បក្ស​ទាំងពីរ​នៅតែ​មិន​ទាន់​ឯកភាពគ្នា​លើ​រយៈពេល​ឃោសនា​បោះឆ្នោត​ទោះ​មាន​ការបន្ទន់​ជំហរ​ដាក់គ្នា​​


បក្ស​ទាំងពីរ​នៅតែ​មិន​ទាន់​ឯកភាពគ្នា​លើ​រយៈពេល​ឃោសនា​បោះឆ្នោត​ទោះ​មាន​ការបន្ទន់​ជំហរ​ដាក់គ្នា​​

ដោយ៖​ ទូច សុខា​ | ថ្ងៃសុក្រ ទី13 កុម្ភៈ 2015, 07:02 PM​

លោក គួ​យ ប៊ុន​រឿន(ឆ្វេង) ប្រធាន​ក្រុមការងារ​កំណែ​ទម្រង់កា​រ​បោះឆ្នោត​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ និងលោក​ ប៊ិន ឈិន ប្រធាន​ក្រុម​ការងារ​កំណែទម្រង់​មកពី​គណបក្ស​ប្រជាជន​កម្ពុជា

​គណបក្ស​ឈ្នះឆ្នោត​ទាំង​ពីរ​នៅ​តែ​មិនទាន់​អាច​រក​ចំណុច​ឯកភាពគ្នា​ទៅលើ​រយៈពេល​នៃ​ការឃោសនាបោះឆ្នោត និង​ចំនួន​ថ្ងៃ​ដែល​អាច​ហែរ​ក្បួន​ឃោសនា​បោះឆ្នោត​នៅ​ឡើយ ទោះបីជា​គណបក្ស​ទាំងពីរ​បាន​បន្ទន់​ជំហរ​រក​គ្នា​បន្តិច​ក៏ដោយ ។​

​នៅ​រសៀល​ថ្ងៃ​សុក្រ​នេះ ក្រុម​ការងារ​កំណែទម្រង់​ការបោះឆ្នោត​របស់​គណ​បក្ស​ទាំងពីរ​ បាន​ជួប​ពិភាក្សា​គ្នា​ជា​ថ្មី​លើ​ជំពូក​ទី​៧​នៃ​ច្បាប់​បោះឆ្នោត​ថ្មី ដោយ​ផ្តោត​សំខាន់​ទៅ​លើ​ការប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ទី​សាធារណៈ​របស់​រដ្ឋ នៅពេល​ឃោសនាបោះឆ្នោត រយៈពេល​នៃ​ការឃោសនាបោះឆ្នោត និង​ចំនួន​ថ្ងៃ​នៃ​ការ​ហែរ​ក្បួន​ឃោសនា​ជា​ដើម ។​

​ប្រធាន​ក្រុមការងារ​កំណែ​ទម្រង់កា​រ​បោះឆ្នោត​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ​លោក គួ​យ ប៊ុន​រឿន ថ្លែង​ប្រាប់​អ្នកសារព័ត៌មាន​ក្រោយ​ពី​កិច្ចប្រជុំ​នៅ​វិមាន​រដ្ឋ​សភា​ថា ភាគី​គណបក្ស​សង្គ្រោះ​ជាតិ​ចង់ឲ្យ​មាន​រយៈពេល​ឃោសនា​៤៥​ថ្ងៃ ឬ​ត្រឹម​៣០​ថ្ងៃ​ដូច​ច្បាប់​ចាស់ ។ លោក​អះអាង​ថា ការឃោសនា​ក្នុង​រយៈពេល​វែង​នេះ គឺ​ដើម្បី​ទុក​ពេលវេលា​ឲ្យ​គណបក្ស​ដែល​មិន​មាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្ទាល់​ខ្លួន​អាច​មាន​ពេល​គ្រប់គ្រាន់​ក្នុង​ការចុះ​ជួប​ជាមួយ​អ្នកគាំទ្រ​របស់ខ្លួន ខណៈ​ដែល​គណបក្សកាន់អំណាច​មាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ច្រើន ។​

​ដោយឡែក ប្រធាន​ក្រុម​ការងារ​កំណែទម្រង់​មកពី​គណបក្ស​ប្រជាជន​កម្ពុជា​លោក ប៊ិន ឈិន ថ្លែងថា រហូតមកដល់​ពេលនេះ ភាគី​គណបក្ស​ប្រជាជន​កម្ពុជា​បាន​បន្ទន់​ជំហរ​បន្តិច​ហើយ ដោយ​ព្រម​តម្លើង​ចំនួន​ថ្ងៃ​ឃោសនា​ពី​១៤​ថ្ងៃ​ទៅ​២០​ថ្ងៃ និង​ចំនួន​ថ្ងៃ​នៃ​ការ​ហែរ​ក្បួន​ពី​២​ថ្ងៃ​ទៅ​៤​ថ្ងៃ​វិញ ។

លោក​ក៏​បានឲ្យ​ដឹង​ដែរថា ចំនួន​ថ្ងៃ​នៃ​ការឃោសនា​បោះឆ្នោត​នេះ ភាគី​គណបក្ស​សង្គ្រោះ​ជាតិ​បាន​បន្ថយ​មក​ត្រឹម​២៥​ថ្ងៃ តែ​ចំនួន​នេះ​ភាគី​ខាង​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​មិន​ទាន់​យល់ព្រម​នៅឡើយ ។​

​លោក ប៊ិន ឈិន លើកឡើងថា ការហែក្បួន​ច្រើន​ថ្ងៃ​បង្ក​ឲ្យមាន​ការកកស្ទះ​ចរាច​រណ៍ និង​ធ្វើឲ្យ​ប្រជាពលរដ្ឋ​មាន​ការធុញទ្រាន់ ។ លោក​ឲ្យដឹង​ដែរថា ការ​ដែល​មិន​អនុញ្ញាត​ឲ្យមាន​ការហែ​រ​ក្បួន​នេះ មិនមែន​មានន័យថា បិទ​មិន​ឲ្យមាន​ការជួបជុំ​អ្នកគាំទ្រ​ក្នុង​រយៈពេល​នៃ​ការឃោសនា​នោះទេ ។ លោក​ថា គណបក្សនយោបាយ​អាច​ធ្វើ​ការជួបជុំ​ជាមួយ​អ្នកគាំទ្រ​របស់​ខ្លួន​នៅ​កន្លែង​ជាក់លាក់​ណាមួយ​ក៏បាន ។

​គួរបញ្ជាក់​ថា ការពិភាក្សា​អំពី​កំណែទម្រង់​ការបោះឆ្នោត​នេះ​គ្រោង​នឹង​បញ្ចប់​នៅ​ចុងខែ​កុម្ភៈ​នេះ ហើយ​រាល់​ចំណុច​ដែល​នៅ​សេសសល់​នឹង​បញ្ជូន​ទៅឲ្យ​ថ្នាក់ដឹកនាំ​គណបក្ស​ទាំង​ពីរ​ជា​អ្នកសម្រេច ។ ទោះយ៉ាងណា ប្រធាន​ក្រុម​ពិភាក្សា​របស់​គណបក្ស​ទាំង​ពីរ​អះអាងថា ការពិភាក្សា​នេះ​អាច​នឹង​បញ្ចប់​មុន ឬ​ក្រោយ​ការគ្រោងទុក ៕

​សូម​សរសេរ​មកកាន់​លោក ទូច សុខា តាមរយៈ sokha@vodhotnews.com