ក្រុម​ការងារ​​​នៃ​​គណបក្ស​​ទាំង២​​​ចាប់​ផ្តើម​ពិភាក្សា​អំពី​បែប​បទ​នៃ​ការ​រៀបចំ​​សិក្ខា​សាលា​ថ្នាក់​ជាតិ​ និង​​វេទិកា​សាធារណៈ


Op-Ed: ABC Radio Khmer Services

ក្រុម​ការងារ​​​នៃ​​គណបក្ស​​ទាំង២​​​ចាប់​ផ្តើម​ពិភាក្សា​អំពី​បែប​បទ​នៃ​ការ​រៀបចំ​​សិក្ខា​សាលា​ថ្នាក់​ជាតិ​ និង​​វេទិកា​សាធារណៈ

ដាក់បញ្ចូលថ្ងៃ 24 March 2014, 17:59 AEST

នៅព្រឹក​ថ្ងៃទី​២៤​ ខែ​មីនា​ ឆ្នាំ​២០១៤​នេះ​ ក្រុម​​បច្ចកទេស​​នៃ​​គណបក្ស​​ប្រជាជន​​​កម្ពុជា​​ និង​គណ​បក្ស​សង្រ្គោះ​​ជាតិ​បាន​វិល​ចូល​តុ​ចរចា​​​សា​ជា​ថ្មី​នៅ​ឯ​វិមាន​​ ​​​ព្រឹទ្ធ​សភា​ ​ដើម្បី​​បន្ត​ពិភាក្សា​​សំដៅ​​ដោះ​ស្រាយ​ បញ្ហា​នយោបាយ​​ជាប់​គាំង​នៅ​​កម្ពុជា​​ក្រោយ​​ការ​​បោះ​ឆ្នោត​​​កាលពី​​ ខែកក្កដា​ ឆ្នាំ​​២០១៣។

Working groups from the ruling CPP party and the main oppositions CNRP party meet this morning to discuss organising national workshops and public forum on election reforms

ក្រុម​ការ​ងារ​បក្ស​កាន់​អំណាច​អង្គុយ​នៅ​ខាង​ឆ្វេង​ដឹក​នាំ​ដោយ​លោក ប៊ិន ឈិន។ រីឯ​ក្រុម​ការ​ងារ​បក្ស​ប្រឆាំង​អង្គុយ​ខាង​ស្ដាំ​ដឹក​នាំ​ដោយ​លោក សុន ឆ័យ។ រូប​ថត​ដោយ​លោក សរ សុវណ្ណារ៉ា​ (Credit: ABC)
សំឡេង៖ ក្រុម​ការងារ​​​នៃ​​គណបក្ស​​ទាំង២​​​ចាប់​ផ្តើម​ពិភាក្សា​អំពី​បែប​បទ​នៃ​ការ​រៀបចំ​​សិក្ខា​សាលា​ថ្នាក់​ជាតិ​ និង​​វេទិកា​សាធារណៈក្រុមការងារ​នៃ​គណបក្ស​ទាំង២​បាន​មក​ជួបជុំគ្នា​នៅ​វិមាន​ព្រឹទ្ធ​សភា​នៅ​ម៉ោង ៩ព្រឹក​នេះ​តាម​ការ​សន្យា​ ដើម្បី​បន្ត​ជជែក​ឆ្ពោះ​ទៅ​ធ្វើ​ការ​កែ​ទម្រង់​ការ​បោះ​ឆ្នោត។

យោងតាម​របៀប​វារៈ​ដែល​បាន​ព្រៀង​ទុក គឺ​កិច្ចពិភាក្សា​នេះ​គ្រោង​ជជែក​អំពី​ការ​កំណត់​អាទិភាព​នៃ​ប្រធាន​បទ​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត​ដែល​ក្រុមការងារ​ទាំង២​ទើប​បាន​សម្រេច​មាន​១៤​ចំណុច​កាល​ពី​ថ្ងៃ​ទី​១៧ ខែ​មីនា និង​ពិភាក្សា​សម្រេច​ទៅ​លើ​បែបបទ​នៃ​ការ​រៀប​ចំ​សិក្ខា​សាលា​ថ្នាក់ជាតិ និង​វេទិកា​សាធារណៈ​ដើម្បី​ប្រមូល​មតិ​មហាជន​អំពី​ការកែទម្រង់​ការបោះឆ្នោត។

