CPP យល់ព្រមបញ្ចូលប្រធានបទកែទម្រង់ស្ថាប័នរៀបចំការបោះឆ្នោត សម្រាប់ការចរចាខាងមុខ
ដោយ៖ ស៊ុន ណារិន | ថ្ងៃសុក្រ ទី14 ខែមិនា ឆ្នាំ2014, ម៉ោង 09:03 AM
គណបក្សប្រជាជនកម្ពុជា(CPP) ឯកភាពយកប្រធានបទកែទម្រង់ស្ថាប័នរៀបចំការបោះឆ្នោត គឺគណៈកម្មាធិការជាតិរៀបចំការបោះ ឆ្នោត(គជប) បញ្ចូលទៅក្នុងក្របខណ្ឌកំណែទម្រង់ការបោះឆ្នោត សម្រាប់ការពិភាក្សានៅថ្ងៃទី១៧ ខែមីនាខាងមុខ។
នេះជាការឆ្លើយតបទៅនឹងលិខិតរបស់គណបក្សសង្គ្រោះជាតិ កាលពីថ្ងៃព្រហស្បតិ៍ តែគណបក្សប្រជាជនកម្ពុជា មិនបានឆ្លើយតបទៅនឹងសំណួររបស់គណបក្សសង្គ្រោះជាតិ ដែលស្នើឲ្យមានការពន្យល់ពីហេតុផលដែលគណបក្ស មិនចង់ឲ្យគជប ជាស្ថាប័នរដ្ឋធម្មនុញ្ញ ដោយការបោះឆ្នោតក្នុងសភាសំឡេង២ភាគ៣។
លិខិតរបស់គណបក្សប្រជាជនកម្ពុជា ចុះផ្សាយនៅថ្ងៃទី១៣ខែមីនា ឲ្យដឹងថា ក្របខណ្ឌកំណែទម្រង់ការបោះឆ្នោតខាងមុខ រួមមានការរៀបចំការចុះឈ្មោះអ្នកបោះឆ្នោត និងបញ្ជីឈ្មោះអ្នកបោះឆ្នោត ដើម្បីធានា និងការពារសិទ្ធិរបស់ប្រជាពលរដ្ឋគ្រប់រូប ការបង្កើតច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់គណបក្សនយោបាយ។ លិខិតបន្តថា ប្រធានបទកំណែទម្រង់ស្ថាប័នរៀបចំការបោះឆ្នោត និងអព្យា ក្រឹតភាព និងសុចរិតភាពនៃសង្គមស៊ីវិលក្នុងការបោះឆ្នោត គណៈកម្មការចម្រុះ បាននឹងកំពុងពិភាក្សា មិនទាន់បានសម្រេចបញ្ចូលទៅក្នុងក្របខណ្ឌកំណែទម្រង់នៃការបោះឆ្នោតនៅឡើយ។
គណៈកម្មការចម្រុះខាងគណបក្សប្រជាជនកម្ពុជា ក៏បានឯកភាពយកប្រធានបទ កែទម្រង់ស្ថាប័នរៀបចំការបោះឆ្នោត បញ្ចូលទៅក្នុងបក្រខណ្ឌកំណែទម្រង់ការបោះឆ្នោត។លិខិតបន្តថា បញ្ហាសិក្ខាសាលារួមគ្នា ជាបញ្ហាដែលគណៈកម្មការចម្រុះ ត្រូវធ្វើនៅពេលគណៈ កម្មការនេះ បានកសាងនូវក្របខណ្ឌកំណែទ្រង់ការបោះឆ្នោតមយយ ដែលអាចទទួលយកបានទាំងអស់គ្នា។
សេចក្តីថ្លែងការណ៍របស់គណបក្សសង្គ្រោះជាតិ ឲ្យដឹងថា គណបក្សទាមទារឲ្យគណបក្សប្រជាជនកម្ពុជា បញ្ជាក់លទ្ធភាពនៃការរៀបចំសិក្ខាសាលាមួយរួមឲ្យបានឆាប់ ដើម្បីបើកទូលាយឲ្យមានការចូលរួមយោបល់ និងផ្តល់អនុសាសន៍ពីសំណាក់អ្នកជំនាញជាតិ និងអន្តរជាតិ សង្គមស៊ីវិល ដែលមានជំនាញលើការងារបោះឆ្នោត។គណបក្សសង្គ្រោះជាតិ ក៏បានស្នើឲ្យគណបក្សប្រជាជនកម្ពុជា ឆ្លើយតបជាបន្ទាន់ ចំពោះសំណើទាមទារឲ្យ គ.ជ.ប ជាស្ថាប័នធម្មនុញ្ញ និងកំណត់ការជ្រើសតាំងសមាសភាព គ.ជ.ប មុននឹងបន្តកិច្ចប្រជុំថ្ងៃទី១៧ ខែមីនា។គណបក្សបញ្ជាក់ថា ប្រធានបទពាក់ព័ន្ធនឹងការកែទម្រង់ស្ថាប័នរៀបចំការបោះឆ្នោត ឲ្យទៅជាស្ថាប័នរដ្ឋធម្មនុញ្ញឯករាជ្យ និងមានការជ្រើសតាំងដោយរដ្ឋសភាតាមសំឡេងពីរភាគបី នៃសមាជិកសភាទាំងមូល គឺមានលក្ខណៈចាំបាច់ជាអាទិភាព សម្រាប់ការងារកែទម្រង់ការបោះឆ្នោត ដែលមិនអាចរំលងបាន៕
សរសេរមកកាន់ លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com