កន្លងមកច្រើនឆ្នាំហើយ ដែលលោកហ៊ុន ម៉ាណែត អត់បានអាប់ដេតចំណេះដឹងទាក់ទងទៅនឹងសិទ្ធិបោះឆ្នោតរបស់ពលរដ្ឋនៅក្រៅប្រទេសសោះ ។ ពីមុន គាត់និយាយថានៅអាស៊ីអាគ្នេយ៏ អត់មានប្រទេសណាអោយពលរដ្ឋរបស់គេរស់នៅក្រៅស្រុកបានមានសិទ្ធិបោះឆ្នោត ហើយសហរដ្ឋអាមេរិកអត់មានការបោះឆ្នោតតាមបណ្តាញអនឡាយទេ។
សូមបញ្ជាក់ជាថ្មីម្តងទៀតថា៖
– នៅបណ្តាប្រទេសអាស៊ាន គឺមានប្រទេសហ៊ី្វលីពីន ប្រទេសថៃ ប្រទេសឥណ្ឌូនេស៊ី និងប្រទេសភូមា ដែលបានអនុញ្ញាតអោយពលរដ្ឋគេនៅក្រៅប្រទេសបានមានសិទ្ធិបោះឆ្នោត។
– នៅសហរដ្ឋអាមេរិក ការបោះឆ្នោតថ្នាក់ជាតិម្តងៗ អត់មានអនុញ្ញាតអោយបោះឆ្នោតតាមបណ្តាញអនឡាញទេ។ ប្រជាពលរដ្ឋអាមេរិកដែលនៅក្រៅប្រទេសទាំងអស់គឺបោះឆ្នោតតាមស្ថានទូត ស្ថានកុងស៊ុលអាមេរិក ឬតាមសំបុត្រផ្ញើតាមប្រៃសណីយ៍។
– ការអនុញ្ញាតអោយពលរដ្ឋនៅក្រៅប្រទេសអាចមានសិទ្ធិបោះឆ្នោត មិនស្ថិតនៅលើប្រព័ន្ធបោះឆ្នោតសមាមាត្រឬឯកតនាមនោះទេ ព្រោះអ្នកចុះឈ្មោះបោះឆ្នោតទាំងអស់មានអត្តសញ្ញាណបណ្ណបញ្ជាក់ទីលំនៅកំណើតរបស់ពួកគេ ហើយកម្ពុជាពិបាកនឹងរៀបចំប្រព័ន្ធឯកតនាមពីព្រោះយើងយកខេត្តនិងរាជធានីជាមណ្ឌលបោះឆ្នោត។ ដូច្នេះមណ្ឌលនេះនៅមានសភាពធំធេងណាស់ធ្វើបានតែសំរាប់ប្រព័ន្ធសមាមាត្រឬប្រព័ន្ធគណបក្ស នៅពេលដែលប្រព័ន្ធឯកតនាមទាមទារអោយមណ្ឌលបោះឆ្នោតមួយត្រូវមានតំណាងរាស្ត្រតែម្នាក់គត់ប៉ុណ្ណោះ។
– ចំណែកបញ្ហាបច្ចេកទេសក៏មិនមានអ្វីស្មុគស្មាញនោះទេ ប្រទេសដទៃធ្វើបាន កម្ពុជាក៏អាចធ្វើបានដែរ។ បញ្ហាគឺវាស្ថិតនៅលើឆន្ទៈនយោបាយទេ។
ជាការសង្កេត គណបក្សប្រជាជនបានកំពុងព្យាយាមពង្រីកសមាជិកប៉ុន្តែហាក់បីដូចជាគ្មានឆន្ទៈនយោបាយអោយសមាជិកទាំងអស់នោះបានមានសិទ្ធិបោះឆ្នោតទេ។ សំណួរនៅសួរថាបើអញ្ចឹងខំចំណាយថវិការនិងកំឡាំងកាយចិត្តមកពង្រីកសមាជិកធ្វើអ្វី?
