ចាប់ច្រវាសម្លឹងត្រើយ on NEC reform
Op-Ed: Post Khmer
ចាប់ច្រវាសម្លឹងត្រើយ
មុននឹងចាប់ផ្តើមចែករំលែកនូវការយល់ឃើញខ្លះៗផ្ទាល់ខ្លួន ខ្ញុំសុំរំឭកមិត្តអ្នកអានទាំងអស់សូមចាំថា លទ្ធផលនៃកំណែទម្រង់ គ.ជ.ប កើតចេញពីការចរចាគ្នារវាងបក្សពីរ ដូចនេះ គ្មានអ្វីដាច់ខាត ហើយគ្មានអ្វីឥតខ្ចោះនោះទេ អ្វីៗមិនបានដូចចិត្តទាំងអស់នោះទេ។ សឹមៗកុំបំបោល ក្រែងមិនដល់ ដូចប្រាថ្នា។
ទី១. ផ្តើមចេញពីការថែមអាសនៈពី ១ ទៅ ៣ នៅមណ្ឌលកំពង់សោម។ សង្គ្រោះជាតិចង់បានពីរ តែប្រជាជនចង់បានបី។ ចង់ពីរមិនព្រម បើមិនយកបី មានតែអត់។ ការពិតបើនិយាយពីចំនួន គឺច្បាស់ជាចាញ់ប្រៀប បក្សប្រជាជន តែបើនិយាយពីនយោបាយ គឺសង្គ្រោះជាតិបានបោះមួយជំហាន ពីខេត្តដែលមិនអាចឈរជើងបាន ទៅជាបង្កើតបានជាបន្ទាយមួយសម្រាប់ឈរជើងហើយជាបន្ទាយសម្រាប់ខ្សែរាជវង្សចូលក្នុងនយោបាយជាតិផង។ ទីបំផុតទៅ អ្នកណា ២ អ្នកណា ១ នៅមិនទាន់ដឹងទេ។ នយោបាយដូចបាល់មូល។ នយោបាយមានពីរផ្លូវ ថាតើវាយពីក្រៅ ឬវាយពីខាងក្នុង។ កម្លាំងច្រើនវាយព័ទ្ធពីក្រៅ កម្លាំងតិចធ្វើសង្គ្រាមផ្ការីក។
ទី២. បើនិយាយពីការបោះឆ្នោត គេនិយាយពីចំណុចធំពីរ ថាតើសមាសភាព គ.ជ.ប ឯករាជ្យទេ អព្យាក្រឹតទេ ឬតុល្យភាពទេ ហើយការអនុវត្តការងាររបស់ គ.ជ.ប បានត្រឹមត្រូវតាមច្បាប់ទេ។ និយាយពីការអនុវត្តច្បាប់ បង្កើតច្បាប់ ត្រូវមើលមនុស្ស។ ជាការពិតសមាសភាព គ.ជ.ប ថ្មីនេះ មិនឯករាជ្យ មិនអព្យាក្រឹតទេ ព្រោះបញ្ជូនទៅពីបក្ស ៤ ទល់ ៤ មានតែអ្នក ទី៩ ទេ ដែលឯករាជ្យ តែប្រព័ន្ធនេះគឺមានតុល្យភាព រក្សានូវលំនឹងរវាងភាពត្រូវនិងខុស ដែលពីមុនគ្រប់គ្រងផ្តាច់មុខដោយបក្សតែមួយ ដូចនេះ គ.ជ.ប ថ្មីគឺប្រសើរជាងមុន ក្នុងការគ្រប់គ្រង ចាត់ចែង ដឹកនាំ សម្រេចចិត្ត។ បើបានចំណែកគ្រប់គ្រង គ.ជ.ប ហើយ ស្រាប់តែមានបក្សណា ចោលម្សៀតធ្វើមិនកើត ហៃអើតាមតែគេ ពេលនោះ ចាំកាប់ក៏មិនទាន់ហួសពេលដែរ។ គ្មានអ្នកណា ធ្វើអត្តឃាតខ្លួនឯងទេ មានតែមនុស្សឆ្កួត។
