Comment on Letter to the Phnom Penh Post in Khmer


The author articulated very well on the recent unofficial phone call between Hun Sen and Sam Rainsy. Among those in-dept reform of the NEC, the two parties must state clearly that Cambodians overseas have full right to vote in Cambodia elections. The reform must clearly articulate that Cambodian overseas can vote and the NEC must facilitate easiness for them all. Another point that the author might not think about is the ICC case which is probably one of the compelling pressure towards Hun Sen to speed up the negotiation to settle down his current dilemmas.

ហ៊ុន សែន ចែក​នំ​ពីរ​ដុំ​ឲ្យ សម រង្ស៊ី និង កឹម សុខា

20140418_02

មេ​ដឹក​នាំ​បក្ស​សង្គ្រោះ​ជាតិ​ស្វា​គមន៍​អ្នក​គាំ​ទ្រ​​ពេល​ធ្វើ​បាតុកម្ម​​កន្លង​ម​ក។ រូបថត លីណា

ផ្តើម​ចេញ​ពី កម្ពុជា ព្រះ​រាជាណាចក្រ​អច្ឆរិយៈ ធ្វើ​ឲ្យ​រាស្រ្ត​ម្នាក់ៗ​រង​កម្ម រៀង​រាល់​ប្រាំ​ឆ្នាំ​ម្តង​នៅ​ក្រោយ​ពេល​បោះឆ្នោត។ សម្រាប់​អាណត្តិ ទី​៥ នេះ​ក៏​មិន​ខុស​ពី​មុនៗ​ដែរ អស់​រយៈ​ពេល​ជិត ៩ ខែ​កន្លង​ទៅ រាស្រ្ត​ទន្ទឹង​មើល​ផ្លូវ​ថា​បាន​ធូរ​ស្រាល ព្រោះ​អី​ឮ​ថា “ប្រសើរ​ជាង​មុន​ហើយ ខិត​ជិត​គ្នា​ហើយ បាន​សម្រេច ៨០ ភាគរយ​ហើយ…។ល។” តែ​ធាតុ​ពិត អ្នក​នយោបាយ​នៅ​តែ​កុហក​រាស្រ្ត ចំណែក​រាស្រ្ត​នៅ​តែ​ជឿ​អ្នក​នយោបាយ។

មាន​គ្រប់​រសជាតិ ក្រោយ​ពី​ការ​បោះឆ្នោត ២៨ កក្កដា ២០១៣ មក​នេះ មាន​ទាំង​ការ​សប្បាយ ព្រោះ​ទទួល​បាន​សំឡេង​កើន មាន​ទាំង​ការ​ភ័យ​ខ្លាច​បាត់បង់​អំណាច​ព្រោះ​សំឡេង​ឆ្នោត​ធ្លាក់ មាន​ទាំង​ការ​ឈឺចាប់​ព្រោះ​បាត់​បង់​សមាជិក​គ្រួសារ​ត្រូវ​គេ​សម្លាប់ ឬ​ចាប់​ដាក់​គុក​ជាដើម។ ពេល​ថ្មីៗ​ចុង​ក្រោយ​នេះ​ទៀត​សោត ក៏​មាន​ការ​គំរាម​ចាប់​មេ​កន្ទ្រាញ​ប្រឆាំង​ដ៏​មហិមា​ដាក់​គុក​ឲ្យ​បាន​មុន​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ ដោយ​សារ​លេស​ប្រមាថ​ព្រះ​ចេស្តា​ព្រះ​មហាក្សត្រ និង​បំពាន​សេចក្តី​សម្រេច​របស់​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ ហើយ​ក៏​មាន​ព្រឹត្តិ​ការណ៍“ស្រល់​រេ​តាម​ខ្យល់” ដែល​មាន​ស្ថាប័ន​សាធារណៈ​របស់​រដ្ឋ​បន្ត​កន្ទុយ​គ្នា ធ្វើ​ញត្តិ​ថ្កោល​ទោស​មេ​កន្ទ្រាញ​ប្រឆាំង ដោយ​មិន​គិត​អំពី​ការ​សើច​ចំអក​ទាំង​មតិ​ជាតិ-អន្តរជាតិ។ លើស​ពី​នេះ ក្រៅ​ពី​ការ​ចរចា​កម្រិត​ក្រុម​ការងារ ឬ​ក្រុម​បច្ចេកទេស​ពី​មួយ​ទៅ​មួយ​ម្តង​ជា​ពីរ​ដង រហូត​ទៅ​ដល់​មាន​ការ​ចរចា​ជា​លក្ខណៈ​សម្ងាត់ ជា​លក្ខណៈ​ក្រៅ​ផ្លូវ​ការ មាន​រយៈ​ពេល ៤៤ នាទី​រវាង មេ​កន្ទ្រាញ​នៃ​នគរ​យក្ស​ដែល​រាស្ត្រ​ចង់​ទម្លាក់ និង​នគរ​មាណព​ដែល​រាស្ត្រ​ចង់​ឲ្យ​ដឹក​នាំ។

