សហភាពអឺរ៉ុបរំឭក គ.ជ.ប បង្ហាញតម្លាភាពលើការចុះឈ្មោះបោះឆ្នោត
Op-Ed: VOD
មន្ត្រីជាន់ខ្ពស់របស់សហភាពអឺរ៉ុបជំរុញឲ្យ គ.ជ.ប បើកចំហព័ត៌មានលើនីតិវិធីចុះធ្វើបញ្ជីឈ្មោះអ្នកបោះឆ្នោត ខណៈរដ្ឋាភិបាលនៅតែបន្តប្រើយន្តការចាស់ដែលធ្លាប់ចម្រូងចម្រាសដោយឲ្យអ្នកគ្មានអត្តសញ្ញាណប័ណ្ណអាចចុះឈ្មោះបានតាមរយៈធ្វើលិខិតបញ្ជាក់អត្តសញ្ញាណ។
ក្រោយការបោះឆ្នោតឆ្នាំ២០១៣ គណបក្សសង្គ្រោះជាតិបានធ្វើពហិកាជិតមួយឆ្នាំដោយថាមកពីដំណើរការបោះឆ្នោតមានភាពមិនប្រក្រតីរួមទាំងការចេញលិខិតបញ្ជាក់អត្តសញ្ញាណឲ្យអ្នកអត់អត្តសញ្ញាណប័ណ្ណអាចចុះឈ្មោះនិងបោះឆ្នោតបាន។
ក្រោយពីត្រូវរ៉ូវគ្នា គណបក្សទាំងពីរបានឯកភាពគ្នាធ្វើកំណែទម្រង់ប្រព័ន្ធបោះឆ្នោត។ ប៉ុន្តែនីតិវិធីចុះបញ្ជីបោះឆ្នោតថ្មីនេះ មន្ត្រី គ.ជ.ប អះអាងថាអ្នកដែលមិនទាន់បានធ្វើអត្តសញ្ញាណប័ណ្ណក៏អាចចុះឈ្មោះក្នុងបញ្ជីបោះឆ្នោតនេះដែរ ដោយគ្រាន់តែធ្វើលិខិតបញ្ជាក់អត្តសញ្ញាណទទួលស្គាល់ពីអាជ្ញាធរមូលដ្ឋានដូចមុន។
ក្នុងកិច្ចពិភាក្សាតុមូលស្តីពីការស្វែងយល់ទៅលើបញ្ហានិងនីតិវិធីសម្រាប់ការចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៦ដែលធ្វើឡើងនៅសណ្ណាគារមួយក្នុងរាជធានីភ្នំពេញនាព្រឹកថ្ងៃទី២២នេះ ឯកអគ្គរដ្ឋទូតប្រតិភូនៃសហភាពអឺរុបប្រចាំកម្ពុជា លោក ច្សច អេដហ្គា (George Edgar) ឲ្យដឹងតាមរយៈអ្នកបកប្រែថា លោកចង់ឃើញរដ្ឋាភិបាលពន្លឿនធ្វើអត្តសញ្ញាណប័ណ្ណឲ្យអ្នកដែលគ្រប់អាយុបោះឆ្នោតបានច្រើនបំផុត ដើម្បីឲ្យការធ្វើបញ្ជីឈ្មោះបោះឆ្នោតថ្មីពេលនេះមានអ្នកប្រើប្រាស់លិខិតបញ្ជាក់អត្តសញ្ញាណតិចតួចបំផុត។
ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបក៏បានជំរុញឲ្យ គ.ជ.ប ត្រូវបើកទូលាយព័ត៌មានពីចំនួនអ្នកចុះឈ្មោះមានអត្តសញ្ញាណប័ណ្ណនិងអ្នកប្រើប្រាស់លិខិតបញ្ជាក់អត្តសញ្ញាណផងដែរ ដែលលោកគិតថាដើម្បីបង្ហាញពីតម្លាភាពនៃកាចុះធ្វើបញ្ជីបោះឆ្នោតថ្មីនេះ។