ទី៣. ការសម្រេចចិត្តជាទូទៅរបស់ គ.ជ.ប គឺប្រើប្រព័ន្ធឆ្នោត ៥០ ភាគរយ បូក ១ មានតែបទបញ្ជាផ្ទៃក្នុងរបស់ គ.ជ.ប ទេ ដែលតម្រូវឲ្យយកសំឡេងភាគច្រើន ដោយប្រៀប ២/៣។ បទបញ្ជាផ្ទៃក្នុង សម្រាប់ការធ្វើការងារជាប្រចាំថ្ងៃរបស់ គ.ជ.ប ត្រូវចេញពី ២/៣ តើមានអ្នកណាថា ការងារមិនដើរល្អ? បក្សប្រជាជន គឺប្រាកដជាទាមទារធ្វើជាប្រធាន គ.ជ.ប ចំណែកអនុប្រធាន គឺសង្គ្រោះជាតិ។ ក្នុងករណី ៤ ទល់ ៤ សំឡេងប្រធានមានឧត្តមានុភាព ដែលមានន័យថា មានអំណាចអាចសម្រេចចិត្តបាន។ អាចទៅកើត វាទាល់តែបុគ្គលឯករាជ្យម្នាក់ ទី៩ នោះ អនុបវាទ ឬត្រូវគេគំរាមសន្តិសុខ មិនអាចមកប្រជុំសម្រេចកិច្ចការសំខាន់ៗបាន ដូចនេះ ដើម្បីដោះស្រាយ បញ្ហានេះ សមាជិក គ.ជ.ប អាចស្នើសុំការការពារសន្តិសុខបាន ក្នុងករណីចាំបាច់។ អាចមានមតិលើកឡើងថា អាជ្ញាធរជារបស់រដ្ឋាភិបាល អ៊ីចឹងក្រែងលោកចុះទឹកក្រពើឡើងលើខ្លា។ ដូចនេះហើយបានអាទិភាពរបស់អ្នកនយោបាយគឺកំណែទម្រង់ស្ថាប័នជាតិធំៗ ដើម្បីជួយទប់គ្នា។
ទី៤. ការចាយវាយក្នុងការបោះឆ្នោត ត្រូវធ្វើឡើងតាមគណនីតែមួយរបស់គណបក្សនីមួយៗ មិនអាចប្រើប្រាស់ថវិកាគ្រប់ច្រកស្រេចចិត្តនោះទេ។ រាល់ចំណូលចំណាយ ទាំងអស់ត្រូវដាក់ក្នុងសៀវភៅគណនីតែមួយគត់។ លើសពីនេះ គ.ជ.ប អាចពិនិត្យមើលសៀវភៅគណនីលើការចំណាយទាំងឡាយរបស់គណបក្សនីមួយៗបាន។ នៅពេល គ.ជ.ប អាចចាប់ខ្សែចំណូលចំណាយបានហើយ គឺ គ.ជ.ប អាចគ្រប់គ្រងជីវិតបក្សបានបីភាគដែរ។ ក្នុងករណីនេះមិនមានបក្សណា ធ្វើអ្វីស្រេចតែចិត្តនោះទេ។
ទី៥. ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រថ្មី ក៏អនុញ្ញាតឲ្យបព្វជិតអាចលាចាកសិក្ខាបទទៅឈរឈ្មោះធ្វើជាតំណាងរាស្ត្របាន។
ទី៦. ការចុះឈ្មោះអ្នកបោះឆ្នោត នៅឆ្នាំបោះឆ្នោត អាចធ្វើការបន្ថែមឲ្យលើសរហូតដល់ ៥០ ថ្ងៃ។ បញ្ជីឈ្មោះអ្នកបោះឆ្នោតត្រូវធ្វើថ្មី។ ការចុះឈ្មោះថ្មីគ្រាន់តែប្រើបញ្ជីចាស់ជាគោល តែការចុះគឺអនុវត្តតាមប្រព័ន្ធបច្ចេកវិទ្យាថ្មី យកស្នាមម្រាមដៃ ១០ ម្រាម ដូចនេះមិនមានជនណា ដែលអាចបោះឆ្នោត បានពីរកន្លែង ឬលក់ឈ្មោះខ្លួន ធ្វើខ្មោចឲ្យបោះគ្រប់កន្លែងស្រេចចិត្តទៀតទេ ហើយក៏មិនមានអ្នកណា អាចចុះឈ្មោះពីរដងដែរ ព្រោះប្រព័ន្ធបច្ចេកវិទ្យានឹងចង្អុលបង្ហាញការខុសច្បាប់ ហើយច្បាប់នឹងដាក់ទោស ធ្ងន់ធ្ងរពីបទក្លែងក្លាយ ឬបន្លំអត្តសញ្ញាណ។