ងាក​មក​មើល​នំ​ពីរ​ដុំ ដែល​លោក ហ៊ុន សែន ចង់​ចែក​ឲ្យ​លោក សម រង្ស៊ី និង​លោក កឹម សុខា ម្នាក់​មួយ​ដុំ​វិញ​ម្តង។ ដុំ ទី១- ឲ្យ​ភ្លើង​ខៀវ​ថា ខ្លួន​មាន​ឆន្ទៈ​ចង់​បញ្ចប់​វិបត្តិ​នយោបាយ​នៅ​មុន​ចូល​ឆ្នាំ​ខ្មែរ ហើយ​បើ​លោក សម រង្ស៊ី មាន​ឆន្ទៈ​ដូច​ខ្លួន​ទូរស័ព្ទ​មក​ពេល​ណា​ក៏​បាន។ ពេល​ណា​មិន​ធ្វើ មក​ធ្វើ​នៅ​ខណៈ​ពេល​លោក កឹម សុខា មិន​នៅ​ដែល​នេះ​ហើយ​គេ​ហៅ​ថា “ការ​ឆក់​យក​ឱកាស”។ បើ​តាម​មាត់​ចាប​មាត់​ព្រាប ការ​ចរចា​ថ្នាក់​កំពូល លោក ហ៊ុន សែន ចង់​ឲ្យ​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ ទី​៨ ខែ​មេសា ប៉ុន្តែ​ត្រូវ​ផ្អាក​វិញ ព្រោះ​លោក កឹម សុខា មិន​ព្រម​ចំពោះ​ការ​កំណត់​កាលបរិច្ឆេទ​បោះឆ្នោត។ នៅ​ពេល​មិន​ត្រូវ​រ៉ូវ​គ្នា លោក កឹម សុខា ក៏​ត្រូវ​បំពេញ​បេសកកម្ម​នៅ​ក្រៅ​ប្រទេស​តាម​ការ​គ្រោង​ទុក។ ស្រាប់​តែ​នៅ​ថ្ងៃ ទី​៩ មេសា ក៏​មាន​ការ​ចរចា​ក្រៅ​ផ្លូវ​ការ តាម​ទូរស័ព្ទ​រយៈ​ពេល ៤៤ នាទី ហើយ​ទីបំផុត​ដូច​ជា មិន​មាន​អ្វី​ខុស​ប្លែក ដែល​លោក ហ៊ុន សែន បាន​ស្នើ​សម្រាប់​ការ​ចរចា​នៅ​ថ្ងៃ ទី​៨ ខែ​មេសា នោះ​ឡើយ គឺ​នៅ​តែ​ខ្វែង​គំនិត​គ្នា ចំពោះ​កាលបរិច្ឆេទ​បោះឆ្នោត​ឡើង​វិញ​ដដែល ដោយ​គ្រាន់​តែ​ប្តូរ​ពី ខែ​កក្កដា មក ខែ​ឧសភា ឆ្នាំ​២០១៨ ក្រោយ​មក​ប្តូរ​ពី ខែ​ឧសភា មក ខែ​កុម្ភៈ ឆ្នាំ​២០១៨ ដដែល។

