CEROC’s World of Arts
គណបក្សប្រជាជនកម្ពុជា(CPP) ឯកភាពយកប្រធានបទកែទម្រង់ស្ថាប័នរៀបចំការបោះឆ្នោត គឺគណៈកម្មាធិការជាតិរៀបចំការបោះ ឆ្នោត(គជប) បញ្ចូលទៅក្នុងក្របខណ្ឌកំណែទម្រង់ការបោះឆ្នោត សម្រាប់ការពិភាក្សានៅថ្ងៃទី១៧ ខែមីនាខាងមុខ។
នេះជាការឆ្លើយតបទៅនឹងលិខិតរបស់គណបក្សសង្គ្រោះជាតិ កាលពីថ្ងៃព្រហស្បតិ៍ តែគណបក្សប្រជាជនកម្ពុជា មិនបានឆ្លើយតបទៅនឹងសំណួររបស់គណបក្សសង្គ្រោះជាតិ ដែលស្នើឲ្យមានការពន្យល់ពីហេតុផលដែលគណបក្ស មិនចង់ឲ្យគជប ជាស្ថាប័នរដ្ឋធម្មនុញ្ញ ដោយការបោះឆ្នោតក្នុងសភាសំឡេង២ភាគ៣។
លិខិតរបស់គណបក្សប្រជាជនកម្ពុជា ចុះផ្សាយនៅថ្ងៃទី១៣ខែមីនា ឲ្យដឹងថា ក្របខណ្ឌកំណែទម្រង់ការបោះឆ្នោតខាងមុខ រួមមានការរៀបចំការចុះឈ្មោះអ្នកបោះឆ្នោត និងបញ្ជីឈ្មោះអ្នកបោះឆ្នោត ដើម្បីធានា និងការពារសិទ្ធិរបស់ប្រជាពលរដ្ឋគ្រប់រូប ការបង្កើតច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់គណបក្សនយោបាយ។ លិខិតបន្តថា ប្រធានបទកំណែទម្រង់ស្ថាប័នរៀបចំការបោះឆ្នោត និងអព្យា ក្រឹតភាព និងសុចរិតភាពនៃសង្គមស៊ីវិលក្នុងការបោះឆ្នោត គណៈកម្មការចម្រុះ បាននឹងកំពុងពិភាក្សា មិនទាន់បានសម្រេចបញ្ចូលទៅក្នុងក្របខណ្ឌកំណែទម្រង់នៃការបោះឆ្នោតនៅឡើយ។
បក្សកាន់អំណាចចង់បន្តសុំយោបល់សង្គមស៊ីវិលក្រោយការចរចា
15 មិនា 2014
គណបក្សសង្គ្រោះជាតិបានសរសេរលិខិតមួយជូនលោក ប៊ិន ឈិន ប្រធានក្រុមចរចាខាងគណបក្សប្រជាជនកម្ពុជាឱ្យទទួលយកលក្ខខណ្ឌរបស់ខ្លួន។
នៅក្នុងលិខិតរបស់គណបក្សសង្គ្រោះជាតិផ្ញើជូនលោក ប៊ិន ឈិន បានបញ្ជាក់ឱ្យគណបក្សប្រជាជនកម្ពុជាត្រូវតែប្រកាន់ជំហរឱ្យមានការយកចិត្តទុកដាក់ដោះស្រាយបញ្ហាគណៈកម្មាធិការរៀបចំការបោះឆ្នោតជាមូលដ្ឋានមុនសិន មុននឹងឈានដល់ការជជែកគ្នាសារជាថ្មី។
លោក ជាម យៀប សមាជិកក្រុមចរចាខាងគណបក្សប្រជាជនកម្ពុជាមានប្រសាសន៍នៅថ្ងៃសុក្រនេះថាយើងបានឆ្លើយតបនឹងលិខិតរបស់គណបក្សសង្គ្រោះជាតិរួចហើយក៏ប៉ុន្តែចំពោះសំណើដាក់សមាសភាពគ.ជ.បទៅក្នុងស្ថាប័នរដ្ឋធម្មនុញ្ញនិងការអនុម័តដោយសំឡេង២/៣ពីសមាជិកសភា។លោកនឹងដាក់ជូនឱ្យថ្នាក់ដឹកនាំកំពូលគណបក្សជាអ្នកសម្រេច។
Op-Ed: VOA Khmer Services
បក្សប្រឆាំងបន្តជំរុញឱ្យទទួលយកគ.ជ.បដែលអនុម័តដោយសភា
លិខិតរបស់គណបក្សសង្គ្រោះជាតិបានបញ្ជាក់ឱ្យគណបក្សប្រជាជនកម្ពុជាត្រូវតែប្រកាន់ជំហរយកចិត្តទុកដាក់ដោះស្រាយបញ្ហាគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតជាមូលដ្ឋានមុនសិន មុននឹងឈានដល់ការជជែកគ្នាសារជាថ្មីទៀត។
14 មិនា 2014
ភ្នំពេញ — បន្ទាប់ពីការព្រមានរបស់លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិថាអាចនឹងបញ្ឈប់ការចរចាជាមួយនឹងគណបក្សប្រជាជនកម្ពុជាបើមិនព្រមតាមលក្ខខណ្ឌរបស់ខ្លួនក្នុងការកែទម្រង់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនោះមកគណបក្សប្រឆាំងដ៏ធំមួយនេះបានផ្ញើលិខិតមួយជាផ្លូវការជូនលោក ប៊ិន ឈិន ប្រធានក្រុមចរចាខាងគណបក្សកាន់អំណាចឱ្យទទួលយកលក្ខខណ្ឌរបស់ខ្លួន។
