លាស់អំពីសិទ្ធិសេរីភាពស្មើគ្នារវាងស្ត្រីបុរសក៏ដោយ ប៉ុន្តែការរស់នៅជាក់ស្ដែងក្នុងសង្គមបច្ចុប្បន្ន ស្ត្រីនិងយុវតីខ្មែរជួបបញ្ហាច្រើនណាស់ពាក់ព័ន្ធនឹងការរំលោភសិទ្ធិសេរីភាព ដូចជាការជួញដូរផ្លូវភេទ អំពើហិង្សាក្នុងគ្រួសារ ភាពក្រីក្រ ការរើសអើងជាដើម។
អ្នកស្រីវេជ្ជបណ្ឌិត លី ស្រីវីណា តំណាងរាស្ត្រនៃគណបក្ស សម រង្ស៊ី បានមានប្រសាសន៍ថា ទោះបីជាមានស្ត្រីខ្មែរជាច្រើនបានចូលរួមអបអរសាទរទិវានារីអន្តរជាតិរៀងរាល់ឆ្នាំក៏ពិតមែន តែនេះគ្រាន់តែជារូបភាពខាងក្រៅប៉ុណ្ណោះ៖ «ស្ត្រីខ្មែរមើលទៅដូចជាមានសិទ្ធិអ៊ីចឹង ប៉ុន្តែការពិតជាសិទ្ធិក្លែងក្លាយទេ។ អ្វីដែលធ្វើឲ្យស្ត្រីខ្មែរលំបាកជាងគេនោះ គឺទី១ ការខ្វះខាតសេវាពេទ្យ។ ពេលគាត់ឈឺ ឬ កូនឈឺ ស្ត្រីខ្មែរត្រូវរែកពុនការលំបាកទាំងអស់នេះ ត្រូវខ្ចីបុលគេ។ ទី២ បញ្ហាលំបាកទី២ គឺការខ្វះខាតសេវាអប់រំ។ ខ្លួនគាត់ខ្លះអត់មានការអប់រំនាំឲ្យកូនចៅរបស់គាត់មិនបានសិក្សាខ្ពង់ខ្ពស់ទេ ហើយម្យ៉ាងទៀត ដែលយើងខំធ្វើអ៊ឹកធឹកនេះ គឺដើម្បីលួងចិត្តប៉ុណ្ណោះ។ នេះយើងមិនគិតដល់ការបំផ្លាញផ្ទះសម្បែងពួកគាត់ ហើយមានខ្លះស្ត្រីត្រូវគេចាប់ដាក់គុកទៀតក៏មានដែរ»។
ប្រទេសកម្ពុជា មានប្រជាពលរដ្ឋជាង ១៤លាននាក់។ ក្នុងនោះ ៥២% ជាស្ត្រីភេទ ដែលភាគច្រើនជាស្ត្រីមេម៉ាយ និងមានជីវភាពរស់នៅទីទ័លក្រ។
របាយការណ៍ឆ្នាំ២០១១ របស់អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) បានបង្ហាញថា ការបណ្ដេញពលរដ្ឋចេញពីលំនៅឋាន គឺបញ្ហារំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ដែលកត្តានេះបានជំរុញឲ្យមានការតវ៉ាកាន់តែកើនច្រើនឡើងរបស់ប្រជាពលរដ្ឋ ភាគច្រើនជាស្ត្រីភេទ និងសហគមន៍របស់គេ ដូចជានៅតំបន់បឹងកក់ និងបុរីកីឡាជាដើម។
ស្ត្រីម្នាក់ឈ្មោះ ប្រាក់ សុផា កំពុងពកូនតូចនៅនឹងដៃ ដែលត្រូវបានបណ្ដេញចេញពីតំបន់បុរីកីឡា បាននិយាយត្អូញត្អែរថា ពួកគាត់មកតស៊ូរស់នៅជិតគំនរសំរាមនេះ ពីព្រោះក្រីក្រពុំមានប្រាក់រាប់ពាន់ដុល្លារបង់ឲ្យទៅសហគមន៍ និងអាជ្ញាធរពាក់ព័ន្ធជាថ្នូរនឹងការបានទៅរស់នៅក្នុងអគារ ដែលក្រុមហ៊ុនកំពុងសាងសង់។