ជាការរិះគន់ផងដែរសំរាប់លោកគួច គន់ធារា ជាអ្នកសម្ភាសន៍ដែលមិនបានសិក្សាអំពីពង្រាងច្បាប់បោះឆ្នោតមាត្រា៥០ពិសេសដែលបានស្នើរឡើងដោយតំណាងរាស្ត្រទាំង៣៣រូបទៅរដ្ឋសភា ។ ពេលនេះគណកម្មការអចិន្រ្តៃយ៍នៅសភាបានអនុមត្តិហើយប៉ុន្តែកំពុងស្ថិតក្រោមដៃរបស់គណកម្មការនីតិកម្ម ដើម្បីដាក់ជូនរដ្ឋសភាក្នុងពេលប្រជុំពេញអង្គណាមួយដើម្បីធ្វើវិសោធនកម្មច្បាប់ដែលអនុញ្ញាតអោយពលរដ្ឋខ្មែរនៅក្រៅប្រទេសអាចមានសិទ្ធិបោះឆ្នោត។
ដោយសរុប យើងនៅតែមិនយល់នូវតួនាទីពិតប្រាកដរបស់លោកហ៊ុន ម៉ាណែត ពីព្រោះចំឡើយរបស់លោកបានលាតសន្ធឹងទៅលើដែនសមត្ថកិច្ចរបស់ក្រសួងនិងស្ថាប័នផ្សេងៗជាច្រើនក្នុងការបំពេញការងាររបស់ខ្លួន។
VIDEO
VIDEO
បទបង្ហាញដោយសង្ខេប
ជាបថម ខ្ញុំព្រះករុណាសូមក្រាបថ្វាយបង្គំព្រះសង្ឃគ្រប់ព្រះអង្គ
សូមគោរពឯកឧត្តមយឹម សុវណ្ណ និងបងប្អូនជនរួមជាតិទាំងអស់ជាគោរពរាប់អាន
ថ្ងៃនេះខ្ញុំបាទសេង សុភ័ណ មានកិត្តិយសដែលបានធ្វើបទបង្ហាញដោយសង្ខេបអំពីកិច្ចខិតខំព្យាយាមរបស់គណកម្មការដើម្បីសិទ្ធិបោះឆ្នោតរបស់ពលរដ្ឋខ្មែរនៅក្រៅប្រទេសនិងព្រឹត្តិការណ៏ថ្មីៗដែលកំពុងកើតឡើងនៅកម្ពុជា។
ខ្ញុំព្រះករុណាខ្ញុំបាទសូមអរគុណឯកឧត្តមយឹម សុវណ្ណដោយផ្ទាល់ ដែលលោកបានចុះហត្ថលេខាក្នុងចំណោមតំណាងរាស្រ្តទាំង៣៣រូបដែលផ្តួចផ្តើមឡើងដោយឯកឧត្តមសុន ឆៃ ក្នុងការដាក់សំណើរពង្រាងច្បាប់ទៅរដ្ឋសភាដើម្បីធ្វើវិសោធនកម្មច្បាប់អោយពលរដ្ឋខ្មែរនៅក្រៅប្រទេសបានមានសិទ្ធិចុះឈ្មោះបោះឆ្នោតនិងបានបោះឆ្នោតដោយងាយស្រួល។ គណកម្មការអចិន្ត្រៃយ៏បានអនុមត្តិសម្រេចហើយ សព្វថ្ងៃកំពុងឋិតក្នុងដៃរបស់គណកម្មការនិតិកម្ម។ បើយោងទៅតាមបទបញ្ជាផ្ទៃក្នុងរបស់រដ្ឋសភា គណកម្មការនីតិកម្មមិនអាចប្រើពេលវេលាយូរពេកទេ ដើម្បីបញ្ជូនទៅសភាពេញអង្គធ្វើការបោះឆ្នោតសម្រេច។ តាមមាត្រា៤០នៃនីតិវិធីបោះឆ្នោតក្នុងការធ្វើវិសោធនកម្មច្បាប់ម្តងៗ ទាមទារអោយមានការបោះឆ្នោតជាសំងាត់ ដើម្បីរក្សាការពារសុចរិតភាពរបស់តំណាងរាស្ត្រម្នាក់ៗ។
