គណបក្សសង្គ្រោះជាតិនិងNGO៖ការរៀបចំបោះឆ្នោតក្រៅប្រទេសនឹងធ្វើទៅបានបើរដ្ឋាភិបាលមានឆន្ទៈ
គណបក្សសង្គ្រោះជាតិនិងNGO៖ការរៀបចំបោះឆ្នោតក្រៅប្រទេសនឹងធ្វើទៅបានបើរដ្ឋាភិបាលមានឆន្ទៈ
សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា កម្ពុជាអាចនឹងពិចារណាអំពីការរៀបចំការបោះឆ្នោតក្រៅប្រទេសបាន ល្គឹកណាវាជាការបោះឆ្នោតប្រធានាធិបតី ឬជាការបោះឆ្នោតឯកត្តនាម។ ប៉ុន្តែបើជាការបោះឆ្នោតបែបសមាមាត្រដូចសព្វថ្ងៃ គឺមិនអាចរៀបចំការបោះឆ្នោតក្រៅប្រទេសបានឡើយ។ សម្រាប់អ្នកវិភាគយល់ថា ប្រសាសន៍របស់សម្តេច ហ៊ុន សែន ពិតជាត្រឹមត្រូវ។ ដោយឡែកចំពោះគណបក្សសង្គ្រោះជាតិ និងអង្គការសង្គមស៊ីវិលថា ការរៀបចំបោះឆ្នោតក្រៅប្រទេសនឹងធ្វើទៅបានបើរដ្ឋាភិបាលមានឆន្ទៈ។
ថ្លែងនៅចំពោះមុខប្រជាពលរដ្ឋខ្មែរជាង៥០០នាក់ ដែលរស់នៅសហរដ្ឋអាមេរិក សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានគណបក្សប្រជាជនផងដែរនោះ បានបញ្ជាក់ថា កម្ពុជាអាចនឹងពិចារណាអំពីការរៀបចំការបោះឆ្នោតក្រៅប្រទេសបាន ល្គឹកណាវាជាការបោះឆ្នោតប្រធានាធិបតី ឬជាការបោះឆ្នោតឯកត្តនាម។ ប៉ុន្តែថា បើជាការបោះឆ្នោតបែបសមាមាត្រដូចសព្វថ្ងៃ គឺមិនអាចរៀបចំការបោះឆ្នោតក្រៅប្រទេសបានឡើយ។ មិនបានដោយសម្តេច អះអាងថា ដោយសារតែ ការបោះឆ្នោតនៅកម្ពុជា នៅមានគេថាមានការលួចបន្លំ ចុះទម្រាំបោះឆ្នោតនៅអាមេរិកនៅឆ្ងាយ? នេះជាមូលហេតុមួយ ហើយបញ្ហាម៉ោងខុសគ្នា ក៏ជាបញ្ហាមួយទៀតដែរ។
លោក អ៊ូ វីរៈ ប្រធានអង្គការវេទិកាអនាគត់ បានសម្តែងការគាំទ្រចំពោះការលើកឡើងរបស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។ គាំទ្រដោយលោក អ៊ូ វីរៈ អះអាងថា សព្វថ្ងៃកម្ពុជារៀបចំការបោះឆ្នោតតាម បែបសមាមាត្រ ហើយសមាសត្រនេះប្រព្រិត្តឡើងនៅតាមខេត្ត ដូច្នេះលុះត្រាតែប្រជាពលរដ្ឋខ្មែរ នោះមានឈ្មោះនៅក្នុងអាស័យដ្ឋាននៅក្នុងប្រទេសកម្ពុជា ទើបអាចមានសិទ្ធិបោះឆ្នោតបាន។
សំឡេងលោក អ៊ូ វីរៈ៖
ផ្ទុយពីលោក អ៊ូ វីរៈ លោក គល់ បញ្ញា នាយកប្រតិបត្តិនៃគណៈកម្មាធិការ ដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ហៅកាត់ថា ខុមហ្វ្រែល បានអះអាងថា ការផ្តល់សិទ្ធិដល់ពលរដ្ឋខ្មែរនៅក្រៅប្រទេសបានបោះឆ្នោតនៅកម្ពុជា គឺយើងអាចធ្វើបានដោយមិនប្រកាន់ ការបោះឆ្នោតបែបប្រធានាធិបតី ឬជាការបោះឆ្នោតបែបឯកត្តនាម ឬសមាមាត្រឡើយ។
បើតាមលោក គល់ បញ្ញា ដើម្បីឲ្យពលរដ្ឋនៅក្រៅប្រទេសមានសិទ្ធិបោះឆ្នោតបាន រដ្ឋាភិបាលគួរតែ ផ្តល់ឲ្យពលរដ្ឋខ្មែរដែលនៅក្រៅប្រទេសបានបោះឆ្នោតមុននៅកម្ពុជា ហើយការរៀបចំសន្លឹកឆ្នោតឲ្យបាន ត្រឹមត្រូវទើបបញ្ជូលមកកម្ពុជា។ ដោយលោក គល់ បញ្ញា បញ្ជាក់ថា នីតិវិធីនេះត្រូវបានគេធ្វើច្រើន នៅលើកពិភពលោក ក្នុងនោះក៏មានប្រទេសក្រីក្រជាងកម្ពុជាក៏អាចធ្វើបានដែរដូចជាប្រទេស ភូមិមា ជាដើម។
សំឡេងលោក គល់ បញ្ញា៖
ដោយឡែកចំពោះលោក យ៉ែម បុញ្ញឫទ្ធិ មន្ត្រីអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ បានលើកឡើងថា លោកទទួលស្គាល់ពីចំណុចលំបាក ដែលសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានលើកឡើង ពិព្រោះវាត្រូវការពេលវេលា និងចំណាញខ្ពស់។ ប៉ុន្តែបើយើងយកការបោះឆ្នោតបែបឯកត្តនាមវាមាន ភាពងាយស្រួលជាងបែបសមាមាត្រ។ យ៉ាងណាក្តី លោក យ៉ែម បុញ្ញឫទ្ធិ បានសម្តែងសុទិដ្ឋិនិយមថា ការផ្តល់ឲ្យពលរដ្ឋនៅក្រៅប្រទេសមានសិទ្ធិបោះឆ្នោតនៅកម្ពុជាអាចធ្វើទៅបាន ឲ្យតែរដ្ឋាភិបាលមានឆន្ទៈ។
សំឡេងលោក យ៉ែម បុញ្ញឫទ្ធិ៖
ជាការគត់សម្គាល់ ការបង្ហាញពីមូលហេតុរបស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានគណបក្សប្រជាជន ទាក់ទងនិងការផ្តល់ឲ្យពលរដ្ឋខ្មែរនៅក្រៅប្រទេសមានសិទ្ធិបោះឆ្នោតនៅកម្ពុជានេះ បានធ្វើឡើងហាក់ដូចជាការឆ្លើយតបទៅនិងប្រធានគណបក្សសង្គ្រោះជាតិ ឯកឧត្តម សម រង្ស៊ី ដោយបានអំពាវនាវដល់សកម្មជនគាំទ្រនៅឯនាយសមុទ្រថា ប្រសិនបើគណបក្សកាន់អំណាចនៅកម្ពុជា ចង់មកបញ្ចុះបញ្ចូល ឬទាក់ទងប្រជាពលរដ្ឋ នៅក្រៅប្រទេស គួរសួរតែមួយសំនួរថា តើពេលណាឲ្យខ្មែរនៅក្រៅប្រទេស មានសិទ្ធិបោះឆ្នោតបាន?
(ដោយ៖គួន សំបូរ)