សូម​រំលឹកថា កាលពី​ថ្ងៃទី១៧ ខែ​មីនា​សប្តាហ៍​មុន​ក្រុម​ការងារ​នៃ​គណបក្ស​ទាំង​២​បាន​សម្រេច​អំពី​ការ​កែ​ទម្រង់​ទៅ​លើ​១៤​ចំណុច​មាន​ដូច​ជា៖ ការចុះ​បញ្ជី​អ្នក​បោះ​ឆ្នោត​ឡើង​វិញ, ច្បាប់​ហិរញ្ញវត្ថុ​របស់​គណបក្ស​នយោបាយ, ការ​កែ​ទម្រង់​ស្ថាប័ន​រៀបចំ​ការបោះ​ឆ្នោត, មធ្យោបាយ​ផ្សព្វផ្សាយ​របស់​គណបក្ស​នយោបាយ យន្តការ​នៃ​ការដោះ​ស្រាយ​វិវាទ, ការ​សង្កេត​ការណ៍​បោះឆ្នោត, អ​ព្យា​ក្រឹត​ភាព​របស់​មន្ត្រី​រាជការ និង​កង​កម្លាំង​ប្រដាប់អាវុធ, កាល​បរិច្ឆេទ​នៃ​ការបោះ​ឆ្នោត, បទ​បញ្ជា ​និង​នីតិវិធី​នៃ​ការ​បោះ​ឆ្នោត, ការ​កែ​សម្រួល​ និង​ពង្រឹង​ទោស​បញ្ញត្ដិ​ក្នុង​ច្បាប់​បោះ​ឆ្នោត, ការ​ឃោសនា​បោះ​ឆ្នោត, ការ​បោះ​ឆ្នោត​មេភូមិ និង​ការ​ស្ទង់​មតិ។

សូមបញ្ជាក់ថា នោះ​គឺជា​លើក​ទី១ ហើយ​ក្នុង​ប្រវត្តិសាស្ត្រ​កម្ពុជា ដែល​មាន​កិច្ច​ពិភាក្សា​នៃ​ក្រុម​ការងារ​នៃ​គណបក្ស​នយោបាយ​អំពី​ការកែ​ទម្រង់​ការបោះ​ឆ្នោត​ដូច​នេះ។ ក្រុម​ការងារ​នេះ​បាន​ជួប​ដំបូង​នៅ​ថ្ងៃទី ៣ មីនា ហើយ​បាន​បន្ត​ជួប​ក្នុង​រយៈ​ពេល​១​សប្តាហ៍​ម្តង។

សមាសភាព​នៃ​កិច្ច​ចរចា​ដែល​បិទ​ទ្វារ​នេះ​មាន​៦ រូប មក​ពី​គណបក្ស​នីមួយៗ ហើយ​កិច្ច​ប្រជុំ​នៅ​ព្រឹក​ថ្ងៃទី ២៤ មីនា ឆ្នាំ​២០១៤​នេះ​មាន​សមាសភាព​ពី​គណបក្ស​ប្រជាជន​កម្ពុជា​រួម​មាន៖ ​លោក ប៊ិន ឈិន, លោក ប៉ែន បញ្ញា,  លោក ឈាង វុន, លោ ជាម យៀប, លោក ស៊ី​ក ប៊ុន​ហុក   និង​លោក​ស្រី ក្រូច សំអាង។

សមាសភាព​គណបក្ស​សង្គ្រោះ​ជាតិ​រួម​មាន​៖ ​លោក សុន ឆ័យ, លោក ម៉ៅ មុនី​វ៉ាន់,  លោក គួ​យ ប៊ុន​រឿន, លោក អ៊ូ ច័ន្ទ​រិ​ទ្ធ,  លោកស្រី មួរ សុខ​ហួរ និងលោក​ ហូរ វ៉ាន់។

សូមបញ្ជាក់ថា រហូត​មកដល់​ម៉ោង ១២ថ្ងៃ​ត្រង់​មុន​ការផ្សាយ​នេះ​កិច្ចចរចា​នៅ​បន្ត​ដោយ​មិនទាន់​ចប់​នៅ​ឡើយ​៕