លោកថា៖ «ឯកឧត្តមចង់ឲ្យយោបល់ទៅខាងរដ្ឋាភិបាលដែរថាធ្វើម៉េចកាត់បន្ថយកុំឲ្យពលរដ្ឋដែលអត់មានអត្តសញ្ជាណប័ណ្ណសញ្ជាតិខ្មែរហ្នឹង កុំមានចំនួនច្រើនពេកឲ្យចំនួនហ្នឹងវាតិច ឲ្យតិចកាលណាកាន់តែល្អ បានន័យថាឲ្យប្រជាពលរដ្ឋខ្មែរហ្នឹងមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរហ្នឹងឲ្យបានច្រើន ។ គាត់ដឹងថារដ្ឋាភិបាលពិសេសក្រសួងមហាផ្ទៃ លោកបានខិតខំខ្លាំងណាស់ ធ្វើម៉េចចេញអត្តសញ្ញាណប័ណ្ណនេះឲ្យពលរដ្ឋប្រើប្រាស់»។
កម្មវិធីតុមូលនោះមានអ្នកចូលរួមមកពីអង្គការឃ្លាំមើលការបោះឆ្នោត មន្ត្រីការពារសិទ្ធិមនុស្ស មន្រ្តីសហភាពអឺរុប អ្នកនយោបាយដែលមិនទាន់បានកាន់អំណាច និងតំណាង គ.ជ.ប ផងដែរ។
អគ្គលេខាធិការរង គ.ជ.ប លោក សោម សូរីដា អះអាងថាគិតត្រឹមខែឧសភា ក្រសួងមហាផ្ទៃប្រាប់ គ.ជ.ប ថាអត្តសញ្ញាណប័ណ្ណថ្មីចំនួន៨លាន២សែនសន្លឹកបានចែកជូនដល់ដៃប្រជាពលរដ្ឋហើយ ក្នុងគម្រោង១០លានជាងសន្លឹកដែលក្រសួងមហាផ្ទៃគ្រោងធ្វើជូនអ្នកមានសិទ្ធិបោះឆ្នោតនោះ។
ប៉ុន្តែលោកថា បើគិតទាំងអត្តសញ្ញាណប័ណ្ណចាស់ដែលពលរដ្ឋអាចប្រើបានរហូតដល់ខែធ្នូឆ្នាំ២០១៨នោះលោកថា អញ្ញាណប័ណ្ណលែងជាបញ្ហាចោទទៀតហើយ។
លោកថា៖ «បើយើងបូកអត្តសញ្ញាណប័ណ្ណប្រភេទចាស់និងប្រភេទថ្មី ខ្ញុំបូកទ្រួសៗមកដល់ពេលនេះ មានជាង១៤លានសន្លឹកប័ណ្ណ បានន័យថាលើសពីចំនួនអ្នកបោះឆ្នោតដែលយើងត្រៀមចុះឈ្មោះបោះឆ្នោតនៅឆ្នាំ២០១៦ ប៉ុន្តែជាគោលការណ៍ក្រសួងមហាផ្ទៃលោកចង់ឲ្យប្រជាពលរដ្ឋខ្មែរលោកមានអត្តសញ្ញាណប័ណ្ណប្រភេទថ្មីទាំងអស់គ្នា ពីព្រោះវាមានឆីប(chip)ងាយកត់ត្រាច្បាស់លាស់ពី ឈ្មោះនិងទិន្ន័យរបស់ប្រជាពលរដ្ឋ ហើយវាងាយស្រួយពីការត្រួតពិនិត្យ»។
បើតាម លោក សោម ស៊ីរីដា កាចុះធ្វើបញ្ជីបោះឆ្នោតថ្មីមានរយៈពេល៩០ថ្ងៃ ហើយ គ.ជ.ប នឹងចុះធ្វើបញ្ជីបោះឆ្នោតនេះចាប់ពីថ្ងៃទី១ខែកញ្ញាទៅ។ លោកថាការចុះឈ្មោះនឹងធ្វើឡើងនៅតាមភូមិ-ឃុំ-សង្កាត់ បែបបច្ចេកវិទ្យាទំនើបធ្វើតាមប្រព័ន្ធកុំព្យូទ័រនិងផ្ញើទិន្នន័យតាមប្រព័ន្ធអ៊ីនធើណែត។
បើតាម គ.ជ.ប ក្រុមការងារចុះធ្វើបញ្ជីបោះឆ្នោតនៅថ្នាក់មូលដ្ឋានខុសពីឆ្នាំកន្លងទៅដែល គ.ជ.ប ធ្វើប្រតិភូកម្មអំណាចឲ្យប្រធានក្រុមប្រឹក្សាឃុំឬមេឃុំ សង្គាត់ និងស្មៀន។ ប៉ុន្តែលោកថាពេលចុះធ្វើបញ្ជីឈ្មោះបោះឆ្នោតថ្មីនេះ ក្រុមការងារចុះឈ្មោះមានបីនាក់គឺប្រធាន អនុប្រធានជាស្មៀន។ ប្រធាននិងសមាជិកតែងតាំងដោយ គ.ជ.ប ចំណែកអនុប្រធានជាស្មៀនឃុំ ។