សំរាប់ការចាប់ខ្លួនឯកឧត្តមកឹម សុខា ជាតំណាងរាស្ត្រនិងជាប្រធានគណបក្សសង្គ្រោះជាតិ គឺមានលក្ខណៈស្រដៀងគ្នានឹងការគំរាមកំហែងដល់លោកសម-រង្ស៊ី អោយលោកនិរទេសខ្លួនឯងអោយនៅក្រៅប្រទេសក៏ដូចជាលាឈប់ពីប្រធានគណបក្សសង្គ្រោះជាតិ។ គោលបំណងនៃការចាប់នេះគឺជាគំរាមកំហែលដល់ប្រព័ន្ធបោះឆ្នោតនៅកម្ពុជាក្នុងការធានាអោយមានសេរីនិងយុត្តិធម៍។ សូមបញ្ជាក់ថាបើការបោះឆ្នោតធ្វើឡើងគ្រាន់តែបង្គ្រប់កិច្ចអោយជនផ្តាច់ការជាអ្នកឈ្នះទេ នោះមិនអាចហៅថាប្រជាធិបតេយ្យទេ។ ឆ្លើយតបនឹងបញ្ហានេះដឺស៊ីរ៉ក់បានធ្វើលិខិតទៅឯកឧត្តមស៊ិក-ប៊ុនហុក ប្រធានគណកម្មការជាតិរៀបចំការបោះឆ្នោត ដើម្បីចង់ដឹងថាគ.ជ.បគួរផ្អាកការបោះឆ្នោតឬគួរបន្តកិច្ចការរបស់ខ្លួនក្នុងកាលៈទេសៈបច្ចុប្បន្ននេះ ដោយសួរទៅរដ្ឋាភិបាលអំពីសមត្ថភាពក្នុងការរក្សានូវលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សនៅកម្ពុជា? គណកម្មការយើងខ្ញុំមិនទាន់ទទួលបានចំឡើយទេមកទល់ពេលនេះ។
• ស្របតាមលក្ខណ្ឌបច្ចុប្បន្ននិងហេតុការណ៏រដ្ឋប្រហារនៅឆ្នាំ២០០៧ លោកហ៊ុន-សែន ប្រើអំណាចក្រៅរដ្ឋធម្មនុញ្ញដើម្បីគំរាមកំហែងនិងកាត់បន្ថយកំឡាំងដៃគូរប្រកួតរបស់គាត់ ហើយធ្វើខ្លួនឯងអោយមានភាពប្រាកដនិយមថាខ្លួននឹងឈ្នះនៅរាល់ការបោះឆ្នោតតែប៉ុណ្ណោះ។
• គណបក្សសង្គ្រោះត្រូវមានភាពប្រាកដនិយមនៅក្នុងខ្លួនជានិច្ច ស្របតាមតំណាងរាស្ត្រទាំង៥៥កៅអីដែលខ្លួនមានបច្ចុប្បន្នអាចបន្តការងាររបស់ខ្លួនយ៉ាងណាដើម្បីធានាថាជនមានអំណាចមិនអាចប្រើអំណាចក្រៅរដ្ឋធម្មនុញ្ញរបស់ខ្លួនបាន។ បញ្ហានេះ ខ្ញុំបានសរសេរនិងធ្វើបទវិភាគច្រើនណាស់តាមរយៈ www.sophanseng.info ចាប់តាំងពីការចូលសភានៅឆ្នាំ២០១៤មកម្លេះ។
• ក្នុងចំណោមអ្នកនយោបាយខ្មែរគ្រប់គណបក្សនយោបាយទាំងអស់ ជាពិសេសបក្សដឹកនាំរដ្ឋាភិបាល គឺមានតែប្រហែលមិនដល់១០ភាគរយផងដែលរមែងប្រើអំណាចក្រៅរដ្ឋធម្មនុញ្ញដើម្បីសំរេចបំណងនិងមហិច្ឆិតារបស់ខ្លួន សុទិដ្ឋិនិយមគឺថាតើចំនួនជាង៩០ភាគរយទៀតគួរធ្វើកិច្ចការអ្វីខ្លះដើម្បីអោយអ្នកទាំងអស់គ្នាមានសុខដុមរមនាក្រោមឆ័ត្ររដ្ឋធម្មនុញ្ញតែមួយទាំងអស់គ្នា?
