ការសម្គាល់អត្តសញ្ញាណអ្នកបោះឆ្នោត គឺជាប្រភពនៃក្តីបារម្ភដ៏ធំ ក្នុងការកែទម្រង់ការបោះឆ្នោត
២៧ កុម្ភៈ ២០១៥ / 27 February 2015 – Election reform (see further)
ការសម្គាល់អត្តសញ្ញាណអ្នកបោះឆ្នោត គឺជាប្រភពនៃក្តីបារម្ភដ៏ធំ ក្នុងការកែទម្រង់ការបោះឆ្នោត
ជាឧទាហរណ៍មួយនៃតម្លាភាពក្នុងកិច្ចការប្រទេសជាតិ ខ្ញុំសូមចែករំលែកជាមួយសាធារណជន នូវកង្វល់ដ៏ធំរបស់យើងមួយ ក្នុងដំណាក់កាលចុងក្រោយ នៃកិច្ចចរចាស្តីពីការកែទម្រង់ការបោះឆ្នោត រវាងគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាច និងគណបក្សសង្រេ្គាះជាតិ ដែលជាគណបក្សក្រៅ រដ្ឋាភិបាល។ កង្វល់នេះ គឺទាក់ទងទៅនឹងបញ្ហាកំណត់ឯកសារ ដើម្បីសម្គាល់អត្តសញ្ញាណអ្នកបោះឆ្នោត ជាពិសេស ក្នុងករណីអ្នកបោះឆ្នោតខ្លះ មិនទាន់បានទទួលអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែររបស់ខ្លួន ឬក៏អះអាងថាបានវង្វេងបាត់ នូវអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែររបស់ខ្លួន មុនថ្ងៃបោះឆ្នោត។
គណបក្សប្រជាជនកម្ពុជា ដែលគ្រប់គ្រង ៩៨ ភាគរយ នៃអាជ្ញាធរឃុំ-សង្កាត់ ចង់ឲ្យអាជ្ញាធរឃុំ-សង្កាត់ទាំងនោះ បន្តបញ្ចេញទម្រង់បែបបទ ១០១៨ ជាឯកសារជំនួសអត្តសញ្ញាណប័ណ្ណជាតិ ដើម្បីឲ្យប្រជាពលរដ្ឋដែលគ្មានអត្តសញ្ញាណប័ណ្ណជាតិ អាចបោះឆ្នោតបាន។ ទម្រង់បែបបទ ១០១៨ នេះ បានត្រូវគេប្រើប្រាស់លើកទីមួយ ក្នុងការបោះឆ្នោតជាតិឆ្នាំ ២០០៨ ហើយពេលនោះវាបានធ្វើឲ្យមានភាពច្របូកច្របល់ ប៉ះពាល់យ៉ាងខ្លាំងដល់លទ្ធផល នៃការបោះឆ្នោត។ ទម្រង់បែបបទ ១០១៨ នេះ បានត្រូវគេបញ្ចេញសារជាថ្មីទៀត ក្នុងការបោះឆ្នោតជាតិឆ្នាំ ២០១៣ ដោយអាជ្ញាធរឃុំ-សង្កាត់ដដែលជាអ្នកបញ្ចេញ ដោយគេឲ្យឈ្មោះថ្មីហៅថា “លិខិតបញ្ជាក់អត្តសញ្ញាណ”។ តែឯកសារ ២ នេះ ទាំងទម្រង់បែបបទ ១០១៨ ទាំង “លិខិតបញ្ជាក់អត្តសញ្ញាណ” គឺមានសារធាតុដូចគ្នា ហើយបាននាំមកនូវភាពច្របូកច្របល់ដូចគ្នា។