បក្សជាប់ឆ្នោតទាំងពីរសរុបលទ្ធផលលើចំណុចដែលមិនទាន់ឯកភាពគ្នាក្នុងច្បាប់បោះឆ្នោត
បក្សជាប់ឆ្នោតទាំងពីរសរុបលទ្ធផលលើចំណុចដែលមិនទាន់ឯកភាពគ្នាក្នុងច្បាប់បោះឆ្នោត
ក្រុមការងារកែទម្រង់ការបោះឆ្នោតនៃគណបក្សប្រជាជនកម្ពុជា (CPP) និងគណបក្សសង្គ្រោះជាតិ (CNRP) បានបន្តជួបប្រជុំគ្នា កាលពីម្សិលមិញនៅមន្ទីររដ្ឋសភាដើម្បីធ្វើការសរុបនូវបញ្ហាកន្លងមកដែលមិនទាន់ឯកភាពគ្នាមាន ១១ចំណុចក្នុងពង្រាងច្បាប់បោះឆ្នោតដែលកំពុងតាក់តែងថ្មីនេះ។
បើតាមលោក ប៊ិន ឈិន ប្រធានក្រុមការងារកែទម្រង់ការបោះឆ្នោតនៃគណបក្សប្រជាជនកម្ពុជា (CPP) បានថ្លែងប្រាប់អ្នកសារព័ត៌មានថាចំណុចមិនទាន់ឯកភាពនៃច្បាប់បោះឆ្នោតថ្មី ដែលមានរហូតដល់ជាង ១៦០មាត្រានៃ ១២ជំពូកមានការដែល CNRP ស្នើឲ្យបង្កើនអាសនៈលើសពី ១២៣ ប៉ុន្តែ CPP នៅមិនទាន់យល់ព្រម។
លោកមានប្រសាសន៍ថា ៖ «ចំណុចដែលកងកម្លាំងយោធា នគរបាល តុលាការ ចូលរួមឃោសនា គឺជារឿងធំដែលមិនទាន់ជជែកគ្នាដាច់ស្រេច។ ចំណុចមួយទៀតទាក់ទងនឹងបញ្ហាអព្យាក្រឹត្យភាពរបស់សង្គមស៊ីវិលទាំងពេលឃោសនាបោះឆ្នោតរាប់សន្លឹកឆ្នោត និងប្រកាសលទ្ធផល»។
ចំណុចទាំងនេះនឹងត្រូវសរសេរហើយបញ្ជូនដល់«ថ្នាក់ដឹកនាំកំពូល» នៃគណបក្សទាំងពីរនាថ្ងៃចន្ទទី ២៣ កុម្ភៈខាងមុខនេះ។ នេះបើតាមក្រុមការងារទាំងពីរ។ លោកបានបញ្ហា ពាក់ព័ន្ធនឹងការហែរក្បួនឃោសនានៅមិនទាន់ឯកភាពគ្នាត្រង់ថាថ្ងៃឃោសនាគណបក្ស CPP ចង់កម្រិតតែ ២១ថ្ងៃ ឯ CNRP ទាមទាររហូតដល់ ២៥ថ្ងៃ។
នៅមានចំណុចផ្សេងទៀតទាក់ទងនឹងការយកអគាររដ្ឋមកធ្វើការឃោសនាការស្នើឲ្យមានភាពស្មើគ្នានូវម៉ោងផ្សាយរបស់ទូរទស្សន៍វិទ្យុ។ លោកថា ៖ «ថ្ងៃចន្ទយើងនឹងធ្វើការសរុបបញ្ហាមិនឯកភាពទាំងនេះជូនថ្នាក់ដឹកនាំ»។
លោក គួយ ប៊ុនរឿន នៃក្រុមការងារគណបក្សសង្ក្រោះជាតិមានប្រសាសន៍ថា កាលពីម្សិលមិញក៏មានការជជែកគ្នាពីទោសបញ្ញតិផងដែរ។ តាមគម្រោងក្រុមការងារទាំងពីរនឹងបញ្ចប់ពង្រាងច្បាប់បោះឆ្នោតនៅចុងខែកុម្ភៈ ឬដើមខែមីនានេះ៕