• ជាការត្រេកអរដែលគណបក្សសង្គ្រោះជាតិមានគោលជំហរនឹងមិនលៈបង់ការតស៊ូរបស់ខ្លួន បន្តការងារទៅមុខទៀតឈានទៅរកការបោះឆ្នោតដើម្បីការផ្លាស់ប្តូរនៅឆ្នាំ២០១៨។ រដ្ឋមន្ត្រីក្រសួងយុត្តិធម៏ រដ្ឋមន្ត្រីក្រសួងពត៍មាន ឬក៏ប្រធាននាយកដ្ឋានពន្ធដាររឿងកាសែតខាំបូឌៀដែលលី ឬក៏អ្នកដែលរមែងប្រើពាក្យថាបដិវត្តព៍ណដោយខ្វះទំនួលខុសត្រូវជាដើម គួរត្រូវហៅមកសាកសួរនៅរដ្ឋសភាស្របតាមរដ្ឋធម្មនុញ្ញដើម្បីបញ្ជាក់ពីគោលជំហរនិងការបំពេញតួនាទីរបស់ខ្លួនអោយបានត្រឹមត្រូវតាមច្បាប់។ល។និង។ល។
• ថ្ងៃ២៣ ខែតុលា ខាងមុខ យើងខ្ញុំនឹងជ្រើសយកទីនេះម្តងទៀតដើម្បីរំលឹកខួប១៧ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។ យើងខ្ញុំសូមអំពាវនាវដល់បងប្អូនទាំងអស់ចូលរួមអោយបានច្រើនកុះករដើម្បីចូលរួមជាមួយបងប្អូនខ្មែរយើងជុំវិញពិភពលោក រំលឹកនិងជំរុញអោយមានការបដិបត្តិតាមកិច្ចព្រមព្រៀងដែលមានជាធរមាននេះអោយមានផ្លែផ្កាជាវិជ្ជមានសំរាប់នាវាកម្ពុជា។
ទីក្រុងវ៉ែនកូវើរ ថ្ងៃអាទិត្យ ទី១៧ ខែកញ្ញា ឆ្នាំ២០១៧
សូមអរព្រះគុណនិងសូមអរគុណ
សេង សុភ័ណ
ប្រធានគណកម្មការដើម្បីសិទ្ធិបោះឆ្នោតរបស់ពលរដ្ឋខ្មែរនៅក្រៅប្រទេស
បទបង្ហាញដោយសង្ខេប
ជំរាបជូនឯកឧត្ដម ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប
កម្មវត្ថុ៖ គួរពិចារណាទៅលើធម្មនុញ្ញភាពនៃគណកម្មការជាតិរៀបចំការបោះឆ្នោត គួរឬមិនគួរបន្ត រៀបចំការបោះឆ្នោតជាតិថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ។
គណៈកម្មាធិការដើម្បីសិទ្ធិបោះឆ្នោតរបស់ពលរដ្ឋខ្មែរនៅក្រៅប្រទេសហៅកាត់ថាស៊ីរ៉ក់ ដែល រមែងទាមទារសិទ្ធិបោះឆ្នោតរបស់ពលរដ្ឋខ្មែរនៅក្រៅប្រទេសកុំអោយមានការរើសអើង រមែងឃ្លាំមើល ដំណើរការបោះឆ្នោតដោយសុក្រឹតយុត្តិធម៌ និងជាអ្នកជំនាញក្នុងយន្តការបោះឆ្នោតដែលអាចធានាបាន នូវតំលៃនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ ថ្មីៗនេះ យើងខ្ញុំមានការខកចិត្តជាខ្លាំងចំពោះវិធានការរបស់ លោកនាយករដ្ឋមន្ត្រីនិងរដ្ឋមន្ត្រីក្រសួងពត៌មានក្នុងការចាប់លោកកឹម សុខា ជាប្រធានគណបក្សជំទាស់ ធំជាងគេបំផុតក្នុងប្រទេសកម្ពុជានិងការបិទស្ថានីយ៍វិទ្យុដែលផ្សាយពត៌មានឯករាជ្យចំនួន១៩ស្ថានីយ៍។ ហេតុការណ៍ចុងក្រោយនេះគឺជាការគំរាមកំហែងជាក់ស្តែងមួយដល់ការបំពេញការងារប្រកបដោយវិជ្ជា-ជីវៈរបស់គ.ជ.