ទី៧. ការរំលាយអាសនៈបក្សជាប់ឆ្នោត ដែលបានពហិការ ដោយយកទៅបែងចែកឲ្យគណបក្សជាប់ឆ្នោតដទៃ ក្នុងសភា ត្រូវបានចងដោយពាក្យ ការបោះឆ្នោត ដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។ មានន័យថា បើការបោះឆ្នោត ដែលត្រូវបានប្រកាសលទ្ធផលដោយ គ.ជ.ប ជាមួយនឹងភាពសេរី ត្រឹមត្រូវ យុត្តិធម៌ នោះនឹងគ្មានការធ្វើពហិការទេ តែបើការបោះឆ្នោតត្រូវ គ.ជ.ប ប្រកាសថា មិនសេរី ត្រឹមត្រូវ ឯករាជ្យទេ នោះការធ្វើពហិការ នឹងនៅតែមានក្រោយការបោះឆ្នោតដដែលទេតើ។ សួរថា បើអ៊ីចឹង សំឡេងខ្លួនត្រូវគេយកទៅចែកអ្នកផ្សេងបាត់ហើយតែបើនិយាយអ៊ីចឹង ទៅខ្វល់អីបើគេចង់ធ្វើទោះអត់ច្បាប់ក៏នៅតែធ្វើបានដែរ សំខាន់គឺកម្លាំងមហាជនទេតើ បើនាំគ្នាចូលភ្នំពេញ ១ លាននាក់ ទោះទេវតាថ្លើមធំប៉ុនមេឃ ក៏មិនហ៊ានដែរ លើសពីនេះសហគមន៍អន្តរជាតិក៏គេមិននៅស្ងៀមដែរ។
ទី៨. អង្គការសង្គមស៊ីវិល នៅតែអាចធ្វើការងារខ្លួនបានជាធម្មតា ជាប្រក្រតីទេតើ វាលើកលែងតែចេញ ជេរប្រមាថបក្ស ឬបុគ្គលអ្នកនយោបាយ ឬចេញសេចក្តីថ្លែងការណ៍នយោបាយទេ ដែលខុសច្បាប់ កាលណាជេរគេ ប្រមាថគេ ថ្លែងនយោបាយហើយ វាខុសនឹងច្បាប់ហើយ។ កងកម្លាំងប្រដាប់អាវុធ ក្រៅម៉ោង អាចចូលរួមឃោសនាបោះឆ្នោតបាន។ ចំណែកបុគ្គលិកអង្គការសង្គមស៊ីវិល ឬនាយកអង្គការក៏ដោយ ក្រៅម៉ោង គឺជាពលរដ្ឋខ្មែរទេតើ មានអីដែលថា ចូលឃោសនាមិនបាន។ បើមានពាក្យប្តឹងប្ដល់ គឺប្តឹងទៅ គ.ជ.ប។ គ.ជ.ប ៤ ទល់ ៤ ទេតើ។ បើធ្វើត្រូវច្បាប់ហើយ គ.ជ.ប នៅសម្រេចឲ្យចាញ់ទៀតនេះទើបនិយាយមិនចេញ។
ទី៩. រយៈពេលនៃការឃោសនា បន្ថយពី ៣០ ថ្ងៃ ដង្ហែរាល់ថ្ងៃ មកជា ២១ ថ្ងៃ ដង្ហែ ៤ ដង តាមមណ្ឌលខេត្ត ក្រុង រាជធានី។ មែនទែនទៅ បើអ្នកធ្លាប់ធ្វើនយោបាយ រយៈពេលឃោសនាយូរពេកគណបក្សមួយៗ ក៏រីងខ្លួនដែរ គ្មានលុយឯណាទៅចាយមួយថ្ងៃៗរាប់សែនដុល្លារនោះទេ។ លើសពីនេះ បើមានប្រព័ន្ធផ្សព្វផ្សាយ តាមទូរទស្សន៍ហើយ អាចធ្វើការផ្សាយគ្រប់កន្លែងហើយ គ្មានអ្វីត្រូវចាំបាច់ចំណាយពេលឃោសនាដង្ហែក្បួន