ដោយ​ដឹង​ថា លោក សម រង្ស៊ី មាន​ជំហរ​នយោបាយ​ទន់​ជ្រាយ ក៏​ធ្វើ​ជា​រំកិល​ថ្ងៃ​បោះឆ្នោត​បន្តិច ដើម្បី​ទុក​ឱកាស​ឲ្យ​លោក សម រង្ស៊ី ដក​ថយ​យក​ទៅ​ពិភាក្សា​ជាមួយ​លោក កឹម សុខា ហើយ​ក៏​ប្រើ​ប្រាស់​ឱកាស​ធ្វើ​ជា​ស្តី​បន្ទោស​ថា លោក សម រង្ស៊ី ជា​ប្រធាន ហេតុ​អី​មិន​ហ៊ាន​សម្រេច បើ​ទោះ​ជា​ដឹង​ថា រាល់​ការ​សម្រេច​ក្នុង​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​មាន​ការ​ឯកភាព រវាង​ប្រធាន​និង​អនុ​ប្រធាន​ក្តី។ លោក ហ៊ុន សែន ប្រឹង​បន្ទាប​លោក សម រង្ស៊ី និង​លើក​តម្កើង​លោក កឹម សុខា ហើយ​ក៏​ជា​នំ​មួយ​ដុំ ដែល​លោក ហ៊ុន សែន ធ្លាប់​ផ្តល់​ឲ្យ​លោក សម រង្ស៊ី ដើម្បី​ខ្ចី​ដៃ​កម្ចាត់​សម្តេច​ក្រុម​ព្រះ​នៅ ឆ្នាំ​២០០៣ ក្នុង​ការ​ប្តូរ​រដ្ឋ​ធម្មនុញ្ញ ពី ២ ភាគ ៣ មក​ភាគ​ច្រើន​ដាច់​ខាត ឬ​គេ​និយម​ហៅ​ថា ៥០ ភាគរយ បូក​មួយ។

ដុំ ទី២- ការ​លើក​តម្កើង​លោក កឹម សុខា ឲ្យ​លេច​ធ្លោ​ជាង​លោក សម រង្ស៊ី តិច​ឬ​ច្រើន វា​អាច​ធ្វើ​ឲ្យ​ក្នក់​ចិត្ត​ខ្លះ​ចំពោះ​អ្នក​ដែល​មាន​ស្វាមី​ភក្តិ​ចំពោះ​លោក សម រង្ស៊ី ព្រម​ទាំង​លោក សម រង្ស៊ី ខ្លួន​ឯង​ផង ក៏​មាន​កូន​ចិត្ត​មមៃ​គិត​មិន​តិច​ដែរ​ថា ខ្លួន​ជា​ប្រធាន ប៉ុន្តែ​មាន​ប្រជាប្រិយ​ភាព​តិច​ជាង​លោក កឹម សុខា ជា​អនុ​ប្រធាន​ក្នុង​ស្រទាប់​មហាជន​ទៅ​វិញ។ ម្យ៉ាង​ទៀត​ក៏​អាច​តម្រូវ​ចិត្ត​ដល់​តំណាង​រាស្ត្រ​ជាប់​ឆ្នោត​ខ្លះ ដែល​កំពុង​បាត់បង់​ប្រយោជន៍​ដោយ​គ្មាន​ប្រាក់​បៀវត្សរ៍​ជាច្រើន​ខែ​ក្រោយ​ពី​ជាប់​ឆ្នោត​ជា​តំណាង​រាស្ត្រ​ហើយ​ចាប់​ផ្តើម​វាយតម្លៃ​មក​លើ​លោក កឹម សុខា និង​សម្លឹង​ប្រយោជន៍ ដែល​ខ្លួន​កំពុង​តែ​បាត់បង់ គឺ​ដោយ​សារ​តែ​លោក កឹម សុខា។