ប ក្នុងនាមជាស្ថាប័នឯករាជ្យមួយស្ថិតក្រោមរដ្ឋធម្មនុញ្ញតែម្យ៉ាងដូចគ្នានឹងស្ថាប័នព្រះ មហាក្សត្រផងដែរ។ ម្យ៉ាងវិញទៀតសោតសហគមអន្តរជាតិកំពុងមើលឃើញថារដ្ឋាភិបាលបច្ចុប្បន្នគឺ អសមត្ថភាពក្នុងការរក្សារបបប្រជាធិបតេយ្យសេរីពហុបក្សទៅតាមរដ្ឋធម្មនុញ្ញខ្មែរដែលមានជាធរមាន ជាពិសេសគឺគាំទ្រពេញទំហឹងដល់អង្គភាពគ.ជ.ប ក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួនស្របតាមច្បាប់ បោះឆ្នោតដែលមានជាធរមាន។
ហេតុដូច្នោះ សូមសមាជិកទាំង៩រូបតាមមាត្រា៤ គួរប្រើបុព្វសិទ្ធិរបស់ខ្លួនតាមមាត្រា៨ ដើម្បី សិក្សាអោយបានគ្រប់ជ្រុងជ្រោយនូវលទ្ធភាពរបស់ខ្លួនក្រោមបរិយាកាសនយោបាយបច្ចុប្បន្នថាតើគួរត្រូវធ្វើដូចម្តេច? – គួរសួរទៅរាជរដ្ឋាភិបាលអោយបានជាក់ច្បាស់ថាតើអាចធានាអោយគ.ជ.បដំណើរ កិច្ចការរបស់ខ្លួនតទៅមុខទៀតឬត្រូវបជ្ឈប់ ពីព្រោះរាជរដ្ឋាភិបាលហាក់កំពុងប្រកៀកស្មាជាមួយចិន ដែលស្ទីលនៃការបោះឆ្នោតគឺខុសពីកម្ពុជាដូចមេឃនិងដី? – គួរសិក្សាទៅលើអធម្មនុញ្ញភាពនៃគ.ជ.ប ប្រសិនបើរាជរដ្ឋាភិបាលអាចចាប់ដាក់គុកឬកំចាត់ទៅលើដៃគូរប្រកួតប្រជែងតែមួយគត់របស់ខ្លួនក្នុង ឋានៈខ្លួនជាគណបក្សដឹកនាំរាជរដ្ឋាភិបាល បានគ្រប់ពេលវេលាដូចសព្វថ្ងៃនេះ?
សូម ឯកឧត្ដម ទទួលបាននូវពុទ្ធពរទាំងឡាយ៤ប្រការកុំបីឃ្លៀងឃ្លាតឡើយ។
ធ្វើនៅប្រទេសកាណាដា ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៧
សេង សុភ័ណ
ប្រធានគណៈកម្មាធិការដើម្បីសិទ្ធិបោះឆ្នោតរបស់ពលរដ្ឋខ្មែរនៅក្រៅប្រទេស
Letter to President of NEC on the threatening of the largest opposition party
សេចក្តីអំពាវនាវ
គណៈកម្មាធិការដើម្បីសិទ្ធិបោះឆ្នោតរបស់ពលរដ្ឋខ្មែរនៅក្រៅប្រទេស សូមអំពាវនាវប្រជាពលរដ្ឋខ្មែរទាំងអស់ ទាំងក្នុងប្រទេសនិងក្រៅប្រទេស ដែលមានអាយុគ្រប់បោះឆ្នោត ឬមិនបានចុះឈ្មោះបោះឆ្នោតនៅឆ្នាំ២០១៦ ឬមិនដែលធ្លាប់ចុះឈ្មោះឆ្នោតពីមុនមក សូមអញ្ជើញទៅចូលរួមចុះឈ្មោះបោះឆ្នោតទាំងអស់គ្នាកុំបីអាក់ខាន។ កាលកំណត់ការចុះឈ្មោះបោះឆ្នោតគឺចាប់ពីថ្ងៃទី១ ខែកញ្ញា ដល់ថ្ងៃទី៩ខែវិច្ឆិការ ឆ្នាំ២០១៧នេះ។
សំរាប់ប្រជាពលរដ្ឋនៅក្រៅប្រទេសទាំងអស់ ទាំងពលករចំណាកស្រុក ប្រជាពលរដ្ឋខ្មែររស់នៅប្រទេសទីបី សិស្ស-និស្សិត យោធាខ្មែរឈរជើងនៅទ្វីបអាហ្វ្រិក មន្ត្រីទូត និងបុគ្គលិកទូតជាដើម អាចត្រៀមខ្លួនដើម្បីចុះឈ្មោះបោះឆ្នោតនៅស្ថានក្បែរៗខ្លួន ឬធ្វើដំណើរទៅចុះឈ្មោះនៅប្រទេសកម្ពុជាតាមអធ្យាស្រ័យ។
សំរាប់នីតិវិធីចុះឈ្មោះបោះឆ្នោតអោយបានត្រឹមត្រូវ សូមតាមដានប្រសាសន៍របស់មន្ត្រីគណកម្មការជាតិរៀបចំការបោះឆ្នោតដូចតទៅនេះ៖
