អង្គការសហប្រជាជាតិ ត្រៀមផ្តល់ជំនួយដល់ គ.ជ.ប ដើម្បីរៀបចំការបោះឆ្នោតឲ្យរលូន
លោក Miroslave Janca ឧបការីអគ្គលេខាធិការអង្គការសហប្រជាជាតិ បានអះអាងថា អង្គការសហប្រជាជាតិ ត្រៀមខ្លួនជានិច្ច ដើម្បីសហការនិងជួយគាំទ្រ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ទាក់ទងនឹងការរៀបចំការបោះឆ្នោត នាឆ្នាំ២០១៧ និងឆ្នាំ២០១៨ ។ លោក បានលើកទឹកចិត្ត ឲ្យគ.ជ.ប ដាក់លិខិតទៅកាន់ការិយាល័យអង្គការសហប្រជាជាតិប្រចាំកម្ពុជា ប្រសិនបើខ្លួនត្រូវការជំនួយផ្នែកណាមួយពីអង្គការសហប្រជាជាតិ។ នេះបើតាមសេចក្តីជូនដំណឹង របស់គ.ជ.ប ដែលបានចុះផ្សាយ បន្ទាប់ពីបញ្ចប់ជំនួបជាមួយលោក Miroslave Janca កាលពីថ្ងៃទី៥ ខែមេសា កន្លងទៅ។
កាលពីថ្ងៃទី៥ ខែមេសា ថ្នាក់ដឹកនាំ គ.ជ.ប បានជួបពិភាក្សាការងារ ជាមួយលោក Miroslave Janca ឧបការីអគ្គលេខាធិការអង្គការសហប្រជាជាតិ។ គោលបំណងនៃជំនួបនេះ គឺដើម្បីឈ្វេងយល់ពីការវិវឌ្ឍនៃកំណែទម្រង់ការបោះឆ្នោតនៅកម្ពុជា និងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាង គ.ជ.ប ជាមួយអង្គការសហប្រជាជាតិ។
យ៉ាងណាក៏ដោយ សេចក្តីប្រកាសព័ត៌មាននោះ មិនបានបញ្ជាក់លម្អិតថា អង្គការសហប្រជាតិនឹងផ្តល់ជំនួយផ្នែកអ្វីខ្លះ នោះទេ។ ជុំវិញជំនួយនេះ សារព័ត៌មានថ្មីៗ មិនអាចទាក់ទងលោក ខន កែវមនោ ដែលជាអ្នកនាំពាក្យស្តទីរបស់គ.ជ.ប ដើម្បីសុំការបំភ្លឺបន្ថែម បានទេ។
ក្រៅពីការសន្យាខាងលើ លោក Miroslave Janca ក៏បានសាទរចំពោះ គ.ជ.ប ដែលតែងបើកចំហរឲ្យភាគីផ្សេងៗ ចូលរួមពិភាក្សាការងារពាក់ព័ន្ធនឹងការបោះឆ្នោត ក្នុងរយៈពេលកន្លងមក។ លោកមើលឃើញថា វិធានការរបស់ គ.ជ.ប បែបនេះ គឺជាចំណុចវិជ្ជមានដ៏ធំមួយ ដើម្បីធើ្វឲ្យដំណើរការនៃការបោះឆ្នោតក្នុងពេលខាងមុខ ប្រព្រឹត្តទៅយ៉ាងរលូត និងធ្វើឲ្យប្រទេសកម្ពុជា មានសុខសន្តិភាព។
ជាការឆ្លើយតប លោក ស៊ិក ប៊ុនហុក ប្រធានគ.ជ.ប សម្តែងការត្រេកអរចំពោះការជួយគាំទ្រពីសំណាក់អង្គការសហប្រជាតិ។ លោក បញ្ជាក់នៅចំពោះមុខ Miroslave Janca ថា គ.ជ.ប នឹងប្រឹងប្រែងរៀបចំការបោះឆ្នោតប្រកបដោយភាពត្រឹមត្រូវ និងយុត្តិធម៌ ដែលគ្រប់គណបក្សនយោបាយ អាចទទួលយកលទ្ធផលដោយអស់ចិត្ត៕