នំ​ទាំង​ពីរ​ដុំ​នេះ គឺ​គ្រាន់​តែ​ជា​ធាតុ​ផ្សំ​ពីរ​ចំណុច​ក្នុង​យុទ្ធសាស្ត្រ “ឌីហ្វីត-DIFID” ដែល ខ ១- គឺ​ចង់ បំបែក​បំបាក់ “Divide” ដោយ​ខ្ចី​ដៃ​លោក សម រង្ស៊ី កម្ចាត់​លោក កឹម សុខា ព្រោះ​មាន​ប្រជាប្រិយ​ច្រើន​ជាង​ខ្លួន។ ខ២- គឺ​ចង់​ធ្វើ​ឲ្យ​លោក កឹម សុខា ស្ថិត​នៅ​ឯកោ “Isolate” ព្រោះ​ខ្លួន​ត្រូវ​តែ​ទទួល​ខុស​ត្រូវ និង​បាន​ធ្វើ​ឲ្យ​ខាត​បង់​ប្រយោជន៍​កូន​ចៅ និង​គណបក្ស ដែល​ធ្វើ​ឲ្យ​ភាព​ជាប់​គាំង​នយោបាយ​បាន​អូស​បន្លាយ​មក​ដល់​បច្ចុប្បន្ន។ នេះ​គ្រាន់​តែ​ជា​ល្បិច​នយោបាយ ដ៏​សាមញ្ញ​បំផុត​ដែល​ធ្លាប់​ប្រើ មួយ​លើក​ជា​ពីរ​លើក​មក​ហើយ ដូច​ជា​បញ្ចេញ​ខ្សែ​អាត់​សំឡេង​អំពី​ការ​សន្ទនា​របស់​លោក កឹម សុខា ដែល​ពេល​នោះ​បាន​ធ្វើ​ឲ្យ​សម្ព័ន្ធភាព​ក្នុង ឆ្នាំ​២០០៩ ត្រូវ​បែក​គ្នា​វិញ ចំណែក​ពេល​នេះ​គំរាម​បញ្ចេញ​ខ្សែ​អាត់​សំឡេង អំពី​ការ​សន្ទនា​របស់​លោក សម រង្ស៊ី ក្នុង​ការ​ចរចា​សម្ងាត់ ដើម្បី​សាក​ល្បង​មើល ម្តង​ទៀត ក្រែង​លោ​មាន​ប្រសិទ្ធភាព​ដូច​មុន។ ពី​មុន​ប្រកាស​ថា ត្រូវរ៉ូវ​អស់​ហើយ​ជាមួយ​លោក កឹម សុខា នៅ​រង់​ចំា​តែ​លោក សម រង្ស៊ី នោះ​ទេ ប៉ុន្តែ​ឥឡូវ​ស្រាប់​តែ​លើក​ឡើង​ថា ព្រម​ព្រៀង​គ្នា​អស់​ហើយ នៅ​ចាំ​តែ​ឆ្លង​យោបល់​ចុង​ក្រោយ​ពី​លោក កឹម សុខា ទៅ​វិញ…។ល។ សំណួរ​សួរ​ថា តើ​លោក ហ៊ុន សែន បាន​ប្រយោជន៍​អ្វី ធ្វើ​មើល​តែ លោក សម រង្ស៊ី និង​លោក កឹម សុខា ជា​មនុស្ស​ល្ងង់​ពេក ហើយ​នាំ​គ្នា​ចាញ់​ឧបាយកល​ដ៏​រាក់​កំភែល​បែប​នេះ​ទៅ​វិញ?

