បក្សប្រឆាំងបន្តជំរុញឱ្យទទួលយកគ.ជ.បដែលអនុម័តដោយសភា
Op-Ed: VOA Khmer Services
បក្សប្រឆាំងបន្តជំរុញឱ្យទទួលយកគ.ជ.បដែលអនុម័តដោយសភា
លិខិតរបស់គណបក្សសង្គ្រោះជាតិបានបញ្ជាក់ឱ្យគណបក្សប្រជាជនកម្ពុជាត្រូវតែប្រកាន់ជំហរយកចិត្តទុកដាក់ដោះស្រាយបញ្ហាគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតជាមូលដ្ឋានមុនសិន មុននឹងឈានដល់ការជជែកគ្នាសារជាថ្មីទៀត។
អត្ថបទព័ត៌មានទាក់ទង
- គណបក្សជាប់ឆ្នោតទាំងពីរបន្ទោសគ្នាទៅវិញទៅមករឿងបរាជ័យក្នុងការចរចា
- ការចរចាកែទម្រង់ការបោះឆ្នោតត្រូវស្ទះ
- គណបក្សកាន់អំណាចគ្រោងដាក់ឲ្យអ្នកនយោបាយមានសញ្ជាតិតែមួយ
- ការចរចាលើការកែទម្រង់ការបោះឆ្នោតមិនឈានទៅមុខ
- គណបក្សប្រឆាំងមិនចូលប្រជុំសភាលុះណាមានដំណោះស្រាយរឿងបោះឆ្នោត
- អ៊ូ វីរៈ៖ កម្ពុជាកំពុងឈានទៅបង្កើតគណៈកម្មាធិការបោះឆ្នោតមួយសម្រាប់គ្រប់គណបក្ស
14 មិនា 2014
ភ្នំពេញ — បន្ទាប់ពីការព្រមានរបស់លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិថាអាចនឹងបញ្ឈប់ការចរចាជាមួយនឹងគណបក្សប្រជាជនកម្ពុជាបើមិនព្រមតាមលក្ខខណ្ឌរបស់ខ្លួនក្នុងការកែទម្រង់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនោះមកគណបក្សប្រឆាំងដ៏ធំមួយនេះបានផ្ញើលិខិតមួយជាផ្លូវការជូនលោក ប៊ិន ឈិន ប្រធានក្រុមចរចាខាងគណបក្សកាន់អំណាចឱ្យទទួលយកលក្ខខណ្ឌរបស់ខ្លួន។
លិខិតរបស់គណបក្សសង្គ្រោះជាតិបានបញ្ជាក់ឱ្យគណបក្សប្រជាជនកម្ពុជាត្រូវតែប្រកាន់ជំហរយកចិត្តទុកដាក់ដោះស្រាយបញ្ហាគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតជាមូលដ្ឋានមុនសិន មុននឹងឈានដល់ការជជែកគ្នាសារជាថ្មីទៀត។
លោក សុន ឆ័យ ប្រធានក្រុមចរចាខាងគណបក្សសង្គ្រោះជាតិមានប្រសាសន៍ថាគណបក្សសង្គ្រោះជាតិនៅតែទទូចឱ្យស្ថាប័នរៀបចំការបោះឆ្នោតទៅក្នុងរដ្ឋធម្មនុញ្ញដើម្បីធានាឱ្យស្ថាប័ននេះឯករាជ្យនិងការអនុម័តដោយសំឡេង២ភាគ៣។
លោកបានបញ្ជាក់ថាប្រសិនបើគណបក្សប្រជាជនកម្ពុជា មិនទទួលយកសំណើនេះទេគណបក្សសង្គ្រោះជាតិនឹងបិទផ្លូវចរចាដោយសារតែគណបក្សកាន់អំណាចគ្មានឆន្ទៈក្នុងការដោះស្រាយបញ្ហាជាប់គាំងនយោបាយពិតប្រាកដ។
លោកនិយាយថា៖ «គណបក្សប្រជាជនអត់មានឆន្ទៈក្នុងការកែទម្រង់ពិតប្រាកដហាក់ដូចជាបន្តបង្កើនការប្រជុំនោះ គ្រាន់តែជាការឡប់ឡែពន្យារពេល។ ម្ល៉ោះហើយយើងមិនអាចបន្តលេងល្បែងបែបនេះតទៅទៀតទេ»។