ស្ត្រី ប្រាក់ សុផា៖ «តាំងពីគេរុះផ្ទះតាំងពីថ្ងៃ៣ មករា មក វេទនាណាស់! គ្មានកន្លែងដេកកន្លែងពួនទាំងអស់ហ្នឹង។ ឥឡូវត្រង់កូនត្រង់ចៅនៅវេទនានៅមួយគ្រែហ្នឹង សុំគេខាងក្រុមហ៊ុនគេមកចាប់ទៀត។ ឃើញស្រាប់ហើយកន្លែងនេះធុងសំរាមសុទ្ធ ខ្ញុំសុខចិត្តវេទនារស់នៅ កូនផងចៅផងទើបតែប៉ុណ្ណឹងគ្មានកន្លែងទេ សូម្បីតែគេដើរជិតក៏គេខ្ពើមដែរ…»។
ពាក់ព័ន្ធនឹងចំនួនបុរសស្ត្រីចូលរួមកាន់តែច្រើនឡើងៗ នាំគ្នាប្រារព្ធអបអរសាទរនារីអន្តរជាតិ ៨ មីនា ពីមួយឆ្នាំទៅមួយឆ្នាំនេះ។
អ្នកស្រី ធីតា ឃិះ នាយិកាអង្គការសីលការ និងជាអគ្គលេខាធិការលើកស្ទួយស្ត្រីក្នុងវិស័យនយោបាយ បានមានប្រសាសន៍ថា ជាការប្រសើរហើយ ប៉ុន្តែនៅមិនទាន់គ្រប់គ្រាន់ទេ រាជរដ្ឋាភិបាលត្រូវបង្កើនការយកចិត្តទុកដាក់បន្ថែមទៀត ដើម្បីធ្វើឲ្យប្រសើរឡើងនូវស្ថានភាពស្ត្រីខ្មែរនៅកម្ពុជានេះ។
អ្នកស្រី ធីតា ឃិះ៖ «ភាគច្រើនគឺស្ត្រីមានបន្ទុកធ្ងន់ក្នុងការគ្រប់គ្រង និងគាំទ្រទៅដល់គ្រួសារ គឺត្រូវរកស៊ីចិញ្ចឹមកូនចៅ។ កត្តាមួយទៀតស្ត្រីពុំបានទទួលការអប់រំបានច្រើន ចង់ឲ្យកូនរៀនដែរ តែពុំមានលទ្ធភាព ហើយកូនៗត្រូវរត់ចោលសាលាច្រើន។ ដូចនេះស្ត្រីភាគច្រើនមករកការងារកាត់ដេរ និងខ្លះទៅធ្វើការនៅស្រុកគេ ធ្វើឲ្យនារីរបស់យើងរងគ្រោះច្រើន។ មានន័យថា ទទួលអំពើហិង្សា ត្រូវគេរំលោភបំពាន និងទទួលការងារពុំសមស្រប។ យើងដឹងហើយថា តម្លៃម្ហូបអាហារឡើងថ្លៃខ្ពស់ ហើយប្រាក់ខែគ្នាតិច ការហូបចុកត្បិតត្បៀត ដើម្បីសន្សំលុយផ្ញើទៅឲ្យឪពុកម្តាយ តើប៉ះពាល់ដល់សុខភាពគ្នាប៉ុណ្ណា?»។
ស្ថានភាពរស់នៅទីទ័លក្រ និងពុំមានដីស្រែចំការគ្រប់គ្រាន់បង្កបង្កើនផល កូនស្រីជាច្រើនដែលរស់នៅតាមតំបន់ជនបទត្រូវឈប់រៀន ដើម្បីរកការងារធ្វើនៅរោងចក្រ រកប្រាក់ចិញ្ចឹមគ្រួសារ ដែលខ្លះមានសមាជិកច្រើនក្នុងបន្ទុក។ បច្ចុប្បន្នប្រទេសកម្ពុជា មានកម្មករធ្វើការក្នុងរោងចក្រជិត ៥០ម៉ឺននាក់ ដែលជាង ៩០% គឺជាស្ត្រីភេទ។
ក្រៅពីការងារក្នុងរោងចក្រ ក៏មានស្ត្រីខ្មែររាប់សែននាក់បានធ្វើចំណាកស្រុកទៅធ្វើការជាកម្មការិនីនៅប្រទេសក្រៅ រួមមានថៃ វៀតណាម ឥណ្ឌូនេស៊ី និងម៉ាឡេស៊ី ជាដើម។
