សង្គមស៊ីវិលទាមទារលុបមាត្រាច្បាប់បោះឆ្នោតថ្មីដែលរារាំងការបញ្ចេញមតិ
សង្គមស៊ីវិលទាមទារលុបមាត្រាច្បាប់បោះឆ្នោតថ្មីដែលរារាំងការបញ្ចេញមតិ
2015-02-04
អង្គការសង្គមស៊ីវិលចំនួន ៩ នៅថ្ងៃទី៤ កុម្ភៈ នេះ បានចេញសេចក្ដីថ្លែងការណ៍រួមគ្នាសម្ដែងពីក្ដីព្រួយបារម្ភចំពោះច្បាប់បោះឆ្នោតថ្មី ថាច្បាប់នេះនឹងមានការរឹតត្បិតសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិរបស់អង្គការសង្គមស៊ីវិល។
ក្រុមអង្គការសង្គមស៊ីវិលស្នើឲ្យរដ្ឋាភិបាល និងគណបក្សនយោបាយគោរពសេរីភាពខាងការបញ្ចេញមតិ ដើម្បីឲ្យកំណែទម្រង់ច្បាប់បោះឆ្នោតនោះ មានលក្ខណៈល្អប្រសើរឈរលើគោលការណ៍ប្រជាធិបតេយ្យ។
ក្រុមអង្គការសង្គមស៊ីវិលទាមទារឲ្យគណបក្សជាប់ឆ្នោតទាំងពីរដកចេញមាត្រា១ក្នុងសេចក្ដីច្បាប់បោះឆ្នោត និយាយពីការរឹតត្បិតអង្គការសង្គមស៊ីវិលនោះ។
អង្គការសង្គមស៊ីវិលចំនួន ៩ បានចេញសេចក្ដីថ្លែងការណ៍រួមគ្នានៅថ្ងៃទី៤ កុម្ភៈ សម្ដែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះវិធានការថ្មីនៅក្នុងសេចក្ដីព្រាងច្បាប់បោះឆ្នោតដែលហាមឃាត់អង្គការសង្គមស៊ីវិលក្នុងការផ្ដល់បទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយ ឬថ្លែងការណ៍ផ្សេងៗដែលអាចជេរប្រមាថដល់គណបក្សនយោបាយនៅពេលឃោសនាបោះឆ្នោត។
នាយកប្រតិបត្តិនៃអង្គការសមធម៌កម្ពុជា លោក អៀង វុទ្ធី មានប្រសាសន៍ថា អង្គការសង្គមស៊ីវិលធ្វើការក្នុងគោលបំណងលើកកម្ពស់សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ។ លោកបញ្ជាក់ថា សង្គមស៊ីវិលធ្វើការរិះគន់ដើម្បីស្ថាបនា ដូច្នេះសេចក្ដីព្រាងច្បាប់បោះឆ្នោតថ្មី បានកំណត់មិនឲ្យសង្គមស៊ីវិលរិះគន់គឺជាចំណុចផ្ទុយពីប្រទេសប្រកាន់ប្រជាធិបតេយ្យ៖ «មិនត្រូវដាក់ខ្លឹមសារនេះនៅក្នុងច្បាប់ទេ ធ្វើឲ្យប៉ះពាល់ដល់សេរីភាព ដល់ការបញ្ចេញមតិ ហើយក៏អាចធ្វើឲ្យប្រជាពលរដ្ឋ និងមន្ត្រី រួមទាំងមន្ត្រីរាជការផង មានការភ័យខ្លាច»។
ការលើកឡើងរបស់អង្គការសង្គមស៊ីវិលនេះ នៅខណៈគណបក្សទាំងពីរកំពុងជជែកពីសេចក្ដីព្រាងច្បាប់បោះឆ្នោតដែលគណបក្សទាំងពីរប្ដេជ្ញាថា នឹងធ្វើឲ្យចប់នៅចុងខែកុម្ភៈ នេះ។ ក៏ប៉ុន្តែនៅត្រង់ចំណុចដាក់ឲ្យអង្គការសង្គមស៊ីវិលឯករាជ្យ និងមិនអនុញ្ញាតឲ្យប្រមាថដល់គណបក្សនយោបាយនេះ គឺស្ថិតនៅក្នុងភាពចម្រូងចម្រាសរវាងគណបក្សទាំងពីរនៅឡើយ។