រឿង​បាន​ប្រយោជន៍​អ្វី វា​មិន​សំខាន់​នោះ​ទេ គ្រាន់​តែ​ធម្មតា នៅ​ក្នុង​យុទ្ធវិធី​នៃ​ការ​ធ្វើ​នយោបាយ នៅ​ក្នុង​ដំណាក់​ចរចា គេ​ត្រូវ​ឲ្យ​ខ្លះ អត់​ខ្លះ អាណា​ទាមទារ​ខ្លាំង ក៏​ឲ្យ​ទៅ បើ​តឹង​ពេក ក៏​បន្ធូរ​ខ្លះ​ទៅ ប៉ុន្តែ ត្រូវ​សម្លឹង​មើល​ឱកាស ដែល​អាច​ជា​កត្តា​សំខាន់​ក្នុង​ការ​រៀបចំ​យុទ្ធសាស្ត្រ​ថ្មី​បន្ថែម​ទៀត មាន​ន័យ​ថា ត្រូវ​មាន​ភាព​វៃ​ឆ្លាត​ក្នុង​ការ​ប្រើ​ឱកាស ទី១- បើ​មិន​ទាន់​មាន​ឱកាស គឺ​ត្រូវ​ចេះ​បង្កើត​ឱកាស ទី២- បើ​មាន​ឱកាស គឺ​ត្រូវ​ចេះ​ឆក់​យក​ឱកាស ទី៣- បើ​ទទួល​បាន​ឱកាស​ហើយ គឺ​ត្រូវ​ចេះ​ប្រើ​ប្រាស់​ឱកាស និង ទី៤- បើ​ឱកាស​ស្ថិត​នៅ​ចំពោះ​មុខ​ហើយ គឺ​ត្រូវ​ចេះ​ស្គាល់​ឱកាស ដើម្បី​ទាញ​យក​ផល​ប្រយោជន៍ (សូម​មិន​លើក​យក​ឧទាហរណ៍​មក​លម្អិត​បញ្ជាក់​នោះ​ទេ)។ ទោះ​តិច​ឬ​ច្រើន លោក ហ៊ុន សែន នៅ​តែ​ទទួល​បាន​ប្រយោជន៍។ ប្រយោជន៍ ទី១- ធ្វើ​ឲ្យ​មេ​ដឹក​នាំ​ទាំង​ពីរ មាន​ការ​អាក់​អន់​ចិត្ត​នឹង​គ្នា ទោះ​តិច​ក្តី​ច្រើន​ក្តី ពិសេស​សកម្មជន​អ្នក​គាំទ្រ ច្បាស់​ជា​អស់​សង្ឃឹម និង​ខឹង​សម្បា​ខ្លះ​ជាមួយ​មេ​បក្ស ដែល​មាន​ជំហរ​ទន់​ខ្សោយ បើ​ទោះ​បី​ជា​លោក ហ៊ុន សែន កុហក​ខ្លះ និយាយ​ពិត​ខ្លះ​ក៏​ដោយ។ ប្រយោជន៍ ទី២- ធ្វើ​ឲ្យ​អ្នក​ការ​ទូត និង​ម្ចាស់​ជំនួយ អាច​ទុក​ឱកាស​ដើម្បី​រង់ចំា​មើល​ដោយ​បណ្តោយ​ឲ្យ​ការ​ចរចា​ធ្វើ​ជា​បន្ត​ទៅ​ទៀត​តាម​ដំណើរ ហើយ​នេះ​ក៏​ជា​កល​ល្បិច យ៉ាង​មាន​ប្រសិទ្ធភាព​ដែល​ប្រើ​ប្រាស់​អស់ ៤ អាណត្តិ​ទៅ​ហើយ ចំពោះ​អ្នក​ការ​ទូត និង​ម្ចាស់​ជំនួយ​ដើម្បី​រក្សា​អំណាច​មក​ដល់​សព្វ​ថ្ងៃ។