VIDEO
បទសម្ភាសន៍ VOA ៖ សកម្មជនសិទ្ធិបោះឆ្នោតខ្មែរនៅបរទេសខកចិត្តនឹងប្រកាសក្រសួងមហាផ្ទៃ
គណៈកម្មាធិការដើម្បីសិទ្ធិបោះឆ្នោតរបស់ពលរដ្ឋខ្មែរនៅក្រៅប្រទេសស្នើសុំឱ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតធ្វើឱ្យនិរាករណ៍ប្រកាសរបស់ក្រសួងមហាផ្ទៃ ដែលបន្ថែមនីតិវិធីក្នុងការចុះឈ្មោះអ្នកបោះឆ្នោតថ្មី។ អង្គការនេះចាត់ទុកថាប្រកាសរបស់ក្រសួងដែលតម្រូវឱ្យពលរដ្ឋស្នាក់នៅកន្លែងណាមួយរយៈពេល៣០ថ្ងៃមុននឹងអាចចុះឈ្មោះបាន នឹងមានផលប៉ះពាល់ដល់ពលករចំណាកស្រុក និងពលរដ្ឋខ្មែររស់នៅក្រៅប្រទេសដែលចង់ទៅចូលរួមបោះឆ្នោតក្នុងពេលខាងមុខ។ សូមលោកអ្នកនាងស្តាប់បទសម្ភាសន៍រវាងលោក ម៉ែន គឹមសេង នៃវីអូអេ ជាមួយនឹងលោក សេង សុភ័ណ ប្រធានគណៈកម្មាធិការនេះដូចតទៅ៕
VIDEO
១. តេីដឺស៊ីរ៉ក់ជាអ្វី?
ដឺសេរ៉ក់ជាពាក្យកាត់ភាសាអង់គ្លេសដែលមានន័យថា គណកម្មាធិការដេីម្បីសិទ្ធិបោះឆ្នោតរបស់ពលរដ្ឋខ្មែរនៅក្រៅប្រទេស ជាអង្គការក្រៅរដ្ឋាភិបាល មិនស្វែងរកកម្រៃ មានទីស្នាក់ការធំនៅប្រទេសកាណាដា។
1. What is the CEROC?
The CEROC is an abbreviation of “Committee for Election Right of Overseas Cambodians”, is a non-governmental organization (NGO), non-profit orientation, and main office is based at Canada.
២. តេីដឺស៊ីរ៉ក់មានគំរោងដេីម្បីសំរេចយុទ្ធនាការរបស់ខ្លួនយ៉ាងណា?
តាមរយះការចូលរួមពីប្រជាពលរដ្ឋកម្ពុជានិងមិត្តអ្នកស្រឡាញ់លទ្ធិប្រជាធិបតេយ្យទាំងអស់ យេីងកំពុងតំរង់ទិសដេីម្បីសម្រេចគោលដៅរួមតែមួយគឺសិទ្ធិមូលដ្ឋានរបស់ប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅឯនាយសមុទ្របានចូលរួមបោះឆ្នោតនូវរាល់ការបោះឆ្នោតជាតិរបស់កម្ពុជា ដែលសិទ្វិនេះត្រូវបានធានាដោយរដ្ឋធម្មនុញ្ញកម្ពុជានិងសេចក្តីថ្លែងការណ៍ជាសាកលស្តីពីសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ។ យុទ្ធនាការចំបងរបស់យេីងគឺការផ្្តល់ចំណេះដឹងដល់ប្រជាពលរដ្ឋខ្មែរ ការស្នើរអោយរដ្ឋសភាធ្វើវិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញដោយនិយាយអោយច្បាស់ថាប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេសអាចមានសិទ្ធិបោះឆ្នោតបាន និងបោះពុម្ពផ្សាយនានាទាក់ទងនឹងសិទ្ធិបោះឆ្នោតរបស់ប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេស។
