សេចក្តីថ្លែងការគាំទ្រការតស៊ូមតិអហឹង្សាចលនាសង្គ្រោះជាតិ


សេចក្តីថ្លែងការណ៍

ព្រះសង្ឃគ្រប់ព្រះអង្គនិងជនរួមជាតិខ្មែរជាទីគោរព

កម្មវត្ថុ៖ ភាពមិនប្រាកដប្រជានៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ការបោះឆ្នោតដោយសេរីនិងយុត្តិធម៍ សម្រាប់ការបោះឆ្នោតព្រឹទ្ធសភានិងការបោះឆ្នោតជាតិឆ្នាំ២០១៨ខាងមុខនិងការចូលរួមសកម្មតស៊ូមតិ អហឹង្សាជាមួយចលនាសង្គ្រោះជាតិនិងចលនានានារបស់ប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេស។

គណៈកម្មាធិការដើម្បីសិទ្ធិបោះឆ្នោតរបស់ពលរដ្ឋខ្មែរនៅក្រៅប្រទេសហៅកាត់ថាស៊ីរ៉ក់ មាន ការខកចិត្តជាខ្លាំងចំពោះការឃុំខ្លួនបណ្តោះអាសន្នទាំងបំពានទៅលើលោកកឹម-សុខា ប្រធានគណបក្ស សង្គ្រោះជាតិ ចំពោះតុលាការកំពូលប្រកបដោយអគតិធម៍ទាំង៤សម្រេចរំលាយគណបក្សសង្គ្រោះជាតិ ការច្បាមយកកៅអីសភាទាំង៥៥និងក្រុមប្រឹក្សាឃុំ-សង្កាត់ទាំង៥០០៧ដែលបោះដោយឆន្ទៈប្រជាពលរដ្ឋ និងការហាមឃាត់មន្ត្រីបក្សជំទាស់ទាំង១១៨នាក់ទាំងបំពានទៅលើសិទ្ធិចូលរួមនយោបាយ ដែលធានា ដោយច្បាប់រដ្ឋធម្មនុញ្ញខ្មែរនិងកតិកាសញ្ញាអន្តរជាតិនានា។

ស្ថានការណ៍នយោបាយកម្ពុជាបច្ចុប្បន្នគឺជាការបំផ្លាញលទ្ធិប្រជាធិបតេយ្យ បំផ្លាញផល ប្រយោជន៍ជាតិខ្មែរ និងបង្កអោយមានការបែកបាក់ផ្ទៃក្នុងជាតិយ៉ាងធ្ងន់ធ្ងរ។ តុលាការកំពូលក្រោមពាក្យ បណ្តឹងពីក្រសួងមហាផ្ទៃ និងការថ្លែងជាសាធារណៈរបស់លោកនាយករដ្ឋមន្ត្រី ដើម្បីធ្វើការរំលាយ គណបក្សសង្គ្រោះជាតិដែលមានអ្នកគាំទ្រជិតកន្លៈប្រទេសគឺជាទង្វើរំលោភរដ្ឋធម្មនុញ្ញនិងបង្កផលអវិជ្ជមានដល់ជាតិធ្ងន់ធ្ងរដែលប្រជាពលរដ្ឋខ្មែនិងស្ថាប័នជាតិសំខាន់ៗក្នុងទំនួលខុសត្រូវទាំងផ្នែកសន្តិសុខ សេដ្ឋកិច្ច សង្គម និងនយោបាយ មិនអាចព្រងើយកន្តើយនិងអត់អោនអោយបានទេ។

សំណូមពរ៖ យើងខ្ញុំសំណូមពរអោយដោះលែងលោកកឹម-សុខានិងអ្នកទោសនយោបាយទាំងអស់ រៀបចំការបោះឆ្នោតព្រឹទ្ធសភានិងបោះឆ្នោតជាតិដោយសេរីនិងយុត្តិធម៍ដោយមានការចូលរួមពីគណ- បក្សសង្គ្រោះជាតិជាសំខាន់។ សូមប្រជាពលរដ្ឋខ្មែរទាំងក្នុងប្រទេសនិងក្រៅប្រទេសទាំងអស់ចូលរួម សកម្មក្នុងការតស៊ូមតិដោយអហឹង្សាជាមួយចលនាសង្គ្រោះជាតិនិងចលនានានាដើម្បីការពារសំលេង ឆ្នោតរបស់បងប្អូន ក៏ដូចជាការពារផលប្រយោជន៍ផ្ទាល់ខ្លួន ក្រុមគ្រួសារ សហគមន៍ និងប្រទេសជាតិ ទាំងមូល កុំអោយធ្លាក់ទៅក្នុងកណ្តាប់ដៃនៃជនផ្តាច់ការឬក្រុមនៃជនផ្តាច់ការណាមួយ។

សូមព្រះសង្ឃគ្រប់ព្រះអង្គនិងជនរួមជាតិទទួលបាននូវពុទ្ធពរទាំងឡាយ៤ប្រការកុំបីអាក់ខានឡើយ។

ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៨

Public Statement on the Non-violence Cambodia National Rescue Movement for Free and Fair Election