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក គួយ ប៊ុនរឿន មានប្រសាសន៍ថា ក្រុមការងារគណបក្សទាំងពីរបានជជែករួចរាល់ក្នុងជំពូកទី៨ កាលពីថ្ងៃច័ន្ទ ទី២ កុម្ភៈ ក៏ប៉ុន្តែមាត្រាមួយដែលនិយាយពីឯករាជ្យ អព្យាក្រឹតភាព និងភាពឥតលំអៀងរបស់អង្គការសង្គមស៊ីវិលនេះ គណបក្សសង្គ្រោះជាតិ មិនទាន់ឯកភាពនៅឡើយ៖ «នៅក្នុងច្បាប់នោះ ដាក់ឲ្យអង្គការសង្គមស៊ីវិលឯករាជ្យ អព្យាក្រឹត ដើម្បីឲ្យពួកគាត់តាមដានក្នុងពេលឃោសនាបោះឆ្នោត និងបោះឆ្នោត ហើយក៏និយាយពីក្រមសីលធម៌សង្គមស៊ីវិលដែរ តែគណបក្សសង្គ្រោះជាតិ មិនទាន់ឯកភាពនៅឡើយទេ»។
សេចក្ដីថ្លែងការណ៍របស់អង្គការសង្គមស៊ីវិលបានលើកក្ដីកង្វល់អំពីសេចក្ដីព្រាងច្បាប់បោះឆ្នោតដែលរឹតត្បិតមិនឲ្យមន្ត្រីអង្គការសង្គមស៊ីវិលផ្ដល់បទសម្ភាសន៍ ឬវិភាគដែលអាចប្រមាថដល់គណបក្សផ្សេងៗក្នុងពេលបោះឆ្នោត។ ការរឹតបន្តឹងបែបនេះស្មើនឹងការរំលោភបំពានសេរីភាពខាងបញ្ចេញមតិ។
ឆ្លើយតបនឹងករណីនេះ លោកឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា លោក ប៊ិន ឈិន ពន្យល់ថា មន្ត្រីអង្គការសង្គមស៊ីវិលអាចបញ្ចេញមតិបាន តែមិនអាចនិយាយដល់ការប្រមាថដល់ឥស្សរជននយោបាយ ឬគណបក្សនយោបាយណាមួយបានទេ៖ «កុំឲ្យគាត់ប្រមាថ បើនិយាយថា អ៊ីចេះ ថាអ៊ីចុះ ការពិតគឺគាត់ឯករាជ្យ ឥតលំអៀង គាត់អាចវិភាគ ប៉ុន្តែកុំឲ្យប្រមាថ»។
នាយកប្រតិបត្តិនៃអង្គការសមធម៌កម្ពុជា លោក អៀង វុទ្ធី ឆ្លើយតបថា ការកំណត់មិនឲ្យប្រមាថនៅក្នុងច្បាប់នេះ ហាក់ដូចជាទូលំទូលាយពេក ថាតើការប្រមាថណាមួយនោះ ត្រូវមានដែនកំណត់បែបណា?
សេចក្ដីថ្លែងការណ៍របស់អង្គការសង្គមស៊ីវិលបញ្ជាក់ថា ការកំណត់មិនឲ្យមន្ត្រីអង្គការសង្គមស៊ីវិលបញ្ចេញមតិណាមួយធ្វើឲ្យប៉ះពាល់ដល់គណបក្សនយោបាយ ឬការប្រមាថនេះ ជាការផ្ទុយពីរដ្ឋធម្មនុញ្ញកម្ពុជា និងកតិកាសញ្ញាអន្តរជាតិនានា ដែលកម្ពុជា ជាភាគីហត្ថលេខី ដូចជាកតិកាសញ្ញាអន្តរជាតិស្ដីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ ធានាសេរីភាពខាងការបញ្ចេញមតិ រាប់បញ្ចូលទាំងសេរីភាពស្រាវជ្រាវព័ត៌មាន ទទួល និងផ្សព្វផ្សាយព័ត៌មាន និងគំនិតសព្វបែបយ៉ាងដោយមិនគិតពីព្រំដែនដោយផ្ទាល់មាត់ សរសេរ ឬបោះពុម្ពតាមទម្រង់សិល្បៈក្ដី ឬក៏ដោយមធ្យោបាយដទៃទៀតក្ដីតាមការជ្រើសរើសរបស់ខ្លួន។
ទោះជាយ៉ាងណាក៏ដោយ ការដាក់ឲ្យអង្គការសង្គមស៊ីវិលឲ្យឯករាជ្យ និងមិនអនុញ្ញាតឲ្យនិយាយប្រមាថដល់គណបក្សនយោបាយនៅក្នុងសេចក្ដីព្រាងច្បាប់បោះឆ្នោតនេះ គណបក្សសង្គ្រោះជាតិ នៅមិនទាន់យល់ព្រមនៅឡើយ។ ក្រុមការងារគណបក្សទាំងពីរទុកឲ្យថ្នាក់ដឹកនាំជាអ្នកសម្រេចជាចុងក្រោយ។ បញ្ហានេះ គេមិនទាន់ដឹងនៅឡើយទេថា តើទីបំផុតគណបក្សទាំងពីរនឹងឯកភាពលើចំណុចនេះ ឬយ៉ាងណា?