ច្រើននោះទេ។ កន្លងទៅដង្ហែក្បួនច្រើន គឺដោយសារតែគ្មានប្រព័ន្ធផ្សព្វផ្សាយ ដូចជាទូរទស្សន៍។ ម្យ៉ាងការដង្ហែក្បួនកន្លងទៅ គឺសម្រាប់តែរៀបចំតែកម្មវិធីឲ្យមេៗបក្សដើរជួបអ្នកគាំទ្រទេតើ។ ពលរដ្ឋចាប់ផ្តើម មានគុណភាពសម្រេចចិត្ត និងផ្តោតលើគោលនយោបាយ ជាងបុគ្គលអ្នកនយោបាយ។
ទី១០. ការបង្កើតឲ្យមានមណ្ឌលឆ្នោតនៅតាមព្រំដែននឹងត្រូវបង្កើតឡើងសម្រាប់ពលករចំណាកស្រុក អាចមកបោះឆ្នោតបាន។ ឧទាហរណ៍ ដូចជាកម្មករ ៦០ ម៉ឺននាក់ក្នុងប្រទេសថៃជាដើម។ យ៉ាងណា គឺកាត់បន្ថយចំណាយ និងផ្លូវពាក់កណ្តាលដែរ។ បើធ្វើការបោះឆ្នោតនៅតាមស្ថានទូតមិនកើត មិនមែនដោយសារតែបច្ចេកទេសទេ តែរដ្ឋាភិបាល បានសារភាពថា ស្ថានទូតខ្មែរនៅក្រៅ មិនទាន់គ្រប់គ្រងបាននូវទិទ្នន័យខ្មែរ មានន័យថា មិនដឹងថា ខ្មែរនៅក្រៅក្នុងប្រទេសមួយៗនឹងប៉ុន្មាននាក់ផង ទើបធ្វើមិនកើត។
ទី១១. អត្តសញ្ញាណបោះឆ្នោតគឺប្រើតែមួយទេគឺអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ។ ធ្វើបែបនេះ កុំឲ្យមានការ បន្លំឯកសារអត្តសញ្ញាណច្រើន។ ចំពោះពលរដ្ឋដែលគ្មានអត្តសញ្ញាណប័ណ្ណ នឹងតម្រូវឲ្យមានលិខិតបញ្ជាក់ អត្តសញ្ញាណ ដែលមានត្រាពីរ គឺត្រាឃុំ និងត្រាគណៈកម្មការបោះឆ្នោតឃុំ។ ថាត្រាឃុំចុះចេញដោយអាជ្ញាធរឃុំ មានស្មៀនជាដើម តែគណៈកម្មការបោះឆ្នោតឃុំ រើសដោយ គ.ជ.ប ដែលចេញពី ៤ ទល់ ៤ ទេតើ។ វិធីនេះ ទប់គ្នាបានហើយ។ ម្យ៉ាងទៀត ការចេញលិខិតបញ្ជាក់អត្តសញ្ញាណ ត្រូវយកព័ត៌មានពីក្រសួងមហាផ្ទៃយកទៅប្រើ។ មិនទាន់ចេញអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរមែន តែមិនមែនមានន័យថា ក្រសួងមហាផ្ទៃ មិនមានព័ត៌មានពីអត្តសញ្ញាណពលរដ្ឋខ្មែរឯណា។
ទី១២. រឿងការហាមជនបរទេស មិនឲ្យចូលរួមឃោសនាទាំងផ្ទាល់ទាំងប្រយោល គឺជារឿងត្រឹមត្រូវ។ ត្រឹមត្រូវត្រង់ថា ម៉េចនឹងអាចឲ្យបរទេសមកលូកលាន់ចាត់ចែង ឬសម្រេចវាសនាខ្មែរ ជំនួសពលរដ្ឋខ្មែរ ទៅ។ យើងជឿជាក់ថា គ្មានពលរដ្ឋខ្មែរណាម្នាក់ សុខចិត្តឬចង់ឲ្យជនបរទេសណាម្នាក់មកចាត់ចែងជីវិតជាតិគាត់ជំនួសគាត់នោះទេ។ ជាទូទៅ យើងទាំងអស់គ្នា