2. How does the CEROC plan to achieve this campaign?
Read more…
ព្រះសង្ឃគ្រប់ព្រះអង្គនិងជនរួមជាតិជាទីគោរព
កម្មវត្ថុ៖ លក្ខណ្ឌថ្មីតម្រូវអោយអ្នកចុះឈ្មោះបោះឆ្នោតត្រូវស្នាក់នៅអាស័យដ្ឋានបច្ចុប្បន្ន៣០ ថ្ងៃឡើងទៅដែលប្រកាសដោយក្រសួងមហាផ្ទៃនៅថ្ងៃ១៤សីហាឆ្នាំ២០១៧បន្ថែមទៅលើសេចក្តីប្រកាសខែធ្នូឆ្នាំ២០១៥ គឺរំលោភលើច្បាប់បោះឆ្នោតដែលបានកំណត់អោយមានតែសាក្សី ម្នាក់ដើម្បីបញ្ជាក់លំនៅដ្ឋានហើយអាចចុះឈ្មោះបោះឆ្នោតបាន។
គណៈកម្មាធិការដើម្បីសិទ្ធិបោះឆ្នោតរបស់ពលរដ្ឋខ្មែរនៅក្រៅប្រទេសហៅកាត់ថាស៊ីរ៉ក់ មាន ការខកចិត្តជាខ្លាំងចំពោះសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃដែលមានដែនសមត្ថកិច្ចទៅលើយុត្តាធិការ របស់គជបក្នុងការកំណត់សុពលភាពអ្នកមានសិទ្ធិចុះឈ្មោះបោះឆ្នោតដែលបានតម្រូវអោយមានតែសា-ក្សីម្នាក់ដើម្បីកំណត់លំនៅឋានបច្ចុប្បន្នក្នុងការចុះឈ្មោះបោះឆ្នោតបាន។
ការតម្រូវអោយស្នាក់នៅ៣០ថ្ងៃនិងត្រូវមានលិខិតបញ្ជាក់ពីនាយប៉ុស្តិ៍នគរបាលគឺផ្ទុយស្រឡៈ ពីច្បាប់បោះឆ្នោត និងអាចមើលឃើញថាជាការរំលោភទៅលើដែនសមត្ថកិច្ចរបស់គជប។ យើងខ្ញុំសូម បដិសេធន៍នូវមតិរបស់លោកសោម សូរីដា ដែលជាលេខាធិការរងរបស់គជបក្នុងការទទួលស្គាល់ ប្រកាសរបស់ក្រសួងមហាផ្ទៃតាមរយៈវេទិការអ្នកស្តាប់អាស៊ីសេរីកាលពីថ្ងៃទី២២ខែសីហាឆ្នាំ២០១៧ តាមឆន្ទានុសិទ្ធិនិងឋានៈរបស់លោក លោកមិនអាចមានសិទ្ធិអារកាត់អ្វីឡើយលុះត្រាតែមានសេចក្តី សំរេចពីសមាជិកទាំង៩របស់គជប។
សំណូមពរ៖ យើងខ្ញុំសំណូមពរអោយគជបពិចារណានិរាករសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃដើម្បី អនុវត្តន៍តាមច្បាប់បោះឆ្នោតអោយបានត្រឹមត្រូវ ធានានូវឯករាជ្យភាពមិនលំអៀង និងវិជ្ជាជីវៈរបស់ខ្លួន ជាពិសេសអាចសំរួលភាពងាយស្រួលអោយកម្មករក្នុងស្រុកនិងចំណាកស្រុកយើងរាប់លាននាក់អាច មានសិទ្ធិចុះឈ្មោះបានដោយគ្មានឧបសគ្គរឿងរស់នៅអោយគ្រប់៣០ថ្ងៃ។
សូម ព្រះសង្ឃគ្រប់ព្រះអង្គនិងជនរួមជាតិទទួលនូវពុទ្ធពរទាំងឡាយ៤ប្រការកុំបីអាក់ខានឡើយ។
ធ្វើនៅប្រទេសកាណាដា ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧
សេង សុភ័ណ
ប្រធានគណៈកម្មាធិការដើម្បីសិទ្ធិបោះឆ្នោតរបស់ពលរដ្ឋខ្មែរនៅក្រៅប្រទេស
អានសេចក្តីប្រកាសទាំងស្រុង
—
សន្លឹកឆ្នោតរបស់ខ្ញុំ សិទ្ធិសេរីភាពរបស់ខ្ញុំ យុត្តិធ៌មរបស់ខ្ញុំ
“My Vote, My Freedom, My Justice”
[about us ] [petition ] [reform effort ] [portfolio ] [faqs ]