អ្នកជំនាញកំណែទម្រង់បោះឆ្នោតអឺរ៉ុបជួបក្រុមបច្ចេកទេសបក្សទាំងពីរ
អ្នកជំនាញកំណែទម្រង់បោះឆ្នោតអឺរ៉ុបជួបក្រុមបច្ចេកទេសបក្សទាំងពីរ
2015-01-23
អ្នកជំនាញផ្នែកកំណែទម្រង់ការបោះឆ្នោត របស់អឺរ៉ុប (EU) ផ្ដល់បទបង្ហាញ ក្រុមមន្ត្រីបច្ចេកទេសកំណែទម្រង់ការបោះឆ្នោតកម្ពុជាទាំងពីរបក្ស នៅចំណុចសំខាន់ៗមួយចំនួន ដើម្បីធានាថា ការរៀបចំបញ្ជីបោះឆ្នោត មានលក្ខណៈល្អប្រសើរ។ ចំណុចសំខាន់ៗទាំងនោះមាន៖ ការធ្វើបញ្ជីឈ្មោះអ្នកបោះឆ្នោត ដោយប្រើសំបុត្រកំណើតចេញដោយក្រសួងមហាផ្ទៃ ការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោតចាស់ របស់គជបសព្វថ្ងៃ ការធ្វើបញ្ជីបោះឆ្នោតថ្មី និងការធ្វើបញ្ជីបោះឆ្នោតថ្មី ដោយប្រើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សម្រាប់ចុះឈ្មោះបោះឆ្នោត និងសម្រាប់បោះឆ្នោត។
លោក គួយ ប៊ុនរឿន មន្ត្រីក្រុមបច្ចេកទេសមកពីគណបក្សសង្គ្រោះជាតិ មានប្រសាសន៍ថា ក្រុមជំនាញបានបង្ហាញពី របៀបនិងប្រព័ន្ធគ្រប់គ្រងអ្នកបោះឆ្នោតដោយស្នាមម្រាមដៃ និងឯកសារមួយចំនួន ដើម្បីធានាថា បញ្ជីបោះឆ្នោតថ្មី គ្មានឈ្មោះស្ទួន គ្មានឈ្មោះខ្មោច និងគ្មានឈ្មោះអ្នកបោះឆ្នោតអាចបោះឆ្នោតបាន។ លោកបន្តថា គណបក្សសង្គ្រោះជាតិ គាំទ្រមួយ១០០ភាគរយចំពោះអនុសាស្ត្រនេះ ព្រោះបច្ចេកទេសនោះ មានប្រសិទ្ធភាពខ្ពស់ និងចំណាយអស់លុយតិច៖ «ខ្ញុំគាំទ្រនៅអ្វីដែលជាអ្នកបច្ចេកទេសអឺរ៉ុប ផ្ដល់ជាគំនិតនេះ។ បើកម្ពុជាអនុវត្តការបោះឆ្នោតលើកក្រោយៗមិនមានបញ្ហាទៀតទេ»។
ជំនួបរវាងក្រុមបច្ចេកទេសអឺរ៉ុប នៅមន្ទីររដ្ឋសភា នៅថ្ងៃទី២៣ ខែមករា ជាមួយគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ធ្វើឡើងដាច់ដោយឡែកពីគ្នា។ ទាក់ទងការធ្វើកំណែទ្រងការបោះឆ្នោតនេះ កន្លងមានប្រទេសជឿនលឿនមួយចំនួន អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិបានផ្ដល់គំនិត ក៏ដូចជាបច្ចេកទេសជាញឹកញាប់ ដល់ក្រុមការងារទាំងពីរគណបក្សនេះ៕