ប្រយោជន៍ ទី៣- ធ្វើ​ឲ្យ​ពេល​វេលា​ចេះ​តែ​អូស​បន្លាយ​ទៅៗ។ បើ​សិន​លោក ហ៊ុន សែន មិន​មាន​ចេតនា​ពិត​ក្នុង​ការ​ចរចា​នេះ​ទេ ប្រយោជន៍ ទី៣ នេះ​ហើយ​ជា​ប្រយោជន៍​ដ៏​ធំ​បំផុត។ មាន​ន័យ​ថា ពន្យារ​ពេល​កាន់​តែ​យូរ គឺ​រឹត​តែ​ប្រសើរ ប៉ុន្តែ​យើង​ផ្អែក​តែ​មួយ​ជ្រុង​ទេ ក្នុង​ករណី​ការ​ដឹក​នាំ​រាជ​រដ្ឋាភិបាល​នា​ពេល​បច្ចុប្បន្ន​នេះ ដោយ​ពុំ​មាន​ឧបសគ្គ​ផែ្នក​ហិរញ្ញវត្ថុ។ ចំណុច​នេះ ចង់​បញ្ជាក់​ថា ទី១- CPP អាច​បន្ត​គ្រប់​គ្រង​រដ្ឋ ១ ឆ្នាំ ឬ ២ ឆ្នាំ​ទៅ​មុខ​ទៀត បើ​សិន​ជា​ការ​ចរចា​មិន​ត្រូវ​រ៉ូវ​គ្នា ហើយ​ចេះ​តែ​អូស​បន្លាយ។ ទី២- បើ ១ ឆ្នាំ ឬ ២ ឆ្នាំ​ទៅ​មុខ​ទៀត ការ​ចរចា​ត្រូវ​រ៉ូវ​គ្នា​ក៏​ដោយ អ្វីៗ​ហាក់​ដូច​ជា​យឺត​ពេល ព្រោះ​ការ​ទាមទារ​របស់ CNRP កែ​ទម្រង់​ប្រព័ន្ធ​បោះឆ្នោត និង​បោះឆ្នោត​ឡើង​វិញ ហើយ​កិច្ចការ​ទាំង​នេះ ត្រូវ​ចំណាយ​ពេល​យ៉ាង​ហោច​ណាស់ ២ ឆ្នាំ ដូច​នេះ​វា​នឹង​ដល់ ឆ្នាំ​២០១៨ សម្រាប់​អាណត្តិ​ថ្មី​តែ​ម្តង ជា​រួម CPP មាន​ឱកាស ដឹក​នាំ​រដ្ឋ ១ អាណត្តិ ៥ ឆ្នាំ​ពេញ។ ទី៣- CPP មាន​ពេល​វេលា​គ្រប់​គ្រាន់ ដើម្បី​ធ្វើ​ការងារ​ផ្គាប់​ចិត្ត​រាស្ត្រ​មួយ​ផ្អែក​និង​រៀបចំ​កម្លាំង​ទប់ទល់​ការពារ ក្នុង​ការ​ប្រជែង​សម្រាប់​ការ​បោះឆ្នោត​ខាង​មុខ ជា​ពិសេស បាន​ធ្វើ​ឲ្យ CNRP ធ្លាក់​ប្រជាប្រិយ​ភាព ព្រោះ​រាស្រ្ត​មិន​សប្បាយ​ចិត្ត​ជាមួយ ដោយ​សារ​ចាញ់​ល្បិច​លោក ហ៊ុន សែន ក្នុង​ការ​បណ្តែត​បណ្តោយ​ពេល​វេលា និង​ការ​ធ្វើ​សកម្មភាព​តវ៉ា​កន្លង​មក ៥ ឆ្នាំ​គ្មាន​បាន​ផល បាន​ក្លាយ​ជា​អសារ​សូន្យ ដែល​ធ្វើ​ឲ្យ​រាស្ត្រ​បាក់​ទឹក​ចិត្ត និង​អស់​សង្ឃឹម ក្នុង​ការ​គាំទ្រ​បន្ត​ទៅ​ទៀត។