ស្ថិតិក្រសួងការងារបានឲ្យដឹងថា សព្វថ្ងៃនេះមានពលការិនីខ្មែរជាង ៣ម៉ឺននាក់ ធ្វើការជាស្ត្រីបម្រើក្នុងផ្ទះនៅប្រទេសម៉ាឡេស៊ី។ របាយការណ៍ជាច្រើនរបស់អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិបានឲ្យដឹងថា ពលការិនីភាគច្រើនត្រូវរងការវាយដំធ្ងន់ធ្ងរពីថៅកែម្ចាស់ផ្ទះ បង្ខំឲ្យធ្វើការជាទម្ងន់ យូរម៉ោងពុំមានពេលឈប់សម្រាក និងមានករណីខ្លះត្រូវរងការរំលោភបំពានផ្លូវភេទ និងជួញដូរជាដើម។
នាយិកាអង្គការសីលការ អ្នកស្រី ធីតា ឃិះ បន្តថា សង្គមស៊ីវិលមានការព្រួយបារម្ភជាខ្លាំងអំពីសុខុមាលភាពរបស់ស្ត្រី និងក្រុមគ្រួសាររបស់គេ។ អ្នកស្រីថា រាជរដ្ឋាភិបាលត្រូវពង្រឹងគោលនយោបាយជាតិច្បាស់លាស់ ដើម្បីបង្កើតឲ្យមានកម្មវិធីជាច្រើនជួយដល់ស្ត្រី។
អ្នកស្រី ធីតា ឃិះ៖ «រឿងនេះហើយដែលយើងជំរុញឲ្យមានស្ត្រីឲ្យបានច្រើន ដើម្បីតាមដានចូលរួមធ្វើគោលនយោបាយ ធ្វើយ៉ាងណាឲ្យគោលនយោបាយជាតិបម្រើផលប្រយោជន៍របស់ស្ត្រី។ ការផ្ដល់អាទិភាពលើកម្មវិធីផ្សេងៗ ដូចជាអប់រំសុខភាព ការផ្ដល់សេវាផ្សេងៗឲ្យស្ត្រីយើង។ ហើយការងារទៀតសោត គួរពិនិត្យមើលតើប្រាក់ខែអប្បបរមាគួរមានប៉ុន្មាន ដើម្បីឲ្យគ្នារស់បានដោយសមរម្យ បង្កើតជាសេវាសម្រាប់លំនៅឋាន ការមើលកូនជាដើមដែលស្ត្រីទាំងអស់ត្រូវការ…»។
មន្ត្រីអង្គការសង្គមស៊ីវិលជាច្រើនបានអះអាងដូចគ្នាថា ប្រការដែលមានអត្រាស្ត្រីដឹកនាំនៅតាមមូលដ្ឋានច្រើន និងបង្កើនកម្មវិធីនានាបន្ថែមទៀត ជាផលប្រយោជន៍សម្រាប់ស្ត្រីនៅតាមតំបន់ជនបទនោះ ស្ថានភាពស្ត្រីនឹងអាចបានប្រសើរជាងនេះ។ ការសិក្សាស្រាវជ្រាវរបស់គណៈកម្មាធិការលើកស្ទួយស្ត្រីក្នុងវិស័យនយោបាយ និងអង្គការផ្សេងទៀត កាលពីចុងឆ្នាំ២០១១ បានរកឃើញថា ស្ត្រីដឹកនាំនៅតាមមូលដ្ឋាន មានការប្រឹងប្រែងតស៊ូមោះមុត ដើម្បីធ្វើការសម្របសម្រួល និងដោះស្រាយបញ្ហានានានៅក្នុងសហគមន៍របស់គេ៕
Source: RFA https://www.rfa.org/khmer/indepth/women_issues_in_cambodia-03072012231040.html