ប្រជាជនខ្មែរនៅក្រៅប្រទេសបានដាក់ញត្តិទាមទារសិទ្ធិបោះឆ្នោត
Op-Ed: ABC Khmer Services
ប្រជាជនខ្មែរនៅក្រៅប្រទេសបានដាក់ញត្តិទាមទារសិទ្ធិបោះឆ្នោត
ញត្តិទាមទារមួយដែលបច្ចុប្បន្នមានអ្នកចុះហត្ថលេខាគាំទ្រប្រមាណជា ៥០០ ហត្ថលេខាក្នុងនោះភាគច្រើនជាខ្មែរដែលរស់នៅសហរដ្ឋអាម៉េរិក ត្រូវបានធ្វើឡើងដោយគណៈកម្មការដើម្បីសិទ្ធិបោះឆ្នោតរបស់ខ្មែរនៅក្រៅប្រទេស (CEROC) ក្នុងគោលបំណងស្នើសុំឲ្យប្រជាជនខ្មែរដែលរស់នៅក្រៅប្រទេសមានសិទ្ធិចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តក្នុងប្រទេសដើមកំណើតរបស់ខ្លួនបាន។
លោក សេង សុភ័ណ ប្រធាន និងជាអ្នកផ្តួចផ្តើមបង្កើតគណៈកម្មការដើម្បីសិទ្ធិបោះឆ្នោតរបស់ខ្មែរនៅក្រៅប្រទេសមានប្រសាសន៍ថាបើទោះជាលោករស់នៅប្រទេសក្រៅក្តី តែចិត្តគំនិត និងអារម្មណ៍របស់លោកនៅតែគិតដល់ប្រទេសកំណើតរបស់ខ្លួន ហើយលោក និងប្រជាពលរដ្ឋខ្មែរដែលរស់នៅក្រៅប្រទេសមានបំណងចង់បោះឆ្នោតដើម្បីជ្រើសតាំងតំណាងរបស់ខ្លួន។
(សំឡេងលោក សេង សុភ័ណ)
លោក សេង សុភ័ណបានបញ្ជាក់ថា ប្រជាពលរដ្ឋខ្មែរទាំងពីរភេទមានសិទ្ធិបោះឆ្នោតដោយស្របតាមច្បាប់រដ្ឋធម្មនុញ្ញឆ្នាំ ១៩៩៣និងច្បាប់បោះឆ្នោតឆ្នាំ ១៩៩៧ វិសោធនកម្មឆ្នាំ ២០០៧។ លោកក៏បានលើកឧទាហរណ៍ពីប្រទេសមួយចំនួនដែលបានផ្តល់សិទ្ធិឲ្យប្រជាពលរដ្ឋរបស់គេដែលរស់នៅក្រៅប្រទេសអាចបោះឆ្នោតបានដែរ។
(សំឡេងលោក សេង សុភ័ណ)
ទាក់ទិននឹងករណីនេះ លោក ហង្ស ពុទ្ធា នាយកប្រតិបត្តិគណៈកម្មការអព្យាក្រឹត និងយុត្តិធម៌ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជា មានប្រសាសន៍ថា ប្រជាពលរដ្ឋខ្មែរទាំងពីរភេទមានសិទ្ធិបោះឆ្នោតបាន ដោយលោកបញ្ជាក់ថា ស្ថាប័នរៀបការបោះឆ្នោតគួរតែបង្កឲ្យមានលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋខ្មែរដែលរស់នៅក្រៅប្រទេសដើម្បីឲ្យអាចបោះឆ្នោតបាន។
(សំឡេងលោក ហង្ស ពុទ្ធា)
គួរបញ្ជាក់ថា គណៈកម្មការដើម្បីសិទ្ធិបោះឆ្នោតរបស់ខ្មែរនៅក្រៅប្រទេសបានបង្កើតឡើងនៅថ្ងៃទី ៩ ខែមីនា ឆ្នាំ២០១៤ នេះដើម្បីប្រមូលហត្ថលេខាអ្នកគាំទ្រទាមទារសិទ្ធិបោះឆ្នោតជ្រើសតាំងតំណាងរបស់ខ្លួននៅក្នុងប្រទេសដើមកំណើត៕