បើ​សិន​ជា​ករណី​លោក ហ៊ុន សែន មាន​ចេតនា​ពិត​ក្នុង​ការ​ចរចា ដើម្បី​បញ្ចប់​បញ្ហា​នយោបាយ​នេះ​មែន​វា​ជា​រឿង​មួយ​ដោយ​ឡែក​ទៀត​ដែល​ខ្ញុំ នឹង​លើក​យក​មក​វិភាគ​នា​ពេល​ក្រោយ ព្រោះ​ថា ចង់​មិន​ចង់​លោក ហ៊ុន សែន ឬ CPP ត្រូវ​ការ​ជីវិត​នយោបាយ​រស់​បន្ត​ទៅ​ទៀត​ដែល​តម្រូវ​ការ ទី១- ជំនួយ​ពី បរទេស និង​គម្រោង​វិនិយោគ ដោយសារ​ប្រឈម​នឹង​បញ្ហា​ហិរញ្ញវត្ថុ ក្នុង​ការ​ធានា​និរន្តរភាព​នៃ​ការ​គ្រប់​គ្រង​រដ្ឋ។ តម្រូវការ ទី២- ភាព​ស្រប​ច្បាប់​នៃ​រដ្ឋាភិបាល ដែល​កើត​ចេញ​ពី​រដ្ឋសភា​ឯកបក្ស។ តម្រូវ​ការ ទី៣- ខ្ចី​ដៃ CNRP ដើម្បី​គ្រប់​សំឡេង ២/៣ អនុម័ត​ច្បាប់​ចំនួន ៣ ក្នុង​វិស័យ​តុលាការ ដែល​សង្ឃឹម​ថា នឹង​អាច​រក​ជំនួយ​ពី​សហគមន៍​អន្តរជាតិ​បាន​ខ្លះ…។ល។