លិខិតរបស់គណបក្សសង្គ្រោះជាតិបានបញ្ជាក់ឱ្យគណបក្សប្រជាជនកម្ពុជាត្រូវតែប្រកាន់ជំហរយកចិត្តទុកដាក់ដោះស្រាយបញ្ហាគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតជាមូលដ្ឋានមុនសិន មុននឹងឈានដល់ការជជែកគ្នាសារជាថ្មីទៀត។
លោក សុន ឆ័យ ប្រធានក្រុមចរចាខាងគណបក្សសង្គ្រោះជាតិមានប្រសាសន៍ថាគណបក្សសង្គ្រោះជាតិនៅតែទទូចឱ្យស្ថាប័នរៀបចំការបោះឆ្នោតទៅក្នុងរដ្ឋធម្មនុញ្ញដើម្បីធានាឱ្យស្ថាប័ននេះឯករាជ្យនិងការអនុម័តដោយសំឡេង២ភាគ៣។
លោកបានបញ្ជាក់ថាប្រសិនបើគណបក្សប្រជាជនកម្ពុជា មិនទទួលយកសំណើនេះទេគណបក្សសង្គ្រោះជាតិនឹងបិទផ្លូវចរចាដោយសារតែគណបក្សកាន់អំណាចគ្មានឆន្ទៈក្នុងការដោះស្រាយបញ្ហាជាប់គាំងនយោបាយពិតប្រាកដ។
លោកនិយាយថា៖ «គណបក្សប្រជាជនអត់មានឆន្ទៈក្នុងការកែទម្រង់ពិតប្រាកដហាក់ដូចជាបន្តបង្កើនការប្រជុំនោះ គ្រាន់តែជាការឡប់ឡែពន្យារពេល។ ម្ល៉ោះហើយយើងមិនអាចបន្តលេងល្បែងបែបនេះតទៅទៀតទេ»។
Op-Ed: RFA Khmer Services
បក្សប្រជាជនឆ្លើយតបបក្សសង្គ្រោះជាតិរឿងរបៀបវារៈកែទម្រង់ការបោះឆ្នោត
គណៈកម្មការចម្រុះគណបក្សប្រជាជនកម្ពុជា ឯកភាពយកប្រធានបទកែទម្រង់ស្ថាប័នរៀបចំការបោះឆ្នោត បញ្ចូលក្នុងក្របខ័ណ្ឌកំណែទម្រង់ការបោះឆ្នោត។
ក្នុងលិខិតរបស់ លោក ប៊ិន ឈិន ប្រធានគណៈកម្មការចម្រុះខាងគណបក្សប្រជាជនកម្ពុជា ដែលចុះថ្ងៃទី១៣ ខែមីនា បានបញ្ជាក់ថា ក្របខ័ណ្ឌកែទម្រង់ការបោះឆ្នោត គឺជាសំណុំនៃបញ្ហាដែលគណៈកម្មការចម្រុះបានរៀបចំប្រធានបទមួយចំនួនរួចហើយ រួមមាន ការរៀបចំចុះឈ្មោះបោះឆ្នោត និងបញ្ជីឈ្មោះអ្នកបោះឆ្នោត ដើម្បីធានា និងការពារសិទ្ធិរបស់ប្រជាពលរដ្ឋគ្រប់រូប ការរៀបចំបង្កើតច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់គណបក្សនយោបាយ។
ការឆ្លើយតបរបស់គណបក្សប្រជាជនកម្ពុជា នៅពេលនេះ គឺបន្ទាប់ពី លោក សុន ឆ័យ ប្រធានគណៈកម្មការតំណាងគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី១៣ មីនា បានដាក់លិខិតមួយដោយស្នើឲ្យគណបក្សប្រជាជនកម្ពុជា បញ្ជាក់ពីរបៀបវារៈឲ្យបានច្បាស់លាស់ មុននឹងឈានដល់ការជួបចរចាគ្នាបន្តទៀត ដែលគ្រោងធ្វើនៅថ្ងៃទី១៧ មីនា ព្រមទាំងបានបញ្ជាក់ថា ប្រធានបទទាក់ទងនឹងការកែទម្រង់ការបោះឆ្នោតឲ្យទៅជាស្ថាប័នរដ្ឋធម្មនុញ្ញដែលឯករាជ្យ និងមានការជ្រើសតាំងដោយរដ្ឋសភាតាំងសំឡេង២ភាគ៣ នៃសមាជិកសភាទាំងមូល គឺជារបៀបវារៈចាំបាច់ជាអាទិភាពសម្រាប់ការងារកែទម្រង់ការបោះឆ្នោតដែលមិនអាចរំលងបាន។
នៅមិនទាន់មានប្រតិកម្មតបថាយ៉ាងណានៅឡើយពីតំណាងគណបក្សសង្គ្រោះជាតិ ចំពោះចម្លើយរបស់គណបក្សប្រជាជនកម្ពុជា នេះ។