លោក ប៊ិន ឈិន មិនអាចស្នើសុំដើម្បីទំនាក់ទំនងបានទេ។ ចំណែកលោក ឈាង វ៉ុន សមាជិកក្រុមចរចាខាងគណបក្សប្រជាជនបានបដិសេធមិនផ្តល់បទសម្ភាសន៍ជាមួយវិទ្យុសំឡេងសហរដ្ឋអាមេរិក។
លោកនិយាយថា៖ «មិនបាច់ទេ។ រស្មីមិនបាច់សួរខ្ញុំទេ ពីព្រោះនិយាយទៅអត់បានការអ្វីដដែល។និយាយទៅយកទៅបកស្រាយតែរស្មីឯងចង់ធ្វើ។ងាប់ហើយខ្ញុំ»។
ក៏ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ លោក ជាម យៀប សមាជិកក្រុមចរចាខាងគណបក្សប្រជាជនកម្ពុជាមួយរូបផ្សេងទៀតបានមានប្រសាសន៍ថាលោកបានឃើញលិខិតរបស់គណបក្សសង្គ្រោះជាតិរួចហើយ។
លោកបានបញ្ជាក់ថាលោកនឹងស្នើសុំយោបល់ពីថ្នាក់ដឹកនាំកំពូលពីគណបក្សប្រជាជនជាអ្នកសម្រេច។លោកបានបន្ថែមថាការសម្រេចផ្អាកការចរចាជាសិទ្ធិរបស់គណបក្សសង្គ្រោះជាតិតែប៉ុណ្ណោះ។
លោកនិយាយថា៖ «បញ្ហាគជបគួរតែប្រគល់ជូននេះទៅ។ កុំទៅ អញ្ចឹងទេហាក់បីដូចជាគាត់យក អន្ទាក់ដែលធ្វើអំពីដែកថែបនិងច្រវ៉ាក់ដែកថែបយកមកទាញក មាតុភូមិកម្ពុជាកំពុងដំណើរការទៅមុខឱ្យនៅស្ងៀមដើរថយក្រោយទៅវិញ»។
មេដឹកនាំគណបក្សសង្គ្រោះជាតិគឺលោក សម រង្ស៊ី កាលពីថ្ងៃពុធបានព្រមានថានឹងបិទទ្វារចរចាជាមួយគណបក្សប្រជាជនកម្ពុជាដោយសារតែលោកចោទប្រកាន់ថាគណបក្សនេះពុំមានឆន្ទៈក្នុងការចរចាដើម្បីកំណែទម្រង់លើប្រព័ន្ធបោះឆ្នោត។
ថ្លែងទៅកាន់អ្នកគាំទ្រគណបក្សជំទាស់នៅ ក្នុងស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ ដែលជាខេត្តទើបបង្កើតថ្មី លោកសម រង្ស៊ី អធិប្បាយថា ការជជែកគ្នាបន្តទៀតប្រព្រឹត្តទៅបានលុះណាតែមានការដោះស្រាយ ចំណោទនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដែលហៅកាត់ថា(គ.ជ.ប.)ជាមុនសិនបើមិនដូច្នេះទេគណបក្សលោកនឹងដឹកនាំធ្វើមហាបាតុកម្មសារជាថ្មីដោយរំពឹងថានឹងមានមនុស្សចូលរួមប្រមាណ២លាននាក់។
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិមានប្រសាសន៍ថានៅថ្ងៃព្រហស្បតិ៍នេះលោក សម រង្ស៊ី និងមន្ត្រីគណបក្សពីររូបផ្សេងទៀតនឹងធ្វើដំណើរទៅកាន់ប្រទេសអូស្ត្រាលីចំនួនពីរសប្តាហ៍។
លោក យឹម សុវណ្ណ បានបញ្ជាក់ថាក្រៅពីមានជំនួបជាមួយនឹងប្រជាពលរដ្ឋខ្មែរលោក សម រង្ស៊ី គ្រោងនឹងមានជំនួបមួយជាមួយអ្នកការទូត មន្ត្រីរដ្ឋាភិបាល ព្រមទាំងសមាជិកសភារបស់អូស្ត្រាលីដើម្បីស្វែងរកការគាំទ្រពីប្រទេសអូស្ត្រាលីចំពោះវិបត្តិនយោបាយក្នុងប្រទេសកម្ពុជា៕