ជា​អនុសាសន៍៖ ដើម្បី​ទម្លាយ​ភាព​ជាប់​គាំង​នយោបាយ ដោយ​សារ​នៅ​មាន​បញ្ហា​សេស​សល់​គឺ​ការ​កំណត់​កាលបរិច្ឆេទ​ការ​បោះឆ្នោត​ឡើង​វិញ ឬ​មុន​អាណត្តិ​បន្ថែម​លើ​អ្វី ដែល​បាន​ព្រម​ព្រៀង​គ្នា ដូច​ជា កំណែ​ទម្រង់​ប្រព័ន្ធ​បោះឆ្នោត ប្រព័ន្ធ​ផ្សព្វ​ផ្សាយ ហិរញ្ញវត្ថុ​គណបក្ស​ជាដើម៖ ទី១- គណបក្ស ទំាង​ពីរ ឈប់​និយាយ​អំពី​រឿង​បោះឆ្នោត​ឡើង​វិញ​សម្រាប់​អាណត្តិ ទី៥ នា​ពេល​កន្លង​ទៅ ដែល​មាន​ភាព​ចម្រូង​ចម្រាស ឬ​បោះឆ្នោត​មុន​អាណត្តិ សម្រាប់​អាណត្តិ ទី៦។ ផ្ទុយ​ទៅ​វិញ ចរចា​អំពី​ការ​ធ្វើ​វិសោធនកម្ម រដ្ឋ​ធម្មនុញ្ញ ក្នុង​ការ​បន្ថយ​រយៈ​ពេល​បោះឆ្នោត​ពី ៥ ឆ្នាំ មក ៤ ឆ្នាំ ក្នុង ១ អាណត្តិ ដោយ​រំកិល​ការ​បោះឆ្នោត ឃុំ-សង្កាត់ មក ឆ្នាំ​២០១៦ និង​ការ​បោះឆ្នោត​ជាតិ​មក ឆ្នាំ​២០១៧ ព្រម​ទាំង​កំណត់​អាណត្តិ​នាយក​រដ្ឋ​មន្រ្តី តែ​ពីរ​អាណត្តិ (៨ ឆ្នាំ) ជា​ការ​ស្រេច។ ទី២- គណបក្ស​ទំាង​ពីរ ត្រូវ​មាន​សុច្ឆន្ទៈ​ក្នុង​ការ​បញ្ចប់​ភាព​ជាប់​គាំង​នយោបាយ និង​សម្បទាន​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​ការ​ចរចា​ដោយ​កសាង​កិច្ច​ព្រម​ព្រៀម​នយោបាយ​មួយ ដែល​អាច​ជឿ​ទុក​ចិត្ត​បាន​នូវ​អ្វី​ដែល​បាន​ព្រម​ព្រៀង​និង​ចុះ​ហត្ថលេខា​ចំពោះ​ព្រះ​ភ័ក្រ្ត​ព្រះ​មហាក្សត្រ និង​ចំពោះ​មុខ​តំណាង​ប្រជា​ពលរដ្ឋ សង្គម​ស៊ីវិល អ្នក​ការ​ទូត​អន្តរជាតិ ។ ទី៣-ទាំង​រដ្ឋសភា ទាំង​រាជ​រដ្ឋាភិបាល គឺជា​ស្ថាប័ន​ចាំ​ផ្ទះ ដោយ​ទទួល​យក​អាសនៈ​បណ្តោះ​អាសន្ន ៥៥-៦៨ ក្នុង​រដ្ឋសភា ដោយ CNRP ចូល​ធ្វើ​សច្ចា​ប្រណិធាន និង​ចូល​កាន់​តំណែង​ដើម្បី​ឲ្យ​រដ្ឋសភា មាន​ធម្មនុញ្ញភាព (ពហុបក្ស) និង​មាន​តុល្យភាព​អំណាច​រវាង​បក្ស​ដឹក​នាំ និង​បក្ស​នៅ​ក្រៅ​រាជ​រដ្ឋាភិបាល។ ចំណែក CPP ត្រូវ​រៀបចំ​សមាសភាព​គណៈ​រដ្ឋ​មន្រ្តី​ថ្មី​ឡើង​វិញ ហើយ​ចូល​មក​សុំ​សេចក្តី​ទុក​ចិត្ត​ពី​រដ្ឋសភា ដើម្បី​ធ្វើ​ឲ្យ​រាជ​រដ្ឋាភិបាល​កម្ពុជា មាន​លក្ខណៈ​ស្រប​ច្បាប់។ ដូច​នេះ គណបក្ស​ទាំង​ពីរ មាន​ពេល​វេលា​គ្រប់​គ្រាន់ ក្នុង​ការ​ធ្វើ​ការងារ​រួម​គ្នា ចំពោះ​ការងារ កំណែ​ទម្រង់ ដែល​បាន​ព្រម​ព្រៀង​គ្នា និង​មាន​ពេល​យ៉ាង​តិច ២ ឆ្នាំ ក្នុង​ការ​ត្រៀម​ខ្លួន​ប្រកួត​ប្រជែង​គ្នា ដោយ​ត្រឹម​ត្រូវ និង​យុត្តិធម៌ ពី​សំណាក់ គ.ជ.ប ដែល​គណបក្ស​ទាំង​ពីរ​ទទួល​ស្គាល់​និង​ជា​ពិសេស គឺ​ត្រៀម​ខ្លួន​ទទួល​យក​លទ្ធផល​ពិត “ចាញ់​ដោយ​អស់​ចិត្ត​និង​ឈ្នះ​ដោយ​ថ្លៃ​ថ្នូរ”៕

ខ្ញុំ​សូម​ទទួល​ការ​ទិតៀន​តាម​អ៊ីមែល visal.udom@yahoo.com ដោយ វិសាល ឧត្តម