កុំមានអារម្មណ៍ កុំគិត កុំអានច្បាប់ ដោយដាក់ខ្លួនឯងជាជនរងគ្រោះ ឬធ្លាប់ជាជនរងគ្រោះ ដូចដែលខ្លួនធ្លាប់រងគ្រោះ។ ចាប់ច្រវាសម្លឹងត្រើយ។ ចាំមើលការងារជាក់ស្តែង។ ការសង្ស័យ ការបារម្ភ ចៀសមិនផុតទេក្នុងសង្គមខ្មែរ ព្រោះពលរដ្ឋ សង្គមស៊ីវិល ធ្លាប់រងគ្រោះដោយសារអាជ្ញាធររដ្ឋ ដូចនេះកម្រិតនៃការទុកចិត្តគ្នារវាងរដ្ឋ និងសង្គមស៊ីវិលគឺនៅមានគម្លាតច្រើន។ លើសពីនេះ អ្នករិះគន់ទាំងឡាយ គួរអានច្បាប់ថ្មីចាស់ម្តងមួយមាត្រាៗ ឲ្យអស់ពិចារណាឲ្យយល់ខ្លឹមសារ និងស្មារតីច្បាប់ មុនធ្វើការរិះគន់ ជាជាងគ្រាន់តែឮគេថា ឮតាមគ្នា មើលដែរ។ល។ ហើយធ្វើការអត្ថាធិប្បាយ តាមការយល់ឃើញ ដែលខ្វះជំនាញច្បាប់ ខ្វះការស្រាវជ្រាវ ខ្វះការថ្លឹងថ្លែង។
កំណែទម្រង់លើកនេះ គឺតម្រូវឲ្យអ្នកនយោបាយ រាស្ត្រ រដ្ឋ និងសង្គមស៊ីវិល ត្រូវរៀនចេះប្រើប្រាស់សិទ្ធិ និងច្បាប់ ឲ្យបានត្រឹមត្រូវ។ គ.ជ.ប គ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ។ ស្ថាប័នជាតិសំខាន់ៗជាច្រើន ត្រូវធ្វើកំណែទម្រង់ ទើបជួយទប់ម៉ាស៊ីនកសាងប្រជាធិបតេយ្យបានជោគជ័យ។ ជាទូទៅច្បាប់គឺល្អ ការអនុវត្តទេដែលជាបញ្ហា។
ដូចនេះការធ្វើកំណែទម្រង់ស្ថាប័ន មានសារៈសំខាន់ជាងច្បាប់ទៅទៀត។ ស្ថាប័នឯករាជ្យ មនុស្សអព្យាក្រឹតឬមានតុល្យភាពអំណាច ក្នុងស្ថាប័ន គ.ជ.ប នឹងធ្វើឲ្យ គ.ជ.ប បានប្រសើរជាងមុន។ កែតែចំណុចសំខាន់សិនទៅបានហើយ នៅពេល ឈ្នះ ចង់កែឲ្យទៅជាប្រជាធិបតេយ្យជាងអាមេរិកាំងទៅទៀត មានទៅស្អី។ ចង់បានច្រើនជាងនេះ ក៏ទៅមិនរួច។ ទាំងអស់គ្នា ត្រូវធ្វើការបែងចែករឿងដែលយើងចង់បាន និងរបស់ដែលយើងត្រូវការចាំបាច់។
ចំណែក ការទាមទាររបស់អង្គការសង្គមស៊ីវិល ក្នុងដំណើរការធ្វើច្បាប់ មានតែថ្ងៃក្រោយតាមរយៈការចរចានយោបាយ ប្រែក្លាយអនុក្រឹត្យលេខ ៣៩ ស្តីពីនីតិវិធីក្នុងការធ្វើច្បាប់ ឲ្យទៅជាច្បាប់ស្តីពីការបង្កើតច្បាប់។ ទើបដោះស្រាយចេញ ថាពេលណា ដោយរបៀបម៉េច ដែលច្បាប់គួរកែគួរស្នើ គួរព្រាងឡើង… សឹមៗ សឹម៕
សូរ សមយុទ្ធ និស្សិតក្មេងវត្ត កូនអ្នកស្រែ កំពង់ឆ្នាំង អ៊ីមែល:Sosamyuth@gmail.com