លោក សោម ស៊ីរីដា បញ្ជាក់ថាសមាជិកជាអ្នកផ្ទៀងផ្ទាត់ចុងក្រោយ ហើយបញ្ចូលទិន្នន័យរបស់អ្នកទៅចុះឈ្មោះមក គ.ជ.ប ពិនិត្យ។
នាយកប្រតិបត្តិអង្គការឃ្លាំមើលការបោះឆ្នោតហៅខុមហ្វ្រែល លោក គល់ បញ្ញា លើកឡើងថាដើម្បីបង្ហាញតម្លាភាព ក្រុមការងារគួរតែប្រគល់ជាឯកសាជូនអ្នកចុះឈ្មោះភ្លាមៗ បើការចុះឈ្មោះនោះមានកំហុសបែបណាមួយជាជាងបញ្ជូនមកឲ្យ គ.ជ.ប ជាអ្នកកែហើយគ្មានអ្នកត្រួតពិនិត្យនោះ។
លោកថា៖ “មានបញ្ហាមួយដែលយើងព្រួយបារម្ភជាហានិភ័យ ថាអ្នកណាដែលទៅត្រួតពិនិត្យមើល ការកែតម្រូវរបស់ គ.ជ.ប បើអត់មានម្ចាស់អ្នកចុះឈ្មោះបោះឆ្នោតមកមើលការកែតម្រូវហ្នឹង។ ព្រោះ គ.ជ.ប នៅស្នាក់ការកណ្តាលហ្នឹងគាត់កែ ដោយសារអី គាត់បានកូពី(copy)អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬការបញ្ជាក់អត្តសញ្ញាណនឹង យកទៅផ្ទៀងផ្ទាត់បើខុសគាត់កែ សិទ្ធិកែហ្នឹងតើអ្នកណាដែលមានសិទ្ធិពិនិត្យមើល”។
ទោះជាយ៉ាងណាលោក សោម ស៊ីរីដា អះអាងថាពិបាកក្នុងការបន្លំនៅពេលនេះ ដោយលោកអះអាងថា ពេលនេះសមាជិក គ.ជ.ប បានធ្វើកំណែទម្រង់តាមរូបមន្ត៤-៤-១មកពីគណបក្សដែលមានអាសនៈក្នុងសភា។
បញ្ជីឈ្មោះបោះឆ្នោតចាស់ត្រូវបានសង្គមស៊ីវិលអះអាងថាធ្វើឲ្យអ្នកបោះឆ្នោតជាង១លាននាក់បាត់សិទ្ធិបោះឆ្នោត ដោយសាអ្នកខ្លះរកឈ្មោះមិនឃើញ ឈ្មោះត្រួតគ្នាឬស្ទួន និងខ្លះទៀតត្រូវគេបោះជំនួស។
បើតាមមន្ត្រី គ.ជ.ប ការចុះឈ្មោះបោះឆ្នោតដែលគ្រោងធ្វើចាប់ពីថ្ងៃទី១ខែកញ្ញាទៅអាចនឹងពន្យាពេល បើសម្ភារៈជាឧបករណ៍បច្ចេកទេសដែលផ្តល់ដោយសហគមន៍អន្តរជាតិមានជប៉ុននិងសហភាពអឺរ៉ុបផងនោះផ្តល់ឲ្យក្រុមការងារយឺតពេល។
ប៉ុន្តែតំណាងសហគមន៍អឺរ៉ុបដែលចូលរួមកម្មវិធីនេះអះអាងថាសម្ភារៈបច្ចេកទេសដែលសហគមន៍អន្តរជាតិសន្យាផ្តល់ឲ្យនឹងមកដល់កម្ពុជាមុនថ្ងៃកំណត់។ រីឯការបោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សាឃុំសង្គាត់នឹងប្រព្រឹត្តទៅនៅថ្ងៃទី៤មិថុនាឆ្នាំ២០១៧៕